ទំព័រដើមប្រវត្តិសាស្ត្រពីសិលាចារឹក​ទៅជាយ័ន្ត

ពីសិលាចារឹក​ទៅជាយ័ន្ត

កាលឆ្នាំ​២០១៣ ខ្ញុំបានទទួលរូបភាព​សិលាចារឹកមួយនេះពីលោក រុំ សិរីវិបុល។ ​លោកទទួលបានរូបនេះ​ពីបងស្រីជីដូនមួយរបស់លោកឈ្មោះ កង ស្រីនាង ជាអ្នក​​ប្រកប​​អាជីវកម្ម​​ថតចម្លងឯកសារ​នៅឃុំបែកចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល។ កាលនោះ មានបុរសចំណាស់ម្នាក់ យករូបនេះមក​ថត​ចម្លង​និង​អ៊ុត​ផ្លាស្ទិក​​រឹង ធ្វើជាយ័ន្តសម្រាប់​ដាក់​តាម​​ខ្លួ​ន​ឱ្យបានសេចក្ដីសុខសប្បាយ និងរកស៊ីមានបាន។

អត្ថបទ​ចារឹកនេះមានអក្សរចំនួន៥បន្ទាត់ និង​អាចកំណត់បានយ៉ាង​ច្បា​ស់​ថាជាអក្សរនិងភាសាខ្មែរ​សម័យមុនអង្គរ។ ផ្អែកលើលក្ខណៈតួអក្សរ​ យើ​ង​អាច​ប៉ាន់ប្រមាណ​ថាសិលាចារឹកនេះចារនៅចន្លោះ​ចុងស.វ.ទី៧និងស.វ.៨គ.ស.។ ថ្មដែ​ល​ជ្រើសរើសមកចារ ទំនងជាប្រភេទថ្មថ្លើមអណ្ដើក ឬថ្មស្រទាប់ ដែល​យើងតែងប្រ​​​ទះឃើញជាទូទៅនៅសម័យ​មុនអង្គរ ជាពិសេស គឺនៅតំបន់ភាគត្បូងប្រ​ទេ​ស ​ក្នុងខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងកំពត។ រូបរាងថ្មនេះគួរតែជា​សន្លឹ​ក​សីមាដែលមានទម្រង់តាមធម្មជាតិ ពុំបានរចនារូបរាងនោះឡើយ។ ផ្នែកខាងលើ​អត្ថបទ​មានឆ្លាក់រូបចក្រមួយដែលផ្នែកខាងក្រៅរង្វង់ មានសញ្ញារាងត្រីកោ​ណឬផ្លែចក្រ​ មានសណ្ឋានប្រហាក់ប្រហែលនឹងត្របកផ្កាឈូកចំនួន២៦។ បន្ទាប់មកមានខ្សែវ័ណ្ឌពីរ ឯផ្ទៃខាងក្នុងឆ្លាក់កាំចក្រចំនួន៨ ចំផ្ទៃកណ្ដាលចក្រមានឆ្លាក់រង្វង់តូចដែលមានដុំមូលនៅខាងក្រៅចំនួន៨ ព័ទ្ធជុំវិញខ្សែវ័ណ្ឌមួយខ្សែ​។ យើងបានប្រទះឃើញ​សិលាចារឹក​ដែលមានសញ្ញា​ចក្រ​នៅខាងលើដូចគ្នានេះដែរ គឺសិលាចារឹក​មក​ពីស្នាយពល K.៦៦ខ​ និងមួយទៀ​ត​​ជាសិលាចារឹក​មកពីអង្គរបុរី K.១២១៦​ ដែលមាន​រូប​ចក្រ សង្ខ ត្រីសូល និង​វជ្រ​។​ នៅខាងក្រោមរូប​ចក្រ មានរចនាជាខ្សែបន្ទាត់ផ្ដេកមានក្បាច់ពងត្រីចំនួន៤៤​។ ការរចនាខ្សែបន្ទាត់ជាក្បាច់​ពងត្រី​បែបនេះ យើងប្រទះឃើញច្រើន​ណាស់នៅសម័យមុនអង្គរដូចជា៖ K.៧៩, K.៣៦៧, K.៦៨៩, K.៧៨៤, K.៧៩០, K.៩៤០, K.១១៥០ និងក.២៧១៨ ជាដើម។

អត្ថន័​យសិលាចារឹកខ្លីនេះ និយាយ​អំពីដង្វាយរបស់ ​អាចារ្យធម្មបាល ​(អាចាយ៌្យធម៌្ម​បាល) ថ្វាយចំពោះ​ទេពព្រះនាមស្រីមហាបុរុសោត្តមស្វាមិ (ឝ្រីមហាបុរុឞោត្តមស្វាមិ) មានខ្ញុំបម្រើចំនួន៧នាក់ ស្រី៣នាក់ ប្រុស៤នាក់។

អត្ថបទនេះ​ ដកស្រង់និង​​សម្រួលពីអត្ថបទ​ដែលធ្លាប់​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​នាពេលកន្លងមក។ ខ្ញុំយកមកផ្សាយជាថ្មី​​នៅទីនេះ ដោយសង្ឃឹមថា​នឹង​អាច​រក​ឃើញ​ទីតាំងពិតប្រាកដរបស់សិលាចារឹកនេះ។

អត្ថបទជាអក្សរខ្មែរទំនើប

១- អំនោយ៑អាចាយ៌្យធម៌្មបាលឰតវ្រះក

២- ម្រតាង៑អញ៑ឝ្រីមហាបុរុឞោត្តមស្វាមិក្ញុំ   

៣- វ្រះកុអាស៑ហ៌្វល៑១ កុ {១} ាត៑១​ កុ(ហ្វ)ញ៑១

៤- កុភាក៑១ វាបញ្ចមី១ វាឆដ្ឋី១ វាចតុ

៥- ទ៌្ទឝី១

អត្ថបទសម្រួលជាភាសាខ្មែរទំនើប

តង្វាយ(/អំណោយ)របស់អាចាយ៌្យធម្មបាល ​ចំពោះ​ព្រះគម្ដែងអញ​ស្រីមហាបុរុសោត្តមស្វាមិ។ ខ្ញុំ(បម្រើ)ព្រះមាន​ កុអាសរវល់១ កុ -ាត១ កុហ្វញ១ កុភាក១ វាបញ្ចមី១ វាឆដ្ឋី១ វាចតុទ្ទសី១។

វាក្យសព្ទ      

កុ = ពាក្យហៅស្ដ្រីវណ្ណៈថ្នាក់ទាបឬជាអ្នកបម្រើ​នៅសម័យមុនអង្គរ(Pou, 2004, p. 101)។ ឬមានន័យថា នារី ស្ដ្រី ប្រពន្ធ(ជាពាក្យសម្រាប់​ហៅនារីដែលជាអ្នកបម្រើ​នៅប្រាសាទ​ឬវិហារនានា) (ឡុង, ២០០០, p. 120) សម្រាប់ប្រើតែនៅសម័យមុនអង្គរប៉ុណ្ណោះ។

វា =  ពាក្យហៅមនុស្សប្រុសជាពិសេសមនុស្សថ្នាក់ទាបឬអ្នកបម្រើ​នៅសម័យមុនអង្គរ (Pou, 2004, p. 427)​។ – វ្រះកម្រតាង៑អញ៑ = ជាពាក្យសម្រាប់ហៅអាទិទេពនិងទេវៈ (ឡុង, ២០០០, p. 102,) ប្រើតែសម័យមុនអង្គរ។ ពាក្យនេះនៅសម័យអង្គរ​ប្រើជា «វ្រះកម្រតេង៑អញ៑» ពាក្យបច្ចុប្បន្នក្លាយជា «ព្រះគម្ដែងអញ»៕

————————————–

From Inscription to Yuan

In 2013, I received a picture of this inscription from Mr. Rom Serey Vibol. He got this picture from his cousin Kang Srey Neang, who runs a photocopying business in Bek Chan commune, Ang Snoul district, Kandal province. At that time, an old man took this picture and printed it into hard plastic as Yantra for his lucky, happiness, and business.

This inscription consists of 5 lines of letters and can be clearly defined as the letters and the Khmer language of the pre-Angkorian. Based on the written character, we can estimate that this inscription was written between the end of the 7th century and the 8th century.

The stone selected for inscription is likely to be a type of core stone or layered stone that we often see in the pre-Angkorian, especially in the southern part of the country in Kandal, Takeo, Kampong Speu, And Kampot provinces. The shape of the stone should be an Sīmā (Buddhist ritual boundary) with a natural shape, not any designs.

There is a Chakra at the upper part of the inscription. Its shape is likely the 26 leaf of the lotus. Then there are two circle shapes within the inner Chakra is carved with eight radiuses, the center of which is carved with a small circle with eight on the outside and around of outdoor circle.

We found the same inscription with the Chakra symbol above, the inscription from Snipol K. 66b, and the other inscription from Angkor Borey K.1216 with the Chakra (disk), conch, Trident, and Vajra. Below Chakra designed a horizontal line with 44 oval motifs. The design of the line as an oval motif, we see a lot in the pre-Angkorian, such as K.79, K.367, K.689, K.784, K.790, K.940, K. 1150, and A.2718 and so on.

The meaning of this inscription is about the offering of Ācāryyadharmmapāla to the deity named Śrīmahāpuruṣottamasvāmi​ with seven slaves, three females and four males. This article is an excerpt from an article published in Kampuchea Sorya magazine. I republish it here, hoping to find the location of the inscription.

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!