ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈសារបានខ្លះៗនៃវិហារបុរាណវត្តកណ្តឹង

សារបានខ្លះៗនៃវិហារបុរាណវត្តកណ្តឹង

វិហារវត្តកណ្តឹងថតឆ្នាំ១៩២៤

វត្តកណ្តឹង ឬអ្នកខ្លះ​ហៅថាវត្តគរ ស្ថិត​នៅក្នុងសង្កាត់គរ ក្រុង​បាត់ដំបង ខាង​ត្បូង​សាលាខេត្ត​។ បើទោះ​បីពុំ​មាន​ឯកសារ​​ជាក់លាក់​​ក៏​ដោយក្តី ​គេយល់​ឃើញថា​​វត្ត​នេះ​កកើត​​ឡើងដំបូង​គេនៅបាត់ដំបង ហើយ​មកដល់​សព្វថ្ងៃ​​​មាន​រឿងតំណាលជា​​ច្រើន​​ពាក់​ព័ន្ធ​នឹង​ការកសាងវិហារ។ អ្នកខ្លះអះអាង​ថាគិត​មកដល់បច្ចុប្បន្ន ​វត្ត​កណ្តឹង​មាន​វិហារ​​​ចំនួន​បី។​ វិហារ​ទី១​ ​​ស្ថិត​នៅ​ខាង​ជើង​ទន្ទឹម​​នឹងវិហារ​ទី២ តែទំនង​ត្រូវ​គេ​បំផ្លាញចោលក្នុង​សម័យ​​សង្រ្គាម។ រីឯ​​វិហារ​ទី២ ជាវិហារ​ចាស់បច្ចុប្បន្ន​ដែល​ស្ថិតនៅ​​​​ខាងមុខ​វិហារទី៣។ ចំពោះ​​​វិហារ​​ទី២ ជាវិហារ​បុរាណ​​ប្រកប​​​ដោយ​​ក្បូរ​ក្បាច់​រចនាយ៉ាង​​វិចិត្រនេះ គេ​យល់​ថា​កសាង​​ឡើង​​​នៅ​រវាងដើម​​សតវត្ស​​ទី២០ ក្នុង​សម័យ​លោក​ម្ចាស់ គ្រាដែល​ទឹក​ដី​បាត់ដំបង​ស្ថិត​​នៅ​ជា​​ចំណុះ​​សៀម។​ យោងតាម​ឯកសារបាត់ដំបងសម័យ​លោកម្ចាស់ឱ្យដឹងថា មុន​មាន​វិហារ​ថ្មីសព្វថ្ងៃ​​វត្តកណ្តឹង​មាន​វិហារ​ពីរទន្ទឹមគ្នាតាំងពីបុរាណ។ អ្នក​និពន្ធ​ តូច​ ឈួង​ បញ្ជាក់ថាវិហារ​ខាង​ជើង​ស្ថាបនា​​យូរ​យារ​​ហើយ រីឯ​វិហារ​ខាងត្បូង​ស្ថាបនា​ដោយ​លោក​​ស្រី អ៊ីង ភរិយាដើម​របស់​​លោក​ម្ចាស់គទាធរឈុំ ជាអតីតស្តេចត្រាញ់​ចុង​ក្រោយត្រួតបាត់ដំបង។ គេតំណាល​ថា ហេតុ​ដែល​នាំ​ឱ្យ​កសាង​​វិហារ​នេះ គឺដោយសារលោកម្ចាស់មានភរិយាច្រើន (ប្រហែល​ជាង​​៤០នាក់) បណ្តាលឱ្យលោកស្រី អ៊ីង ជាភរិយាដើមឈឺចាប់​កើតទុក្ខរីងរៃ រហូតកើត​ជា​ជំងឺ​ម្យ៉ាងគឺ “​ខ្លាច”​​​ ហើយខ្លាច​​គ្រប់សព្វសារពើ ជាពិសេសខ្លាចសំឡេង​ឆ្កែលូ។ ពេលនោះ គេតែង​ចាត់​ឱ្យ​​​សម្លាប់​ឆ្កែទាំងអស់ដែលលូឮដល់លោកស្រី។ រីឯលោក​ព្រះឃ្លាំង​ជា​ឪពុក​​បានរិះរក​គ្រប់​មធ្យោ​បាយ​​ព្យាបាលកូនស្រី និងបានទៅបន់ស្រន់ព្រះអង្គខ្មៅ ដែល​ជា​​ព្រះពុទ្ធ​រូបស័ក្តិសិទ្ធិ​នៅ​វត្តកណ្តឹង ដោយប្រាថ្នាសុំសាងវិហារមួយថ្វាយ បើកាលណា​កូន​ស្រី​បាន​ធូរស្បើយ។ ក្រោយ​ពេលលោក​ស្រី អ៊ីង បានធូរស្បើយបន្តិច គាត់ក៏ចាត់សង់​វិហារ​មួយនៅខាងត្បូង​ព្រះវិហារ​ចាស់ ហើយគង់វង្សរហូតមកដល់សព្វថ្ងៃ។

បើពិនិត្យ​​ផ្នែក​ខ្លះ​នៃ​​សំណង់ និង​ចំណារ​ខ្លីៗ​លើ​ជញ្ជាំង​ គេដឹង​ថា​វិហារ​​បុរាណ​វត្ត​កណ្តឹង​ធ្លាប់​បាន​ជួស​ជុលច្រើនគ្រាមកហើយ។ តាម​រយៈ​​​រូបថត​​​ក្នុងឆ្នាំ​​១៩២៤ គេ​ចាត់​ទុក​វិហារ​​នេះជាប្រភេទ​វិហារ​មណ្ឌប។​ លំនាំ​វិហារបែប​នេះ គេ​សង្កេត​​​ឃើញ​និយម​​​នៅ​ដើម​​សតវត្ស​ទី២០ ហើយ​បាន​​បន្តវិវឌ្ឍ​មកហូរហែ​ដល់សព្វថ្ងៃ។ បុស្បុក​​វិហារ​​មណ្ឌប គេ​ច្រើន​​ធ្វើ​ថ្នាក់ៗ និង​កំពូល​​​ស្រួចខ្ពស់។ ផ្អែកលើ​រូបថតឯកសារនេះ វិហារ​ដើមវត្ត​កណ្តឹង​ មានដំបូល​​ប្រក់​ក្បឿង​ស្រកាលេញ​ ខាងកើត​មាន​ជហ្វា​៣ ខាងលិចមាន​ជហ្វា៣ ហើយ​ខាង​ជើង និង​ខាង​ត្បូង​​មាន​​ជហ្វា​ម្ខាង២​ ព្រម​ទាំង​​មានបំពាក់​នាគ​ដងក្តារ​តាម​ចុងចែង​​ដំបូលនីមួយៗ។ រីឯបុស្បុក​លម្អ​លើ​ដំបូល​ ហាក់​​​ស្រដៀង​នឹង​កំពូល​បុស្បុក​វិហារ​វត្ត​ដំរី​សសព្វថ្ងៃ ដែល​ស្ថិត​នៅខាង​ជើង​​សាលា​ខេត្ត។

ក្បាច់លម្អហោជាង និងចម្លាក់ទ្រហោជាងខាងកើត

សព្វថ្ងៃ ​វិហារវត្ត​កណ្តឹង​​​នៅសល់​ត្រឹមតែ​ជហ្វា៤ លំនាំស្រដៀង​វិហារ​វត្ត​សំរោង​ក្នុង និង​វត្ត​បាឡាត់ តែវិហារ​វត្តនេះ​ពុំមាន​​នាគ​ដងក្តារតាម​ចុង​ចែង​ដំបូល​ផ្នែក​​ខាង​លើ​​ដូច​មុន​ឡើយ ហើយ​ជំនួស​​ដោយ​នាគ​លើព្រំ​ដំបូល​​ពីរថ្នាក់ខាងក្រោម។ តាម​រយៈ​​ឯកសារគេយល់​ថា ​ការ​​ជួស​ជុលដូរ​ដំបូលវិហារនេះ ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៩។ ក្នុង​​គ្រា​នោះ​​គេបានយកបុស្បុក និង​​ហោជាង​​ចំហៀង​សងខាង​ចេញ ដោយ​រក្សាទុក​តែហោជាង​​​​ខាង​កើត និងខាងលិចប៉ុណ្ណោះ​។ ហោ​ជាង​​​ទាំងពីរ ​ សុទ្ធសឹង​រចនា​ពី​ឈើ​ប្រកប​ដោយ​ក្បាច់​រចនាយ៉ាង​រស់រវើក។ ផ្ទៃហោជាង ​លម្អដោយ​ក្បាច់​ភ្ញីទេសព័ទ្ធជុំវិញ​ជើងពាន​​ទ្រគម្ពីរ​នៅចំផ្នែកកណ្តាល។ សងខាងជើងពាន មាន​រូប​សត្វ​ទេព​អមសង​ខាង និងរូបទេវតា​នៅ​ផ្នែក​ខាងលើ។

ហោជាង​ខាងលិច និងក្បាច់រចនាលម្អលើហោជាង

នៅផ្នែកខាងលើគម្ពីរ មាន​រូប​ទេព (?) ​លេច​ឡើង​ពាក់កណ្តាល​ខ្លួន និង​ពន្លឺឆពណ្ណរង្សី។ ហោជាង​ខាងកើត ​គេឃើញ​មាន​ចម្លាក់​រូបគ្រុឌ និង​យក្ស​ទ្រហោជាង​ យ៉ាង​អង់អាច (រូបលេខ៤-៧)។ ប៉ុន្តែហោជាង​ខាងលិច ពុំមាន​ចម្លាក់បែបនេះទេ។​ ដោយឡែក រចនាសម្ព័ន្ធសំណង់ផ្នែកខាងក្រោម​ គេបាន​រក្សា​ដូច​ដើម​ស្ទើរ​តែ​ទាំង​ស្រុង។ សូមបញ្ជាក់ថាគ្រឿងបង្គុំដំបូលផ្នែកខាងលើនៃវិហារនេះ គឺជាឈើទាំង​អស់ តែផ្នែក​ខាងក្រោមជាបេតុង ហើយសង់នៅលើផ្ទៃដីរាបស្មើពុំមាន​ខឿនខ្ពស់ច្រើន​ជាន់ដូច​វិហារ​ផ្សេងឡើយ។ រីឯសសររបៀងជុំវិញ ជាប្រភេទសសរ​មូលធំៗ លម្អក្បាល​​សសរ​តាម​លំនាំ​សិល្បៈ​បស្ចិមប្រទេស (រូបលេខ៨)។ ការ​លម្អ​លើទ្វារ និង​បង្អួច​​ផ្នែក​ខាង​ក្រៅ​​មាន​លក្ខណៈ​ជា​ល្បាក់​កោង​ផ្កាប់លំនាំ​​ដូច​ជើងព្យញ្ជនៈក “្ក”។ ចំពោះសសរខាងក្នុង ជាសសរ​ឈើ​មូល ដូច​វិហារ​ឈើ​ទូទៅផ្សេងទៀតដែរ។

ទឹកដៃគំនូរឆ្នាំ​១៩៨៥ និយាយអំពីឈុត​ខ្លះក្នុងពុទ្ធប្រវត្តិ

តាមរយៈ​សំណេរខ្លីៗ គេអាចដឹងថាគំនូរ​​ខាងក្នុង​វិហារ​គូរ​​ក្នុង​ឆ្នាំ១៩៨៥ ដោយ​ជាង​​មួយ​ក្រុម​មាន​ឈ្មោះ ស៊ុន សិត, ទីន សុស, និង ប៉ិច ប៊ុនងួន។ ការគូរ​គំនូរ​នេះ ធ្វើ​ឡើង​ស្របគ្នា​នឹង​ការ​ជួសជុលលាបពណ៌បល្ល័ង្កព្រះជីវ៍ និងពិដានខាង​លើ ​ដែល​​ជា​សទ្ធា​របស់​លោកយាយម្នាក់​ឈ្មោះ មាញ (រូបលេខ៩-១១)។ ខ្លឹមសារ​គំនូរ​ទាំងនោះ សុទ្ធសឹង​ជា​ឈុត​ផ្សេងៗ​ក្នុង​ពុទ្ធប្រវត្តិ។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ផុត​ពីនោះមក វិហារ​នេះធ្លាប់ជួសជុល​ពីរលើកទៀត ពោលគឺនៅក្នុង​ឆ្នាំ​១៩៩៧ម្តង និង​ក្នុង​ឆ្នាំ​២០០២ ម្តង​ទៀត។   ដូច្នេះសរុបមក តាមរយៈសារបានខ្លះៗ និងលក្ខណៈ​​សិល្បៈ​ស្ថាបត្យកម្ម​វិហារ​វត្ត​កណ្តឹង​​ គេអាច​យល់​ជារួម​​ថា​ វត្ត​កណ្តឹង​ជា​បូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិ ហើយការកសាង និង​ជួស​ជុល​ជា​បន្ត​បន្ទាប់កន្លង​មក​​​ ប្រហែល​ធ្វើ​ឡើង​តាម​លំអាន​ប្រពៃណី ដែល​ពុទ្ធ​សាសនិក​​​មាន​ជំនឿ និងជ្រះថ្លា​ ចូលមក​ជ្រោម​ជ្រែងទំនុក​បម្រុង​ជួសជុល​ថែទាំកុដិវិហារ​សទ្ធា​ដូន​តា​ រក្សា​ទុកជា​សម្បត្តិគរុភណ្ឌឱ្យ​គង់​វង្ស​តមក​ជាអង្វែង។ ទំនៀម​បែប​នេះ មាន​តាំង​ពី​បុរាណ ជាពិសេស​​ក្នុងសតវត្សទី១៦ ព្រះអង្គចន្ទយាងទៅ​ជួសជុល ឆ្លាក់​បង្ហើយ​​ចម្លាក់​លើ​ជញ្ជាំង​​អង្គរវត្ត​ជាដើម។ ទន្ទឹមនឹងនេះ ការគូររឿង​ពុទ្ធប្រវត្តិ ឬសាច់រឿងផ្សេងៗ​​លើ​ជញ្ជាំង​​វិហារ​​ក្នុង​គំនិត​បុរាណ ប្រហែល​ពុំមែនជាការចាំបាច់អត់ពុំបានឡើយ ដ្បិត​មាន​វិហារ​បុរាណខ្លះ​ពុំមាន​គំនូរ ឬគូរនៅពេលក្រោយដូចជា​វិហារ​វត្តដំណាក់ (សៀមរាប) វិហារ​វត្តទន្លាប់​ (បន្ទាយ​មានជ័យ) និង​វិហារ​វត្ត​រោងដំរី (ព្រៃវែង)ជាដើម៕

————————————————————–

Vihara of Vat Kandeng

Vat Kandeng or Vat Kor is located in Kor district, Battambang city and south of provincial hall. There is no concrete evidence about the construction of Vat Kandeng, but people believe it is the oldest pagoda. Also, there are many legends about its construction. Some people believe it has three Viharas. The first Vihara locates at the north of the second Vihara. However, both had been destroyed during the war. The second Vihara is old and located in front of the third. This old Vihara has a beautiful decoration and was probably built in the 20th century during the Lordship era. 

Based on a publication “Battambang in Lordship Era”, Vat Kandeng has two old Vihara built next to each other. According to writer Toch Chhoung, northern Vihara was built a long time ago and southern Vihara was built by a wife of Lord Katheatho Chhum, a last former warlord that ruled Battambang province. 

A legend says Lord Katheatho Chhum has 40 wives. The first wife got angry at it and later became frightened of many things, especially dog baking. By seeing this, her father worries and went to Vat Kandeng to do a worshipping for her. Later when she got better, the father fulfils his promise to build a Vihara there.

The Vihara of Vat Kandeng has been restored multiple times. Based on the photos in 1924, this Vihara is a type of Mandapa that was becoming very popular in the early 20th century. The top is high and has many tiers, and it is similar to the top of Vat Damrei. The shape of the roof tile is similar to the fish’s scale, and it has three Jvar in the east, three in the west, and two in the south. Importantly, it has Naga decorative board at the edge of the roof. 

Presently, Vat Kandeng has only four Jvar, and it is similar to Vat Samrong Knung and Vat Balath, except for the Naga decorative board because it does not have. The Vihara of Vat Kandeng was restored in 1969. In that time, the top and pediments on the north and the south were removed. The two remaining pediments have beautiful motifs. A pediment on the west is decorated with beautiful motifs surrounding a pedestal of the script. On the top of the script might be a figure of divinity emerging in half body with six rays halo behind the head. 

The lower part of Vihara is still in a good conservation state. It is made of concrete that is in contrast to the top that is made of wood, and it is made on a flat base. The columns are round and made of wood. The head of the surrounding columns is decorated with a western design. The decoration on the door and window is similar to an upside-down U.

However, based on short writing, the Vihara might be built-in 1985 by a group of craft men named Sun Sit, Tin Sus, and Pich Bungoun. Mural paintings were drawn at the same time as the restoration of a pedestal of the Buddha statue. Mural paintings show the history of Buddha life. The later restoration was in 1997 and 2002.   The Vihara of Vat Kandeng is a sacred place for the people in the region. It was restored many times by the people who strongly believe in and value the cultural heritage. This act of respect and highly belief of the people could be compared to the Buddhists who restored pagoda and Buddha statues in the post-Angkorian period.

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!