ជាទូទៅអ្នកក្រុងភ្នំពេញ ឬជាពិសេសអ្នកជាប់សែស្រឡាយចិន ភាគច្រើនស្គាល់អ្នកតាព្រះចៅឥតសង្ស័យឡើយ។ តាមសម្គាល់គេតែងនាំគ្នាចូលទៅគោរពប្រតិបត្តិអ្នកតានេះយ៉ាងពពាក់ពពូននៅក្នុងរវាងមុនថ្ងៃចូលឆ្នាំចិន ដើម្បីសុំលាភសុំជ័យឆ្នាំថ្មីសំណាងល្អ និងកាត់គ្រោះ(កាត់ឆុង)រំដោះចង្រៃទៅតាមជំនឿ និងទំនៀមដែលវិវឌ្ឍតមកជាធម្មតា។ រីឯនៅថ្ងៃធម្មតាហួសពីនោះមក គេក៏សង្កេតឃើញថាមានអ្នកចូលទៅអុជធូបបូជាបន់ស្រន់បួងសួង អាស្រ័យតាមកង្វល់ផ្ទាល់ខ្លួននៅអាស្រមអ្នកតាព្រះចៅហូរហែពុំសូវលុះពេលដែរ។ អ្នកតាព្រះចៅ ឬលោកតាព្រះចៅ មានអាស្រមស្ថិតនៅជ្រុងខាងជើងព្រះវិហារនៃរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ កណ្តាលរាជធានីភ្នំពេញ។ បើផ្អែកតាមរឿងព្រេងនិទានតំណាលតមកថា អ្នកតានេះកកើតឡើងស្រករនឹងកំណើតរាជធានីភ្នំពេញ។ តាមរូបថតឯកសារបង្ហាញថា កាលពីដំបូងឡើយអាស្រមអ្នកតាព្រះចៅ កសាងឡើងអំពីថ្មតូចមួយប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកទៀតពុំអាចកំណត់ឆ្នាំឱ្យជាក់លាក់ចំពោះការវិវឌ្ឍន៍របស់អាស្រមដែលបានរៀបចំកាន់តែធំជាងមុនដូចឃើញសព្វថ្ងៃ ហើយដាក់តម្កល់រូបសំណាកផ្សេងៗអមមួយចំនួនទៀតដូចជា យាយទេព តាឥសី តោ និងខ្លាខាងមុខអាស្រម។
ពាក់ព័ន្ធនឹងកំណើតអ្នកតាព្រះចៅ គេបានតំណាលថា មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” បានប្រទះឃើញព្រះពុទ្ធរូបមុខ៤ (ឯកសារខ្លះថាព្រះពុទ្ធ៤អង្គ) និងបដិមាថ្មមួយក្នុងប្រហោងដើមគគីរអណ្តែតតាមខ្សែទឹកទន្លេធំ។ បដិមាថ្មនោះ មានដៃម្ខាងកាន់ដំបង និងម្ខាងទៀតកាន់ស័ង្ខ ដែលគេយល់ថាជាបដិមាតួអង្គព្រះនារាយណ៍។ ក្នុងគ្រានោះគេបានដង្ហែព្រះពុទ្ធបដិមាយកទៅតម្កល់ក្នុងព្រះវិហារលើកូនភ្នំ ចំណែកបដិមាថ្មខាងលើ គេបានរៀបចំតម្កល់គោរពបូជានៅចង្កេះភ្នំ ដោយសន្មតនាម “អ្នកតាព្រះចៅ”។ មកដល់ក្នុងរវាងដើមសតវត្សទី២០ គេមើលឃើញថាអាស្រមអ្នកតាព្រះចៅមានលំនាំជាបុស្បុកលាតសាមញ្ញ លម្អដោយផ្តែរ និងសសរពេជ្ររចនាបថសំបូរព្រៃគុក និងមានទ្វារបាលឈរកាន់ដំបងសងខាងទ្វារចូល។
នៅរវាងដើមទសវត្សទី៧០ មានការសិក្សាពិចារណាមួយអំពីការគោរពបូជាអ្នកតាព្រះចៅ។ គេសង្កេតឃើញថាអ្នកតាព្រះចៅជាអមនុស្ស ដែលមាននាទីធំក្នុងការកាត់ក្តីផង ជួយព្យាបាលជំងឺផង និងជាអ្នកគ្រប់គ្រងក្នុងតំបន់នោះផង។ ក្នុងគ្រានោះគេតម្កល់រូបសំណាកអ្នកតាព្រះចៅកណ្តាល ភរិយានៅខាងឆ្វេង និងកូននៅខាងស្តាំ ហើយគេយល់ថាបដិមាទាំងនេះ មានលំនាំដូចសិល្បៈលាវផង។ អ្នកមានជំនឿ តែងចូលទៅពឹងពរក្នុងកង្វល់ផ្សេងៗគ្នាដូចជា សុំឱ្យរកស៊ីមានបាន សុំឱ្យជាសះពីជំងឺ សុំឈ្នះល្បែង សុំឱ្យរកឃើញរបស់ សុំឱ្យឈ្នះក្តីលែងលះ និងសុំឱ្យការលក់ដូររបស់ទ្រព្យបានសម្រេច។ល។ នៅពេលដែលសេចក្តីបំណងបានសម្រេច គេតែងថ្វាយក្បាលជ្រូក មាន់ស្ងោរ (ឬមាន់រស់) ផ្កាភ្ញី នំចំណី ផ្លែឈើ ទឹកអប់ ក្រណាត់ គ្រឿងអលង្ការមាសប្រាក់(ស្ពាន់) និងវត្ថុឧបកិច្ចដូចជាយន្តហោះជាដើម។ ផ្ទុយទៅវិញ ប្រសិនបើគេបំភ្លេចមិននឹកនា នោះ គេនឹងធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ក៏មាន ឬជាពិសេសបណ្តាលឱ្យយល់សប្តិឃើញក្របី។ ប្រការត្រង់នេះ គួរនឹងយើងពិចារណាបានដល់រឿងសេចក្តីស្លាប់ ដ្បិតក្នុងជំនឿដើមក្របីជាជំនិះរបស់ព្រះយម ដែលជាទេពនៃសេចក្តីស្លាប់។
បច្ចុប្បន្ន គេឃើញរូបសំណាកអ្នកតាព្រះចៅដាក់តម្កល់នៅកណ្តាល អមដោយបដិមាភេទស្រីតូចមួយនៅខាងឆ្វេង និងបដិមាភេទប្រុសមួយទៀតនៅខាងស្តាំដដែល។អ្នកតាព្រះចៅ អង្គុយក្នុងឥរិយាបថបញ្ឈរជង្គង់ ដៃស្តាំដាក់លើជង្គង់ ដៃឆ្វេងកាន់មោង(?) មុខមាំ ច្រមុះធំ ចិញ្ចើមក្រាស់ ភ្នែកធំ សក់លំនាំម៉ូតស្លាបចាប។ ចំណែកនៅខាងមុខអាស្រមមានទ្វារបាល និងក្បាច់លម្អលំនាំចាស់ដដែល តែលាបពណ៌ថ្មី (រូបលេខ៦)។ ដូច្នេះតាមរយៈភស្តុតាងខាងលើ គេឃើញថារូបសំណាកអ្នកតាព្រះចៅនៅតែដាក់តម្កល់ក្នុងបុស្បុកដើម តែពុំមែនជារូបមានលក្ខណៈដូចទៅនឹងសេចក្តីពណ៌នាក្នុងរឿងព្រេង។ ចម្ងល់នេះចាស់ទុំខ្លះពន្យល់ថា បដិមាដើមត្រូវគេយកទៅតម្កល់ក្នុងចេតិយធំ (ចេតិយបព៌ត) ខាងក្រោយវិហារវិញ។
នៅក្នុងរវាងឆ្នាំ២០០៩ អាស្រមអ្នកតាព្រះចៅបានរៀបចំពង្រីកធំជាងមុន ទៅតាមកម្លាំងសទ្ធារបស់សប្បុរសជននានា។ ប្រហែលចាប់ពីពេលនេះហើយដែលគេបានរៀបចំអាសនៈ និងរូបសំណាកផ្សេងៗបន្ថែមទៀតដូចជា អាស្រមយាយទេពស្ថិតនៅខាងស្តាំដៃ មុខផ្លូវចូលទៅអាស្រមអ្នកតាព្រះចៅ ក្បែររានទេវតា ពោលគឺក្បែរនឹងឡដុតក្រដាសសែន។ រីឯអាសនៈតាឥសី ស្ថិតនៅក្រោមដំបូលអាស្រមអ្នកតាព្រះចៅ ត្រង់ចំហៀងខាងស្តាំដៃ។ ចំពោះរូបសំណាកតោថ្មទាំងពីរ និងរូបខ្លាស ស្ថិតនៅក្បែរនឹងអាសនៈតាសី។
ដោយឡែកចំពោះគ្រឿងដង្វាយបច្ចុប្បន្ន ដែលគេតែងនាំចូលទៅគោរពបូជារួមមាន ផ្កាឈូក ផ្លែឈើ នំ ចំណី ក្រដាសសែន និងទៀនធូប។ ប៉ុន្តែដង្វាយពិសេសតាមជំនឿសព្វថ្ងៃដែលគេពុំដែលភ្លេច គឺសាច់ជ្រូកបីជាន់ ពងទាឆៅ និងមឹកក្រៀម (យៀវហ៊ឺ)។ គ្រឿងដង្វាយទាំងអស់នោះ គេត្រូវរៀបជាចំណែកក្នុងចាន សម្រាប់ដាក់បូជានៅកន្លែងផ្សេងៗគ្នាទៅតាមអាចារ្យបង្គាប់រៀបចំតាមក្បួនខ្នាត។
ដង្វាយពិសេសតាមជំនឿសព្វថ្ងៃ
ជាធម្មតា នៅពេលចូលទៅដល់បរិវេណអាស្រមអ្នកតាព្រះចៅ គេត្រូវចូលទៅអុជធូបសំពះទេវតាជាមុន រួចទើបចូលទៅដាក់ដង្វាយផ្លែឈើ នំចំណីផ្សេងៗនៅលើតុថ្វាយចំពោះអ្នកតាព្រះចៅ។ បន្ទាប់មក គេត្រូវចូលទៅឱ្យលោកអាចារ្យធ្វើកិច្ចកាត់គ្រោះ និងយកសាច់ជ្រូក ពងទា និងមឹកក្រៀមថ្វាយរូបសំណាកតោ និងខ្លាស។ កិច្ចនៅត្រង់នេះ គេត្រូវយកក្រដាសសែនដុត រួចហើយទើបគេយកសាច់ជ្រូកទៅដាក់ចូលមាត់តោ និងខ្លា ព្រមទាំងយកពងទាទៅគោះបំបែកក្នុងមាត់តោ និងខ្លាផងដែរ។ ចំពោះមឹកក្រៀម គេអាចដាក់ថ្វាយនៅលើក្បាលតោ ឬក្បាលខ្លាក៏បាន។ កិច្ចនៅត្រង់នេះ ក្រៅពីកាត់គ្រោះ (កាត់ឆុង) គេជឿថាតោ និងខ្លាទាំងនោះនឹងជួយបណ្តេញឧបទ្រពចង្រៃផ្សេងៗ នាំមកនូវសិរីសួស្តីឆ្នាំថ្មីផង។ ចុងបញ្ចប់ ទើបចូលទៅអុជធូបតាឥសី និងយាយទេព។
សរុបមក ជំនឿ និងការគោរពប្រតិបត្តិអ្នកតាព្រះចៅ គឺជាជំនឿជីវចលដែលទទួលឥទ្ធិពលប្រពៃណី ទំនៀមទម្លាប់ចិនបន្ថែមលើជំនឿដូនតា។ ឥទ្ធិពលនៃជំនឿ និងសាសនា គឺតែងវិវឌ្ឍជាធម្មតា ដូចដែលដើមឡើយខ្មែរទទួលឥទ្ធិពលជំនឿ និងសាសនាឥណ្ឌា គោរពប្រតិបត្តិរួមគ្នាជាមួយជំនឿដូនតារបស់ខ្លួនជាដើម។ សូមកុំភ្លេចថាភូមិសាស្រ្តតំបន់នេះ ដើមឡើយជាព្រែក និងជាអតីតសហគមន៍ចិនរស់នៅរកស៊ីដំដែក រហូតជាប់ឈ្មោះវត្តចិនដំដែកនៅខាងជើងវត្តភ្នំស្រាប់។ រីឯចម្ងល់ដែលតែងចោទឡើងចំពោះរូបសំណាកអ្នកតាព្រះចៅដូចសេចក្តីពិពណ៌នាក្នុងព្រេងនិទាននោះ ពុំទាន់មានការសិក្សាស្រាវជ្រាវស៊ីជម្រៅណាបកស្រាយបាននៅឡើយ។ ប៉ុន្តែរូបសំណាកអ្នកតាព្រះចៅដែលឃើញមកសព្វថ្ងៃនេះ គឺខ្មែរគោរពបូជាតាំងពីបុរាណ ដោយគ្រាន់តែជួសជុល និងលាបពណ៌ថែមថយខ្លះប៉ុណ្ណោះ ដ្បិតលម្លៀកបំពាក់ ឬសក់នៅមានលក្ខណៈជាខ្មែរនៅឡើយ៕
អត្ថបទដើម៖ ហៀន សុវណ្ណមរកត