ទំព័រដើមសិល្បៈវិហារវត្តដំរីស

វិហារវត្តដំរីស

វិហារវត្តដំរីស គឺស្ថិតនៅតាមដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង មាន​វត្តអារា​មជាច្រើ​ន​កសាងឡើង​​សឹង​​តែមានលក្ខណៈសិល្បៈល្អប្លែកផ្នែក​ស្ថាបត្យកម្ម និង​ក្បាច់រចនា​យ៉ាង​វិចិត្រ។ តាមខ្លឹមសារ​កាព្យព្រះគ្រូចៅអធិការវត្តសូរភី ក្នុង​សៀវភៅ  “​បាត់ដំបង​សម័យ​លោក​ម្ចាស់”​​ រាប់​វត្ត​បុរា​ណ​តាមដងស្ទឹង​នេះ​ សរុប​មាន​​ចំនួន២០វត្ត។ ក្នុង​ចំណោម​នោះ វត្ត​ដំរីស​ស្ថិត​នៅ​ត្រើយ​ខាង​លិច ពោល​គឺ​ទីតាំង​នៅ​​​មិនឆ្ងាយ​​ពី​សាលា​​ខេត្ត ដែល​ជា​​អតីត​​​​​ផ្ទះ​របស់​លោក​ម្ចាស់​​គទាធរឈុំ​។ វត្ត​នេះ​​​​មាន​ឈ្មោះ​មួយ​ផ្សេង​ទៀត​ដែរថា “ស្វេត​​ឆត្រ​​​កុញ្ជរ​ជ័យ” ហើ​យ​​ក៏ជា​វត្ត​ចំណាស់​ក្នុង​បណ្តា​​វត្ត​ទាំងឡាយ​នៅតាម​ដង​ស្ទឹង​សង្កែ។

វិហារ​វត្ត​ដំរីស ជាសំណង់​ស្ថាបត្យកម្មព្រះពុទ្ធសាសនា​ដ៏ល្អឆើតមួយនៅ​ក្នុង​រាជ្យ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ “ព្រះរាជានុកោដ្ឋ”។ សំណង់នេះជាទម្រង់​​វិហារ​​មណ្ឌប ដំបូលក្បឿងស្រកាលេញ​បីថ្នាក់ និងមាន​កំពូល​​បុស្បុក​ស្រួច​​នៅលើ​ដំបូល​ លំនាំ​ដូច​វិហារ​ព្រះ​កែវ​​មរកត​​ក្នុង​​ព្រះ​​បរម​​រាជ​វាំង។ ប៉ុន្តែ​វិហារ​វត្តដំរីស មាន​តែជហ្វាបី​ខាង​មុខ និង​ជហ្វាបី​ខាង​ក្រោយ​​ប៉ុណ្ណោះ។ វិហារ​នេះ​សង់នៅលើខឿនពីរថ្នាក់ មានសសរ​៦​ជួរ​បណ្តោយ និង​១២ជួរទទឹង សរុបមានសសរ​ចំនួន​៧២ដើម។ សសរខាងក្នុងមានកម្ពស់​ប្រហែល​៩​ ម៉ែត្រ រចនា​ដោយ​ក្បាច់​ផ្កា​ភ្ញី​យ៉ាង​រស់​រវើក​។ ខាង​មុខ​មាន​ទ្វារ២ ខាង​ក្រោយ​​ទ្វារ​២ និង​មាន​​បង្អួចម្ខាង​៧ រចនា​ដោយ​ស៊ុមក្បាច់​យ៉ាង​វិចិត្រ។​ រីឯ​ព្រះជីវ៍​គង់​ក្នុង​កាយ​វិការ​ផ្ចាញ់មារ លើ​​បល្ល័ង្កខ្ពស់​ និង​រចនាដោយ​ក្បាច់​​ដាំ​កញ្ចក់​​យ៉ាង​ភ្លឺផ្លេក។

កន្លងមក គេ​ដឹងថាវិហារ​វត្ត​ដំរីសធ្លាប់​បាន​ជួសជុល​ច្រើន​លើក​ ​ហើយការ​ជួសជុល​ចុងក្រោយ​នៅក្នុង​ឆ្នាំ​២០១៥​។ រាល់ការ​ជួស​ជុល​ម្តងៗ គេតែង​ប្រើប្រាស់​សម្ភារៈ​សំណង់​ថ្មី​មួយចំនួន​ជំនួស​ចំណុច​ដែល​យក​តាម​លំនាំចាស់។ ដោយឡែកគំនូរ​លើ​ជញ្ជាំង​ខាង​ក្នុង​វិហារនិយាយ​អំពីពុទ្ធប្រវត្តិ គូរក្នុង​រវាង​ទសវត្សទី៨០។ ​នៅលើជញ្ជាំង​ផ្នែក​ខាង​ក្រៅ​​ ត្រង់​បន្ទាត់​​​ខាងលើលម្អដោយគំនូរបុរាណ និយាយពីរឿង​មហាវេស្សន្តរជាតក និង​​ពុទ្ធ​ប្រវត្តិ។ ចំណែក​បន្ទាត់​ខាងក្រោម លម្អដោយអន្លើខ្លីៗ​ស្រង់​ពី​រឿងរាមកេរ្តិ៍ រចនា​​ជាចម្លាក់​ស៊ីម៉ងត៍​ស្តើងៗ​។ នៅលើ​ជញ្ជាំងខាងកើត និងខាងលិច ត្រង់ចន្លោះ​ទ្វារ​នីមួយៗ​​​មាន​ចម្លាក់​​ឈុត​រាមកេរ្តិ៍ពីរផ្ទាំងធំៗ។ ផ្នែក​ខាងកើត ជាឈុត​ចម្បាំង​រវាង​ព្រះរាម​ និង​ក្រុងរាពណ៍។ ផ្នែក​ខាងលិច ជាឈុត​ចម្បាំង​រវាង​ព្រះលក្ស្មណ៍​ និង​ឥន្រ្ទជិត។

ចំពោះការ​តុបតែង​លម្អនៅលើក្បាល​សសរខាងក្រៅវិហារ​ គេបានរចនាយក​តាម​​​​លំនាំ​ទេវកថា ជា​រូប​គ្រុឌ​ហែកនាគ​យ៉ាងអង់អាចក្រៃលែង។ រីឯការរចនាលើ​ផ្ទៃហោ​ជាង​​ខាងមុខនិងខាងក្រោយ មាន​លក្ខណៈស្ទើរ​ដូចគ្នាបេះបិទ។ ចំណុច​សំខាន់​នៃ​ផ្ទៃ​ហោជាង​ទាំង​​នោះ​ គឺការ​រំលេចរូបកមុដ ស្វេតឆត្រ និង​កេតនភណ្ឌផ្សេងៗ​នៅ​លើពាក្យ “ខេមរៈ” នៅ​លើ​ជើង​ពាន ដែល​មាន​ទេវតា​​សាទរហោះទ្រលេចចេញពី​ផ្ទៃក្បាច់រចនា​យ៉ាងរស់​រវើក។ ការ​រំលេច​​បង្ហាញ​នូវ​រូប​មកុដ និងកេតនភណ្ឌ​ទាំងនេះ ក៏ឃើញ​នៅលើ​ហោជាង​នៃស៊ុម​ចម្លាក់​ឈុត​រាមកេរ្តិ៍​ទាំង​ពីរ​ផ្ទាំងធំៗនោះដែរ។ នៅគែម​សងខាង​នៃហោជាង មានពាក្យគួរ​ឱ្យ​កត់​​សម្គាល់​​​​ពីរម៉ាត់គឺ “សង្គមកសាង” ឆ្លាក់​នៅ​គែម​ខាង​ឆ្វេង និងពាក្យ “សម្រាប់​ពុទ្ធ​សាសនា” នៅ​គែមខាងស្តាំ។

យោង​តាម​បទសម្ភាស​របស់​វិទ្យុបារាំង RFI ជាមួយ​ព្រឹទ្ធាចារ្យ ឡុច ឆាន​ឆាយ ដែល​លោក​ធ្លាប់​ស្រង់​គំនិតក្នុង​សៀវភៅបាត់ដំបង​សម័យ​លោក​ម្ចាស់ ធ្វើ​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​ឱ្យ​ដឹង​ថា វិហារវត្ត​ដំរី​សសាងសង់ឡើង​នៅ​ចន្លោះ​ឆ្នាំ១៨៩៥-១៩០០ ​ក្នុង​​គ្រា​​ដែល​​ខេត្ត​​បាត់​ដំបងនៅជា​ចំណុះសៀម។ ប៉ុន្តែបើ​តាមការ​សិក្សា​​របស់ Daniel Guéret និង Dominique-Pierre Guéret វិហារវត្ត​នេះសង់នៅរវាងឆ្នាំ​១៩០៤ ពោលគឺ​ប្រហាក់​ប្រហែល​គ្នា​នឹង​​វិហារ​វត្ត​ពិភិទ្ធ ដែលស្ថិត​នៅត្រើយ​ខាងលិចស្ទឹង​ដូចគ្នា។ ការយល់ឃើញ​ដូច្នេះទំនង​ដោយសារម្ខាង​ផ្អែកលើការសិក្សា​តាម​ការនិទាន​របស់​អ្នកស្រុក និង​ម្ខាង​ទៀតសម្អាង​លើ​ការ​ពិនិត្យ​លក្ខណៈ​សិល្បៈ​ស្ថាបត្យកម្មនៃសំណង់។ ចំពោះឈ្មោះ​អ្នក​កសាង​វិហារ​ទៀត​សោត ក៏មាន​សេចក្តី​បញ្ជាក់​ទីទៃពីគ្នាដែរ។ អត្ថបទខ្លះលើកឡើង​ថា​ វត្ត​នេះ​សង់ឡើង​ដោយ​​សទ្ធារបស់​ជំទាវ អ៊ីង ជា​ភរិយា​លោក​ម្ចាស់ឈុំ ឬខ្លះ​ថា​កសាង​ដោយ​លោកម្ចាស់​ឈុំ មុនលោកទៅរស់នៅខេត្ត​បស្ចិម ក្នុង​ស្រុកសៀម។ ប៉ុន្តែក្នុង​បទ​សម្ភាស​ខាងលើ​បញ្ជាក់​ថា​បិតារបស់ជំទាវ អ៊ីង ជា​អ្នក​មាន​សទ្ធា​ផ្តើម​​ដឹក​នាំ​​សង់​វិហារនេះ​ដើម្បី​លា​បំណន់។ តាម​ឯកសាររបស់លោក តូច ឈួង ឱ្យ​ដឹង​ថា​ក្រុមជាងដែលមានទឹកដៃវិសេសក្នុង​ផ្នែក​រចនា​ក្បាច់​ក្បូរផ្សេងៗ រួមទាំង​រូបគ្រុឌ តោ ស្វា ទេវតា មនុស្ស​ យក្ស… លម្អវិហារ​វត្តដំរីស​ គឺជាង​ញឹក មាន​លំនៅ​នៅព្រែក​តាតន់ និងជាង​សឿន នៅភូមិ​ចម្ការ​សំរោង។ ជារួមមកទឹកដៃ​សិល្បៈ​ស្ថាបត្យ​កម្មនៃ​វិហារ​វត្តដំរីសនេះ ស្តែង​ឱ្យ​ឃើញ​ពីចំណេះ​ជំនាញកើត​ចេញពី​អ្នក​ស្រុក​សុទ្ធសាធ។ រីឯប្រធានបទសិល្បៈដែលលើក​មក​លម្អ ហាក់​មាន​លក្ខណៈ​ចម្រុះ​ ពោលគឺស្រង់​ចេញ​​ពី​រឿង​រាមកេរ្តិ៍ រឿង​ពុទ្ធប្រវត្តិ និង​ទេពក​ថា​នានាផង៕

——————————————————–

Vihara of Vat Damrei Sa

Vat Damrei Sa (Damrei Sa pagoda) is located the west of Sanker stream, Battambang province. It is one of twenty beautiful decorated pagodas listed in the book called Battambang in Lordship Era. The official name of Vat Damrei Sa is “ស្វេតឆត្រកុញ្ជរជ័យ” Svetchat Kuncha Chey.

The Vihara of Vat Damrei Sa is a glorious Buddhist architecture built in the reign of King Sisowath (Preah Reachea Nukod). It has a Mandapa form with three tires of fish scale tile’s roof. Also, it has a Pushpuka Viman on the roof and is similar to Preah Keo Morokat Vihara in the Royal Palace. Besides, it has three Jhava in the front and three at the back (decorative element located on the top of pediment). It was built on two levels base, with six rows columns in length and twelve rows columns in width. It is a total of seventy-two columns. 

The inner column is nine meters in height with a beautiful motifs design. There are two doors in the front, two at the back, and seven windows. The principal Buddha statue is in Bhumisparsha and sits on a high beautiful glass inlay design pedestal.

The Vihara has been restored many times, and the latest restoration was in 2015. The restoration was adding new materials but respecting ancient forms. The inner moral painting was drawn in the 80s and describe Buddha life story. Painting on the upper part of the outer wall illustrates Vessantara Jataka and Buddha life story. In the lower part shows small scenes of Ramayana on thin cement plates. These plates are attached to the wall. The east and the west walls between the doors illustrate the Ramayana story. It shows fighting between Rama and Ravana in the east and between Lakshmana and Indrajit is in the west.

The head of columns outside illustrates the Myth of fighting between Garuda and Naga. Furthermore, the decoration of pediments both in front and at the back is almost the same. It shows a Mukuta (crown), Svetchat (umbrella), and attributes on the word Kemrak (Khmer), and all are on a pedestal. In addition, it has female divinities flying all over. Makuta and attributes also show on the pediment in the two reliefs of Ramayana. The left edge of a lintel mentions a word that says “Building the Society”, and the right side mentions a word related to Buddhism. 

According to an interview between RFI (Radio France International), Mr. Luch Chhanchhay says Vat Damrei Sa was built between 1895 to 1900. It was at the same time that Battambang was in charge by Siam. However, Daniel Guéret and Dominique-Pierre Guéret argued that it was built in 1904. The date is similar to Vat Piphid. This suggestion might be referring to the storytelling, architectural and artistic style. In contrast, some say that the Vihara was built by Chomteav Ing, a wife of Lokmchas (Lord Chhum). However, based on the other sources, it was built by Lok Mchas before he left for Siam. Whether the Vihara was built by Chomteav Ing or Lokmchas, it was the idea of Chomteav Ing’s father. Based on a document written by Toch Chhoung, the figure of Garuda, Lion, Monkey, Divinity, Human, and Demon, etc. made by two craftsmen named Nhek and Soern. Nhek lives in Prek Ta Tan and Soern lives in Chamka Samrong village. Architectural and artistic designs of the Vihara show the knowledge of the local based on multiple important stories, Ramayana, Buddha life, and Myths.

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!