ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៧)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៧)

  •     អូ ! អូ ! អូ !
  • បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាឲ្យខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា៖
  • អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់ រត់ពីកណ្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំង នឹងបង ឥឡូវត្រូវការ អូនហ៊ានយកកាំបិត មកបុកត្រង់ដង្ហើមបង ឲ្យស្លាប់ទៅ មិនគប្បីមកដោះលែងបង ដោយលួចលាក់ទេ។ នាងយំឱបដៃខ្ញុំ ដែលជាប់ចំនង និយាយខ្សឹកខ្យួលថា៖
  • ច៎ាះ ប្អូនសូមទោសបង ប្អូនជាមិត្ដនឹងបង ដែលមកដោះបងនេះ។ ជាកិត្ដិយសមួយ របស់ប្អូន ដោយបានជួយជីវិត អ្នកស្នេហាជាតិម្នាក់។ ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយនឹងបង មិនបានវែងឆ្ងាយទេ។ តែប្អូន សូមបងជ្រាបថា សព្វថ្ងៃនេះ ប្អូនជាមនុស្ស។ ពួកនេះ បង្កឲ្យស្រុកយើង បង្ហូរឈាមគ្នា កាប់សម្លាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ ។ ឱបង ! បង ! ពាក្យថាសង្រ្គាមៗ ធ្វើឲ្យប្អូនជាស្រីក្រៀមក្រំជានិច្ច ក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ?» ប្អូនចង្អៀតចិត្ដណាស់ បង។

ខ្ញុំឆ្លើយតបថា៖

  • ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដ ត្រាណដែរ។ ដើម្បីឲ្យបានសុខនេះ លុះត្រាតែស្រុក ត្រូវបានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចម្បាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែ នៅតែកើត។ ចម្បាំងនេះ ពុំមែនធ្វើឲ្យប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . . ។
  • ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចម្បាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំ សព្វថ្ងៃនេះ»។
  • បងមិនទៅណាទេ!
  • ទេ ! ទេ! សូមបងអាណិតប្អូន អញ្ជើញទៅចុះ ទុកជីវិតបង ដើម្បីបម្រើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដ ខ្មែររាល់គ្នា ឲ្យបានសម្រេចទៅចុះ។
  • ប្អូនជាខ្មែរ ឬ ខ្មាំង ?
  • ច៎ាះ ! ប្អូនជាខ្មែរ!
  • បងទៅណាមិនរួចទេ បងចង់ស្ដាប់សម្ដីអូន ចង់ស្លាប់រស់ជាមួយអូន។
  • ទេ ! បងអាណិតខ្មែរទាំងពួងផង ដ្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ។

នារីយំសោក ស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំ ពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើឲ្យខ្ញុំទៅណារួច បើខ្ញុំទុកស្រីកម្សត់នេះ ជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ ។ ឱ ! រាត្រីកម្សត់។ លោកគ្រូ ! ខ្ញុំសូមសម្រក់ទឹកភ្នែក មួយតំណក់ចុះ នៅលើសេចក្ដីស្នេហា ដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះ ជីវិតខ្ញុំជិតស្លាប់ហើយ។ យើងចេញដំណើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំង ដេញតាមជាប់ពីក្រោយ។ ឱលោកគ្រូអើយ ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់ ដូចពេលនោះសោះ ។ ខ្មាំងក៏កាន់តែជិតមក ជិតមក។ ខ្ញុំដកព្រួញបាញ់វិញ ដោយប្ដេជ្ញាថា ឲ្យស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណ មួយសន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ ! ពេលនោះព្រួញអាសិរពិសមួយ យ៉ាងកំណាច ស្ទុះមកត្រូវនាងចំកណ្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរណី ។ ខ្ញុំឱបនាង។ នាងយំ ដោយខ្សឹកខ្សួល ប្រាប់ថា៖

  • បងសម្លាញ់ប្អូន ?

ខ្ញុំខ្សឹបប្រាប់វិញថា៖

  • បងស្រលាញ់អូន !

នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាម មួយរំពេច។ បាទ ឱ ! ស្លាប់ទៅៗ។

នាយគី គ្រវីក្បាល។

មានន្ទអង្អែលខ្នងសួរថា៖

  • ចុះយ៉ាងណាទៀត ?
  • បាទ !ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខ គិតតែពីប្រលូកគ្មានថយ រហូតដល់ ខ្មាំងស្លាប់អស់ជាច្រើន ដួលរណោងលើដី ឆ្លៀតឱកាសនោះ ខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ ។ តាំងពីនោះមក ខ្ញុំលែងចង់បានប្រពន្ធទៀតហើយ។

សូរជើងសេះមួយ លាន់ឮឡើង ។ នាយគី ផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែត ទៅខាងក្រៅ។ ក្នុងងងឹត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវ នៅលើដើមទ្រូងអ្នកជិះសេះ ជាស្រេច។

  • អ្នកណា ?
  • អញ!
  • អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានឲ្យដំណឹងអញមុន . . .។

នាយកោប លោតពីលើខ្នងសេះ មកឱបអគ្គី យ៉ាងស្និទ្ធស្នាល។

  • អញរវល់ណាស់ មិនបានឲ្យដំណឹងអ្វីទេ។ មកទៅក្នុង។
  • អាកោបទៅមិនបានទេ ឈប់ ! អាកោប អាឯងហ៊ានតែចូល អញសម្លាប់ឯងចោលឥឡូវនេះ។
  • អាឆ្កួត ! មានការ។
  • ការអី ?
  • អញមកប្រាប់លោកគ្រូ។
  • យី ! ម៉េចអាឯងដឹង ?
  • ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់។
  • ឈរនៅហ្នឹងហើយ ចាំអញទៅជម្រាបគាត់ជាមុនសិន។

ពេលនោះ សម្លេងមានន្ទលាន់ឮឡើង ពីលើគ្រែក្នុងបន្ទប់៖

  • អ្នកណា កោបឬ ?
  • បាទ !
  • គីឲ្យកោបចូលមក !

នាយគីរុញស្មានាយកោប ឲ្យចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព៖

  • ខ្ញុំបាទមកនេះមានការប្រញាប់ណាស់ ។ លោកតាគិរីសុមេរុ ឲ្យខ្ញុំមកជម្រាបលោកគ្រូថា «គេបានចាត់ទ័ពសេះ មកតាមចាប់លោកគ្រូ ចំនួន១២នាក់»។
  • កោបឯងភ័យ ឬ គ្នាប៉ុណ្ណឹង?
  • បាទទេ!
  • គី ?
  • បាទ ទេ !
  • កោប ?
  • បាទ !
  • ត្រៀមខ្លួន!

នាយកោបញាក់មុខឆ្លើយថា៖

  • បាទ!

មានន្ទក្រោកអង្គុយ ហាក់ដូចគ្មានឈឺអ្វី។

  • បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់។
  • បាទ !
  • បាទ !

មានន្ទសួរទៀតថា៖

  • អ្នកណានាំមក ?
  • និលពេជ្រ!
  • អៃយ៉ា ! ទុកនិលពេជ្រឲ្យមកខ្ញុំចុះ កាលណាវាមកដល់។

នាយកោបងក់ក្បាល។

  • បាទ ! មិនយូរទេ ប្រហែលបន្ដិចទៀត ព្រោះខ្ញុំឮសូរជើងសេះ តែពីក្រោយខ្ញុំគគ្រឹក។
  • អឺ ! មិនជាអីទេ ។ ឥឡូវ ទៅរាំងទ្វាររបងឲ្យជិត។ កោបនៅម្ខាង គីនៅម្ខាងមាត់ទ្វារនេះ។ ឯខ្ញុំ នៅពួនគុម្ពផ្កាកណ្ដាល។
  • បាទ !
  • មានទ្វារ រត់ទៅតាមក្រោយទេ ?

នាយគឺឆ្លើយថា៖

  • បាទ ! មានផ្លូវសម្ងាត់មួយ។
  • របងគីឯង ល្មមពួកវាចូលបានទេ ?
  • មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែឫស្សី។
  • អឺ ! ល្អ ខ្ជិលទៅណា គឺឯងថយមុន កោបថយក្រោយ។
  • បាទ !
  • បាទ !
  • យើងវាយតដៃ ដើម្បីដោះខ្លួន ទៅតាមទ្វារក្រោយណ៎ា !
  • បាទ!
  • បាទ!
  • ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម។
  • ទល់ដែន!
  • ទល់ដែន !
  • កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !
  • បាទ !
  • បាទ !
  • ឥឡូវ ទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះឮសូរជើងសេះ មកដល់ហើយ។

និលពេជ្រ នាំទ័ពបំផាយសេះ យ៉ាងលឿន ទាំងកណ្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពល ដែលមកជាមួយ តើអ្នកណាស្គាល់ផ្ទះនាយគី នៅរហាត់ទឹក ។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា៖

  • បាទស្គាល់។

បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាន នៅជិតនេះ គ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គីនេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហាន ឲ្យបំបោលសេះ កាត់វាលតម្រង់ទៅភូមិរហាត់ទឹកតែម្ដង ទើបឆាប់ការ។ ក្នុងដំណើរ ដ៏ស្រូតរូតនេះ អ្នកឮសូរជើងសេះមួយ ខាងមុខដែរ តែអ្នកនឹកស្មានថា ជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។ គ្រោងការណ៍មួយវាត់ភ្លែត ក្នុងបញ្ញាអ្នក គឺគ្រោងការណ៍ឡោមចាប់មានន្ទឲ្យបាន។

លុះបានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាឲ្យទាហានទាំងអស់ ចុះពីលើខ្នងសេះរៀងខ្លួន រួចឲ្យសានដើរលបៗ ទៅស្ដាប់មើល។ នាយសាន ថ្វីដ្បិតតែធ្លាប់តយុទ្ធ មកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះ ក៏នៅមានសេចក្ដីតក់ស្លុត យ៉ាងខ្លាំង។ បេះដូងគាត់ញ័រ រំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗ ទៅមុខ ត្រាតែបានទៅដល់ផ្ទះអគ្គី ដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វីសោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ ប្រាប់និលពេជ្រវិញ។

  • ម៉េចមានឃើញអ្វីខ្លះ ?
  • ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ។
  • ប្រហែលមានមនុស្សទេ ?
  • ប្រហែលដេកលក់អស់ហើយ។
  • បើដូច្នោះទៅ !

 (សូមរងចាំតាមដានភាគទី២៨ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!