យីកេ

ប្រទេសកម្ពុជាៈ ព្រះរាជាណាចក្រនៃវប្បធម៌ មានសប្បត្តិវប្បធម៌សម្បូណ៌បែប តម្លៃកាត់ថ្លៃមិនបាន។ ទាំងអស់នេះ ជាតឹកតាងពិតប្រាកដ  និងជាវណ្ណកម្មរបស់បុព្វបុរស ដូនតាខ្មែរដែលបន្សល់ទុកនូវសម្បត្តិ វប្បធម៌ មាន​មហាប្រាសាទបុរាណ សិលាចារឹក ចម្លាក់ តន្រ្តី របាំ ល្ខោន ដែលបម្រើមនុស្សជាតិ និងជាតំណាងឲ្យវប្បធម៌អរិយធម៌ដ៏លូតលាស់ រុងរឿងរបស់ខ្មែរ។

លោក ឆាល មេយើ (Charles Meyer) បានមានប្រសាសន៍ថា នាសម័យដើមល្ខោន យីកេត្រូវបានគេសម្តែងថ្វាយព្រះមហាក្សត្រខ្មែរ ព្រះរាជវង្សានុវង្ស ព្រមទាំងភ្ញៀវកិត្តិយស ផងដែរ។ ព្រះបាទ នរោត្តម ព្រះអង្គទ្រង់ឧទ្ទេសនាមការតុបតែងឆាកបែប ទំនើបជាដំបូង ដោយមានការរួមបញ្ចូលជាមួយនឹងការតុបតែងឆាកបែបបុរាណនូវវាំងនន ខាងក្រោយជាគំនូររូបភាពទេសភាពព្រៃភ្នំ មេឃ និងពពកជាដើម ព្រមជាមួយនឹងការ បញ្ចាំងភ្លើងខ្លះផង។ ការតុបតែងឆាកមានការវិវត្ត ជាច្រើនមកទល់នឹងសព្វថ្ងៃនេះ។ ល្ខោនយីកេបច្ចុប្បន្នមានវាំងននគំនូរជាច្រើន ព្រមទាំងការបញ្ចាំងភ្លើងពណ៌ព្រោងព្រាត ដែលជាទីទាក់ភ្នែកទាក់អារម្មណ៍ទស្សនិកជនឲ្យមានប្រជាប្រិយភាពខ្លាំង។

ល្ខោនយីកេ ជាទម្រង់សិល្បៈល្ខោនសម្តែង​ចលនាត្រាប់  រាំ ច្រៀង​ តន្ត្រី និង ពំនោល។ យីកេជាទម្រង់ល្ខោនដែលផ្តោតទៅលើចង្វាក់ និងស្គរយីកេច្រៀង និងរាំ។ កាលបើយើង ឮពីយីកេ យើងនឹងគិតទៅដល់ការនិទានរៀបរាប់បន្តគ្នាពី លោកតា ឃីយីកេតាឃី។​ លោក ប្រាក់ ប៊ន (២០០៦) បានអះអាងថា៖ «សិល្បៈល្ខោនយីកេ​ ជាមរតកវប្បធម៌ មូលដ្ឋានរបស់ខេត្តតាកែវ»។ ល្ខោនយីកេ មានប្រជាប្រិយភាពខ្លាំងណាស់នៅគ្រប់ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

ចម្រៀង ៩៣បទ បម្រើស្ថានភាពផ្សេងៗមាន​ការបង្ហាញតួសប្បាយរីករាយកម្សាន្ត ដើរលេងក្នុងព្រៃ មើលព្រៃ រាប់ផ្លែឈើ ចម្បាំង ទុក្ខសោក ព្រាត់ប្រាស់ ស្លាប់ ជាដើម។ល។ ឯវង់តន្ត្រីយីកេ មានឧបករណ៍ ស្គរយីកេ ទ្រអ៊ូ ឃឹមតូច ឃឹមធំ ខ្លុយ និងស្រឡៃទៅតាម ចំណង់ចំណូលចិត្ត លទ្ធភាព និងសមត្ថភាពរបស់ក្រុម។

ការស្រាវជ្រាវឯកសារ​បានបញ្ជាក់ថា គេប្រើស្គរយីកេចំនួនពី​ ៣ ទៅ ១៣។ ស្គរយីកេ ទាំងនេះ គឺគេប្រើនៅក្នុងបរិបទសាសនា នៃបងប្អូនជនជាតិឥស្លាម មិនមែននៅក្នុងបរិបទ សិល្បៈទស្សនីយភាពកែ កម្សាន្តដូចសព្វថ្ងៃនេះឡើយ។ នៅក្នុងពិធីសាសនាឥស្លាម​គេ អង្គុយជារង្វង់មូល ហើយគេវាយស្គរយីកេ ឆ្លើយឆ្លងគ្នាជាមួយនឹងការសូត្រធម៌ និងបួងសួង ដែលជាឥទ្ធិពលមកលើល្ខោនយីកេយើងសព្វថ្ងៃនេះ។ ជាដំបូងឡើយ សិល្បករ សិល្បការិនី អង្គុយជារង្វង់មូល រួចទើបងើបក្រោកឈរឡើងសម្តែងនៅពេលដែលដល់តួរបស់ខ្លួនត្រូវ សម្តែង។​ នៅពេលសម្តែងចប់ អ្នកសម្តែងនោះក៏ត្រឡប់ទៅអង្គុយនៅកន្លែងដើមវិញ។ ទស្សនិកជន នៅពេលនោះ អង្គុយនៅជុំវិញសិល្បករនិងសិល្បការិនី។ នាពេលបច្ចុប្បន្ន ល្ខោនយីកេប្រឈមនឹងបរិបទសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាទំនើបជឿនលឿនដែល នាំមកជាពិសេស ក្នុងស្រទាប់យុវវ័យនូវមធ្យោបាយកែកម្សាន្តតាមរយៈទូរស័ព្ទទំនើបនាំ ឲ្យមានការស្រុតចុះក្នុងការគាំទ្រល្ខោនយីកេនេះ។ នៅក្នុងន័យត្រៃកូដធម៌៖ សច្ចៈ ខន្តី កតញ្ញូ ការថែរក្សាបន្តវេនក៏ជាសក្ខីភាពនៃការដឹងគុណចំពោះដូនតា ដែលខិតខំបង្កើតនូវវណ្ណកម្ម ទាំងនេះដែរ។ នេះ ជាតួនាទីកាតព្វកិច្ច និងទំនួលខុសត្រូវរបស់យើង ជាអ្នកអភិរក្ស ថែរក្សា ច្នៃប្រឌិត បណ្តុះបណ្តាល ការពារ និងលើកស្ទួយបន្តទៅមុខទៀតនូវសិល្បៈវប្បធម៌ ទាំងអស់មានយីកេជាដើម។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!