កាចាស់

បើលើកពីរុក្ខជាតិអំបូរវល្លិ៍ផ្តៅល្ពាក់ដុះក្នុងធម្មជាតិ ឃើញថាមានច្រើនប្រភេទណាស់ ដែលគេអាចយកមកធ្វើជាឧបករណ៍ប្រើប្រាស់នានាក្នុងជីវិតប្រចាំថ្ងៃដ៏សំបូរបែប ដូចជាកន្ត្រក សង្រែក ខ្សែចំណង។ល។ នេះគួរប្រមូលចងក្រងជាប្រធានបទសិក្សាមួយដ៏មានប្រយោជន៍ អំពីការងារសិប្បកម្មផ្នែកវប្បធម៌ប្រពៃណី បរិស្ថាន និងការអភិរក្សផ្ទេរចំណេះទាំងនេះ។ ខាងក្រោមនេះខ្ញុំបង្ហាញពីករណីសិក្សាមួយអំពី ការផលិត និងការប្រើប្រាស់ឧបករណ៍ប្រពៃណីមួយប្រភេទរបស់ជនជាតិកួយ ក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសា​ទសំបូរ ក្នុងខេត្តកំពង់ធំ។ ឧបករណ៍ដែលខ្ញុំនឹងលើកយកមកបង្ហាញនេះកួយហៅថា កាចាស់។          

កាចាស់ គឺជាឧបករណ៍ប្រើប្រាស់ជាប្រចាំរបស់ជនជាតិកួយ ព្រោះវាអាចដាក់វត្ថុបានច្រើនចម្រុះក្នុងនោះ និងប្រើចាំបាច់សម្រាប់ដាក់របស់ហូបចុកតាមផ្លូវដូចជា កញ្ចប់បាយ ម្ហូប ដបទឹក នំ ផ្លែឈើ កាំបិត ថ្នាំជក់ស្លាម្លូ ពេលចេញទៅស្រែចំការ ឬទៅឃ្វាលគោក្របីឆ្ងាយពីផ្ទះ រហូតដល់ល្ងាចទើបត្រឡប់មកផ្ទះវិញ។ ជាញឹកញាប់គេក៏ប្រើកាចាស់ពេលទៅចាប់ត្រី ទៅបេះបន្លែក្នុងចំការឬក្នុងព្រៃ ដកផ្សិត រើសជ័រចុង បោចវល្លិ៍ កាប់ថ្នាំឈើ រើសគ្រាប់ស្វាយចន្ទី។ល។ ដែលសុទ្ធសឹងអាចដាក់ក្នុងកាចាស់បានស្ពាយត្រលប់មកផ្ទះវិញ។

រុក្ខជាតិដែលគេយកមកធ្វើកាចាស់ គឺជាពពួកអំបូរផ្តៅម្យ៉ាងមានបន្លា ស្គាល់ឈ្មោះជាទូទៅថា ឆ្នូរ ឬជាភាសាកួយហៅថា​ ថ្វិន។ ដើមនេះច្រើនដុះនៅតាមព្រៃរបោះមានម្លប់ជុំដោយដើមឈើឯទៀតតូចធំ និងលូតលាស់ល្អត្រង់ដីសើមក្បែរៗប្រភពទឹកមានអូរជាដើម។ សព្វថ្ងៃអ្នកត្បាញអាចទៅរកបោចឆ្នូរនៅតាមដុបព្រៃក្បែរៗភូមិ ឬក្នុងព្រៃសហគមន៍ដែលគេអភិរក្សទុកជាសម្បត្តិរួម ត្បិតព្រៃក្បែរភូមិស្ថានបានប្រែជាដីចំការស្វាយចន្ទី។ ដោយ​សារដើមនេះមានបន្លាច្រូងច្រាងពីគល់ដល់ចុង ដូច្នេះអ្នកបោចត្រូវប្រើផ្គាក់ ឬកាំបិតបន្ទោះមានដងវែងកាន់ ដើម្បីកាប់ និងស្ទួសបកសម្បកបន្លានោះចេញពីដើមកុំឱ្យមុតដៃ។ ដើមដែលគេកាប់មានប្រវែង៣ម៉ែត្រឬ៤ម៉ែត្រឬអាចវែងជាងនេះទៅតាមអាយុរបស់វា។

របៀបធ្វើកាចាស់៖ គេត្រូវកោសផ្នែកខាងក្រៅសម្បកថ្វិនឱ្យជ្រះអស់​ បន្ទាប់មកពុះវាជាបន្ទោះ៤ទៅ៦ចម្រៀកតាមទំហំដើមតូចឬធំ រួចប្រើកាំបិតបន្ទោះបិតវាជាបន្ទោះស្តើងៗ ដោយស្ទួស​យកសាច់ជាប់សម្បកឱ្យអស់ ទុកតែសម្បកសុទ្ធសាទ្ធដែលរឹងសម្រាប់ប្រើការ។ ជាដំបូងអ្នកត្បាញចាប់ក្រងបាតវាឱ្យចេញជារូបរាងប្រទាក់ក្រលាគ្នា។ នៅផ្ទៃបាតគេទ្រាប់ដោយប៉ដឹសឫស្សីខ្វែងគ្នា ដើម្បីឱ្យវត្ថុនេះមានលំនឹងពេលដាក់បញ្ឈរ។ បន្ទាប់មកត្បាញឡើងមកខាងលើជាតួខ្លួន រហូតដល់ត្រង់មាត់។ ខ្លួនវាមានសណ្ឋានប៉ោងធំ ហើយរួមបន្តិចត្រង់កក្អេងនិងមាត់។ នៅត្រង់មាត់គេធ្វើកណ្តាប់ពីផ្តៅតាមទំហំមាត់ដែលគេចង់បាន ហើយភ្ជាប់មកខ្លួន។ មុននឹងក្រងកណ្តាប់ភ្ជាប់មកខ្លួនគេត្រូវយកខ្លួនវាទៅត្រាំទឹកមួយសន្ទុះសិន ដើម្បីឱ្យបន្ទោះថ្វិនច្រូងច្រាងខាងលើទន់ពត់បត់បែនមិនបាក់ និងងាយស្រួលស៊កកណ្តាប់ផ្តៅជាមាត់ចូលទៅភ្ជាប់ខ្លួន។ បន្ទាប់មកគេត្បាញភ្ចាប់ខ្លួននឹងកណ្តាប់មាត់ជាចុងក្រោយ។ កាចាស់នេះប្រើបានទាល់តែមានខ្សែស្ពាយសម្រាប់កាន់យូរ ឬស្ពាយពាក់នឹងស្មា។ ខ្សែនេះទៀតសោតគេវេញពីបន្ទោះថ្វិនដូចគ្នា។

ទម្លាប់ប្រើកាចាស់ជាទំនៀមមួយយូរយារមក ហើយក្លាយជាអត្តសញ្ញាណសម្គាល់ជនជាតិកួយ។ សព្វថ្ងៃអ្នកដែលចេះធ្វើកាចាស់ មានមិនច្រើនទេក្នុងភូមិ ឯអ្នកចេះទៀតសោតច្រើនជាមនុស្សចាស់នៅរក្សាផ្ទះ។ មួយវិញទៀត បរិស្ថាននៅជុំវិញភូមិស្ថានដែលអាចឱ្យដើមថ្វិនដុះលូតលាស់បាន ចេះតែប្រែប្រួលដោយការឈូសឆាយដីប្រើប្រាស់ទៅជាចំការស្វាយចន្ទី ដូច្នេះទៅដើមថ្វិនចេះតែហោចទៅៗរួមមកនៅតាមដុបព្រៃតូចៗជាប់ចំការ និងក្នុងព្រៃសហគមន៍ដែលគេអភិរក្សទុក។ ដូច្នេះការរក្សាបរិស្ថាន និងការសិក្សាចងក្រង ផ្សព្វផ្សាយ ផ្ទេរចំណេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្ស និងលើកតម្លៃសិប្បកម្មប្រពៃណីមួយនេះ៕

អត្ថបទដើម៖ លោក អាន រស្មី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!