រាហូ ឬព្រះកាល

ខ្មែរយើងទម្លាប់ហៅ “រាហូ” ជួនកាលក៏ហៅថា “ព្រះកាល” ដែលមាននិយាយនៅក្នុង ទេពកថារបស់ព្រហ្មញ្ញសាសនា។ ចម្លាក់ ឬគំនូរនានានៅតាមប្រាសាទ ឬវត្តក្ដី គឺបង្ហាញរូប “រាហូ” ត្រឹមកឡើងលើមានមុខគួរឲ្យខ្លាច។ បើឆ្លាក់នៅតាមប្រាសាទ ងាយចំណាំណាស់ ជាពិសេសនៅផ្ដែរទ្វារនៃប្រាសាទ គឺគេឆ្លាក់នៅចំកណ្តាល ហើយភាគច្រើននៅផ្នែកខាងក្រោមនៃផ្ដែរ។

ដំណើរដើមទងនៃរាហូ គឺចេញពីរឿងទេពកថាកូរសមុទ្រទឹកដោះនៅពេលដែលទេព​ ឬសូរ​ និងអសូរ (ខ្មែរយើងនិយមហៅយក្ស) រួមគ្នាកូរសមុទ្រដើម្បីរកទឹកអម្រឹត។  ពេលដែលកូរបានទឹកអម្រឹត​រាហូដែលជាយក្សបានលួចផឹកមុនគេ​ ពេលនោះព្រះច័ន្ទ​ និងព្រះអាទិត្យឃើញ​ បានប្រាប់ទៅព្រះនារាយណ៍​។  ព្រះនារាយណ៍ក៏ចោលកងចក្រដាច់ត្រឹមករាហូ ដូច្នោះហើយរាហូដែលបានលេបទឹកអម្រឹតហើយនោះ មានជីវិតអមតៈត្រឹមកនោះ។

រាហូពេញនិយមណាស់តាំងពីបុរាណកាល​ រហូតដល់បច្ចុប្បន្ន​ដោយឆ្លាក់ជាចម្លាក់​នៅតាមប្រាសាទ​ និងគូរជាគំនូរនៅតាមវត្ត។ចម្លាក់រាហូឃើញមានស្ទើតែគ្រប់កន្លែងជាក្បាច់លម្អ​ប្រាសាទ ជាពិសេសនៅលើផ្ដែរ ហោជាង​ សសរផ្អោប​ ជើងទម្រ​ ទ្រនាប់ក្បាច់ផ្កាឈូក​ (ដាក់នៅមុខជណ្ដើរ ឬទ្វារ មុនឡើង ឬចូលទៅតួណា មួយនៃប្រាសាទ) នៅលើមឈូសថ្មបុរាណ​ ដូចមាននៅបន្ទាយសម្រែ។ល។ 

បើជាគំនូរឃើញមានគេឆ្លាក់នៅលើហោជាង​ សសរ​ ជញ្ជាំង​របស់វត្ត ឆ្លាក់នៅឡានដឹកមឈូស​ (អ្នកសៀមរាបហៅរទេះសាឡី)​ លម្អលើមឈូស​ លម្អលើហោជាងនៃភ្នំយោង​ ឬមេរុ។ល។ ហើយក៏ឃើញមានឆ្លាក់ដាក់នៅតាមខ្លោងទ្វារចូលវត្តជាច្រើនដែរ។ សម្រាប់ទេពប្រចាំទិសនីមួយៗរបស់ខ្មែរ​ រាហូនៅប្រចាំទិសឦសានដែលជាទិសសំខាន់ នៅក្នុងជំនឿរបស់ខ្មែរ​ ពោលគឺជាទិសតំណាងឲ្យសេចក្ដីស្លាប់​ និងកើត។  គំនិត​ “ស្លាប់ និងកើត” នៃរាហូនេះ​មានទំនាក់ទំនងនឹងច័ន្ទគ្រាស​ និងសូរគ្រាសដែរ​ ដូចយើងតែងនិយាយ​នៅពេលច័ន្ទគ្រាស “រាហូចាប់ច័ន្ទ”។  រឿងនេះដូចបានរៀបរាប់ខាងលើ ពោលគឺទាក់ទងនឹងទេពកថាកូរសមុទ្រទឹកដោះ​ ដោយរាហូខឹងព្រះច័ន្ទ​ និងព្រះអាទិត្យដែលរាយការណ៍ប្រាប់ព្រះនារាយណ៍ពេលដែលខ្លួនផឹកទឹកអម្រឹតនោះ​ ដូច្នោះហើយបានជាមានរឿង​ច័ន្ទគ្រាស​ និងសូរគ្រាសនោះឡើង។ 

ក្នុងន័យនេះ​ គឺចង់បង្ហាញថា​ ពេលដែលរាហូលេបព្រះច័ន្ទ​ ឬព្រះអាទិត្យអស់​ ពេលនោះងងឹត​ ភាពងងឹតនោះ គឺតំណាងឲ្យ​ “ស្លាប់”​ ហើយណែនពោះ ខ្ជាក់ចេញមកវិញ​ មានពន្លឺវិញ​ គឺ​មានន័យថា “កើត”​ វិញ។ យោងតាមលោកសាស្ត្រាចារ្យ​ អាំង​ ជូលាន ដែលជា នរវិទូខ្មែរដ៏ល្បីម្នាក់​ បានរកឃើញថា​ បើយើងពិនិត្យឲ្យល្អិតល្អន់​  ស្ទើតែគ្រប់ចម្លាក់ ឬគំនូររាហូទាំងនោះ កាលបើយើងត្រឡប់រូបចម្លាក់នោះ១៨០ដឺក្រេ​ យើងងអាចឃើញរូបរាហូ ដែលបញ្ច្រាសនោះមួយទៀត។  លោកសាស្ត្រាចារ្យយល់ថា នេះអាចឲ្យយើងយល់បានអំពីគំនិតរបស់ខ្មែរ​ ឬជាងចម្លាក់​ ឬក៏ជាងគំនូរយល់អំពីន័យរបស់រាហូ ពោលគឺ​ “ស្លាប់​ និង​កើត”​ នោះហើយ (សាកសួរលោកគ្រូ អាំង ជូលាន ដោយផ្ទាល់)​។ បើនិយាយអំពី “ព្រះកាល” គឺកាន់តែងាយយល់ ពីព្រោះ “កាល” មានន័យថា “ពេល, ពេលវាលា”។ “ពេល” គឺបញ្ជាក់ពី “យប់” និង “ថ្ងៃ” មានន័យថាមាន “ងងឹត” មាន “ភ្លឺ” ពោល គឺវាទៅមកៗ ដែលយើងហៅថា “វដ្ត” នោះមានន័យថាមិនចេះចប់។ ប្រៀបមកមនុស្សយើង ជាពិសេសនៅក្នុងជំនឿនោះគឺ “ស្លាប់” ហើយ “កើត” វិញ ដែលចេះតែបន្តទៅមកៗដូច្នោះឯង។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!