ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកទួលប្រាសាទក្នុង K.១៥៥៦

សិលាចារឹកទួលប្រាសាទក្នុង K.១៥៥៦

សិលាចារឹកខ្មែរបុរាណ បានរកឃើញជាបន្ដបន្ទាប់ ក្នុងស្ថានភាពផ្សេងៗគ្នា ដែលធ្វើ​ឱ្យ​បញ្ជីសារពើភណ្ឌសិលាចារឹកខ្មែរ បានកើតដល់លេខ K.១៥៦១។ ជាក់ស្ដែង កាល​ពី​​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ក្រុមមន្ត្រីជំនាញ​នៃ​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ​ខេត្ត​បន្ទាយ​មានជ័យ​ រួមសហការជាមួយមន្ត្រី​ផ្នែកសិលាចារឹកនៃវិទ្យាស្ថានភាសាជាតិ​នៃរាជបណ្ឌិត្យ​សភាកម្ពុជា នគរបាលបេតិកភណ្ឌ នគរបាលរដ្ឋបាល​ឃុំទួលពង្រ ក្រុមប្រឹក្សា​ឃុំទួលពង្រ មេភូមិទួលប្រាសាទ បានទទួលសិលាចារឹករកឃើញថ្មីមួយផ្ទាំង​ពីលោក សុខ តាវ ជាប្រជាពលរដ្ឋ​រស់នៅ​ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយ​មានជ័យ​យកមករក្សាទុក​នៅសារមន្ទីរខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់សារមន្ទីរខេត្ត បានបញ្ជាក់ឱ្យដឹងថា សិលាចារឹកមួយផ្ទាំងនេះ​ ប្រជាពលរដ្ឋខាងលើ​បានប្រទះឃើញនៅទួល​ប្រាសាទក្នុង និងបានយកមករក្សាទុកដោយដាំកប់ដី​នៅខាងមុខផ្ទះ។

សិលាចារឹកមួយផ្ទាំងនេះ​ ចារឹកនៅលើថ្មភក់ព័ណ៌បៃតងក្រមៅ រាងបួនជ្រុងទ្រវែង ជាថ្មដុល ទំនងពុំកើតឡើងពីការដាប់យកដោយមនុស្ស និងពុំបានសម្អិតសម្អាងរចនាជារូបរាងបួនជ្រុងត្រង់​ស្មើ ដូចសិលាចារឹកដទៃនោះឡើយ។ អត្ថបទចារឹកនេះ ចារលើមុខទាំងបួននៃផ្ទៃថ្ម មានចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៩០៤និង៩១៤ ដែលត្រូវនឹងគ្រិស្ដសករាជឆ្នាំ៩៨២និង៩៩២ ស្ថិតក្នុងរាជ្យព្រះបាទជ័យវម៌្មទី៥។

ដោយសារផ្ទាំងសិលាចារឹកនេះ ពុំបានរៀបចំផ្ទៃចារឹកបាន​ល្អ ធ្វើឱ្យ​យើងជួបបញ្ហា​អំណាន​ខ្លះៗ​ យ៉ាងនេះក្ដី យើងអាចយល់សេចក្ដីសិលាចារឹកនេះទាំងស្រុង។ អត្ថបទចារឹកមុខទីមួយ ចាររំលឹកកាលគ្រិស្ដសករាជឆ្នាំ៩៨២ មានមនុស្សម្នាក់ដែល​ពុំបានបង្ហាញឈ្មោះក្នុងសិលាចារឹកនេះ បានរ៉ាប់រងរណ្ដាប់បូជាដល់ប្រាសាទសិវលិ​ង្គ​​នៅភ្នំមួយដែលមិនបានបញ្ជាក់ឈ្មោះ។  ចំណែកឯ​អត្ថបទនៅមុខបីផ្សេងទៀត ជា​សាច់រឿងតែមួយបន្ដ​គ្នា ដែលចាប់ផ្ដើមដោយការបង្ហាញកាលបរិច្ឆេទនៅគ្រិស្ដសករាជ​ឆ្នាំ៩៩២ ថ្ងៃសុក្រ ទី១រោច ខែពិសាខ ជាពេលដែលដាក់ឱ្យប្រាសាទសង្ករនារាយណ៍ចូលផ្សំក្រុម​ជាមួយប្រាសាទ​នៅចន្ទ្របុរៈ។ បន្ទាប់មកជាអត្ថបទដែលបង្ហាញពីបញ្ជីគ្រឿងរណ្ដាប់បូជានានា ខ្ញុំបម្រើប្រុសស្រី ដែលក្នុងនោះមាននាងជាអ្នកបម្រើ​ម្នាក់ឈ្មោះ កន្រៅ បានទិញដោយសម្លៀកចំនួន២០ ស្រូវ២០។ បន្ទាប់មកជាបម្រាប ហាមមិនឱ្យបំផ្លាញបុណ្យរបស់គាត់(អ្នកសាងបុណ្យ) ឱ្យទទួលទោស និងឱ្យពរដល់​អ្នកណាដែលមិនបានបំបាត់ធម៌(បុណ្យ)និងមានភក្ដីភាព ឱ្យទទួលបានសេចក្ដីសប្បាយនិងឥស្សរិយ(ក្រិទៃឝ្វយ៌្យ)។ អត្ថបទសិលាចា​រឹក​នេះ បញ្ចប់ដោយការបញ្ជាក់អំពីទ្រព្យផ្គត់ផ្គង់ដល់ស្មិង(អ្នកនៅធ្វើពិធីបូជា) បុរោហិត និងអ្នកបម្រើប្រុសស្រីរបស់ប្រាសាទ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺខ្ញុំបម្រើស្រីទទួលបានការផ្គត់ផ្គង់​តិចជាងខ្ញុំបម្រើប្រុសពាក់កណ្ដាល (ប្រុសទទួលបាន១០ ស្រីទទួលបានតែ៥)។

ចំពោះសិលាចារឹករកឃើញនៅឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង និងសិលាចារឹករកឃើញនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនេះ សុទ្ធតែមានកត់ត្រារឿងធ្វើរណ្ដាប់បូជាដល់ «កម្រតេង៑ជគត៑ចន្ទ្របុរ» ដែលបង្ហាញកាន់តែច្បាស់ថា «ចន្ទ្របុរៈ» គឺជាទឹកដីមួយផ្នែកនៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងត្រូវនឹងខេត្តចន្ទបុរី ប្រទេសថៃបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា កន្លងមកមានការសន្និដ្ឋានថាតំបន់ប្រាសាទស្នឹងស្ថិតនៅក្នុងទឹកដីចន្ទ្របុរៈកាលពីបុរាណនោះជាការពុំត្រឹមត្រូវទេ ផ្ទុយទៅវិញតំបន់នោះគួរតែស្ថិត​នៅក្នុងដែនដីភីមបុរៈពីបុរាណ ដែលភីមបុរៈមានព្រំប្រទល់ជាប់ជាមួយចន្ទ្របុរៈ។ ម្យ៉ាង​វិញទៀត ស្ថាននាម ចន្ទ្របុរៈ កាលពីបុរាណ​ អាចមានច្រើនទីតាំងផ្សេងគ្នា។ ប៉ុន្ដែទីតាំង​ដែលធំនិងសំខាន់ គួរតែជាចន្ទ្របុរៈ ដែលត្រូវនឹងមួយផ្នែកនៃប្រទេសកម្ពុជា និងទីតាំង​ខេត្តចន្ទបុរី ប្រទេសថៃ​ នាពេល​បច្ចុប្បន្ននេះ។

សេចក្ដីប្រែសម្រួលជាភាសាខ្មែរទំនើប

ផ្ទាំងក

(១-៦) មហាសករាជឆ្នាំ៩០៤ ព្រះគម្ដែងសិវលិង្គឯភ្នំ (សម្រាប់ពិធី​បុណ្យ​)សង្ក្រាន្ដនិងបញ្ចោត្សវ គឺជាអម្បាលរណ្ដាប់បូជារបស់អញខ្ញុំ។

ផ្ទាំងខ

(១-១៦) មហាសករាជឆ្នាំ៩១៤ ទី១០រោច ខែវិសាខ ថ្ងៃសុក្រ​ នូវព្រះគម្ដែងអញសង្ករនារាយណ៍(នាបុណ្យ)ទ្វាទសរាត្រ ទៅរួមផ្សំក្រុមជាមួយគម្ដែងជគត​ចន្ទ្របូរ (មានរណ្ដាប់បូជាដូចជា) ព្រះសង្វើយ​ចរុ(ចំនួន)១លិះ ​ផ្ដល់ឱ្យដល់អ្នកធ្វើពិធីបូជា(/ស្មិង)(សម្រាប់)បូជា​(ចំនួន)១លិះ (សម្រាប់)ពេលភ្លឺនិងយប់១ធ្នល់ សម្ល ប្រេងគោ(ប៊័ររាវ)ជាដើមផង។ ខ្ញុំបម្រើ​(មាន)​សិកញ្ចាន សិបំមោក តៃកំវ្រៅ តៃឭន្ចិវិ សិកញ្ចន និង​សិបំមោក៑ ជា​តង្វាយ(ទក្ខិណា​ សម្រាប់​បុណ្យ)ទ្វាទសរាត្រ។

ផ្ទាំងគនិងឃ

(១-៤) តៃកំវ្រៅ បានទិញពី​ខ្លោញពល និងខ្លោញ​ឃ្លាំងចាម្ប ដោយសម្លៀក​(ចំនួន)២០ (និង)ស្រូ(ចំនួន)២០។

(៥-១០) រណ្ដាប់បូជារបស់អញ​ខ្ញុំ(ថ្វាយ)ដល់​គម្ដែងជគត​ចន្ទ្របូរ(មាន) អង្ករព្រះស្រូវប្រលុង​(ចំនួន)៥លិះ ប្រេង(ចំនួន)១មាស​ ផ្យេះ(ចំនួន)១ជាល។

(១០-៥) នៅអ្នក(ឯណា)ដែលបំបាត់ធម៌(/បុណ្យ)អញខ្ញុំនេះ បួងសួងគប្បីព្រះព្រហ្ម ព្រះវិស្ណុ ព្រះឥសូរ (និងទេព្តា)ដទៃទៀត (ឱ្យអ្នកនោះ)សោយទោសផង​ កុំបី(កើតជា)មនុស្ស​ទៀត។ នៅអ្នក(ឯណា)​ដែលពុំបំបាត់ធម៌(​​/បុណ្យ)អញខ្ញុំនេះ និងអ្នកដែល​ញ៉ាំងភក្ដី​ អ្នកទាំងនោះ​សោយនូវសេចក្ដីសប្បាយនិងឥស្សរិយ។

(៥-៨) គ្រឿងឧបត្ថម្ភ​(ដល់)អ្នកធ្វើពិធីបូជា អំពែមួយនឹម បុរោហិតស្រូវ២ថ្លូង២កញ្ជើក្នុងមួយឆ្នាំ។

(៨-១១) ទឹកសង្វើយ១គ្វាល។ ខ្ញុំបម្រើមនុស្សប្រុសឱ្យស្រូវដប់ (មនុស្ស)ស្រី​(ឱ្យស្រូវ)ប្រាំ។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!