រឡែត គឺជាឧបករណ៍ភ្លេងទោលមួយប្រភេទរបស់ជនជាតិដើម ព្នង រអូង ចារាយ ព្រៅ។ ឧបករណ៍ភ្លេងនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយជនជាតិដើមភាគតិចទាំងនេះ រាប់សិបជំនាន់មកហើយ។ ឧបករណ៍ភ្លេងនេះ បង្គំអំពីផ្លែឃ្លោក បំពង់ឫស្សីពកវែងដែលមានរាងដូចខ្លុយមានរន្ធ៣ និងបំពង់ឫស្សីរាងតូចខ្លីមួយដើមទៀតដោតពីលើឃ្លោក។
គ្រឿងបង្គំដើម្បីផលិតឧបករណ៍នេះ គេអាចរកបានយ៉ាងងាយស្រួលនៅក្នុងសហគមន៍របស់គេរស់នៅ ហើយចាស់ៗជនជាតិព្នងមានជំនាញផលិតឧបករណ៍នេះយ៉ាងស្ទាត់ជំនាញ។ ចំពោះរបៀបនៃការផលិតរឡែក គឺគេយកឃ្លោកទុំល្អស្ងួតចោះគូទ ហើយបិទឱ្យជិតរាបស្មើ បន្ទាប់មកយកបំពង់ឫស្សីវែងដែលមានរាងដូចខ្លុយមានរន្ធ៣ចោះទម្លុះឃ្លោកពាក់កណ្តាល រួចយកជ័រម្រោមមកបិទឱ្យជិតកុំឱ្យចេញខ្យល់ និងយកបំពង់ឫស្សីខ្លីតូចមកដាក់ពីលើឃ្លោកទុកសម្រាប់ផ្លុំជាការស្រេច។
ដោយឡែក ចំពោះជនជាតិភាគតិចព្នង គេតែងយករឡែតមកផ្លុំលេងកម្សាន្តបន្ទាប់ពីធ្វើពិធីសែនស្រូវ កាប់ក្របីសែនស្រូវ និងអាចយកមកផ្លុំកំដរអារម្មណ៍កម្សាន្តនៅពេលណាក៏បាន។ ឧបករណ៍រឡែត មិនសូវខុសគ្នាប៉ុន្មានពីឧបករណ៍មួយទៀតឈ្មោះ “រង្វាត់” ដែរ គឺគេមិនចាំបាច់មានអ្នកចម្រៀងអម ឬប្រគុំជាមួយឧបករណ៍តន្រ្តីផ្សេងទៀតនោះទេ ពោល គឺមានតែរឡែតមួយអាចផ្លុំបានតែម្តង។
រឡែត អាចចាត់ចូលក្នុងក្រុមឧបករណ៍ភ្លេងផ្លុំដោយប្រើខ្យល់ដង្ហើមផ្លុំដោយមាត់ និងមិនសូវប្រើកម្លាំងខ្លាំងទេ។ នៅពេលផ្លុំ អ្នកផ្លុំត្រូវប្រើកម្លាំងខ្យល់ផ្លុំតាមមាត់ត្រង់បំពង់តពីកឃ្លោក ដោយប្រើកម្លាំងខ្យល់ផ្លុំ និងខ្យល់បឺត ដើម្បីបង្កើតបានជាសំឡេង។ ចំណែកដៃម្ខាង ត្រូវប្រើម្រាមបីសម្រាប់ខ្ទប់រន្ធទាំងបីនៅលើឫស្សី និងដៃម្ខាងទៀតត្រូវប្រើម្រាមមេដៃ សម្រាប់បិទបើករន្ធឫស្សីនៅខាងដើម ហើយការធ្វើបែបនេះសម្រាប់ប្តូរប្រភេទសំឡេង។ ការផ្លុំឧបករណ៍នេះបាន ត្រូវការអ្នកចេះប្រើប្រាស់ដង្ហើមវែង។
សព្វថ្ងៃ ការប្រើប្រាស់ឧបករណ៍រឡែតនៅក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិភាគឦសានកំពុងប្រឈមនឹងបាត់បង់យ៉ាងខ្លាំង ដោយហេតុថា ចំនួនអ្នកដែលចេះផ្លុំរឡែតកាន់តែតិចទៅៗ ដ្បិតអ្នកចេះផលិតនិងចេះលេងឧបករណ៍នេះភាគច្រើនជាមនុស្សចាស់នៅក្នុងសហគមន៍។ ចំណែកឯក្មេងៗជំនាន់ក្រោយវិញ គេពុំសូវចាប់អារម្មណ៍ជាមួយឧបករណ៍បែប
ប្រពៃណីច្រើនទេ ដ្បិតលំហូរនៃសាកលភាវូបនីយកម្មតាមរយៈបច្ចេកវិទ្យាបានកំពុងហូរចូលយ៉ាងខ្លាំងដល់វប្បធម៌ជនជាតិដើមភាគតិច៕
អត្ថបទដើម៖ លោក ឈុំ ជាម