ទំព័រដើមសិល្បៈស្ថាបត្យកម្មបុរាណមួយស្ថិតក្នុងវត្តទឹកថ្លា

ស្ថាបត្យកម្មបុរាណមួយស្ថិតក្នុងវត្តទឹកថ្លា

វត្តទឹកថ្លា ស្ថិត​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាំង​នៅ​ប្រប​​មហា​​វិថីសហព័ន្ធរុស្ស៊ី។ ក្នុងបរិវេណវត្តនេះ មាន​សំណង់បុរាណ​តូច​មួយ​សង់ឡើង​អំពី​បេតុង​ ​​​តុបតែងលម្អ​ប្រកបដោយ​ក្បាច់​រចនាផ្សេងៗ និងមាន​អក្សរចារឹក​​នៅលើ​ផ្នែក​ខ្លះនៃ​សំណង់​​​គួរឱ្យ​​ចាប់​អារម្មណ៍ក្រៃលែង។ ផ្អែក​លើអក្សរ​​ចារឹក​លើជញ្ជាំង​ផ្នែកខាងជើងដែល​រចនា​ចេញ​​​ជា​លេខ​​សកល​១៩២៨(1928?) នាំឱ្យ​គេ​យល់​ថា​ ​​សំណង់​នេះ​មាន​អាយុ​កាល​ជិត​​១០០ឆ្នាំ​ហើយ​​បើ​​គិត​​មកដល់​បច្ចុប្បន្ន​។

អ្នកផងទូទៅ ​តែង​ហៅ​សំណង់​ដែល​មាន​អាយុកាល​ជិត​១សតវត្សខាងលើនេះ​ថា “វិហារ” ឬបន្ថែមពាក្យថា “​វិហារ​បុរាណ”​ ឬ “វិហារ​​កាត់ចិន”​ ​ផង​ក៏​មាន។ ការហៅនេះទំនង​ផ្អែកលើលេខ១៩២៨ ក្នុង​គំនិត​យល់​ថា​ជា​ឆ្នាំកសាង​ព្រះវិហារនោះ​ ដូចបាន​បញ្ជាក់មក​ខាងដើម និង​អក្សរចារឹក​ជា​​ភាសា​​ចិន​ជា​ច្រើន​កន្លែង ​​ដែលគេ​​រចនា​ក្នុង​ចន្លោះ​​រង្វង់ធំៗលើ​ជញ្ជាំង។ ប៉ុន្តែ​មាន​ផ្នែក​ខ្លះ​ទៀត​​ សិល្បករ​​បាន​​រចនា​លម្អ​​​​​​​​ដោយ​តួ​អក្សរ​ឡា​តាំង​​ក្នុង​​ចន្លោះ​រង្វង់​​ធំៗ​នោះ​ដូច​អក្សរ​ចិន​ដែរ។ ទន្ទឹម​នឹង​នេះ​ បើតាមការ​សិក្សា​​របស់ Daniel Guéret និង Doninique-Pierre Guéret ក៏យល់​ឃើញថា​វិហារ​នេះសង់ឆ្នាំ​១៩២៨ និង​១៩៣០។ លើស​ពីនេះ បើយោង​តាម​​សំណេរ​លើ​ជញ្ជាំង​ផ្នែក​ខាងលិចបញ្ជាក់ថា នៅក្នុង​ឆ្នាំ​១៩៩០ វិហារ​នេះធ្លាប់បាន​ជួសជុល​ និង​លាប​ពណ៌​ម្តង​ទៀត។

យ៉ាង​ណា​ក៏ដោយ​ ប្រសិន​កាត់​យល់​ដោយ​ស្មាន​ សំណង់វិហារ​នេះ​​ទំហំ​ប្រហែល​១០ម៉ែត្រ គុណ​១៥ ម៉ែត្រ​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ បើ​ពិនិត្យ​លក្ខណៈទូទៅ​នៃ​​​ស្ថាបត្យកម្ម ហាក់​មាន​សណ្ឋាន​ដូច​វិហារ​ជហ្វា​៤ ដំបូលជ្រាល​បីថ្នាក់។ នៅ​ផ្នែក​ខាងចុង​មេដំបូល​​មុខ​បំពាក់​ដោយ​ជហ្វា​២ ផ្នែក​ខាង​ចុង​មេ​ដំបូល​ក្រោយ​បំពាក់​ដោយ​ជហ្វា​២ ហើយ​តាម​ចែង​នីមួយៗ​បំពាក់​ដោយ​នាគដងក្តារ។ អ្វី​ដែល​គួរឱ្យ​កត់​សម្គាល់​នៃ​ការ​រចនាដំបូល​វិហារ​ខាង​លើនេះ គឺដំបូល​ទាំង​​មូលជា​សាច់​​បេតុង​​ចាក់​គ្រប​ពីលើ​ ពោលគេ​​​​ពុំ​ប្រើ​ក្បឿង​ឡើ​យ ហើយ​​​​ផ្ទៃដំបូល​ទាំង​មូល​សោត​​ សិល្បករបាន​​​​ច្នៃ​​ដាំ​លម្អដោយបំណែក​​អំបែង​ចាន និង​ថាស​​​​លោហៈ​​រំលេច​ពណ៌​​ចម្រុះ​​។ ចំណែក​​រងស្បូវ ជាប្រភេទក្បាច់​ចាក់ពុម្ពស៊ីម៉ងត៍​ក្នុង​ទម្រង់​​​ជា​ក្បាច់កញ្ចាំង​​។ រីឯ​ហោជាង​ទាំង​ពីរ (មុខ-ក្រោយ) គេឆ្លាក់​ជារូប​ទេព​គង់​លើ​រាជសី ទ្រង់​ព្រះខ័នក្នុង​ព្រះ​​ហស្ត​ទាំង​សងខាង ហើយ​ព័ទ្ធ​ដោយ​​ក្បាច់​​​​ភ្ញីទេស​​​បំបែក។ ​

​ដោយ​ឡែក វិហារនេះពុំសង់​ឡើង​នៅ​លើ​​ខឿនថ្នាក់ៗ​ និង​ពុំឃើញមានសេសសល់​​សន្លឹកសីមា​​ដូចវិហារ​ដទៃ​ឡើយ។ ប៉ុន្តែ​គេ​​បាន​សាងឡើង​ដោយ​លៃ​​ច្នៃឱ្យ​មាន​កន្លែង​ដើរ​ប្រទក្សិណ​​កម្ពស់​ប្រហែល​ជាង​១ម៉ែត្រ និង​បង្កាន់​ដៃ​ដែកព័ទ្ធជុំវិញ​។​ នៅ​ផ្នែក​ខាង​មុខ​មាន​ទ្វារ​​ពីរ ផ្នែក​ខាង​ក្រោយ​​មាន​ទ្វារពីរ​ ហើយ​លើ​ជញ្ជាំង​ខាងជើង​មាន​បង្អួច​បួន និង​លើ​ជញ្ជាំង​​ខាង​ត្បូង​មាន​​បង្អួ​ច​​​បួន​ដែរ​។ រីឯ​ក្បាល​​សសរ​ និង​ក្បាច់​​​លម្អ​លើ​ចន្លោះ​រង្វង់​តាម​ជញ្ជាំង​នីមួយ​ៗ​ ហាក់​​មាន​លំនាំដូចសិល្បៈ​ប៉ែក​អឺរ៉ុប។​ ចំពោះ​ក្បាច់​លម្អ​រាង​ត្រីកោណ​លើទ្វារ និង​​បង្អួច​នីមួយៗ​​ទំនង​​បំពាក់​លម្អ​ក្នុង​​ទសវត្ស​រ៍ទី៩០ ក្នុង​ពេល​ជួសជុល​លាប​ពណ៌​​ឡើង​វិញ។ នៅផ្នែក​ខាងក្នុង​ មាន​សសរ​បេតុង​មូល​ចំនួន​៨ដើម។ នៅលើ​ផ្ទៃ​ជញ្ជាំង​ត្រឹម​លើ​បង្អួច​ និង​ផ្ទៃ​ដំបូល​មួយ​ផ្នែក​ខាងក្នុង​ លម្អដោយ​គំនូរ​​រឿង​ពុទ្ធ​ប្រវត្តិ។ តួ​អង្គ​ក្នុង​គំនូរ​ខ្លះ​ ហាក់​មាន​ឥទ្ធិពល​ផ្នែក​សម្លៀក​បំពាក់​ពី​ប៉ែក​បស្ចិមប្រទេសខ្លះដែរ។ បច្ចុប្បន្ន​វិហារ​នេះត្រូវបាន​បិទទ្វារចោល​ ពុំ​បើក​ជាសារធារណៈ​ឡើយ។ គេសង្កេត​ឃើញ​​ចន្លោះ​ល្វែង​ខាងក្នុង​វិហារ ​​ត្រូវ​បាន​រៀបចំ​​តម្កល់​អដ្ឋិធាតុ​ និង​គ្រឿង​សក្ការៈ​ចាស់ៗ​ជា​​ច្រើន។​ ប៉ុន្តែទោះ​បីយ៉ាងណា បើធៀបនឹងវត្តផ្សេងទៀត​ក្នុងទីក្រុង វត្តនេះជាវត្តដែល​​មាន​សំណង់​​បុរាណ​មួយ​ប្រកប​ដោយ​ទឹកដៃ​សិល្បៈ​ និងក្បាច់រចនាតុបតែងលម្អ​​ចម្រុះ​​គួរឱ្យ​​​​ចាប់​​អារម្មណ៍ ជាពិសេសគឺការ​និយម​យក​បំណែក​អំបែង​ចាន (សេរ៉ាមិច, Ceramic) មក​បិទ​​រំលេច​លើ​ផ្នែក​សំខាន់ៗ​នៃសំណង់ ដូចលំនាំចេតិយបុរាណធំៗ​​លើ​ភ្នំព្រះរាជ​ទ្រព្យ​៕

———————————————————–

Ancient architecture in Wat Teuk Thla

Wat Teuk Thla is located in Sangkat Teuk Thla, Khan Sen Sok, Phnom Penh, located on the Boulevard of the Russian Federation. Inside the pagoda, there is a small ancient building made of concrete, decorated with various designs and inscriptions on some parts of the building is very interesting. Based on the inscription on the north wall, which is designed as a universal number 1928 (1928?), It is understood that the building is almost 100 years old as of today.

People often refer to the above-century-old buildings as “Vihear” or “Ancient Vihear” or “Chinese Vihear”. The call appears to have been based on the 1928 number, which was thought to be the year of the Vihear’s construction, as mentioned earlier, and in several Chinese letters designed on the walls. However, there are other parts that the artist has decorated with Latin characters. Meanwhile, according to studies by Daniel Guéret and Doninique-Pierre Guéret, this Vihear was built in 1928 and 1930. In addition, according to inscriptions on the west wall, in 1990 the Vihear was renovated and painted again.

However, the Vihear is about 10 meters by 15 meters. In addition, if you look at the overviews of the architecture, it seems to look like a Vihear has four Chveas with a three-tiered roof. What is remarkable about the design of the Vihear roof above is the whole roof is covered with concrete, that is, no tiles are used, and the entire roof surface is decorated by the artist’s innovation with pieces of ceramics and metal trays highlight the colors. As for the two pediments (front and back), they are carved with the image of a deity sitting on the lion, holding the Khmer sword in both hands and surrounded by decorative Kbach Khmer Phñi Tes.

In particular, this Vihear is not built on tiered-foundation and does not see the Buddhist ritual boundary (Sīmā) like other Vihears. However, it was built with the design of a Bratoksaen (ritual circle walk) about 1 meter high and surrounded by steel railings. There were two doors on the front, two on the back, and four windows on the north wall, and four on the south wall. As to the head of the column and the ornaments on the between of each wall seem to be the European art style. Inside there are eight-round concrete columns. The parts of walls and roofs are decorated with paintings of Buddhist stories. Some of the characters in the paintings seem to have influenced some Western costumes. The Vihear is currently closed and not open to the public. It is observed that the space inside the Vihear is decorated with many ancient relics and old items worship. However, compared to other pagodas in the city, this pagoda is one of an ancient structure with decorative designs that are interesting, especially the use of pieces of ceramic to highlight on important parts of the building like the pattern of large ancient stupas on Phnom Preah Reach Trop.

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!