ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹករកឃើញថ្មី នៅភូមិរំចេក ឃុំត្នោត

សិលាចារឹករកឃើញថ្មី នៅភូមិរំចេក ឃុំត្នោត

ការសិក្សាសិលាចារឹកខ្មែរ​ មានប្រវត្តិចាប់ផ្ដើម​តាំង​ពីចុងស.វ.ទី១៩ និងមានសន្ទុះ​ចាប់​តាំងពីដើមស.វ.ទី២០មក។ ចំនួនសិលាចារឹក​​ក៏បានរកឃើញជាបន្ដបន្ទាប់ ទាំង​សិលា​ចារឹក​ដែលចារនៅតាមប្រាសាទ​ ថ្មភ្នំ សសរស្ដម្ភ ថ្មសន្លឹករាងជាសីមាជាដើម​ ដែល​ខ្លះ​បាន​កប់នៅក្នុងដី ដែលជាអតីតទីតាំងបុរាណដ្ឋាន។ មកទល់បច្ចុប្បន្ននេះ សិលាចារឹក​ខ្មែរ​​ដែល​បាន​ចុះ​ក្នុងបញ្ជីសារពើភណ្ឌ​សិលាចារឹក របស់សាលាបារាំងចុងបូព៌ាប្រទេស​មាន​​រហូត​ដល់​ K.១៥៧០ ដែលចំនួននេះ​នឹងត្រូវបន្ដកើនឡើងជាបន្ដទៅទៀត ដ្បិត​សិលា​ចារឹក​​​ខ្មែរ​​នៅតែបន្ដរកឃើញជារឿយៗរហូតមក។ ជាក់ស្ដែង នាពេលថ្មីៗនេះ កាលពីថ្ងៃចន្ទ ទី​២​១ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកស្រុក​បានប្រទះឃើញសិលាចារឹកថ្មីៗមួយ នៅ​ក្នុងភូមិ​រំចេក ឃុំ​ត្នោ​ត​ ស្រុកបាទី ខេត្តតាកែវ។

ទីតាំងរកឃើញសិលាចារឹកទាក់ទងនឹងព្រះស្វយម្ភូ នៅឃុំត្នោត ស្រុកបាទី (រូបថត៖ Google Earth)

សិលាចារឹក​មួយផ្ទាំង​នេះ​ រកឃើញនៅពេល​គ្រឿងចក្រកាយយកដីនៅស្រែរបស់​​កសិករឈ្មោះ ឡោ ហុន ដែលរស់នៅក្នុងភូមិឃុំខាងលើ។ បន្ទាប់ពីរក្សាទុកនៅផ្ទះ​មួយ​យប់​​ ស្អែកឡើងថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡោ ហុន ក៏បានប្រគល់​សិលា​ចា​​រឹ​ក​មួយផ្ទាំងនេះ​ជូនរដ្ឋបាលឃុំត្នោតរក្សាទុក។

សិលាចារឹកនេះចារនៅលើមេទ្វារប្រាសាទ សាងពីថ្មស្រទាប់ (Schiste ardoisier) និង​សរសេរជាភាសាខ្មែរបុរាណសម័យមុនអង្គរ មានចំនួន៤បន្ទាត់។ សិលាចារឹកនេះ​ពុំ​មាន​ចុះកាលបរិច្ឆេទ​ឡើយ ប៉ុន្ដែ​តាម​ទម្រង់តួអក្សរ ឬបុរាណលេខន៍ (Paleography) យើង​អាច​ដឹងថា​ចារនៅចន្លោះស.វ.ទី៧-៨។

អ្នកភូមិ ដឹកនាំដោយលោក ឃុត វុត្ថា បង្ហាញទីតាំង​រកឃើញសិលាចារឹក

ថ្វីដ្បិតតែ​ផ្នែកខ្លះនៃអត្ថបទចារឹក បាន​ដាច់បាត់តួអក្សរមួយចំនួន ក៏យើង​អាច​អាន​បាន​និងយល់​​អត្ថន័យបានទាំងស្រុង។ ផ្នែក​ដំបូង​ គឺ​ជា​បញ្ជីរាយ​តង្វាយរបស់​បោញ​ភវកីត៌ិ្ត​ថ្វាយ​​ចំពោះ​​​ទេព​ព្រះនាម​ស្វយម្ភូ រួម​មានអ្នកបម្រើស្រីប្រុស ស្រែ និងគោ។ ចុងក្រោយ​ជា​ការរៀបរាប់​ឈ្មោះ​អ្នក​បួស ​ដែលត្រូវ​​ធ្វើ​ពិធី​​ស្រង់​ទឹកព្រះ​។

គួររំលឹកផងដែរថា ទេពព្រះនាម​ស្វយម្ភូ អង្គនេះ ក៏មាននៅក្នុងសិលាចារឹក​វត្ត​ត្នោត​ K.៣៨ ដែលទីតាំងវត្តនេះ ស្ថិតនៅចម្ងាយត្រង់​ប្រហែល៤គីឡូម៉ែត្រ​ ពីទី​តាំង​រក​ឃើញ​​សិលាចារឹក​ភូមិរំចេកនេះផងដែរ។ ទីតាំងដែលរកឃើញសិលាចារឹកនេះពុំឃើញ​មាន​សំណល់​បុរាណអ្វីឡើយដែល​គួរឱ្យកត់សម្គាល់ឡើយ​ ប៉ុន្ដែ​​នៅ​ក្បែរ​ទីតាំង​រក​ឃើញ​សិលាចារឹក​នេះ អ្នក​ស្រុក​បាន​ប្រាប់​ថាមាន​ទួល​អង្គមួយចំនួនផងដែរ។ សិលាចារឹកនេះ ទំនង​ជាបាន​ផ្លាស់​ប្ដូរ​ពីទីតាំង​ដើម ​ដែល​ទំនង​ជា​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​ទីតាំង​រក​ឃើញ​សិលា​ចារឹកនេះ។​

សំណៅផ្ដិតសិលាចារឹកភូមិរំចេក (ផ្ដិតដោយ ហ៊ុន ឈុនតេង)
សិលាចារឹកភូមិរំចេក

អំណានអត្ថបទជាអក្សរខ្មែរទំនើប

១- អំ(នោ)[[យ៑បោ]]ញ៑ភវកីត៌ិ្តតវ្រះកម្រតាញ៑ស្វយភុក្ញុំ[[កុ]]កន្ទិន៑

២- កោន៑កុ កុមាស៑កុរុង៑១ វឝំភូទាស៑១ វរុទ្រទាស៑ ស្រេ ត្មុរ៑

៣- បំនោស៑ទ្មារ៑ស្បិទ្ទិក៑គិម្រតាញ៑កុមារឝាន្ដិ១ ម្រតាញ៑ក្លោញ៑កោន៑ច្មោង៑

៤- ធម៌្ម​ឝាន្ដិ សោមភ(វ)

ប្រែសម្រួលជាភាសាខ្មែរទំនើប

តង្វាយរបស់បោញភវកីត៌ិ្តចំពោះព្រះកម្រតាញស្វយម្ភូ។ អ្នកបម្រើ(ព្រះ) កុកន្ទិននិងកូនរបស់នាង(គឺ)កុមាសកុរុង១ វសម្ភូទាស១ វរុទ្រទាស ស្រែ គោ។ អ្នកបួសដែលទទួលធ្វើពិធីស្រង់ទឹកព្រះគឺម្រតាញកុមារសាន្ដិ ម្រតាញក្លោញកោនច្មោង ធម៌សាន្ដិ សោមភវ។

ពន្យល់ពាក្យ

         អំនោយ៑         តង្វាយ អំណោយ។

         បោញ៑           ឋានន្តរនាមមន្ត្រីសម័យមុនអង្គរ។

          ភវកីត៌ិ្ត           ឈ្មោះមន្ត្រី។

          វ្រះ               ព្រះ។

វ្រះកម្រតាញ៑ ពាក្យសម្គាល់ព្រះ អាទិទេពនាសម័យមុនអង្គរ។ នៅ​សម័យមុន​អង្គរ​គេ​ប្រទះឃើញនិយមប្រើ​ឋានន្ដរនាម «វ្រះកម្រតាង៑អញ៑» ច្រើនជាង «វ្រះកម្រតាញ៑»។ ពាក្យ «វ្រះកម្រតាញ៑» ធ្លាប់​ឃើញ​តែ​៤​ដ​ង​ប៉ុណ្ណោះ នៅក្នុសិលាចារឹកដែលរកឃើញកន្លង​មក​ និង​រក​ឃើញ​នៅ​ក្នុង​សិលាចារឹកនេះ គឺជាពាក្យទី៥។ ពាក្យ «កម្រតាញ៑»​ នេះ ច្រើន​ប្រើ​​ជាមួយពាក្យ «ក្បោញ៑» ទៅជា «ក្បោញ៑កម្រតាញ៑» ដែល​ជា​ឋានន្ដរ​នាម​សម្គាល់​ព្រះ​អាទិទេពនាសម័យមុនអង្គរដែរ។

          ស្វយភុ         ព្រះនាមទេព, ស្វយម្ភូ(កើតឡើងដោយឯងៗ)។

          កុ                  ឋានន្តរនាមអ្នកបម្រើភេទស្រី។

                             ឋានន្តរនាមអ្នកបម្រើភេទប្រុស។ (វ > វា)

          ស្រេ             ស្រែ។

          ត្មុរ៑                គោ។

          បំនោស៑       អ្នកបួស។

          ទ្មារ៑              អ្នកទទួល។

          ស្បិទ្ទិក៑         សិតទឹក ស្រង់ទឹក។

          គិ               គឺ។

          ម្រតាញ៑        ឋានន្តរនាមមន្ត្រី​និងព្រាហ្មណ៍សម័យមុនអង្គរ។  

ខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ឈន ប៊ុនហាក់ អនុប្រធាន​ការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តតាកែវ,  លោក នៅ​ ចាន់ណា អនុប្រធាន​ការិយាល័យសង្គម​កិច្ច​និង​សុខុមាលភាព នៃរដ្ឋបាលស្រុកបាទី និងរដ្ឋបាលឃុំត្នោត ដែល​បាន​ជួយ​សម្រប​សម្រួល​ដល់​ការចុះផ្ដិតសំណៅសិលាចារឹក​នេះ ព្រមទាំងលោក ឃុត វុត្ថា​ និងសហការី ដែលបាន​​ជូន​ដល់​ទី​តាំងរកឃើញសិលាចារឹកនេះ៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!