កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ក្រុមការងារក្រសួងបរិស្ថាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ បានចុះទៅទទួលសិលាចារឹកពីប្រជាពលរដ្ឋនៅជើងភ្នំត្បែង ក្នុងខេត្តព្រះវិហារ មករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។
សិលាចារឹកមួយផ្ទាំងនេះ រកឃើញនៅក្នុងចម្ការដំឡូងមី ក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រះឃ្លាំង ត្រង់ទីតាំងឈ្មោះអូរទឹកស ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ម្ចាស់ចម្ការឈ្មោះ ឡន លាន់ បានបញ្ជាក់ដំណឹងឱ្យបានដឹងថា គាត់ធ្វើចម្ការនៅទីតាំងនេះជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពុំដែលប្រទះឃើញផ្ទាំងសិលាចារឹកនេះឡើយ។ នៅក្នុងឆ្នាំនេះ ក្រោយពេលគាត់បានភ្ជួរចម្ការដូចសព្វមួយដង ក៏ពុំបានដឹងថាមានសិលាចារឹកដែរ លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ប្រពន្ធរបស់គាត់ឈ្មោះ សិត ទើង បានដើរដាំដំឡូងមី ទើបប្រទះប៉ះចំផ្ទាំងសិលាចារឹកនេះ និងបានដាំបញ្ឈរនៅទីតាំងរកឃើញនោះ។ បន្ទាប់មក លោក ឡន លាន់ បានបញ្ជូនរូបភាពសិលាចារឹកនេះទៅលោក សា ឌីណា ជាប្រធានក្រុមយុវជនកម្ពុជាអស្ចារ្យ (Cambodia Amazing) ដែលធ្លាប់បានពន្យល់ណែនាំលោក ឡន លាន់ អំពីសម្បត្តិបេតិកភណ្ឌធម្មជាតិនិងវប្បធម៌ នាពេលកន្លងមក។ លោក សា ឌីណា ក៏បានបញ្ជូនរូបថតសិលាចារឹកដែលរកឃើញនេះជូនឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ដោយក្ដីស្រឡាញ់និងខ្វាយខ្វល់ចំពោះសម្បត្តិបេតិកភណ្ឌជាតិ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានឱ្យក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានសហ-គមន៍មូលដ្ឋាន ស្នើសុំកិច្ចសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះទៅទទួលយកសិលាចារឹកមួយផ្ទាំងនេះ មករក្សាទុកនៅសារមន្ទីរជាតិ ដោយជោគជ័យនិងផ្លែផ្កា។
សិលាចារឹកនេះ មានរាងជាសន្លឹកសីមា សាងអំពីថ្មភក់ មានកម្ពស់ ៩០ ស.ម. បន្ទារអតិបរមា ៤៥ ស.ម. និងកម្រាស់អតិបរិមា ១១.៥ ស.ម.។ សិលាចារឹកនេះ មានអត្ថ-បទចារឹកទាំង៤ជ្រុង។ ភាសាប្រើប្រាស់នៅក្នុងសិលាចារឹកនេះ គឺភាសាសំស្ក្រឹត (ចារជាកំណាព្យ) និងភាសាខ្មែរបុរាណ។ តាមទម្រង់អក្សរ សេចក្ដីក្នុងអត្ថបទ និងកាលបរិច្ឆេទដែលរលុបពុំច្បាស់ យើងអាចសន្និដ្ឋានបានថា អត្ថបទចារឹកនេះ ចារនៅក្នុងអំឡុងពាក់កណ្ដាលទី២ នៃស.វ.ទី១០ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវម៌្មទេវ(រាជេន្ទ្រវរ្ម័ន)។
នៅជ្រុងទី១ មានអក្សរចារឹកចំនួន២៦បន្ទាត់ ចារជាកំណាព្យសំស្ក្រឹត២៥បន្ទាត់ និងខ្មែរ១បន្ទាត់ ចារបញ្ឈរនៅផ្ទៃខាងឆ្វេង។ អត្ថបទនៅជ្រុងទី១នេះ មានសភាពល្អប្រសើរ ប៉ុន្ដែនៅផ្ទៃខាងស្ដាំផ្នែកខាងក្រោម ផ្ទៃថ្មខូចខាតដាច់បាត់អត្ថបទខ្លះៗ ចំនួន៧បន្ទាត់។ នៅជ្រុងទី២ មានអក្សរចារឹកចំនួន៣៣បន្ទាត់ ចារជាសំស្ក្រឹត១៩បន្ទាត់ផ្ដេកលើផ្ទៃទទឹងនៃសិលាចារឹក ១បន្ទាត់ទៀតចារបញ្ឈរ និងចារជាភាសាខ្មែរបុរាណ១៣បន្ទាត់។ នៅជ្រុងទី២នេះ ផ្ទៃថ្មសឹករេចរឹលខូចខាតដោយធម្មជាតិស្ទើរតែទាំងស្រុង បណ្ដាលឱ្យអត្ថបទចារឹកនៅសល់ប្រមាណ២០ភាគរយប៉ុណ្ណោះនៃអត្ថបទដើម ជាហេតុនាំឱ្យយើងពុំអាចអានអត្ថបទបានទាំងស្រុងឡើយ។ ការខូចខាតនេះ នាំឱ្យបាត់បង់ទិន្នន័យនិងព័ត៌-មានសំខាន់ជាច្រើន។ ជ្រុងទី៣ ជាជ្រុងកម្រាស់សិលាចារឹក មានចារឹកភាសាខ្មែរបុរាណចំនួន៣៥បន្ទាត់ មានសភាពល្អ ដែលយើងអាចអាននិងយល់សេចក្ដីបានទាំងស្រុង។ នៅជ្រុងទី៤ ដែលជាជ្រុងកម្រាស់សិលាចារឹកម្ខាងទៀត មានចារឹកអត្ថបទភាសាខ្មែរ ចំនួន៨បន្ទាត់ ដែលអក្សរនៅជ្រុងនេះចារពុំសូវជ្រៅល្អ ប៉ុន្ដែយើងអាចអាននិងយល់សេចក្ដីបានទាំងស្រុងផងដែរ។
អត្ថន័យសង្ខេបនៃសិលាចារឹកអូរទឹកស
ជ្រុងទី១
អត្ថបទចាប់ផ្ដើមដោយបទនមស្ការចំពោះព្រះឥសូរ និងរៀបរាប់ពីព្រះមហាក្សត្រសម័យមុនអង្គរចំនួន៣ព្រះអង្គ មានព្រះបាទរុទ្រវម៌្ម (រុទ្រវរ្ម័ន) និងបុត្រីកៅណ្ឌិន្យ, ព្រះបាទភវវម៌្ម(ភវវរ្ម័នទី២?) និងព្រះបាទជ័យវម៌្ម(ជ័យវរ្ម័នទី១)។ បន្ទាប់មករៀបរាប់ពីព្រះមហាក្សត្រសម័យអង្គរចំនួន៦អង្គ មានព្រះបាទយសោវម៌្មទេវ(យសោវរ្ម័នទី១) ព្រះបាទហស៌វម៌្មទេវ(ហស៌វរ្ម័នទី១) ព្រះបាទឥសានវម៌្មទេវ(ឥសានវរ្ម័នទី២) ព្រះបាទជ័យវម៌្មទេវ(ជ័យវរ្ម័នទី៤) ព្រះបាទហស៌វម៌្មទេវ(ហស៌វរ្ម័នទី២) និងព្រះបាទរាជេន្ទ្រវម៌្មទេវ(រាជេន្ទ្រវរ្ម័ន)។ ចំណែកឯមួយបន្ទាត់ជាភាសាខ្មែរ ចារប្រាប់ឈ្មោះស្រុកភទ្រក្សេត្រ និងអ្នកបម្រើប្រុសស្រី
ដែលគេថ្វាយចំពោះប្រាសាទ។
ជ្រុងទី២
នៅជ្រុងនេះ ផ្នែកភាសាសំស្ក្រឹតបានរៀបរាប់អំពីព្រាហ្មណ៍មួយអង្គ ដែលបានដាច់បាត់ឈ្មោះ ទំនងជាព្រាហ្មណ៍សិវាចារ្យ(?) ដែលមានចារនៅបន្ទាត់បញ្ឈរ។ នៅក្នុងអត្ថបទភាសាខ្មែរ មានចុះកាលបរិច្ឆេទពីរកន្លែងដែលសឹករេចរឹក ពិបាកមើល។ កាលបរិច្ឆេទនោះ ទំនងជាមហាសករាជ ៨៧៤ (៩៥២ គ.ស.) និង ៨៧៥ (៩៥៣ គ.ស.) និងព្រះនាមព្រះបាទរុទ្រវម៌្ម(រុទ្រវរ្ម័ន) និងភវវម៌្ម(ភវវរ្ម័នទី២)។ អត្ថបទនេះក៏បានបង្ហាញពីទេពនិងប្រាសាទព្រះនាម «រុទ្រធារេសូរ» (រុទ្រធារេឝ្វរ) ដែលជាព្រះនាមរបស់ព្រះឥសូរផងដែរ។ ព្រះនាមទេពអង្គនេះ ពុំធ្លាប់ជួបប្រទះនៅក្នុងសិលាចារឹកខ្មែរពីមុនមកឡើយ។ យើងពុំទាន់មានភស្ដុតាងបញ្ជាក់ឱ្យបានច្បាស់ថា តើប្រាសាទរបស់ទេពអង្គនេះ មានទីតាំងស្ថិតនៅទីណានៅឡើយទេ។ ក្រៅពីនេះក៏សង្កេតឃើញមានពាក្យដែលបញ្ជាក់ពីតង្វាយថ្វាយចំពោះទេពរុទ្រាធារេសូរ មានដូចជាភូមិស្រុក និងអ្នកបម្រើប្រុសស្រីជាដើម។
ជ្រុងទី៣
នៅជ្រុងនេះ ជាអត្ថបទភាសាខ្មែរ ដែលបង្ហាញតង្វាយរបស់ម្រតេញ៑សិវាចារ្យ មានស្រុកឈ្មោះ «សិវោទយនិវាស» និងដីស្រែពីរកន្លែង ព្រមទាំងអ្នកបម្រើប្រុសស្រីចំនួន៥នាក់។ ស្រុកឈ្មោះ «ភវក្សេត្រ» និងអ្នកបម្រើស្រីប្រុស៥នាក់។ អ្នកបម្រើប្រុសស្រីចំនួន១២នាក់ទៀត ជាអ្នកនៅសិវាល័យនិងព្រៃផ្ដៅ។
ជ្រុងទី៤
នៅជ្រុងនេះ ជាអត្ថបទភាសាខ្មែរ បង្ហាញពីតង្វាយរបស់ម្រតាញកុរុងរណគជ៌ិត(?) រួមមានស្រែ ត្រពាំង អណ្ដូងទឹក អ្នកបម្រើ១៧នាក់ និងក្របី១នឹម។
អត្ថបទដែលលើកមកបង្ហាញនេះ គ្រាន់តែជាព័ត៌មានបឋមអំពីអត្ថន័យសិលាចារឹកនេះប៉ុណ្ណោះ។ សិលាចារឹកនេះ កំពុងសិក្សាលម្អិតដោយអ្នកនាងបណ្ឌិត ឆោម គន្ធា លោកសាស្ត្រាចារ្យ ដូមីនិក ហ្គុដ្ដល្ល (Dominic Goodall) និងលោក ហ៊ុន ឈុនតេង៕
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង