ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១២)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១២)

មានន្ទដើរបោះជំហានវែងៗចូលទៅរកព្រះកម្ពុតជាបិតា។ ព្រះកម្ពុតឮសូរជើងមានន្ទស្គាល់ជាក់ថា ជាសូរជើងកូនរបស់ខ្លួន តែព្រះកម្ពុតធ្វើពុំឮ គិតតែសរសេរសំបុត្រតូចមួយដោយផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់។ មានន្ទមកដល់ លុតជង្គង់វន្ទាពីមុខព្រះកម្ពុតដោយគោរពមួយសន្ទុះក្រោយមក ព្រះកម្ពុតដាក់ស្លាបប៉ាកកាចុះ ទឹកមុខមាំមួនហូតខ្សៀមកញាត់ថ្នាំអុជជក់យ៉ាងព្រងើយ។ មានន្ទឃើញផ្សែងហុយទ្រលោមឡើងទៅលើ។ អ្នកប្រុងស្មារតីនឹកក្នុងចិត្ដរកមើល តើគ្រោះថ្នាក់ដែលអ្នកទទួលនោះយ៉ាងណា? ព្រះកម្ពុតសម្លក់កន្ទុយភ្នែកមើលទៅមានន្ទ ខាំធ្មេញរួចនៅស្ងៀម។ មានន្ទរិតតែឆ្ងល់អស្ចារ្យក្នុងចិត្ដ អំពីអាកប្បកិរិយាដ៏ប្លែករបស់លោកឪពុកអ្នក។ អ្នកនឹកច្នៃថា ប្រហែលជាលោកដឹងរឿងរ៉ាវទាំងអស់របស់អ្នកជាមួយអាពាហ៍ពិពាហ៍នាកណ្ដាលរាត្រីស្ងាត់នេះ។ តំនក់ញើសហូរពាសពេញខ្លួនអ្នក តែយុវជនប្ដេជ្ញាក្នុងចិត្ដថា បើឪពុកអ្នកជំទាស់នឹងរឿងនេះ អ្នកនឹងហ៊ានចេញមុខជំទាស់វិញយ៉ាងដាច់ខាត។ នាទីដ៏តឹងតែងនេះ ក៏ចេះតែហូរទៅ មានន្ទក៏រឹតតែថប់ដង្ហើមឡើងៗបុរសគិតរិះរកចំនុចផ្សេងៗ ដើម្បីបានដឹងឆាប់អំំពីគោលបំនងនៃការកោះហៅខ្លួនអ្នកមកនេះ ។ នឹងយករឿងនាងទេវីមកនិយាយដោះសាជម្រាបលោកតែម្ដងទៅជាការធ្វេសប្រហែសមួយយ៉ាងធំ។ នឹងរង់ចាំឲ្យឪពុកអ្នកបង្ហើបរឿងមុនឪពុកអ្នកពុំធ្វើសោះ។ មិនតែប៉ុណ្ណោះអាកប្បកិរិយារបស់ព្រះកម្ពុត បង្កើតបរិយាកាសកំហែងដល់មានន្ទយ៉ាងខ្លាំងក្រៃពេក។ មានន្ទលូកហោប៉ៅដើម្បីរកកូនកន្សែងមកជូតញើស ស្រាប់តែចុងម្រាមដៃអ្នកបះលើសំបុត្រដីកាកោះ។ រន្ទះនៃសេចក្ដីរីករាយមួយមកដាស់ចិត្តឲ្យចាកផុតអំពីរណ្ដៅចង្អៀតចង្អល់ ដែលអ្នកជួបប្រទះមកនេះ។ មានន្ទក៏ហុចសំបុត្រដីកានោះជូនព្រះកម្ពុតដោយគោរព។

ព្រះកម្ពុតយកសំបុត្រនោះបោះទៅលើតុ រួចសួរដោយសង្កត់សម្លេងយ៉ាងធ្ងន់ៗថា

  • ឯងទើបមកពីណា ?

មានន្ទបុកពោះភឹបៗ នឹកថា អីយ៉ា ! រករឿងទេតើ ! ក៏ប៉ុន្ដែមុននឹងចេញសម្ដីតវ៉ា អ្នកនឹកឃើញថា ត្រូវតែឆ្លើយទៅតាមលំអានរឿង។

  • លោកឪពុកមានការអ្វី ហៅខ្ញុំទាំងយប់ ?

ព្រះកម្ពុត សម្លក់មានន្ទចុងភ្នែកជាថ្មី។

  • អញមិនមែនឪពុកឯងទេ ?

មានន្ទភ្ញាក់ដូចគេកន្រ្ដាក់នឹងពាក្យនេះ ។ អ្នកបើកភ្នែកធំ បបូរមាត់ឡើងស្វាយ ជង្គង់ឡើងញ័រស្ទើរឈរពុំកើត។ បុរសនឹកថា ម្ដងនេះមុខជាដាច់អស់និស្ស័យហើយ។ អ្នកប្រឹងញញឹម រួចឆ្លើយដោយចំអកថា

  • បើលោកឪពុកមិនជាឪពុកខ្ញុំ តើជាអ្វីទៅវិញ ?

ព្រះកម្ពុតក្រោកឡើងគំហកវិញថា

  • អញហៅឯងមកសួរឯង មិនមែនហៅឯងមកសួរអញទេ។ តោងឆ្លើយតាមពាក្យអញសួរ។ អញសួរឯងថា តើឯងទៅណាបាត់តាំងពីល្ងាចម្លេះ ?

មានន្ទសើច៖

  • ការផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំពុំអាចប្រាប់លោកឪពុកបានទេ។ ខ្ញុំមកនេះ គឺមកឋានៈជាទាហាន ពីព្រោះដីកាកោះហៅតាមកិច្ចការទាហាន។ បើសិនជាមានការផ្ទាល់ខ្លួន ប្រាកដជាពុំមានដីកាដូច្នេះទេ។ បើដូច្នេះខ្ញុំអាចឆ្លើយជម្រាបលោកឪពុកបាន តែអំពីកិច្ចការខាងទាហានប៉ុណ្ណោះ ដោយសូមទោសលោកឪពុក ខ្ញុំមិនឆ្លើយពីការផ្ទាល់ខ្លួនជាដាច់ខាត។

ព្រះកម្ពុតពេបមាត់ តែងក់ក្បាល។ ឃើញដូច្នោះ មានន្ទបានធូរក្នុងចិត្ដបន្ដិច។ ព្រះកម្ពុតបឺតខ្សៀបង្ហុយផ្សែង រួចដោយនិយាយបន្ទន់សម្លេងថា៖

  • ឯងបំពេញការផ្ទាល់ខ្លួនរបស់ឯងស្រេចហើយរឺនៅ?

មានន្ទនឹកថា បញ្ហានាងទេវីនៅតែចោទដដែលក្នុងពេលដែលអ្នកស្មានថាបានធូរបន្ដិចទៅហើយ។ បញ្ហានេះគ្រាន់តែផ្លាស់បែបចោទប៉ុណ្ណោះ ។ យុវជនឆ្លើយតបវិញថា៖

  • ការផ្ទាល់ខ្លួនពុំអាចមាននរណាបំពេញចប់នោះទេ ។ តែលោកឪពុកសូមជ្រាបថា ការផ្ទាល់ខ្លួនជាការតូចតាចដែលគេអាចទុកចោលមួយកន្លែងបាន។ ឯការដែលធំហើយសំខាន់នោះ គឺការនគរ។

ព្រះកម្ពុតដើរចុះដើរឡើងស្ដាប់មានន្ទអធិប្បាយ។ លុះអធិប្បាយចប់ លោកក៏ដើរទៅជិតតុ ទាញយកសំបុត្រមួយមកហុចឲ្យមានន្ទ ។ វីរបុរសភិតភ័យឡើងសាជាថ្មី ដោយពុំដឹងសេចក្ដីសំបុត្រនោះយ៉ាងណាសោះ។ អ្នកទទួលសំបុត្រ រួចបត់ដាក់ទៅក្នុងហោប៉ៅយ៉ាងស្រួល។ ឃើញដូច្នោះ ព្រះកម្ពុតបែរមកមើលមុខមានន្ទស្ទុះមកចាប់ស្មាបុត្រា រួចពោលវាចាឡើងញ័រៗថា៖

  • កូនឯងអាចមើលសំបុត្រនេះឥឡូវ។

មានន្ទហូតសំបុត្រមកពីហោប៉ៅវិញ សម្លឹងមើលមុខឪពុកដោយប្រឹងរិះរកមើលរឿងដែលឪពុកចង់ប្រាប់ខ្លួននោះ ត្បិតទាំងកាយវិការ ទាំងវាចាអ្នកលែងយល់អ្វីឡើយ។ មានន្ទដាក់ភ្នែកចុះទៅលើសំបុត្រ រួចនិយាយយ៉ាងរហ័សថា

  • លោកឪពុកឲ្យខ្ញុំទៅច្បាំងឥឡូវ ?

ព្រះកម្ពុតញញឹម៖

  • មិនមែនឪពុកឲ្យកូនទៅទេ គឺនគរ។
  • ខ្ញុំបាទសូមមួយអាទិត្យទៀតបានរឺទេ ?

ព្រះកម្ពុតបើកភ្នែកធំៗ តបវិញថា

  • ឯងមកនេះគឺមកក្នុងឋានៈ ជាទាហាន ទាហានគ្មានប្រកែកទេ!
  • ខ្ញុំសុំដល់ថ្ងៃស្អែក ពីព្រោះ … !
  • គ្មានពីព្រោះទេ ។ តោងឯងដឹងឲ្យច្បាស់ថា សព្វថ្ងៃឪពុកស្រលាញ់កូនលើសលុបរកអ្វីប្រៀបស្មើគ្មាន។ ឪពុកមិនចង់ឲ្យកូនលំបាកវេទនាសោះ។ ឪពុកចង់ឲ្យតែកូនបានសប្បាយរាល់ពេលវេលា។ កូនឯងទាំងរូបកាយ ទាំងចរិយា ទាំងចិត្ដក្លាហាន បានធ្វើឲ្យឪពុកពេញចិត្ដជាទីបំផុត ក៏ប៉ុន្ដែនៅពេលនេះ ប្រទេសមានអាសន្នធំ។ ចំនួនមួយខែមកហើយ កងទ័ពភូមាវាយចូលលុកតាមអានាខេត្ដឈៀងម៉ៃ ឆ្ពោះមកក្រុងអយុធ្យា (រាជធានី) កងទ័ពយើងបានចេញតស៊ូយ៉ាងម៉ឺងម៉ាត់ តែចាញ់ដៃខ្មាំងជានិច្ច។ ឥឡូវព្រះរាជាព្រះចៅយើងបានបញ្ជាមកឲ្យកងទ័ពយើងទៅជាប្រញាប់ ដើម្បីជួយក្រុងអយុធ្យាពីភយន្ដរាយ។ សរុបសេចក្ដីនគរត្រូវការឈាមយើងហើយ។ ក្នុងការរិះរកមេដឹកនាំកងទ័ពយើងទៅនេះ ឪពុកបានរិះរកមើលគុណសម្បត្ដិរបស់មេទ័ពទាំងអស់ ឪពុកឃើញមានតែឯងមួយទេ ដែលអាចបំពេញការងារនេះបាន។ ហេតុនេះចូរកូនប្រមូលទ័ពទៅទាំងយប់នេះ។

មានន្ទដាក់ទឹកមុខ រួចវន្ទាព្រះកម្ពុតថយខ្លួនចេញមក។ ព្រះកម្ពុតស្រែកហៅមានន្ទថា៖

  • មានន្ទ ! មកនេះសិន ។ ហេតុម្ដេចក៏ឯងមានទឹកមុខស្ងួតម៉្លេះ ? ឯងមិនចង់ទៅទេឬអ្វី ? តោងប្រាប់មកឲ្យឆាប់។ អញទុកចិត្ដលើឯង… ។
  • ខ្ញុំមានប្រកែកអ្វី ។ ដូចលោកឪពុកជ្រាបស្រាប់ហើយ ខ្ញុំចូលចិត្ដចម្បាំងណាស់។ ក៏ប៉ុន្ដែក្នុងពេលនេះខ្ញុំព្រួយ ព្រួយព្រោះការដែលខ្ញុំបំរុងនឹងធ្វើនោះធំក្រៃពេក។
  • បើដូច្នោះទៅចុះ ។ ទៅឲ្យសុខសប្បាយ។
  • សូមលោកពុកនៅឲ្យបានសុខសប្បាយ។

(សូមរងចាំតាមដានភាគទី១៣ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!