ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹងមួយកន្លែង ប៉ុន្តែសូមកុំបារម្ភប្រសិនជាអ្នកមិនទាន់ទទួលដំណឹងពីថ្នាក់លើ ចូរបន្តកិច្ចការងាជាធម្មតា និងធ្វើអ្វីឲ្យមានភាពទាក់ទាញ។ លោកអ្នកនឹងឆាប់មានកំហឹង សូម្បីរឿងតូចតាច និងមិនទាក់ទងលោកអ្នកក្តី។ សូមកុំចុះចាញ់នឹងអារម្មណ៍អវិជ្ជមាន អ្វីៗនឹងប្រែជាល្អ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលាសំណាងរបស់លោកអ្នក គឺពេលរសៀលប៉ុន្តែចូរប្រយ័ត្នសំដី។ សម្រាប់កិច្ចការងារ និងហិរញ្ញវត្ថុ លោកអ្នកអាចទទួលចំណូលថ្មី ប៉ុន្តែកុំរំពឹងថានឹងទទួលបានប្រាក់ចំណេញរហ័សពេក។ អ្នកអាចមានទុក្ខព្រួយមករំខាន ប៉ុន្តែនេះមិនមែនជាពេលសោកសៅទេ គួរធ្វើចិត្តរីករាយដើម្បីនាំលាភចូលក្នុងផ្ទះ។ សម្រាប់ទំនាក់ទំនងប្តីប្រពន្ធ និងគូស្នេហ៍មានភាពល្អូកល្អឺនខ្លាំងណាស់ ប៉ុន្តែប្រសិនបើអ្នកមិនទាន់រៀបការទេ ចូរស្វែងរកចំណែកម្ខាងទៀតរបស់លោកអ្នកនៅថ្ងៃនេះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ សម្រាប់ស្នេហា លោកអ្នកអាចមានសញ្ញាណនៃការខកចិត្ត ប៉ុន្តែកុំដាក់សារសំខាន់លើវាខ្លាំងពេក។ អ្នកអាចប្រឈមនឹងការផ្លាស់ប្តូរដោយគ្មានរំពឹងទុក ប៉ុន្តែចូរសង្កត់ចិត្តរងចាំបន្តិចទើបប្រសើរ។ សម្រាប់សុខភាព សូមរក្សាតុល្យភាពអាហារ កុំបរិភោគជាតិខ្លាញ់ និងផ្អែម។
ថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងកាយ ចិត្តយ៉ាងណារក្សាការរស់នៅប្រចាំថ្ងៃឲ្យបានល្អ។ កុំពាក់ព័ន្ធនឹងជម្លោះ ហើយប្រុងប្រយ័ត្នក្នុងមុខរបរអាជីវកម្ម និងការងារ។ អ្នកអាចសង្គ្រោះខ្លួនឲ្យចេញពីបញ្ហាប្រសិនបើអ្នករក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ប៉ុន្តែលោកអ្នកនឹងមានមនុស្សជុំវិញខ្លួនគាំទ្រ។ ស្នេហាកំឡោះក្រមុំដំណើរការទៅល្អប្រសើរណាស់ ចំណែកអ្នកមិនទាន់មានដៃគូអាចចាប់ផ្តើមនៅថ្ងៃនេះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងមានលាភសំណាងដែលមិនបានរំពឹងទុកជាមុន។ សម្រាប់សកម្មភាពអាជីពការងារ សូមកុំព្យាយាមសម្តែងប្រាប់គេពីភាពជោគជ័យរបស់ខ្លួនឡើយ ត្រូវដឹងពីរបៀបលាក់អាថ៌កំបាំង ដើម្បីជៀសវាងការឈ្នានីស និងដណ្តើមជោគជ័យពីអ្នក។ ត្រូវសុភាពរាបសារក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្ទុយភេទ។ ក្នុងនោះ ប្រសិនបើអ្នកត្រូវការដៃគូល្អ ចូរមានភាពស្មោះត្រង់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងជានិច្ច និងមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ ចូរធ្វើតាមដំបូន្មានរបស់មិត្តរួមការងារ និងដៃគូប្រសិនបើអ្នកមិនចង់ស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែកុំភ្លេចប្រើប្រាស់បទពិសោធន៍ខ្លួនឲ្យអស់ពីសមត្ថភាព។ សូមតស៊ូរក្សាទំនាក់ទំនងផ្ទាល់ខ្លួន ពេលខ្លះអ្នកអាចប្រឈមនឹងការបោះបង់អាជីវកម្មណាមួយព្រោះគ្រួសារ ដូច្នេះចូរថ្លឹងថ្លែងពីសារសំខាន់នីមួយៗឲ្យច្បាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ ដូច្នេះកុំទុកចិត្តជនចម្លែក ហើយកុំប្រាប់អាថ៌កំបាំងនៅក្នុងចិត្តរបស់អ្នកឲ្យសោះ។ សូមចងចាំថា ភាពស្ងប់ផ្តល់នូវសុភមង្គល។ ប៉ុន្តែក៏មិនគួរសង្ស័យនឹងដំបូន្មានរបស់អ្នកដទៃពេកទេ ព្រោះវាមានតែបង្អាក់អ្នកមិនឲ្យទទួលការផ្លាស់ប្តូរដែលជោគជ័យប៉ុណ្ណោះ។ ការគិតគូរ ដោយសន្សឹមៗ នឹងបញ្ជៀសហានិភ័យលើកិច្ចការងាររបស់អ្នក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកឆាប់ខឹងខ្លាំងណាស់ ចូរបោះបង់រឿងរ៉ាវតូចតាចឥតបានការចោលឲ្យអស់ ហើយរៀនអនុគ្រោះដើម្បីកុំឲ្យខាតលាភ។ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់បានឲ្យសោះ។ ត្រូវមានភាពទន់ភ្លន់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការជឿទុកចិត្តរបស់អ្នកជុំវិញខ្លួន ដែលនេះនឹងជួយឲ្យអាជីវកម្ម ព្រមទាំងការងារសម្រេចទៅដោយរលូន។ អ្នកអាចក្លាយជាជនរងគ្រោះ នៃឧបាយកលរបស់អ្នកដទៃ ចូរកុំឆ្លើយតបនឹងហេតុការណ៍អ្វីទាំងអស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានសំណាងទ្វេរដងក្នុងថ្ងៃនេះ។ ទ្រព្យសម្បត្តិ មុខតំណែងកំពុងឈរប្រកៀកនឹងខ្លួនអ្នក ចូរត្រៀមខ្លួនទទួលយកវាដោយរីក រាយ។ ប៉ុន្តែសូមលោកអ្នករក្សាឲ្យបានរវាងកេរ្តិ៍ឈ្មោះ និងភាពជោគជ័យនៃអាជីពការងារ។ ហោរាសាស្ត្រថ្ងៃនេះគាំទ្រឲ្យអ្នកផ្លាស់ប្តូរដៃគូជីវិត ប្រសិនបើអ្នកគិតថាមិនអាចមានអនាគតល្អនោះទេ។ ចូររីករាយទទួលយកភាពខុសគ្នាខ្លះៗនៅក្នុងជីវិត រៀនផ្លាស់ប្តូរប្រសិនបើអ្វីៗដែលលោកអ្នកកំពុងមាន មិនអាចធ្វើឲ្យជីវិតអ្នករីករាយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម និងការងារឲ្យសោះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ដូច្នេះសូមរក្សអាកប្បកិរិយាឲ្យល្អ កុំឈ្លោះប្រកែកជាមួយមនុស្សផ្ទុយភេទ។ ចូររក្សាចិត្តឲ្យហ្នឹង អត់ធ្មត់ ហើយដើរចេញពីជម្លោះ ពីព្រោះវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់។ ថ្ងៃនេះអ្នកគួរប្រាស្រ័យទាក់ទងជាមួយមនុស្សឆ្នាំកុរ និងជៀសវាងមនុស្សឆ្នាំម្សាញ់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរហាក់នៅទ្រឹងបន្តិច ចំណែកអ្នកប្រកបការងារវិញ មិនមានសញ្ញាណទទួលស្គាល់ណាមួយពីមិត្តរួមការងារ និងថ្នាក់ដឹកនាំនោះទេ។ ចូរចំណាយពេលវេលាថ្ងៃនេះធ្វើរឿងសាម័ញ្ញ និងគួរមានទំនាក់ទំនងជាមួយក្មេងៗឲ្យបានច្រើន។ គ្រប់រឿងរ៉ាវនានា កុំប្រញាប់ប្រញាលហួសហេតុពេក ព្យាយាមគិតគូរសន្សឹមៗ និងឲ្យសមហេតុផល។ ប្រសិនបើអ្នកពិបាកក្នុងការទទួលយកស្ថានភាពបច្ចុប្បន្នរបស់កិច្ចការងារ និងអាជីវកម្មដែលកំពុងធ្វើ សូមទុកអ្វីៗទាំងអស់ឲ្យនៅដដែលសិន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីករាយគ្រប់ទិសទី។ ការងារ និងមុខរបររបស់អ្នករីកចម្រើនខ្លាំងណាស់ ចំណែកលុយកាក់វិញហូរចូលយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែចូរអ្នកប្រយ័ត្នពាក្យសំដីដែលមិនសមរម្យ។ ថ្ងៃនេះលោកអ្នកអាចមានការសង្ស័យ ឬភ័ន្តច្រលំជាមួយក្មេងៗ ដូច្នេះចូរកុំតឹងរឹងជាមួយក្មេងៗពេក។ លោកអ្នកអាចមានហានិភ័យនៃការរងរបួស សូមពន្យាពេលការធ្វើដំណើរកំសាន្ត ឬសូម្បីការហាត់ប្រាណក្តី។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព