ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកទួលអង្គក្រសាំងឆ្មារ K.១៤៣៩ (ភាគ២)

សិលាចារឹកទួលអង្គក្រសាំងឆ្មារ K.១៤៣៩ (ភាគ២)

នៅក្នុងអត្ថបទភាគ១ លោកអ្នកបានស្គាល់អំពីប្រវត្តិនៃ​ការ​រកឃើញ​ ព្រម​ទាំង​អត្ថ-​ន័យ​សង្ខេប​របស់​សិលា​​​​ចារឹក​ទួលអង្គក្រសាំងឆ្មារ រួចមកហើយ។ ជាបន្ដនេះ យើងនឹ​ង​ស្វែង​យល់នូវ លក្ខណៈ​គួរ​ឱ្យកត់សម្គាល់ផ្សេងៗក្នុងសិលាចារឹកនេះ ដូចជាវាក្យសព្ទ ការ​ប្រើ​ប្រាស់ឆ្នាំសត្វ​ ទម្រង់​តួអក្សរជាដើម។

១- ឆ្នាំសត្វទាំង១២

ចំណុចដែលយើងគួរតែ​ចាប់អារម្មណ៍​ដំបូង​នោះ គឺ​ការ​ប្រើប្រាស់ឆ្នាំសត្វ​ទាំង១២។ ខ្មែរយើងសព្វថ្ងៃស្គាល់ឆ្នាំទាំង១២ ដែលមានដូចជា៖ ជូត(កណ្ដុរ) ឆ្លូវ​(គោ) ខាល(ខ្លា) ថោះ(ទន្សាយ) រោង(នាគ) ម្សាញ់(ពស់) មមី(សេះ) មមែ(ពពែ) វក(ស្វា) រកា​​(មាន់) ច(ឆ្កែ) និង កុរ(ជ្រូក) នេះច្បាស់ណាស់ ដ្បិត​ថា​ម្នាក់ៗរមែង​មានសត្វតំណាង​ឆ្នាំ​កំណើត​របស់​ខ្លួន​ជានិច្ច។ ឆ្នាំសត្វនេះ ប្រើសម្រាប់គណនា​ជោគជតារាសី​របស់​បុគ្គលម្នាក់​ៗ​ផង​ដែរ។  បើ​យើង​ចាប់អារម្មណ៍មក​លើ​ភាសាបន្ដិចវិញ​ នោះនឹងកើតជាចម្ងល់ពុំ​ខាន​​ថា ឈ្មោះ​ឆ្នាំ​មួយ​ចំនួន​ ហាក់បីដូចជាពុំមែនជាពាក្យខ្មែរសុទ្ធ ដូចជាឆ្នាំដែលមានសត្វ​ឆ្កែ គឺឆ្នាំច ដែល​ពាក្យ​នេះ​ដូចនឹងពាក្យ chó ក្នុងភាសាវៀតណាមដែរ។ ជាការពិតណាស់ តាម​អ្នក​ស្រាវ​ជ្រាវ​មាន​ លោក ហ្ស៊ក សឺដែស​ ជាដើម​ បានលើកឡើងថាពាក្យទាំង​១២​នេះ ពុំ​មែន​ជា​ពាក្យ​ខ្មែរ​នោះទេ ប៉ុន្ដែក៏ពុំមែនជាពាក្យថៃ ឬពាក្យចិនដែរ ថ្វីដ្បិត​តែ​ឆ្នាំ​សត្វ​ទាំង​១២នេះ ជា​ឆ្នាំ​ដែល​កើតឡើងនៅប្រទេសចិន​តាំង​ពីដើមគ្រិស្ដសករាជក៏ដោយ។ លោក​រក​ឃើញ​ថា មាន​ឈ្មោះឆ្នាំចំនួន៨​ បាន​រក​ឃើញ​ថាមានប្រភពមកពីភាសាមឿង​ ដែលជាគ្រាម​ភាសា​មួយ​មានទំនាក់ទំនងជិតដិតនឹងភាសាវៀតណាម។ នៅក្នុងឆ្នាំ២០១០ លោក Michel Ferlus បានសរសេរអត្ថបទមួយក្រោមចំណងជើងថា «ឆ្នាំសត្វទាំង១២របស់ខ្មែរ៖ ភស្ដុ-​តាង​​ពីទំនាក់ទំនងបុរាណកាល​រវាងវៀតណាមនិងខ្មែរ»  ដោយលោកបានប្រៀប​ពាក្យ​ហៅ​ឈ្មោះ​ឆ្នាំ​នីមួយៗ​ដែលខ្មែរប្រើបច្ចុប្បន្ន​ផង ពាក្យដែលមានក្នុងសិលាចារឹក​ខ្មែរ​បុរាណ​ផង និងធ្វើការកសាងឡើងវិញ (Reconstruction) នូវពាក្យក្នុងភាសាពាក់ព័ន្ធ​មួយ​ចំនួន​ផង។ ​ ជាលទ្ធផល​ លោក​បានរកឃើញថា​ ពាក្យ​ហៅ​សត្វទាំង១២ក្នុងភាសាខ្មែរ គឺ​ខ្ចី​មក​ពីភាសាវៀតណាមបុរាណ​។ ពាក្យ​ហៅឆ្នាំទាំង១២ដែលចាស់បំផុតនៅក្នុង​ភាសា​វៀត​ណាម ក៏ឃើញមាន​នៅក្នុងសិលាចារឹកខ្មែរផងដែរ។

ពាក្យឆ្នាំសត្វទាំង១២ នាសម័យកណ្ដាល

គួររំលឹកឡើងវិញផងដែរថា ប្រព័ន្ធឆ្នាំសត្វទាំង១២នេះ មានកំណើតមកពីប្រទេស​ចិន​ ដែលតាមរយៈសិលាចារឹកនៅសម័យមុនអង្គរ ខ្មែរ​ពុំដែលប្រើប្រាស់ប្រព័ន្ធរាប់ឆ្នាំ​បែប​នេះឡើយ។ កញ្ញា នង ម៉ានី នៅក្នុងសារណា​ថ្នាក់បរិញ្ញាបត្រ​ ដែលមានប្រធានបទថា «អត្ថន័យកាលបរិច្ឆេទ​ក្នុងសិលាចារឹកប្រទេសកម្ពុជា» បាន​លើក​ឡើង​ថា​ភស្ដុតាង​ចំណាស់​​បំផុត ដែលរកឃើញថាខ្មែរប្រើប្រាស់​នៅ​ក្នុង​សម័យ​​បុរាណ គឺ​នៅ​ក្នុង​សិលាចារឹក​សេក​តា​ទុយ​ K.៦១៨ ចារឹកនៅក្នុងស.វ.ទី១១ ក្នុង​រាជ្យ​ព្រះ​បាទ​​សូរ្យ​​វម៌្មទេវទី១ (សូរ្យវរ្ម័នទី១ ១០០២-១០៥០ គ.ស.)។ សេចក្ដីសិលា​ចារឹក ដែល​ទាក់​ទង​នឹង​ឆ្នាំសត្វ​នេះ ​ចារឹក​ឃ្លា​ដូច្នេះ​ថា​៖ «(បន្ទាត់ទី១) [៩]៤(៨)ឝ(កប)ញ្ចមីកេត៑ចៃត្រ​វ្ឫហស្បតី​វារ​ខាល៑ (បន្ទាត់ទី២)​ន​(ក្ឞ​ត្រ​)​នុ​-​-​–ជៅភូមិស្ដុក៑ខ្លង៑តលោញចន្ទ្រ​បុរីនុ—» ដែលអាចប្រែសម្រួលបានថា​ «មហាសក​រាជ​ឆ្នាំ​​៩៤៨ (គ.ស. ១០២៦) ៥កើត ខែចែត្រ ថ្ងៃព្រហស្បតិ៍ ឆ្នាំខាល នូវ—ជាវដីភូមិស្ដុក​ខ្លង​ពី​លោញ​​ចន្ទ្របុរីនិង—)»។ ប៉ុន្ដែតាមការផ្ទៀងផ្ទាត់ឡើងវិញ យើងរកឃើញថា សិលា​ចារឹក​ដែល​ចាស់ជាងគេមានប្រើ​ប្រាស់ឆ្នាំសត្វទាំង១២នោះ គឺសិលាចារឹក​ថ្នល់ឈូក ដែល​ចារ​ឡើង​នៅក្នុងមហាសករាជឆ្នាំ​៩១៤ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ៩៩២ ស្ថិតនៅ​ក្នុង​រាជ្យ​ព្រះ​បា​ទ​​ជ័យវម៌្មទេវទី៥ (ជ័យវរ្ម័នទី៥ ៩៦៨-១០០១ គ.ស.) ទៅវិញទេ។ សិលាចារឹក​នោះ​ចារ​យ៉ាង​ដូច្នេះ​ថា «៩១៤ឝកទ្វាទឝិកេត៑វៃឝាខអាទិត្យវារហស្ដឫក្ឞរោងនក្ឞត្រ» ដែល​មាន​ន័យថា «មហាសករាជឆ្នាំ៩១៤ ១២កើត ខែពិសាខ ថ្ងៃអាទិត្យ ឫក្សស្ដ ឆ្នាំរោង»។

ត្រឡប់មកសិលាចារឹកទួលអង្គក្រសាំងឆ្មារវិញ យើងសង្កេតឃើញថា​នៅក្នុងការចាប់​ផ្ដើម​សិលាចារឹកនេះ គឺចារនូវកាលបរិច្ឆេទ។ បន្ទាត់ទី១នៃសិលាចារឹកនេះ គឺ​បង្ហាញនូវកាលបរិច្ឆេទ មហា​សករាជ​ឆ្នាំ​១០៨៤ ឆ្នាំមមី (មងិយឝក)។ ពាក្យ «មងិយ» ជាពាក្យ​ទីពីរ​ដែល​រក​ឃើញ​នៅ​ក្នុងសិលាចារឹកខ្មែរ និង​មានសំណេរម្យ៉ាង​ទៀត​ជា «មង្យ» ដែល​ឃើញ​មាន​ប្រើ​ចាស់ជាងគេនៅក្នុងសិលាចារឹកប្រាសាទភ្នំជីសូរ្យ K.៣៣ ដែល​​មាន​ឃ្លាថា៖ «(ប.១៥) ៩៣៩ឝក្ក​មង្យនក្ឞត្រ​តគិរាជ្យ​ធូលិ​វ្រះ​បាទ​កំ (ប.១៦)​ម្រតេង៑​កំត្វន៑​អញ៑ឝ្រីសូយ៌្យ​វម៌្មទេវ…» ដែលមានន័យថា «មហាសករាជឆ្នាំ​៩៣៩ ឆ្នាំ​មមី គឺរាជ្យ​ធូ​លី​ព្រះបាទ​គម្ដែងអញ​ស្រីសូរ្យ​វម៌្មទេវ»។ ចំពោះពាក្យនេះ យើង​សង្កេត​ឃើញ​មាន​បម្រែ​បម្រួល​ពី​រចំណុចធំៗគឺ បម្រែ​បម្រួល​ព្យញ្ជនៈច្រមុះ «ង» មកជា «ម» គឺប្រែប្រួលពី «មងិ» មកជា «មមិ» ដែលជា​ការ​សម្របសូរតាមព្យញ្ជនៈ «ម»​​ ខាងដើមព្យាង្គផង។ ចំណុចមួយ​ទៀត​ គឺ​ការ​ប្រែ​ប្រួល​ព្យញ្ជនៈ​ពាក់​កណ្ដាលស្រៈ​ «យ៑/្យ» មកជា​ស្រៈ «ិ» (និងទៅជាស្រៈ ី ផងដែរ)។ ការប្រែប្រួល​នេះ​សង្កេតឃើញមាន​ចំពោះពាក្យជាច្រើនដូចជា៖ វ្យរ > ពីរ, វ្រ្យង៑ > ព្រីង, គគ៌្យរ៑ > គគីរ ជាដើម។ ដូច្នេះយើងឃើញថាពាក្យនេះមានការប្រែប្រួលពី មង្យ  > មងិយ > មមិ > មមី។

តាមរយៈសិលាចារឹកសម័យអង្គរ គេនិយមប្រើឆ្នាំសត្វនេះជាមួយពាក្យ «នក្ឞត្រ» ដែលត្រូវនឹងពាក្យបាលីថា «នក្ខត្ត»។ «នក្ឞត្រ» ឬ «នក្សត្រ» ពីដំបូងឡើង ប្រើសម្រាប់តែ​ផ្កាយទាំង២៧ឬ២៨ ដែលប្រើក្នុងតារាសាស្ត្រហិណ្ឌូប៉ុណ្ណោះ។ លុះមកដល់សិលាចារឹក​ទួល​អង្គក្រសាំងឆ្មារ​នេះ យើងបែរជាឃើញ​ឆ្នាំសត្វនេះ ប្រើជាមួយពាក្យ «ឝក» ដែលធ្លាប់​តែឃើញប្រើកាលបរិច្ឆេទ​មហាសករាជប៉ុណ្ណោះ។ នេះជាបម្រែបម្រួលមួយ ដែលបន្ដ​មាន​តិច​តួច​​រហូតមកដល់សម័យកណ្ដាល។ នៅ​សម័យកណ្ដាល និយមប្រើពាក្យ «នក្សត្រ» ជាមួយឆ្នាំសត្វទាំង១២ ដូចដែលឃើញនៅសម័យអង្គរដែរ។ យូរៗម្ដង យើងក៏ឃើញមាន​ប្រើពាក្យ «សក» (ឝក > សក >ស័ក) ភ្ជាប់ជាមួយពាក្យ «នក្សត្រ» សម្រាប់ឆ្នាំសត្វផងដែរ ដូចនៅក្នុងសិលាចារឹកអង្គរវត្តលេខ​៣៥៖ «នក្ឞត្រសក្កខាល» គឺ «នក្សត្រឆ្នាំខាល»។ ឆ្នាំសត្វទាំង១២នេះ យើង​ឃើញ​មាន​ការ​និយម​ប្រើ​ប្រាស់​យ៉ាង​ច្រើន​នៅ​ក្នុង​សិលា-​ចារឹក​​សម័យកណ្ដាល ពុំថា​តែសិលាចារឹក​សម័យទំនើបនៅប្រាសាទអង្គរវត្ត ឬ​ប្រាសាទ​ដទៃ ឬក៏នៅទីតាំងដទៃ​ទៀត​នោះ​ទេ។ ចាប់ពីនោះរហូតមក ខ្មែរ​បានប្រើប្រាស់​ឆ្នាំសត្វនេះ​នៅក្នុងឯកសារសំណេរផ្សេងៗ និងរាប់អានយ៉ាងជិតស្និទ្ធក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!