ម៉ឹម

ម៉ឹម ជាឧបករណ៍មួយប្រភេទដែលគេឃើញមាននាពេលបច្ចុប្បន្ន នៅក្នុងចំណោមជនជាតិភាគតិចនៃតំបន់ភ្នំផ្នែកទិសឦសាននៃប្រទេសកម្ពុជាក្នុងខេត្តរតនគិរី និងមណ្ឌលគិរីរួមមានជនជាតិគ្រឹង ទំពួន ចារ៉ាយ ព្រៅ កាចក់ និងព្នងជាដើម។ បុព្វបុរសខ្មែរយើងបានឆ្លាក់រូបឧបករណ៍ម៉ឹមតាមជញ្ជាំងប្រាសាទដូចជា នៅលើជញ្ជាំងប្រសាទបាយ័នតាំងពីចុងសតវត្សទី១២ ឬ ដើមសតវត្សទី១៣ មកម៉្លេះ។

របៀបធ្វើ

ឧបករណ៍ម៉ឹម ជាប្រភេទឧបករណ៍ខ្សែមួយ មានដងធ្វើពីប្ញស្សីឬឈើ មានខ្សែដែកតែមួយ ​ហើយមានប្រអប់សូរធ្វើពីប្ញស្សីឬឈើ។ បច្ចុប្បន្ន នៅក្នុងចំណោមជនជាតិភាគតិចក្នុងតំបន់ខាងលើនេះ គេឃើញមានប្រអប់សូរធ្វីពីបំពង់ឫស្សីឬកំប៉ុងទឹកដោះគោ (រូបលេ ខ២)​។ តាមរយៈការស្រាវជ្រាវ កាលពីជំនាន់ដើមឧបករណ៍ម៉ឹមនេះគ្មានប្រអប់សូរទេ គឺគេចងខ្សែអំបោះនៅខាងចុងផ្នែកខាងក្រោមនៃឧបករណ៍ភ្ជាប់ទៅនឹងស្រកាសត្វពង្រូល កាត់ជារាងមូលដែលអ្នកលេងឧបករណ៍នេះបៀមនៅក្នុងមាត់ចន្លោះធ្មេញលើ និងក្រោម ដោយប្រើប្រអប់មាត់ជាប្រអប់សូរ។ ឧបករណ៍ម៉ឹម មានខ្ទង់៤ ដែលគេបិទនឹងជ័រឲ្យស្អិតជាប់ទៅនឹងដងឧបករណ៍ ដើម្បីនឹងរត់ខ្សែដែកមួយពីលើ។ គេប្រើឆាកធ្វើពីប្ញស្សីបិតឲ្យតូចស្តើង ប្រើជ័រឈើ ដូចជាជ័រស្អុង រូតទៅលើឆាកដើម្បីឲ្យស្អិតកូតទៅឮសូរ។

របៀបប្រើប្រាស់

ជនជាតិភាគតិចក្នុងតំបន់ខាងលើនេះ តាមការអង្កេតឃើញថាមានតែបុរសទេដែល លេងឧបករណ៍ម៉ឹមទោលដើម្បីកែកម្សាន្ត ឬចែរចង់ទំនាក់ទំនងស្នេហារវាងបុរស និងស្ត្រីកំដរអ្នកច្រៀង ឬក្នុងវង់ភ្លេងរួមជាមួយនឹងឧបករណ៍ជីងរៀង ឬចាប៉ីឃ្លោក និងដ្រួ ឬខ្លុយ។ ជនជាតិគ្រឹងលេងឧបករណ៍ម៉ឹមក្នុងចម្រៀងមួយចំនួននៃអាយ៉ៃហាំប៊ុង និងរបាំដូចជារបាំយុវ័នរួមសាមគ្គី និងប៊ុនហ៊ាជាដើម។

ជនជាតិគ្រឹងក្នុងខេត្តរតនគិរី

ខេត្តរតនគិរី ស្ថិតនៅតំបន់ផ្នែកឦសាននៃប្រទេសកម្ពុជា ​ចម្ងាយប្រមាណ៥១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ភូមិតងណងឡិ ស្ថិតនៅក្នុងស្រុកអូរជុំ ចម្ងាយប្រមាណ១៩គីឡូម៉ែត្រពីទីក្រុងបានលុង (ទីរួមខេត្តរតនគិរី) ជាភូមិស្ថាននៃជនជាតិភាគតិចគ្រឹង​។

យោងលើបទសម្ភាសន៍របស់ក្រុមស្រាវជ្រាវរបស់យើង ជនជាតិគ្រឹងនៅមានសល់អ្នកដែលចេះលេងឧបករណ៍ម៉ឹមតែមួយចំនួនតូចប៉ុណ្ណោះ។​ អ្នកដែលចេះលេងម៉ឹមទាំងនេះ រៀនសូត្រឧបករណ៍នេះពីឪពុក ឬគ្រូចាស់ៗដែលនៅក្នុងសហគមន៍។ យុវជនគ្រឹងនាពេលបច្ចុប្បន្នហាក់ដូចជា ពុំសូវមានចំណង់នឹងរៀនសូត្របន្តលើឧបករណ៍នេះឡើយ។ នេះជាកត្តាព្រួយបារម្ភមួយលើវាសនាអនាគតរបស់ឧបករណ៍ម៉ឹមដ៏មានតម្លៃ ព្រោះឧបករណ៍ម៉ឹមជាឧបករណ៍ប្រវត្តិសាស្ត្រដូចដែលបានរៀរាប់ខាងលើថា ជាឧបករណ៍មួយឆ្លាក់នៅលើជញ្ជាំងសិលាប្រាសាទបាយ័នតែមួយគត់។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!