ប្រាសាទគោកខ្វិត មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទ ក្នុងភូមិកកោះ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ទីតាំងនេះ ស្ថិតនៅតំបន់ទំនាបបឹងទន្លេសាប កៀកនឹងខេត្តកំពង់ឆ្នាំង ហើយជាទីតាំងដែលសម្បូណ៌ដោយបុរាណដ្ឋានជាច្រើនទៀតផងដូចជា ប្រាសាទភ្នំធំ ឬភ្នំជើងព្រៃ ប្រាសាទភ្នំត្រប់ វត្តតាំងក្រសាំង ប្រាសាទអ្នកតាតាំងរ៉ាយ ។ល។ យើងពុំស្គាល់ឈ្មោះដើមប្រាសាទថាយ៉ាងមិចទេ ប៉ុន្តែឈ្មោះដែលគេស្គាល់បច្ចុប្បន្នមាន “គោកខ្វិត” និង “ស្រីល័ក្ខ”។ ដោយឡែក នៅក្នុងសៀវភៅរបស់លោក Étienne Aymonier ហៅប្រាសាទនេះថា “ខ្វិត” ហើយសៀវភៅលោក Lunet De Lajonquière វិញ ហៅថា “គុកខ្វិត”។ ក្នុងនេះដែរ ឈ្មោះ “ស្រីល័ក្ខ” មានលោកយាយម្នាក់អះអាងថា គាត់ធ្លាប់បានឮតាំងពីគាត់ដឹងក្តីមក ហើយការដែលហៅបែបនេះយើងពុំដឹងច្បាស់នោះឡើយ គ្រាន់តែនៅខាងក្នុងប្រាសាទយើងឃើញមានរូបកញ្ចាំងមួយមានឆ្លាក់រូបទេពស្រី។
ប្រាសាទនេះ សាងឡើងអំពីថ្មបាយក្រៀមនៅលើទួលមួយខ្ពស់ មានប៉មរាងបួនជ្រុងស្មើ ប្រវែងប្រមាណ ៥ម៉ែត្រ កម្ពស់ ៦ម៉ែត្រ បែរមុខទៅទិសខាងកើត និងនៅផ្នែកផ្សេងៗទៀតគេលម្អជាទ្វារបញ្ឆោត។
នៅខាងកើតប្រាសាទ យើងឃើញមានស្រះបុរាណមួយ។ អ្វីដែលគួរកត់សម្គាល់នោះ គឺផ្តែរទ្វារខាងកើតរបស់ប្រាសាទដែលមានឆ្លាក់ឈុតរឿងរាមកេរ្តិ៍ ត្រង់ឈុតព្រះរាម និងព្រះលក្ស្មនត្រូវសរនាគបាសរបស់ឥន្រ្ទជិត។ ឈុតនេះមាននិទាននៅក្នុងគម្ពីរ “យុទ្ធកន្ទ” ភាគ៤ ជំពូកទី៤៥ ដល់ ៥០ ដែលមានសាច់រឿងដំណាលថា៖ “នៅក្នុងសង្រ្គាមក្រុងលង្កា ដែលគេប្រសិទ្ធនាមថា សង្រ្គាមស៊ីសាច់ហុតឈាមគ្នារវាងព្រះរាម ព្រះលក្ស្មន ពលស្វា ជាមួយទ័ពយក្ស ដើម្បីសង្រ្គោះនាងសីតាត្រូវជាមហេសីរបស់ព្រះរាម។ ក្នុងពេលប្រយុទ្ធគ្នានោះ ព្រះរាម និងព្រះលក្ស្មន ត្រូវព្រួញសរនាគបាសរបស់យក្សមួយឈ្មោះ “ឥន្រ្ទជិត”។ ផ្លែព្រួញរបស់ឥន្រ្ទជិត បានទម្លុះរាងកាយព្រះអង្គម្ចាស់ទាំងពីរ និងបានប្រែកាយពីព្រួញទៅជានាគដែលមានវេទមន្តរុំព័ទ្ធខ្លួនប្រាណទ្រង់ទាំងពីរឱ្យសន្លប់ស្តូកស្តឹង ធ្វើឱ្យពួកទ័ពស្វាមានការទ្រហ៊ោយំយ៉ាងខ្លាំង។ បន្ទាប់មក ឥន្រ្ទជិតចាប់ផ្តើមវាយលុកទ័ពស្វា ដែលធ្វើឱ្យមេដឹកនាំទ័ពស្វាគឺ សុគ្រីព និង វិពិសន មានក្តីព្រួយបារម្ភយ៉ាងខ្លាំង។ ដោយកម្លាំងវេទមន្តពីកំណើត ព្រះរាមក៏បានដឹងខ្លួនឡើងវិញទោះបីព្រះកាយរបស់ទ្រង់ជាប់ព្រួញនាគបាសក៏ដោយ ហើយទ្រង់ងាកមកឃើញព្រះ លក្ស្មន ត្រូវជាព្រះអនុជរបស់ខ្លួន ក៏ទួញសោកអាណិតព្រះអនុជយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ការភ័ន្តច្រឡំធំមួយបានកើតឡើងក្នុងទ័ពសម្ព័ន្ធមិត្តរបស់ព្រះរាម។ ពេលនោះ សុគ្រីព ដែលជាមេពលស្វាបានចេញបញ្ជាឱ្យពលស្វានាំបងប្អូនប្រុសទាំងពីរទៅកាន់ក្រុង កិស្កិន្ធ វិញដើម្បីព្យាបាលរបួស ហើយសុគ្រីពក៏មានបំណងបញ្ជាឱ្យហនុមានចេញដំណើរទៅកាន់ភ្នំព្រះដើម្បីទៅទទួលឱសថទិព្វចំនួន ២យ៉ាង។ ក្នុងពេលសុគ្រីពកំពុងនិយាយ ក៏ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងហើយគ្រុឌមួយក៏លេចមុខឡើង ចឹកនាគដែលកំពុងរុំព័ទ្ធព្រះកាយព្រះអង្គម្ចាស់ទាំងពីរ និងទីបំផុតព្រះរាម ព្រះលក្ស្មនក៏បានរួចចំណងទៅ”។ នៅក្នុងសិល្បៈខ្មែរ ចម្លាក់ដែលឆ្លាក់រឿងព្រះរាម និងព្រះលក្ស្មន ត្រូវសរនាគបាស មានឆ្លាក់នៅប្រាសាទភ្នំរុង ប្រាសាទភិមាឃ ប្រាសាទបាភួន ប្រាសាទអង្គរវត្ត ប្រាសាទបាគង។
នៅប្រាសាទគោកខ្វិត ពុំមានសេសសល់សិលាចារឹកនោះឡើយ។ ម្ល៉ោះហើយ ដើម្បីសិក្សាអំពីអាយុកាលរបស់ប្រាសាទនេះបាន គេពឹងផ្អែកលើការសិក្សាប្រៀបធៀបប្លង់ស្ថាបត្យកម្ម និងក្បាច់លម្អសិល្បៈ។ ទម្រង់ប្លង់រាងបួនជ្រុងស្មើបែបនេះ ខ្មែរនិយមតាំងពីស.វ.ទី៦មកម្ល៉េះ ហើយប្រាសាទដែលសាងអំពីថ្មបាយក្រៀមដូច្នេះ ក៏មានតាំងពីស.វ.ទី៧មកដែរ និងនិយមខ្លាំងនៅស.វ.ទី១០-១១ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ និងព្រះបាទសូរ្យវរ្ម័នទី១។ តួប៉មប្រាសាទគោកខ្វិត មានទម្រង់ដូចតួប៉មកណ្តាលប្រាសាទគុកនគរ (តែមិនមានយ៉) តួប៉មប្រាសាទរបងរមាស (តែមិនមានយ៉) តួប៉មប្រាសាទភ្នំដា រីឯក្បាច់ចម្លាក់លើផ្តែរវិញមានលក្ខណៈស្រដៀងក្បាច់លម្អជាច្រើនក្នុងរចនាបថបាភួន។ ដូច្នេះ យើងអាចសន្និដ្ឋានបានថា ប្រាសាទគោកខ្វិត ទំនងសាងសង់ឡើងនៅក្នុងរចនាបថបាភួន ស.វ.ទី១១ ដែលអាចសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២ ដល់ ១០៤៩)៕
អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី