ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹករកឃើញថ្មី​នៅជើងភ្នំត្រប់

សិលាចារឹករកឃើញថ្មី​នៅជើងភ្នំត្រប់

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ អ្នកស្រុកបានរកឃើញសិលាចារឹកថ្មីមួយ​ នៅខាងលិចជើងភ្នំត្រប់ ស្ថិតនៅក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាទីតាំង​ពុទ្ធ​សាសនាមហាយានដ៏ល្បីល្បាញមួយតាំងពីសម័យអង្គររហូតមក។ ប្រាសាទ​ភ្នំត្រប់ ជាប្រាសាទ​​សាង​ឡើងស.វ.ទី១០  ផ្ដែរស្ថិតក្នុងរចនាបថប្រែរូប នៅលើ​ជញ្ជាំងមានចម្លាក់​ ដូច​ប្រាសាទ​ក្រវាន់ផងដែរ។ ចម្លាក់ទាំងនោះ នៅក្ដីឬប៉មខាងជើង ជាចម្លាក់​វជ្របាណី នៅក្ដីឬប៉មកណ្ដាល​ ជាចម្លាក់ព្រះអវលោកិតេសូរព្រះហស្ដបួន​និង​ពោធិសត្វ​ប្រាជ្ញា​បារមី​តា និង​នៅ​ក្ដី​ឬ​ប៉ម​ខាងត្បូងក៏ជាព្រះអវលោកិតេសូរដែរ ប៉ុន្ដែមានព្រះហស្ដប្រាំបី​​និង​មាន​ប្រាជ្ញា​បារមីតានៅអមសង្ខាង​ដូចក្ដីឬប៉ម​ខាងជើងដែរ។ នៅតំបន់នោះក៏មានទីតាំង​ដទៃ​ទៀត​ដូចជា ទួលជីទេព ឬទួលកំណប់ អ្នកស្រាវជ្រាវបានរកឃើញបដិមា​បីអង្គ ស្ថិត​ក្នុង​រចនាបថ​បន្ទាយស្រី​ ដែលកំណត់បានថាជាព្រះក្នុងពុទ្ធសាសនានិយាកវជ្រយាន ឬពេជ្រ​យាន។

ព្រះសង្ឃនិងតាអាចារ្យវត្តប្រើសមាសនាំផ្លូវបង្ហាញទីតាំងរកឃើញសិលាចារឹក

តាមរយៈភិក្ខុបណ្ណារក្ខត្ថេរោ ទឿង ប៉េងអៀង ជាប្រិយមិត្តមួយអង្គររបស់ AMS អរិយធម៌ខ្មែរ បានផ្ដល់ដំណឹង​អំពីសិលាចារឹកនេះ​មកក្រុមងាររបស់​យើង​នៅថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ២០២២។ ក្រោយពីបានទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមការងារ​បានចុះ​ទៅ​​ប្រមូលទិន្នន័យអំពីសិលាចារឹកនេះ នៅថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២២។ សិលាចារឹក​នេះ​រក​​ឃើញ នៅដីស្រែតយាយដិប ​ក្នុង​ភូមិទំព្រង​ ក្បែរ​ទី​ទួល​មួយ អំឡុងពេល​បក​យក​ដី​ស្រែ​ដើម្បី​យកមកចាក់បំពេញ​បរិវេណផ្ទះ​។ នៅថ្ងៃ​រក​ឃើញ​​​ដដែលនេះ អ្នក​ស្រុក​ក៏​មូល​មតិ​គ្នា​ប្រគល់​សិលាចារឹកមួយផ្ទាំងនេះ​ដល់​អាជ្ញាឃុំត្រប់ ដើម្បី​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​​សាលា​​ឃុំ​ត្រប់។ ថ្មីៗនេះ អាជ្ញាធរឃុំត្រប់ ក៏បានចាក់សិលាចារឹកនេះភ្ជាប់នឹង​ស៊ីម៉ង់​ដាក់​នៅ​ក្នុង​សាលាឃុំ។

សិលាចារឹករកឃើញនៅជើងភ្នំត្រប់

សិលាចារឹកនេះមានកម្ពស់​៨៨ស.ម. (ពុំគិតជម្រៅកប់ក្នុងស៊ីម៉ង់) បន្ទារអប្បបរិមា​៤៧ស.ម. អតិបរមា៥២ស.ម. និងមានកម្រាស់៧ស.ម.។ ផ្ទៃអត្ថបទ​មានកម្ពស់​៤៨,៥​ស.ម. បន្ទារ៤៦ស.ម. កម្ពស់អក្សរជាមធ្យម១ស.ម.​​ និងមានគម្លាតរវាងបន្ទាត់នីមួយៗ ១ស.ម.។ តួអក្សរសិលាចារឹកនេះ ចារឡើងដោយផ្ចិតផ្ចង់ មានសោភ័ណ ប្រកបដោយ​ទឹក​ដៃសិល្បៈខ្ពស់។ ជម្រៅចារអក្សរ ជ្រៅដោយអន្លើ ភាគច្រើនមានជម្រៅមធ្យម និងនៅចុង​អត្ថបទ​មានជម្រៅរាក់។ សិលាចារឹកនេះ ចារលើថ្មភក់ រចនារាងជាសន្លឹកសីមា ធំលើ រាវ​ក្រោម ផ្នែកខាងក្រោមបំផុតរាងធំជាផ្នែកបញ្ចុះក្នុងជើងទម្រ។ ទីតាំងរកឃើញ​សិលា​ចារឹ​ក​នេះ ហាក់ពុំសមជាទីតាំងដើមនោះទេ ដែលទំនងជាសិលាចារឹកនេះ​ ត្រូវគេចល័តចេញ​ពីទីតាំងដើម​នៅតំបន់ភ្នំត្រប់នេះ នាសម័យកាលណាមួយ។ ដោយយល់រៀបនេះ ដ្បិត​យើង​ពុំឃើញមានវត្ថុសិល្បៈដទៃទៀត ដែលអាចមានជាជើងទម្រសិលាចារឹក បំណែក​បដិមានានា ថ្មប្រាសាទ ជាដើម។ នៅទីតាំងនោះ មានតែថ្មគោលមួយ ដែលសាងពីថ្មភក់​ខ្ចី មានគ្រាប់ខ្សាច់និងគ្រួសធំៗ មិនសម្អាតផ្ទៃថ្មឱ្យស្មើល្អ និងបំណែកកុលាលភាជន៍​មួយចំនួនប៉ុណ្ណោះ។ សិលាចារឹកដ៏វិចិត្របែបនេះ សមណាស់តែនៅទីតាំងដ៏ល្អមួយ។

អត្ថបទនេះ​ចារឡើងជាភាសាសំស្ក្រឹត នៅក្នុងអំឡុងស.វ.ទី១១ ស្ថិត​នៅ​ក្នុង​រាជ្យ​ព្រះ​បាទសូរ្យ​វម៌្ម​ទេវទី១ (សូរ្យវរ្ម័នទី១ ១០០២-១០៥០ គ.ស.)។ អត្ថបទ​ចាប់ផ្ដើមឡើង​​​ដោយ​​នមស្ការ​​ចំពោះ​ព្រះពុទ្ធដ៏ជាព្រះឈ្នះមារ ព្រះអវលោកិតេសូរ និងព្រះវជ្របាណី។ សេចក្ដី​​បន្ទាត់​ ជា​សេចក្ដីលើកសរសើរពីព្រះបាទសូរ្យវម៌្មទេវទី១។ ព្រះ​អង្គ​បាន​កសាង​ប្រាសាទ​បី​ បន្ទាយ​​​ប្រាការ វលភិ ស្រះទឹក ច្បារដំណាំ និងអាស្រមផង។ ព្រះអង្គមាន​មន្ត្រី​​ម្នាក់​​ឈ្មោះ​ថា ស្រីជយេន្ទ្រាយុធ ដ៏មានភក្ដីភាពចំពោះទ្រង់​បាន​ថ្វាយ​មធ្យោបាយ​ចំពោះទេព គឺ​តង្វាយ​​អម្រស់អម្រដល់ប្រាសាទ​មានដូចជា​ អ្នក​បម្រើ​ប្រុស​ស្រី​(ក្នុង​សិលា​ចារឹក​ប្រើពាក្យ ទាសី​ទាស)​ ទីក្រុង(បុរ) ភូមិ(គ្រាម) ដីស្រែ(ក្ឞេត្រ)។ សេចក្ដីចុងបញ្ជប់ មិន​ខុស​​ប្លែក​ពី​អ្វី​ដែល​​ធ្លាប់​ឃើញនៅក្នុងសិលាចារឹកជាច្រើននោះទេ គឺ​ជា​ពាក្យ​ផ្ដាសា​ដល់​នរណា​​ដែល​បាន​​បំផ្លាញ​បុណ្យដែលបានកសាងទាំងនោះ ឱ្យ​នរូជន​នោះ​ធ្លាក់​ទៅ​រង​ទុក្ខ​ទោស​នៅឯ​អវិចី​ស្ថាន​។ ចំណែកនរជនឯណាដែលបានថែរក្សាសមិទ្ធិទាំងនោះ ក៏​នឹង​ទទួល​បានភាគ​បុណ្យផងដែរ។

ថ្មគោល រកឃើញជាមួយសិលាចារឹក

គួររំលឹកផងដែរថា បទនមស្ការចំពោះប្រជុំបីនៃព្រះក្នុងពុទ្ធសាសនា​និកាយ​វជ្រ​យាន​មានព្រះពុទ្ធ ព្រះអវលោកិតេសូរ និងព្រះ​វជ្របាណី ក្នុងសិលាចារឹក​នេះ​ គឺ​ត្រូវ​គ្នា​នឹង​រូបបដិមា​ដែល​បាន​រកឃើញ​នៅទួលជីទេព ឬទួលកំណប់​ ព្រមទាំង​ប្រាសាទ​នៅ​លើ​ភ្នំ​ត្រប់​​ដែលមាន​ចម្លាក់​ព្រះអវលោកិតេសូរ ប្រាជ្ញាបារមីតា និង​វ្រជបាណី។ តាម​រយៈ​សិលា​ចារឹក​​ដែលរកឃើញ​កន្លង​មក​ សិលាចារឹកនៅប្រាសាទបាតជុំដែលជាប្រាសាទ​ពុទ្ធ​សាសនា​​វជ្រយាន ក៏មាន​បទ​នមស្ការ​ឧទ្ទិសដល់ព្រះពុទ្ធ ព្រះអវលោកិតេសូរ និង​ព្រះ​វជ្រ​បាណី​ផង​ដែរ។ នៅទី​តាំង​ទួលព្រះប ក៏មាន​បដិមា​ព្រះ​ពុទ្ធ​ប្រក់​នាគ​មួយ​ព្រះ​អង្គ​នា​សម័យ​អង្គរ​ផង​ដែរ ប៉ុន្ដែ​គួរ​ឱ្យ​ស្ដាយ បដិមានេះបានខូចខាតអស់ច្រើនទៅហើយ។ នៅទីតាំងដដែលនេះ ក៏​មាន​​សិលាចារឹកភាសាខ្មែរស.វ.ទី១១មួយផ្ទាំង ដែល​សឹក​រេចរឹ​លស្ទើ​រ​តែ​ទាំង​ស្រុង​ផង​ដែរ ដែល​ជាប្រការនាំឱ្យបាត់បង់ភស្ដុតាងអំពីទីតាំងនេះ។ យ៉ាងណាក្ដី ភស្ដុតាង​ជាច្រើន​មក​​នេះ​ បង្ហាញថា​តំបន់ភ្នំត្រប់ ជាទីតាំងពុទ្ធសាសនា​វជ្រយានដ៏ធំមួយចាប់​ពីស.វ.ទី​១០​មក។ ទោះជាត្រឡប់មកកាន់ពុទ្ធសាសនាថេរវាទវិញ អ្នកស្រុកនិងទីតាំងបុរាណដ្ឋាន​ទាំង​ឡាយ​ដែលខ្លះខូចខាតបាត់បង់រូបរាង ខ្លះទ្រុឌទ្រោមក្ដី ខ្លះជាប្រាសាទ​ខាងសាសនា​ព្រាហ្មណ៍ក្ដី ក៏អ្នកស្រុកនៅតែគោរពបូជា បន្ដ​កសាង​ពុំដាច់៕

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!