ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿនិមិត្តរូបភ្នំកៃលាសក្នុងពិធីកោរជុក

និមិត្តរូបភ្នំកៃលាសក្នុងពិធីកោរជុក

នៅក្នុង​ទេពកថា ​គេយល់ថា​ភ្នំ​កៃលាស​ជា​ឋានទេព ដែលមាន​​​​ព្រះ​ឥសូរជាអាទិ។ ភស្តុតាង​​នេះ ក្នុងសិល្បៈខ្មែរ​គេ​ឃើញ​ច្បាស់ត្រង់​​​អន្លើ​​ក្រុង​រាពណ៍​អង្រួន​ភ្នំកៃលាសឆ្លាក់​ តាម​​​ប្រាសាទ​នានា​ដូចជា​ ចម្លាក់លើហោ​ជាង​​​ប្រាសាទបន្ទាយ​ស្រី លើ​​ជញ្ជាំង​​ប្រាសាទ​អង្គរ​វត្ត និង​ផ្តែរមួយ​នៅសារមន្ទីរ​ជា​តិ​​​ជាដើម។ ចម្លាក់​ទាំង​នោះ គេឃើញ​មាន​វត្តមាន​ព្រះ​​​ឥសូរជានិច្ច។ រីឯក្នុង​ទំនៀម​កោរ​ជុក ឬ​កោរ​កំប៉ាយ អ្នក​ស្រាវជ្រាវ​យល់ថា “រាន​កោរ”​(ស្រុក​ខ្លះ​ហៅ​ថា​រានម៉ា) គឺជា​​និមិត្ត​រូប​​ភ្នំ​កៃលាស។ តាមការសង្កេត គេតែង​សង់​​រាននេះ​​យ៉ាង​ផ្ចិត​ផ្ចង់​ ខ្ពស់ត្រដែត និង​​តុប​តែង​លម្អ​​យ៉ាង​វិចិត្រក្រៃលែងគួរ​ឱ្យ​​ពិចារណា។

ដូចបាន​បញ្ជាក់ខ្លីមកខាងលើ ការសង់រានកោរ​ត្រូវ​ធ្វើ​ឱ្យ​ផ្ចិត​ផ្ចង់​ ហើយ​​ការ​សង់​រាន​នេះ​ត្រូវ​ចំណាយ​ពេលយូរច្រើនថ្ងៃ ទុកត្រៀម​មុននឹង​ដល់ថ្ងៃ​ប្រារព្ធ​ពិធី។ ការសង់​ត្រូវ​ចំណាយ​ពេល​យូរ ព្រោះគេត្រូវ​ធ្វើឱ្យ​ជាប់មាំល្អផង និង​ត្រូវ​ធ្វើ​ឱ្យ​ត្រឹម​ត្រូវ​តាម​ក្បួន​ ព្រម​ទាំង​ត្រូវ​មានការ​ចាក់ចេក​តុបតែង​តាម​សសរ និង​ផ្នែកផ្សេងៗ​ជាច្រើនផង។ គេ​តែង​សង់​​​​​​ឱ្យ​​មាន​កំពូល​ខ្ព​ស់ ឬ​សង់​​ដាច់​ពីផ្ទះ និង​ធ្វើឱ្យ​មាន​កន្លែង​ដើរ​ប្រទក្សិណ​​​​​​ផងក៏មាន។​ មិន​​តែ​ប៉ុណ្ណោះ រានកោរនោះតែងសង់ឱ្យ​​មានរាងជា​ថ្នាក់ៗ។ ​ថ្នាក់​ក្រោម ជាកន្លែង​ដើរ​​ប្រទក្សិណ និង​សាមី​ពិធី​អង្គុយធ្វើកិច្ច​​ ព័ទ្ធដោយ​បង្កាន់ដៃ​កម្ពស់​ប្រហែល​កន្លះម៉ែត្រ។ ចំណែក​​​ថ្នាក់​​លើ ជួន​គេ​សង់​​ឱ្យ​​មាន​មុខបួន​បែរ​ទៅ​គ្រប់ទិសធំទាំង​បួន ឬសង់ឱ្យ​មាន​មុខ​តែ​មួយ​បែរ​​​ទៅ​ទិស​ខាង​កើត​​​។ ក្នុង​បរិបទ​ដែល​ខ្មែរ​គោរពពុទ្ធសាសនា​ដូចសព្វ​ថ្ងៃ មុខងារ​នៃ​ថ្នាក់ទី២ គឺ​សម្រាប់​​ចង​​ព្រះបត់ តម្កល់​​គ្រឿង​​សក្ការៈ និងព្រះ​សង្ឃ​គង់​ធ្វើកិច្ច។   

ជាទូទៅនៃរានកោរ តែងភ្ជាប់​ទៅដី ឬភ្ជាប់​ទៅផ្ទះ​ដោយ​ស្ពាន​តូច​មួយ។ ក្នុង​​ពិធី​កោរជុក គេ​ធ្វើ​កិច្ច​សំខាន់​​ពីរ​នៅ​លើ​រាន​កោរនេះ។ ឧទាហរណ៍​មួយ​​​​នៃ​ពិធី​កោរ​ជុក​​នៅ​ភូមិត្នោត​ជ្រុំ ខេត្ត​សៀមរាប លោក​អាចារ្យ​​នាំក្មេង​ដែល​ត្រូវ​ផ្តាច់​​ជុក​ក្នុងពេលដ៏ខ្លី​ខាង​មុខ​មក​​​​​​​​ធ្វើ​ធ្មេញ​​នៅ​​លើ​​រាន​កោរ។ បន្ទាប់​​មក ទើប​ព្រះ​សង្ឃ​​​និមន្ត​​​​​ធ្វើកិច្ច​ផ្តាច់ជុក​​ជា​ស្ថាពរ​​​​។ ប៉ុន្តែ​​នៅភូមិខ្លះទៀត គេ​ប្រើ​​រាន​​កោរ​សម្រាប់តែ​កិច្ច​ផ្តាច់​ជុក​តែ​ម្តង​គត់។ ដោយ​ឡែក​ព្រះ​សង្ឃ​​ដែល​មាន​នាទី​ក្នុង​ពិធី​នេះពុំ​ប្លែក​​អ្វីឡើយ ដ្បិត​ខ្មែរ​គោរព​ពុទ្ធ​សាសនា ហើយ​ជា​ទូទៅ​មាន​​បួន​អង្គផង។ តាម​ដែល​គេ​ធ្លាប់ឃើញ​ ព្រះសង្ឃ​ហាក់​មាន​នាទីផ្តាច់ជុក ដោយ​ពុំ​​បាន​កោរ​​សម្អាត​បញ្ចប់​ទេ ជួន​កាល​ទៀត​គ្រាន់​​តែធ្វើកាយ​វិការ​ឧបកិច្ច​​ប៉ុ​ណ្ណោះ។ ប៉ុន្តែ​នាទី​សំខាន់​​​សម្រាប់​ព្រះ​សង្ឃ​​​ គឺ​យក​ទឹកស្រោច​លើ​ក្បាលក្មេង ហើយ​ជួន​កាល​យ​ក​បាត្រ​ដាក់​ទឹក​ស្រោច​​ផ្ទាល់ ឬជួន​កាល​យក​ស័ង្ខ​មក​ប្រើ​ដូច​នៅក្នុង​ពិធី​ព្រាហ្មណ៍ដែរ។ ប្រការត្រង់​នេះ ក្នុង​​ទំនៀម​រាជវង្ស​គេ​ចាត់​ទុកថា​ដូចជា​ព្រះគង្គា​ដែល​ធ្លាក់​ចុះ​​ពីលើ​មេឃ​ ហើយ​ទាល់​តែ​ព្រះ​ឥសូរ​យក​ព្រះកេសមក​ទ្រសិន ដើម្បី​កុំ​ឱ្យ​ទម្ងន់​ទឹក​នោះ​​ធ្វើ​ឱ្យ​ស្រុត​ផែន​ដី មុននឹង​ហូរ​កើត​ជា​ទន្លេ។​ រីឯក្នុង​គំនូរ​រឿង​រាមកេរ្តិ៍​​នៅវត្ត​រាជបូព៌ ខេត្តសៀមរាប ត្រង់​​ផ្ទាំង​មួយ​ដែល​និយាយពីពិធី​កោរសក់​អង្គទ គេ​ឃើញ​ច្បាស់ថា​ឥសីជា​អ្នក​ធ្វើកិច្ចផ្តាច់ជុក។ យ៉ាង​​ណាក៏ដោយ ដូច​បាន​បញ្ជាក់​ខ្លី​​ខាង​ដើមថា រានកោរ​តែង​ធ្វើ​​ឱ្យខ្ពស់ និង​ដាច់​​ពីផ្ទះ។ មិន​តែប៉ុណ្ណោះនៅរាន​កោរនេះ គេ​មិន​​អនុញ្ញាត​ឱ្យ​ក្មេង ឬ​មនុស្ស​​ម្នា​ឡើង​លេង​​ផ្តេ​ស​​ផ្តាស​ឡើយ ហើយដើម្បី​ឡើង​ដល់​រាន​កោរ​នោះ​​ តែង​​​​មាន​អាចារ្យ​ជា​អ្នក​ដឹក​ដៃ​នាំ​មុខ។ កិច្ច​ត្រង់នេះ គេ​សង្កេត​ឃើញ​អាចារ្យ​កាន់​ដង​ថ្ពិចមួយ​ ភ្ជាប់​ដោយ​ទៀនអុជបំភ្លឺ ដង្ហែ​​​ប្រទក្សិណ​​​៣ជុំ មុននឹង​​ផ្តើមធ្វើកិច្ច​កាត់​ផ្តាច់​ជុក​ជាស្ថាពរ​។ សរុប​ខ្លីមក​ទិដ្ឋភាព​ខាង​លើ​ហាក់​​​ស្តែង​ឱ្យឃើញ​ច្បាស់​ថា​ រាន​កោរ​ជា​ភ្នំ​កៃលាស​ដែល​​​ជា​ឋាន​ទេព តែងស្ថិត​នៅ​ខ្ពស់​ត្រដែត ដាច់​​​ពីទី​មនុស្ស​​រស់​នៅ ហើយ​​ដើម្បី​​​ឡើងដល់​ទីនោះ​ពុំ​មែន​ជារឿងងាយ​ទេ៕

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!