ទំព័រដើមសិល្បៈឧបោសថាគារ ឬវិហារបុរាណវត្តបុទុមរង្សី

ឧបោសថាគារ ឬវិហារបុរាណវត្តបុទុមរង្សី

ឧបោសថាគារ ជាអគារដែល​មាន​ព័ទ្ធសីមា​ សម្រាប់​ភិក្ខុ​សង្ឃ​ប្រជុំគ្នា​ធ្វើ​សង្ឃកម្ម​ហើយ​ដែល​សព្វថ្ងៃខ្មែរ​ហៅថា “វិហារ”។ពាក្យឧបោសថាគារ ឃើញ​នៅប្រើ​លើ​ខ្លោង​ទ្វារ​​ វិហារ​​បុរាណ​វត្ត​បុទុមរង្សី ស្ថិតនៅក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ យោង​​តាមខ្លឹមសារ​​ចារឹក​កត់​ចំណាំ​​ខ្លី​មួយ​នៅ​​​លើ​ខ្លោង​​ទ្វារនោះ​ដែរ​ញ្ជាក់​​ថា វិហារ​​បុរាណ​​​នេះ​ក​​សាង​​​​ក្នុង​ពុទ្ធសក​រាជ​២៤៦៩ (គ.ស.១៩២៦) សង់​​​​​​អំពី​ឈើ និង​កំបោរ​បាយ​អ ហើយ​មាន​តឹក​តាង​​ថែទាំ​ជួស​​ជុល​ជា​បន្ត​បន្ទាប់​​រហូតគង់វង្ស​មក​ដល់​​សព្វថ្ងៃ នៅទន្ទឹម​នឹង​វិហារ​ថ្មី​​ដែល​សង់​នៅក្នុង​ឆ្នាំ​១៩៩៥។

វិហារ​បុរាណវត្ត​បុទុមរង្សីមាន​ទទឹង​ប្រហែល​១០ម៉ែត្រ បណ្តោយ​ប្រហែល​១៩ម៉ែត្រ ហើយ​ដើម​ឡើយ​ទំនងកសាងនៅលើ​ខឿន​ថ្នាក់ៗ ដែលមាន​ជណ្តើរ​ឡើង​គ្រប់ទិស​។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៩០ ខឿន​ថ្នាក់​ទី​២ (ខាងលើ) បាន​ចាក់​បេតុង​ពង្រីក​ធ្លា​​ដើរ​ប្រទក្សិណ ព្រម​ទាំង​លម្អ​ដោយ​​បង្ហាន់ដៃនាគ​ជណ្តើរ​ឡើងផង។ ក្នុង​ឆ្នាំ​​២០១៨ ខឿនថ្នាក់​ទី​១ (ខាងក្រោម) ​បានពង្រីកឱ្យ​កាន់តែទូលាយ និង​​រៀបចំ​ក្រាលថ្ម​ ព្រមទាំង​​ដាក់​បង្កាន់ដៃនាគ​ព័ទ្ធជុំវិញ ឱ្យ​ក្លាយ​ជា​ធ្លាស្មើគ្នា​រួម​ជាមួយ​វិហារ​ថ្មី​។ ប៉ុន្តែទោះ​បីមាន​ស្លាក​ស្នាម​កែ​លម្អ​ច្រើន​​​លើក​ច្រើន​គ្រា​​យ៉ាង​ណាក៏ដោយ ទម្រង់​រចនា​សម្ព័ន្ធ​សំណង់​វិហារ​ចាស់នេះ ហាក់​​នៅ​​រក្សា​​លក្ខណៈ​ដើម​​ច្រើន ពិសេសគឺ​រចនាសម្ព័ន្ធ​​ដំបូលវិហារ​ និងផ្នែកខាងក្នុង។

វិហារបុរាណវត្តបុទុមរង្សី ដែលស្ថិតនៅទន្ទឹមនឹង​វិហារ​ថ្មី

ទម្រង់​វិហារ​វត្ត​បុទុមរង្សី ជា​ប្រភេទវិហារ​ជហ្វាបួន ឬហៅថាវិហារ​បុរាណ​។​ វិហារ​នេះមានលក្ខណៈ​សាមញ្ញ​ និង​ពុំសូវតុបតែងក្បូរក្បាច់រចនាច្រើនឡើយ។ ដំបូល​ប្រក់​ក្បឿង​ស្រកាលេញ រាង​ជ្រាល​ពីរថ្នាក់សងខាង ហើយ​ដំបូលមុខក្រោយ​ផ្នែកខាង​ក្រោម​​ហោជាង​​រាង​ជ្រាល​មួយថ្នាក់។ ចុង​មេដំបូល​មុខបំពាក់ជហ្វា​ពីរ ចុងមេដំបូល​ក្រោយ​បំពាក់​ជហ្វាពីរ​ ព្រម​ទាំង​មាន​លម្អ​ដោ​យ​នាគ​ដង​ក្តារ​តាម​ចុងចែង​នីមួយៗ។ រីឯ​រង​ស្បូវ​ព័ទ្ធ​ជុំវិញ​គេ​ប្រើ​ជា​បន្ទះ​ក្តារ​ធម្មតា​ ពុំ​មានក្បាច់រចនាអ្វីទេ។

ដោយ​ឡែក​ចំពោះហោជាងទាំង​សងខាងនៃវិហារ ជាប្រភេទហោជាង​រៀបឥដ្ឋ​បូក​កំបោ​របាយ​អមានលក្ខណៈ​ត្រង់ស្មើ​ជញ្ជាំង។ សព្វថ្ងៃហោជាង​ខាងកើត​ស្ថិត​នៅ​កំបាំង​នឹង​ស្លឹក​ពោធិមួយ​ភាគធំ តែ​នៅ​អាច​មើលឃើញខ្លះថា គេ​រចនា​ជាក្បាច់យ៉ាង​សាមញ្ញ​រំលេច​​​ជុំវិញ​ទេពមួយ​អង្គ(?)​ ​ទ្រង់​មកុដ ​បង្ហាញ​ត្រឹម​ពាក់​កណ្តាល​ព្រះកាយ​ ​ព្រះហស្ថ​ប្រ​ណម្យ។ នៅតាម​ទង​ក្បាច់​ខ្លះ មាន​លម្អដោយ​រូបបក្សាបក្សី​ផ្សេងៗផង។ រីឯហោជាងផ្នែកខាងលិច ក៏មានលក្ខណៈ​ប្រហាក់​ប្រហែល​ហោជាង​ខាងកើត​ដែរ ពោលគេពុំប្រើក្បាច់​ចាក់​ពុម្ព​ស៊ីម៉ងត៍​ទេ ​តែហោ​ជាង​នេះ​គេ​រចនាលម្អ​ដោយ​​ក្បាច់ផ្កា​ភ្ញី​​ព័ទ្ធ​​ជុំ​វិញ​​​បល្ល័ង្កខ្ពស់មួយ ដែលមាន​ដំរីក្បាល​បីនៅ​ពីលើ ព្រម​ទាំង​មាន​​ទេព​មួយ​អង្គ​គង់​លើ​ដំរី​នេះ។ បើតាម​កាត់​ស្មាន ទេពមួយ​​អង្គគង់​លើ​ដំរី​ក្បាល​បីនេះ​ប្រហែល​ជា​ព្រះឥន្រ្ទគង់លើដំរី​ឰរាវ័ណ  ដែលយើង​តែង​សង្កេត​ឃើញ​ថាខ្មែរ​និយម​ឆ្លាក់លម្អ​តាម​ផ្នែក​​ផ្សេងៗ​នៃសំណង់​ប្រាសាទ​បុរាណ​នានា ​តាំង​ពីសម័យ​មុនអង្គរ​រហូត​មក។ ចំពោះរចនា​​សម្ព័ន្ធជញ្ជាំង​វិហារ យើង​សង្កេត​ឃើញមាន​ទ្វារ​​ចំហៀង​ម្ខាង​៣ និង​ទ្វារមុខ​ក្រោយ​​ម្ខាង​២ (សរុប១០ទ្វារ) តែពុំមាន​បង្អួច​​ដូច​វិហារ​បុរាណ​ផ្សេងៗ។ នៅ​លើ​ទ្វារ​ខាង​មុខ​ក្រោយ​ទាំង​បួនគេបាន​រចនា​ដោយ​ក្បាច់​លម្អ​បន្តិចបន្តួច តែទ្វារ​ចំហៀង​ទាំង​៦ ជាទ្វារលាត។

ការរចនាលម្អលើ​ហោជាង​ខាងលិច

ចំណែកឯផ្នែកខាងក្នុងវិហារ ត្រង់ចុង​​ខាង​លិចបំផុត​​នៃ​ល្វែង​គ្រឹះ មាន​បដិមា​ព្រះ​ជីវ៍​​ធំ​មួយ​អង្គតម្កល់​​ខ្ពស់​ជាង​គេ​បង្អស់​​លើ​បល្ល័ង្ក​បីថ្នាក់​(រូប​លេខ​៦)។ បដិមា​ព្រះ​ជីវ៍​​​អង្គ​នេះ​សាងអំពីស៊ីម៉ងត៍ ក្នុង​កាយវិហារ​ផ្ចាញ់​មារ តែលើ​ផ្ទៃជញ្ជាំង​ខាងក្រោយ​ ជាគំនូរ​ដើម​ពោធិ និង​ទេសភាពទឹក​ជ្រោះ​ ដែលប្លែក​ពីវិហារ​ភាគច្រើននៅ​ត្រង់​ផ្ទៃ​ជញ្ជាំងខាងក្រោយ​ព្រះ​ជីវ៍​ គេ​​តែង​គូរ​ត្រង់​អន្លើ​ព្រះផ្ចាញ់​មារ និងរូបនាង​គង្ហីង​ព្រះធរណីលើបល្ល័ង្ក។

សសរវិហារ​វត្តបុទុមរង្សី និងការ​គូរក្បាច់លម្អផ្សេងៗ

នៅផ្នែកខាងក្នុង​វិហារ​នេះដែរ មានសសរឈើ​ពីរជួរ​រត់ត្រង់​អម​សង​ខាង​ល្វែង​គ្រឹះ​​និង​សសរ​ឈើ​ជាប់​ជញ្ជាំង​ជុំវិញ​ ទល់ទ្រគ្រឿង​បង្គុំឈើផ្សេងទៀត​នៅផ្នែក​ខាងលើ​។ ​តាម​ការ​សង្កេត​ សសរមួយ​ចំនួន​ដែល​ប្រើ​ក្នុង​វិហារ​នេះច្រើន​ជា​សសរ​ចាស់​​ធ្លាប់ប្រើ​ ដ្បិត​មាន​ស្នាម​​ត្រណាប់ និង​ស្នាម​តជាដើម។ ប៉ុន្តែ​យ៉ាង​ណាក៏ដោយ​ សសរ​ទាំងនោះ​សុទ្ធតែ​ដាក់​តម្កល់​លើ​ជើង​សសរបេតុង​​កម្ពស់​ប្រហែល​កន្លះ​ម៉ែត្រ ហើយ​ត្រង់មុខ​តំណ ឬ​ស្នាម​ដាប់​ គេ​ប្រើ​​​បច្ចេក​ទេស​បំពេញ​ដោយ​សាច់ឈើ ឬស៊ីម៉ងត៍ រួច​លាបលន ​និង​គូរ​ក្បាច់​លម្អ​ពីលើ​យ៉ាង​​រស់រវើកស្ទើរមើលពុំដឹង។ រីឯ​ពិតាន ​ពុំ​មាន​លាបពណ៌ ឬគូរ​លម្អ​ជា​គំនូរ ឬសាច់រឿង​អ្វីឡើយ ពោលជា​ពិតាន​ឈើ​ធម្មតា ហើយ​សន្លឹកក្តារ​នីមួយៗនៃពិតាន​រៀប​ទទឹង​បន្ត​គ្នា​រហូត​ពេញ​ល្វែងគ្រឹះ ​ពី​​លើ​​ព្រះ​ជីវ៍​​រាយ​រហូត​ដល់​​ក្រោមគល់​​ហោជាង​ខាងកើត។ ការ​និយម​ប្រើ​ពិតាន​ឈើ​បែប​នេះ យើង​សង្កេត​ឃើញ​មាន​តាម​បណ្តាវិហារ​បុរាណ​ជាច្រើនផ្សេង​ទៀត​ដែរ។

គំនូរវិហារបុរាណវត្ត​បុទុមរង្សី ជាគំនូរ​និយាយ​អំពីរឿង​ពុទ្ធប្រវត្តិ និង​រឿង​ជាតក​​ដូច​បណ្តា​វិហារ​ទូទៅដែរ។ បើ​ផ្អែក​លើ​សំណេរ​​លើ​ផ្ទាំង​គំនូរ​ក្នុង​វិហារ​​​ឱ្យ​ដឹង​​ថា ចាប់ផ្តើម​សាង​​សង់​​​ដើម​ឆ្នាំ​១៩៨៤។ ក្នុង​ន័យ​នេះ ប្រហែល​បញ្ជាក់​អំពីការ​ចាប់​ផ្តើម​​សាងសង់​បន្ត​ក្រោយ​សម័យ​សង្រ្គាម​ ដូចជា​ការ​ជួស​ជុល និង​គូរ​គំនូរ​ជាដើម។ លើ​ស​ពីនេះ​​នៅ​រវាង​ឆ្នាំ​១៩៩២ គេឃើញ​មាន​តឹក​តាង​គូរ​​បន្ថែម​ត្រង់​​ចន្លោះខ្លះ​ទៀត​​ ជា​ពិសេស​គឺ​គំនូរ​ក្នុង​រឿង​ជាតក​ជាដើម។

សរុបមក វិហារបុរាណវត្ត​បុទុមរង្សី ជាសំណង់​ពុទ្ធសាសនា​ដ៏សំខាន់​ មាន​​អាយុ​កាល​​ជិត​១០០ឆ្នាំ ដែល​បាន​ប្រើ​ប្រាស់​សម្ភារៈសំណង់​ចាស់​សម្រាប់សាងសង់ ហើយ​ជា​វិហារ​​​ពុំ​សូវ​មាន​ក្បាច់រចនាលម្អ​លើ​សំណង់​ស្ថាបត្យកម្ម​ច្រើនឡើយ។ ទន្ទឹម​នឹង​នេះ តាម​រយៈ​​គំនូរលើ​ជញ្ជាំង​បង្ហាញ​ឱ្យ​ថា​វិ ហារ​នេះ​ក្រោយ​បាន​សាង​សង់​ហើយ​ភ្លាម គេ​ពុំ​បាន​​គូរ​រឿងពុទ្ធប្រវត្តិ ឬ​រឿងជាតក​ផ្សេងៗ​ទេ។ ទិដ្ឋភាពនេះ យើង​សង្កេត​ឃើញ​មាន​នៅ​វិហារ​បុរាណផ្សេងៗទៀតដែរ។ ប៉ុន្តែយ៉ាងណាក្តី សព្វថ្ងៃវិហារនេះហាក់មានសភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ ប្រេះជញ្ជាំង របើកការ៉ូបាត និងមានកណ្តៀរស៊ីបំផ្លាញឈើដោយ​អន្លើៗ៕

————————————-.

The Vihara of Botum Rangsei pagoda

Uposathāgāra is a hall that is surrounded by stone boundary marks called Sima. Also, it calls Vihara. The word Uposathāgāra mentions at the entrance of Botum Rangsei pagoda which is located in Preah Prasab commune, Khsach Kandal district, Kandal province. Accordingly, the Vihara was built in 2469 BE or 1926 CE. It is built of wood and applied stucco. This Vihara has continuously been preserved and restored and now standing next to the new Vihara built-in 1995.

The Vihara has ten meters in width and nineteen meters long, standing on a multiple-level base. In 1990, the second level of the base has been enlarged for the procession. In 2018, the first level was enlarged, making the floor and putting Naga balustrade to create a new space. However, the renovation did not change the aspect of the ancient structure, especially the roof and interior.

The Vihara a four Jvars or ancient Vihara. It is simple. The roof is covered by fish scale tiles and the Naga body wooden planks laying down from each Jvar. Furthermore, Rang Sbov or the planks of wood that are placed just underneath the edges of the roof have no decoration. Both pediments are made of bricks and coated with stucco. The pediment at the east is decorated with half body crowned deity who holds his hand in a praying posture. The motifs are also mixed with the figure of the birds. The west pediment is similar to the east. However, it has no concrete molding motifs. There is an image of Indra on three heads elephant. Each wall in the south and the north has three doors. Also, there are two doors in the front and two doors in the back. It is absent the window.

The west part of the interior has a big statue sitting on the three levels pedestal. It is made of concrete and in Bhumisparsa mudra. The wall at the back of the statue was painted with a Bodhi tree and a waterfall which is not common. It has two rows of wooden columns. Remarkably, some columns have been used as they have matching traces and joining parts. All the wooden columns are standing on a concrete base of about half a meter in height. The connection part has been painted with beautiful motifs. Furthermore, the ceiling is an arrangement of plain wooden planks. The same material and arrangement are also found in other Viharas.

The painting is the story of Buddha and the common Jataka scenes. Moreover, the scripts on the edge of the painting show the Vihara was built in 1984 which was after the war. In 1992, some parts of the painting were added especially about Jataka. To sum up, the Vihara of Botum Rangsei pagoda is an important religious building. It is about 100 years. It used old materials to build and does not have many decorations. According to the painting, the Vihara did not paint after the construction. In the present day, the structure is aging, cracking, detaching, and also attacked by termites.

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!