ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទភូមិប្រាសាទ

ប្រាសាទភូមិប្រាសាទ

ប្រាសាទភូមិប្រាសាទ មានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ២៨គ.ម. ខាងត្បូងទីរួមខេត្តកំពង់ធំ។ ការដែលហៅថា “ភូមិប្រាសាទ” មកដូច្នេះ ទំនងមកពីអ្នកស្រុកភ្លេច ឬមិនដឹងថាឈ្មោះដើមប្រាសាទនេះថាដូចម្តេច ក៏ហៅថា “ប្រាសាទ” តែម្តងទៅ។ កន្លងមកប្រាសាទនេះ មានអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិធ្លាប់សិក្សាច្រើនណាស់ ហើយការសិក្សាលម្អិតជាងគេនោះ គឺការសិក្សារបស់លោក ព្រាប ចាន់ម៉ារ៉ា និងសហការី ក្នុងឆ្នាំ២០០០ ដើម្បីបញ្ចប់សារណាថ្នាក់បរិញ្ញាបត្របុរាណវិទ្យា។

ប្រាសាទនេះកសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត អមដោយបដិមាតោពីរនៅឈរយាមខាងមុខ ហើយជាពិសេសនោះ ប្រាសាទនេះនៅមានរូបរាងល្អប្រសើរប្រកបដោយក្បាច់រចនាយ៉ាងរស់រវើក។ នៅឆ្នាំ១៩៤០ លោកស្រី Gilberte De Coral Rémusat បានចាត់ថ្នាក់ប្រាសាទនេះចូលទៅក្នុងរចនាបថកំពង់ព្រះ ដោយផ្តល់កាលបរិច្ឆេទរចនាបថកំពង់ព្រះនៅផ្នែកទី២នៃស.វ.ទី៨។ ក្រោយមក លោក Jean Boisselier បានកំណត់កាលបរិច្ឆេទរចនាបថកំពង់ព្រះសារជាថ្មី គឺចាប់ពីគ.ស.៧០៦ ដល់ ៨០០។ ការដែលលោកចាត់ថ្នាក់រចនាបថកំពង់ព្រះទាំងមូលចាប់ពីគ.ស.៧០៦នេះ គឺដោយសារលោកយោងទៅលើប្រាសាទភូមិប្រាសាទដែលមានសិលាចារឹកផ្តល់កាលបរិច្ឆេទឱ្យក្នុងគ.ស.៧០៦ រីឯប្រាសាទ​កំពង់ព្រះដែលគេកំណត់យកជាឈ្មោះរចនាបថនោះ ពុំមានសិលាចារឹកឱ្យយើងដឹងពត៌មានច្បាស់លាស់ឡើយ។

ប្រាសាទនេះមានទ្វារចូលនៅខាងកើត និងពុំមានលម្អជាទ្វារបញ្ឆោតដូចប្រាសាទដទៃទៀតក្នុងរចនាបថមុនៗឡើយ ប៉ុន្តែគេលម្អជាជញ្ជាំងលាតទ្រដោយខឿនរាងជាសារពើសូត្រ។ នៅលើផ្ទៃជញ្ជាំងនីមួយៗគេរៀបជាក្បាច់រុក្ខជាតិត្រួតលើគ្នាយ៉ាងប្រណិតបំផុត។ ផ្តែរទ្វារវិញ នៅរក្សាទម្រង់ស្ទើរតែដូចដើម ដែលលម្អទៅដោយក្បាច់បន្ទាត់ធ្នូមានរាងដូចមែកឈើ ខាងចុងផ្តែរមានគួចទៅលើចូលក្នុងដូចគូទខ្យង នៅកណ្តាលជាក្បាច់សន្លឹកមានរូបកិត៌ិមុខ (ប្រែថា៖ មុខដែលមានយស មានសិរីសួស្តី មានកេរ្តិ៍ ហើយខ្មែរយើងនិយមហៅថា “រាហូ”) ឬអាចជាព្រះកាល (ជាការបែងភាគរបស់ព្រះសិវជាតួអង្គដែលមានទឹកមុខកាចសាហាវ ហើយគេច្រើនយល់ថាជានិម្មិតរូបនៃសេចក្តីស្លាប់និងការកើតឡើងវិញ)។

ផ្តែរទ្វារប្រាសាទភូមិប្រាសាទ
សសរពេជ្រនិងសសរផ្អោបប្រាសាទភូមិប្រាសាទ

ការលម្អរូបកិត៌ិមុខឬព្រះកាលនៅកណ្តាលផ្តែររបៀបនេះ មានភាពនិយមខ្លាំងណាស់នៅក្នុងរចនាបថកំពង់ព្រះ ដូចឃើញមាននៅប្រាសាទព្រៃក្មេង ផ្តែរមួយមកពីតំបន់សំបូរ-ក្រចេះ និងប្រាសាទភ្នំស្រួច។ ក្រៅអំពីផ្តែរដែលនៅរូបរាងល្អ សសរពេជ្រ និងសសរផ្អោបនៅប្រាសាទភូមិប្រាសាទ ក៏នៅតែរក្សារូបរាងល្អប្រសើរដូចគ្នា។

បដិមាព្រះហរិហររកឃើញនៅប្រាសាទភូមិប្រាសាទ (រូបថត៖ ព្រាប ចាន់ម៉ារ៉ា)

រីឯនៅខាងក្នុងប្រាសាទវិញ សព្វថ្ងៃយើងឃើញជើងទម្រមួយទ្ររូបបដិមាហរិហរ តែជារូបចម្លងថ្មីទេ ព្រោះរូបបដិមាដើមកំពុងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ហរិហរ គឺជាការរួមបញ្ចូលគ្នារវាងអាទិទេពចំនួនពីរគឺព្រះវិស្ណុ និងព្រះឥសូរ ម្ល៉ោះហើយបដិមាដែលគេឆ្លាក់មកនេះត្រូវមានទម្រង់ជាព្រះវិស្ណុម្ខាង ព្រះឥសូរម្ខាង។ ក្នុងនោះដែរ រឿងហេតុដែលនាំឱ្យទេពទាំងពីររួមបញ្ចូលគ្នានេះ ក៏មានរៀបរាប់នៅក្នុងគម្ពីរវិស្ណុបុរាណ ដែលសង្ខេបមកថា៖ នៅពេលព្រះក្រឹស្ណបម្រុងសម្លាប់យក្សមួយឈ្មោះ បន ស្រាប់តែព្រះឥសូរមកជួយអន្តរាគមន៍ ដោយទ្រង់បានទូលអង្វរព្រះវិស្ណុកុំឱ្យសម្លាប់យក្សនេះអី ព្រោះយក្សនេះគឺជាកូនសិស្សសំណព្វរបស់ទ្រង់។ ពេលនោះ ព្រះវិស្ណុក៏យល់ព្រម តែទ្រង់បានដាក់លក្ខខណ្ឌឱ្យព្រះឥសូរប្រកាសប្រាប់ទៅលោកទាំងមូលថា ព្រះវិស្ណុក៏ជាអាទិទេពកំពូលដែរ ហើយគ្រានោះព្រះឥសូរក៏យល់ព្រមក៏កើតជាការបង្រួមនិងរួមបញ្ចូលរាងកាយនេះឡើងដោយឱ្យព្រះនាមថា “ហរិហរ” (មានគម្ពីរខ្លះទៀតនិទានរឿងផ្សេងពីនេះក៏មានដែរ)។

ចំណុចគួរកត់សម្គាល់សំខាន់នៃប្រាសាទភូមិប្រាសាទគឺ សិលាចារឹកដែលចារនៅលើមេទ្វារខាងកើតផ្នែកខាងជើង តែជារឿងចម្លែកដែរ ដែលសិលាចារឹកនេះគេចារនៅខាងក្រោមទៅវិញ ខុសពីសិលាចារឹកនានាគេនិយមចារពីលើមក។ សិលាចារឹកនេះ ចុះបញ្ជីលេខ K.145 មានចំនួន ៥បន្ទាត់ ចារឹកជាភាសាខ្មែរបុរាណលាយជាមួយភាសាសំស្រ្កឹតខ្លះៗ ក្នុងមហាសករាជឆ្នាំ៦២៨ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ ៧០៦ ដែលសេចក្តីទាំងមូលរៀបរាប់ថា៖ “ម.ស.៦២៨ ៣កើត ខែអាសាឍ ម្រតាញមេធាវិទ្មុ ប្រទានស្រែចំនួន ១ស្លឹក អ្នកបម្រើ៣នាក់ កឱល អង្ករ…ជេ ទឹកដោះគោ ៤ គ្រឿងបូជាផ្សេងៗនេះផង….. សម្លៀកបំពាក់ ព្រះ…………….លយេ ……………..នរកអវិចី”។ សិលាចារឹកបានផ្តល់កាលបរិច្ឆេទឆ្នាំគ.ស.៧០៦ ប៉ុន្តែយើងមិនដឹងថាស្ថិតនៅក្នុងរជ្ជកាលស្តេចអង្គណានោះឡើយ ព្រោះទិន្នន័យសិលាចារឹកដែលសេសសល់សម្រាប់ធ្វើជាតឹកតាងក្នុងការសិក្សាប្រវត្តិសាស្រ្តខ្មែរពុំគ្រប់គ្រាន់ឡើយ ពោល គឺចាប់ពីឆ្នាំ៦៨១ ដល់ ៧១៣ គេមិនដឹងថាមានព្រឹត្តិការណ៍អ្វីកើតឡើងនោះឡើយ។ ប៉ុន្តែ យើងអាចត្រឹមដឹងថា ឆ្នាំគ.ស.៧០៦ ស្ថិតនៅចន្លោះរជ្ជកាលស្តេចជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១) និងរជ្ជកាលព្រះនាងជ័យទេវី (គ.ស.៧១៣? ដល់ …..?)។ ជារួមមក ប្រាសាទភូមិប្រាសាទ ជាប្រាសាទមួយស្ថិតនៅក្នុងរចនាបថកំពង់ព្រះ ក្នុងឆ្នាំ៧០៦ នៃគ្រឹស្តសករាជ តែយើងមិនដឹងប្រាកដពីរជ្ជកាលស្តេចអង្គណាមួយឡើយ។ ប្រាសាទនេះ សាងឡើងឧទ្ទិសដល់ព្រហ្មញ្ញសាសនា តាមរយៈតឹកតាងបដិមាដែលតម្កល់នៅក្នុងប្រាសាទជាវិស្ណុមួយចំហៀង ឥសូរមួយចំហៀង ដែលគេច្រើនហៅថា “ហរិហរ” ឬ “ស្រីសង្ករនារាយណ”៕

អត្ថបទដើម៖ លោក ម៉ង់ វា៉លី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!