ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣១)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣១)

(ព្រះនាងខត្តិយាណី)

មានន្ទដឹងខ្លួនបើកភ្នែក ក្រោកអង្គុយឡើង។ ក្នុងកេសាអ្នកហាក់ធីងធោង ដូចមនុស្ស ពុលរលក។ បុរសប្រឹងសញ្ជក់សញ្ជឹង ដើម្បីប្រមូលវិញ្ញាណឪ្យរួមមកកាន់រូបកាយវិញ។ មុខបុរសពីម្សិលធ្វើឲ្យអញនកចុកចាប់ណែនពេញសព្វសព៌ាងកាយ ស្ទើរលើកដៃពុំរួច។ បុរសងាកឆ្វេង ងាកស្តាំ ស្រាបតែបើកភ្នែកធំៗ។ ជុំវិញខ្លួនអ្នក គឺជញ្ជាំងថ្មតូចថប់ងងឹត ត្រជាក់។​

មិត្តមួយរត់ច្រាលឡើង។ មើលគ្រែឃើញគ្រែនោះតូចក្រាលចំប៉ើង គាត់ស្ទើរដេកពុំកើត មើលទៅចុងជើងឃើញមានទឹកមួយផើង ទើបអ្នកដឹងខ្លួនថា អ្នកនៅក្នុងគុកទេតើ។

មុខរបួសដែលឈឺចាប់ទាំងប៉ុន្មានមក ក៏ហាក់នៅពុំទាន់ឈឺស្មើនឹងត្រូវជាប់ជុចដូច្នេះទេ។ មានន្ទស្ទុះក្រោកក្រញាង ជើងច្រវ៉ាត់មួយខ្សែលាន់ឮរ៉ាវៗ។ អ្នកទោសយើងមើលទៅជើង ឃើញច្រវ៉ាក់ មើលចង្កេះឃើញច្រវ៉ាក់ព័ទ្ធមករុំដើមក មើលដៃជាប់ច្រវ៉ាក់ទៀត។ អៃយ៉ា! អស់ លក្ខណ៍ហើយទេដឹង? 

អ្នកខាំធ្មេញក្រឺត ចងចិញ្ចើមយ៉ាងមាំ។ កំហឹងមួយឆាបឡើង។ មាណពស្ទុះកញ្ច្រោល ប្រឹងផ្តាច់ច្រវ៉ាក់អស់ទំហឹង តែការប្រឹងប្រែងនេះគ្មានបានផលអ្វីទេ។

អ្នកមើលនាយអាយ ក្រែងមានច្រក់ល្មមរត់ពីរណ្តៅទុរកម្មនេះរួចតែទ្វារចេញនោះខ្ពស់ ហើយបិទជិតស្លុងផង។

អ្នកយកជើងឈ្លីដីមើល តើដីនេះទន់ល្មមអាចជ្រែកភៀសខ្លួនបានទេ? ទេ ……ទេ….ដី ជ្រាយទន់ៗ តែគ្មានមធ្យោបាយល្មមជីកដីកាយរូងចេញទៅបានឡើយ។

អាវុធរបស់អ្នកទាំងប៉ុន្មាន គេដកយកអស់ នៅសល់តែខ្លួនមួយដែលហាក់ស្រាលស្ងើកដូច ចំប៉ើងមួយសរសៃ។

មានន្ទក្រោកដើរល្បងមើលថា អ្នកដើរនេះបានតែបីជំហានជុំវិញគ្រែតែប៉ុណ្ណោះ ត្បិតគេ ចាក់សោរជាប់យ៉ាងរឹងប៉ឹង។

សេចក្តីអស់សង្ឃឹមមួយហូរគគុកធ្វើឲ្យបុរសអស់កម្លាំង ហេវដាក់គូទអង្គុយចុះ។ ក្នុងវាល ផុតវិស័យនឹងរើខ្លួននេះ មានន្ទនឹកភ្លែតថា “ទេត្រូវតែតស៊ូ លុះផុតជីវិតគឺកុំសុខចិត្តចាញ់ ខ្នោះនិងច្រវ៉ាក់នេះ”។ គំនិតថ្មីមួយរត់មកដាស់ប្រាប់ថា “​ក្នុងស្ថានការណ៍ដ៏ចង្អៀតចង្អល់ បែបនេះកម្ទេចការនីមួយៗ បើពិនិត្យឲ្យជាក់ទៅនៅគង់មានប្រយោជន៍ខ្លះដែលអាចពូន ឡើងធ្វើឲ្យអ្នកអាចរួចខ្លួនមានសេរីភាពបាន”។

អូមែន! ដំបូងត្រូវតែដឹងថា “ខ្លួននៅត្រង់ណា?”។

អ្នកទោសយើងក៏ងាកមើលជុំវិញខ្លួនម្តងទៀត។ រួចគ្រវីក្បាល។ ទេ! ទេ! មិនដឹងសោះសូន្យ តែម្តង ពីព្រោះណាមួយងងឹតផងណាមួយជ្រៅផង។ ដែលអ្នកដឹងគឺដឹងថា “ខ្លួននៅក្នុង អណ្តូងមរណកម្មមួយតែប៉ុណ្ណោះ”។ ភ័ព្វវាសនានាយ កោប នាយគី និងមហាល តើយ៉ាងដូច ម្តេចអស់ទៅហើយ? ទេ មិនដឹងយ៉ាងណាទេ ព្រោះគ្មានអ្នកណានៅជិតនឹងសាកសួរឡើយ។ មានន្ទរឹតតែតឹងទ្រូងឡើងៗ ជានិច្ច។

ឪ! មនុស្សយើងធ្លាប់ដើរទៅណាមកណាបាន ដល់មកនៅក្រញោនមួយកន្លែងដូច្នេះគ្មាន សេចក្តីលំបាកធំជាងនេះទៅទៀតទេ។ ភ្នែកដែលធ្លាប់មើលគេមើលឯង ឥឡូវមើលឃើញតែ ជញ្ជាំងបួនជ្រុងជុំវិញខ្លួន។ មាត់ដែលធ្លាប់ និយាយកិច្ចការផ្សេងៗ ឥឡូវអស់បាននិយាយ នឹងអ្នកណាទៀតហើយ។ ចិត្តដែលធ្លាប់ស្រលាញ់គ្នីគ្នា ឥឡូវចិត្តមានរបងព័ទ្ធជុំវិញយ៉ាង ជាក់ស្តែង។ ក្នុងលោកនេះ យើងសូមអំពាវនាវដល់យុត្តិធម៌ ចិត្តសង្គ្រោះ និងចិត្តមនុស្សធម៌ ឲ្យមនុស្សកុំធ្វើបាបមនុស្សដោយយកគ្នាមកឃុំឃាំងបែបនេះ ត្បិតគ្មានអ្វីដែលធ្វើចិត្តឲ្យរកាំ ជាងឃើញមនុស្សជាប់ទ្រុងមនុស្ស ដោយអយុត្តិធម៌នោះទេ។

មាត់ទ្វារបើកក្រោកឡើង។

មានន្ទក្រោកងើយទៅលើឃើញ កាមារុំដៃនឹងកំណាត់សចូលមក។ កាមាមានទឹកមុខមាំ សម្លឹងមលមានន្ទមិនប៉ព្រិច តែបុរសនៅមានភាពឈឺពុំទាន់បានស្រួលបួលមែនទែនទេ។ មានន្ទវាត់ជើងម្ខាងឡើងលើគ្រែសម្លឹងមើលកាមាវិញ។ កាមាចុះជណ្តើរមួយៗមកឈរទល់ នឹងមានន្ទ ទាហានបួននាក់ឈរអមកាមា។

កាមានិយាយថា៖

បង! ពេលនេះ បងអស់លក្ខណ៍ហើយ!

មានន្ទដែលចាំសំដីដំបូងរបស់កាមា តាំពីកាលតយុទ្ធគ្នាមក លុះបានឮដូច្នោះពេបមាត់ ញញឹមបន្តិចរួចឆ្លើយថាៈ

អស់លក្ខណ៍ហាសៗ អស់លក្ខណ៍!

កាមាងក់ក្បាល សង្កត់សំឡេងដោយខឹងនឹងសំណើចរបស់មានន្ទ។

អឺ! អស់លក្ខណ៍ជាប្រាកដ!

មានន្ទគ្រវាត់ជើង បែរខ្នងដាក់កាមា និយាយដោយបញ្ចេញសំឡេងមួយយ៉ាងតឹងថា​៖ សូមប្អូនដែលនៅមានលក្ខណ៍នោះរស់នៅឲ្យបានសុខក្នុងអំពើអយុត្តិធម៌ក្នុងក្តីលោកា ក្នុងក្តី សប្បាយ ក្នុងទុក្ខរបស់អ្នករាល់គ្នា ក្នុងឈាមរបស់អ្នកតស៊ូ ក្នុងញើសអ្នកស្រុកចុះ។ តែដោយ អនុគ្រោះ បងប្រាប់ប្អូនថាបន្តិចទៀតប្អូនហែលទឹកញើស និងឈាមនេះ រួចលង់ឈ្លក់លិច ស្លាប់មិនខាន។

(សូមរងចាំតាមដានភាគទី៣២ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!