បើយើងហ៊ាន ខ្មាំងខ្លាចយើងវិញ ។ នៅពេលតស៊ូ ឬខ្មាំងសម្លាប់យើង ឬយើងសម្លាប់ខ្មាំង។ មានតែពីរយ៉ាងនេះទេ។ ក្រៅពីនេះ មានន្ទនិយាយអំពីវិន័យដែលត្រូវកាន់ គឺកុំធ្វើបាបដល់អ្នកស្រុក កុំសម្លាប់ខ្មែរគ្នាឯង វាយចោះយកតែខ្មាំងពិតៗ ។ល។ អ្នកទាំងអស់គ្នាស្តាប់ដោយរំភើបញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំង ។ លុះដល់បរិភោគអាហាររួច មានន្ទក៏និទ្រ្ទាលក់ស្កប់ស្កល់។ មហាកាលដាក់យាមដើរមើលនាយអាយ រួចទើបចូលនិទ្រ្ទាដែរ។ ភ្លើងភ្នក់ក៏រលត់ឈឹង ។ យប់ដំបូងនៃការបដិវត្តន័ក៏ចាប់ផ្តើមឡើង។ មាន់រងាវភ្លឺស្រាងៗ ។ មានន្ទភ្ញាក់នឹងសម្រែកទាហានយាម ដែលឮសូរអូយៗ ដោយព្រួញអសិរពិសមួយរត់មកបុកចំដើមទ្រូង។ មហាលស្ទុះលោតច្រងាង ស្រែកឡើងទាំងញីភ្នែកស្រពេចស្រពិលថា : ត្រៀមៗ។ មិនយូរប៉ុន្មានទ័ពនិងទ័ពទល់មុខគ្នា។ ព្រួញបាញ់ទៅបាញ់មកគ្មានឈប់ឈរ ។ ខាងខ្មាំងយើង សូរមាត់និលពេជ្រ ដែលបញ្ជាឲ្យចូលៗ ។ យូរៗកងទាហាននិលពេជ្រដួលច្រងាងៗ ។ ព្រួញរត់ធ្លាក់ដូចគ្រាប់ភ្លៀង។ មានន្ទនិយាយទៅមហាកាល នាយកោប និងអគ្គីថា :
- ពួកវាច្រើនណាស់ ។ តាមស្មានជាងមួយរយនាក់ ។ តែយើងតស៊ូទាល់តែឈ្នះដៃ ពីព្រោះបើយើងចាញ់ក្នុងពេលនេះ មុខជាយើងកទ័ពមិនកើតឡើយ។
មហាកាលសើចបណ្តើរ យិតធ្នូរបញ់បណ្តើរដោយស្រែកថា :
- ទៅហើយវើយ ! អាម៉ាក !
សូរមាត់ទាហានទាំងសងខាងលាន់ឮទ្រហឹងអឺងកងតិះដៀលគ្នា ។ គិតទៅរឿងសង្រ្គាមវាជារឿងសប្បាយវិញ។ មនុស្សម្នាក់ៗលែងគិតស្លាប់លែងភិតភ័យ លែងនឹកនាអ្វីឡើយ។ មានន្ទលុះឃើញថា គ្រាប់ខាងខ្លួនថយហើយ ក៏បញ្ជាថា :
- បាញ់មួយៗ កនយើង ! បាញ់ចោលយកមួយៗ
នាយកោបដែលនៅចុងស្រែកថា :
- ប្រយ័ត្ន ! ចុងចែងខាងឆ្វេង ពួកវាឡើងខាងនេះហើយ !
អគ្គីស្រែកថា :
- មិនអីទេ! ឲ្យវាមកច្រើនចុះស្រួលបាញ់។
មហាកាលបង្កូកឡើងថា :
- បាញ់អាកូន បាញ់ឲ្យអស់ដៃ។
ទ័ពទាំងពីរក៏កាន់តែជិតគ្នាឡើងៗ ។ ពលរេហ៍ខាងនិលពេជ្រស្លាប់ដេរដាស ឈាមហូរក្រហមឆ្អៅលើប្រថពី។ ខាងមានន្ទស្លាប់បីនាក់ថែមទៀត រួចរបួសប្រាំនាក់ ។ តែអ្នកដែលរបួសទាំងប៉ុន្មាននៅតែតស៊ូពុំព្រមឈប់ឡើយ។ មានន្ទស្រែកបញ្ជាវ៉ាសឡើងថា :
- ចូល ! អាកូន អាវុធនៅដៃចូល!
អ្នកទាំងអស់គ្នាគ្រវាត់ស្នាចេញចាប់ដាវ ស្ទុះសំរុកទៅរកគូសត្រូវ ទីសមរភូមិក៏ក្លាយទៅជាទីប្រកាប់ប្រចាក់វិញយ៉ាងអស្ចារ្យ ។ មានន្ទស្ទុះទៅរកនិលពេជ្រទៀត។ មហាកាលត្រូវគេរោមដូចមមង់។ នាយកោប អគ្គី ក៏កាប់យ៉ាងម៉ឺងម៉ាត់។ ជនទាំងពីរក្រោយនេះ ញាក់មុខដាក់គ្នាធ្វើគួរឲ្យចង់សើច។ កងខាងនិលពេជ្រ វិនាសអស់ជាងពាក់កណ្តាលទៅហើយ ។ ខាងមានន្ទដែលពីដើមហាក់តឹងឥលូវបានធូរ ហើយសង្ឃឹមថា មានជ័យជំនះនៅចុងបំផុតមិនខាន។ អ្នកបែរមើលគ្នា អ្នកឃើញនៅសល់ប្រាំនាក់គត់។
អ្នកញញឹមជានិច្ច។ ខាងសត្រូវនៅសល់គ្នាប្រមាញសាមសិបនាក់ទេ។ មានន្ទនិយាយទៅកាន់និលពេជ្រថា :
- ម៉េចពេជ្រ ស្គាល់ដៃមានន្ទហើយឬនៅ?
និលពេជ្ររងបណ្តើរ ឆ្លើយបណ្តើរ :
- ខ្ញុំមានកិត្តិយសណាស់ ដោយបានប្រយុទ្ធផ្ទាល់ដៃឯងជាមួយមេទ័ពខ្មែរម្នាក់។
- គួរដែរ! ដាវជាងដប់ទល់នឹងដាវមួយ។
ក្នុងពេលនោះមហាកាលស្រែកឡើងថា :
- លោកគ្រូ ! កាត់ !
មានន្ទក្រឡេកកន្ទុយភ្នែកទៅក្រោយខ្នង ឃើញទាហានម្នាក់កាន់កាំបិតស្ទុះស្លុងមក។ អ្នកគេចភ្លែត ទាហាននោះជ្រុលទៅចំដាវនិលពេជ្រ ។ ឆ្លៀតឱកាសនោះ មានន្ទវាត់ដាវម៉ាំងទៅត្រូវដៃស្តាំនិលពេជ្រ ដែលដូរផ្កាប់មុខឈាមហូរស្រស្រាក់។ នាយកោបបន្លឺឡើងថា :
- ជយោ ! លោកគ្រូ ! ដួលមេហើយវើយ !
និលពេជ្រស្ទុះឡើងយ៉ាងប្រញាប់កាត់ដាវមានន្ទ ដែលកាប់បន្ថែមផ្តាច់ព្រ័ត្រ។ តែសំណាងល្អនិលពេជ្រក្រោកឈរវិញបាន សូរដាវក៏លាន់ឮប៉ែសៗដដែល ។ មានន្ទសើចនិយាយថា :
- ឥឡូវសល់តែប្រាំពីរនាក់ទេ រួចពេជ្រឯងរបួសទៀតផង ។
- ស្លាប់នឹងដាវមេទ័ពជាការធម្មតាទេ តែប្រយ័ត្នមេទ័ពស្លាប់នឹងពេជ្រនិលវិញណា ! មិនដឹងទៅជាយ៉ាងណាទេ……
- ការស្លាប់ជាការធម្មតា ។
នាយកោបស្រែកថា :
- វាយផ្តាច់ព្រ័ត្រវើយ ! កនយើង !
សូរសង្រ្គាមក៏ឮងឹងឡើងដូចមុនដំបូង ។ និលពេជ្រមានចិត្តភ័យបារម្ភយ៉ាងខ្លាំង ។ ខាងមានន្ទនៅសល់ប្រាំនាក់។ ខាងខ្លូននៅដប់ប្រាំនាក់គត់ ។ ឥឡូវកោបកំហែងវាយផ្តាច់ព្រ័ត្រទៀត។ និលពេជ្របញ្ជាឡើងថា :
- ស៊ូកនយើង ! ប្តូរកនយើង !
មានន្ទបន្លឺថែមឡើងថា :
- វាយផ្តាច់ព្រ័ត្រ !
រួចគឺសូរមាត់មហាកាល មាត់អគ្គីដែលឆ្លើយតែមួយពាក្យ “វាយផ្តាច់ព្រ័ត្រៗ” ។ ខាងនិលពេជ្រ របេះដល់ប្រាំនាក់ទៀតជាបន្ទាប់នោះ ។ ណាឈាមហូរនៅដៃស្តាំយ៉ាងខ្លាំង និលពេជ្រមើលឃើញ សេចក្តីស្លាប់នៅខាងមុខជាប្រាកដ ។ មានន្ទនិយាយថា :
- ម៉េចពេជ្រ ! ល្មមចុះចាញ់ទេ ?
- ពេជ្រមិនដែលចុះចាញ់អ្នកណាទេ !
- ហាសៗ ! ស៊ូមែន ប្រុង ៗ ៗ !
ពេជ្រទន់ដៃអស់ទៅហើយ ។ អ្នកដួលរមៀលខ្ពោកនៅដីក្រោមចុងដាវមានន្ទ ដែលខ្លាំងដូចភ្នំ។ ស្រាប់តែជើងសេះលាន់ឮគគឹកមក ។ ពេជ្រប្រឹងកាត់នឹងដាវមានន្ទជាចុងក្រោយបង្អស់ ។ ទ័ពសេះស្រែកហ៊ោទ្រហឹងអឺងកង ។ មានន្ទក្រឡេកឃើញ ស្រែកថា :
- ប្រុងកនយើង ប្រុងវិញម្តង ពួកវាមកទៀតហើយ ។
មានន្ទស្ទុះទៅជិតមហាកាល បញ្ជាក់ថា :
- ឲ្យកោប អគ្គី មកជិតយើងមក ឆាប់ៗ ។
មហាកាលបញ្ជាក់ថា :
- កនយើង ! ទល់ខ្នងគ្នា !
ទ័ពសេះក៏ចុះពីលើអជានេយ្យយ៉ាងរួសរាន់រត់សម្រុកមកទៀត ។ គ្នាមកថ្មីមានចំនួនប្រមាណសាមសិបនាក់ ។ ខាងមានន្ទនៅសល់តែបួននាក់គត់ ដូចមានឈ្មោះមកស្រាប់ ។ ទាំងបួននាក់រាថយ ដំកង់ជារង្វង់មូលទល់ខ្នងគ្នា ។ ការប្រកាប់ប្រចាក់ក៏មានសន្ទុះខ្លាំងឡើងជាថ្មីដដែល ។ ខាងលើព្រះអាទិត្យរះកាន់តែខ្ពស់ណាស់ទៅហើយ ។ ពន្លឺជះកំដៅមកពាសពេញលើពសុធា ។ ជនទាំងបួននាក់ហូរញើសអស់កម្លាំងក្រៃពេក ។ មានន្ទនៅតែសើចនិយាយទៅកាន់មេទ័ពថ្មីខាងខ្មាំងថា :
- ពោធីឯងមិនខែងទេ !
ពោធីខាំធ្មេញពេបមាត់ !
- គេច្បាំងយកឈ្នះណា៎ ! លោកគ្រូ ។
មហាកាលនិយាយថា :
- យើងឈ្នះត្រង់គ្នាតិច រួចសម្លាប់បានច្រើន ។
ពោធីសើច :
- ហាស៎ ៗ យើងឈ្នះត្រង់សម្លាប់បានមេទ័ពក្បត់មួយ ។
មហាកាលស្រែក :
- យ៉ាស
មានន្ទភ័យក្តុកៗ សួរថា :
- ម៉េចកាល ! តបានទេ ?
- បាទ ! បានលោកគ្រូ ។
- ធ្ងន់ទេ ?
- គ្រាន់តែឈាមទេ ។
បន្តិចទៀត កោបលាន់មាត់ថា :
- អូយ !
មានន្ទសួរទៀត :
- ម៉េច កោប ?
- បាទ ! អត់អីទេលោកគ្រូគ្រាន់តែប៉ះមួយដាវទេ ។
ពោធីសើចក្អាកក្អាយ
- ម៉េច ! លោកមេទ័ពដាក់អាវុធទេ ?
- មេទ័ពមួយៗទាល់តែស្លាប់ទើបដាក់អាវុធ ។
- យ៉ាស់ !
មហាកាលសួរ :
- ម៉េច ! លោកគ្រូ ?
- មិនទាន់ស្លាប់ទេ ។
ខាងសត្រូវស្រែកជយោទ្រហឹងអឺងកង ។ មានន្ទចុកចាប់យ៉ាងខ្លាំង ។ អ្នកនិយាយថា :
- វាយ ! កនយើង វាយផ្តាច់ព្រ័ត្រ !
សូរដាវលាន់ឮចែសៗជានិច្ច ។ សូរនេះកាន់តែថយទៅៗបន្តិចម្តងៗ លាន់ឮខ្លាំងវិញ បន្តិចទាបចុះវិញ ។ មានន្ទ មហាកាល នាយកោប អគ្គីនៅតែតយុទ្ធជានិច្ច ។ គួរឲ្យអាសូរណាស់ ខ្លួនជនទាំងបួននាក់ហូរឈាមរហាមជំនួសញើសដែលហូរពីមុនមក។
ដាវខ្លាំងឃើញច្រុះបែកមួយជាពីរព្រឹលភ្នែកអស់ ។ ជនទាំងបួនដួលដូចដំរីត្រូវគ្រាប់។ ជនទាំងបួនគ្រវាសដាវជាចុងបង្ហើយ ។ ជនទាំងបួនប្រឹងឈរតែពុំរួច។ ជនទាំងបួនជ្រោមលើក្បាលអង្គង់ទល់ខ្នងគ្នា ។ ជនទាំងបួនដួលគរលើគ្នាម្តងម្នាក់ៗ ជាទីអវសាន ។
១៤ ព្រះនាងខត្តិយាណី មានន្ទដឹងខ្លួនបើកភ្នែក ក្រោកអង្គុយឡើង ។ ក្នុងកេសាអ្នកហាក់ធីងធោងដូចមនុស្សពុលរលក។ បុរសប្រឹងសញ្ចប់សញ្ចឹង ដើម្បីប្រមូលវិញ្ញាណឲ្យរួមមកកាន់រូបកាយអ្នកវិញ ។ មុខរបួសពីម្សិលធ្វើឲ្យអ្នកចុកចាប់ណែនពេញសព្វសព៌ាង្គកាយស្ទើរលើកដៃជើងពុំរួច។ បុរសងាកឆ្វេង ងាកស្តាំ ស្រាប់តែបើកភ្នែកធំៗ ។ ជុំវិញខ្លួនអ្នក គឺជញ្ជាំងថ្ម តូចថប់ងងឹត ត្រជាក់។ ចិត្តមួយរត់ច្រាលឡើង ។ មើលគ្រែឃើញគ្រែនោះតូចក្រាលចំបើង គាត់ស្ទើរដេកពុំកើត មើលទៅចុងជើងឃើញមានទឹកមួយផើង ទើបអ្នកដឹងខ្លួនថា អ្នកនៅក្នុងគុកទេតើ ។ មុខរបួសដែលឈឺចាប់ទាំងប៉ុន្មានមក ក៏ហាក់នៅពុំទាន់ឈឺស្មើនឹងត្រូវជាប់ជុចដូច្នោះទេ ។ (សូមរងចាំតាមដានភាគទី៣១ នៅសប្តាហ៍ក្រោយ)