ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់រឿងទេវកថានៅប្រាសាទព្រះវិហារ

ចម្លាក់រឿងទេវកថានៅប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ (ទីក្រុងកេបិច ប្រទេសកាណាដា)។ ចាប់ពីចុងស.វ.ទី១៩មក ប្រាសាទនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវពីអ្នកសិក្សាជាតិនិងអន្តរជាតិជាច្រើនរូប ហើយគេសង្កេតឃើញថា អ្នកសិក្សានីមួយៗបានផ្តល់នូវសម្មតិកម្មផ្សេងៗគ្នាចំពោះអាយុកាលរបស់ប្រាសាទនេះ។ ក្នុងនោះ លោក Victorio Roveda យល់ថា ប្រាសាទនេះទំនងកសាងឡើងដោយប្រើប្រាស់រយៈពេលជាង​ ៣០០ឆ្នាំ ចាប់ផ្តើមពីរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩-៩១០) ដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (គ.ស.១១១៣-១១៥០) ហើយអ្នកស្រាវជ្រាវជាច្រើនទៀតជឿថា សំណង់ភាគច្រើននៃប្រាសាទព្រះវិហារកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១១១៣)។ ជាទូទៅ គេតែងបែងចែកប្លង់ស្ថាបត្យកម្មប្រាសាទព្រះវិហារជា ៥ ផ្នែកធំៗ (រាប់ពីកំពូលភ្នំមកក្រោម ឬពីត្បូងទៅជើង) ដែលរួមមាន គោបុរទី១ (តួប៉មគភ៌​គ្រឹះ ថែវព័ទ្ធជុំវិញ និងតួប៉មពីរសងខាង) គោបុរទី២ (ភ្ជាប់ទៅគោបុរទី៣ដោយស្ពានហាលក្រាលពីថ្មភក់) គោបុរទី៣ (ព្រះរាជដំណាក់ ឬអាស្រម) គោបុរទី៤ (ក្បែរស្រះទឹក ហើយភ្ជាប់គ្នាទៅគោរបុរទី៥ដោយស្ពានហាលក្រាលពីថ្មភក់) និងគោបុរទី៥ (ទីលានបង្កាន់ដៃនាគ និងជណ្តើរឡើងមកកាន់ប្រាសាទ)។ ក្រៅអំពីប្លង់ដ៏ល្អវិសេសវិសាលនេះ នៅប្រាសាទព្រះវិហារសម្បូណ៌ទៅដោយចម្លាក់រឿងទេវកថាជាច្រើននៅតាមគោបុរនីមួយៗ។ ក្នុងអត្ថបទខ្លីនេះ យើងនឹងរៀបរាប់ដោយសង្ខេបអំពីចម្លាក់ទេវកថានានាដែលមាននៅប្រាសាទព្រះវិហារ។

នៅគោបុរទី១ មានចម្លាក់ទេវកថាដ៏សំខាន់មួយ គឺចម្លាក់ព្រះឥសូររាំ ដែលគេឆ្លាក់នៅលើហោជាងច្រកចូលគភ៌គ្រឹះប្រាសាទ។ ព្រះឥសូរ គឺជាអាទិទេពធំជាងគេនៅក្នុងព្រហ្មញ្ញសាសនា ហើយជាទេពដែលចូលចិត្តរាំយ៉ាងខ្លាំង ទើបព្រះអង្គមានព្រះនាមថា “សិវនាដរាជ” ប្រែថា “ស្តេចនៃរបាំ”។ ជាទូទៅរបាំដែលព្រះឥសូររាំមានឈ្មោះថា “តាណ្ឌវ” ហើយមានចង្វាក់ខុសៗគ្នាជាច្រើន ដូចជា នាតាត, លលិដ, កដិសម និងតលស្ម្យភូដិត។ នៅក្នុងសិល្បៈខ្មែរ យើងឃើញការបង្ហាញចម្លាក់ព្រះឥសូររាំជាច្រើនទម្រង់ ដូចជា ឥសូររាំបង្កើតលោក ឥសូររាំថែរក្សាលោក ឥសូររាំរំឭកពីការថែរក្សាលោក ឥសូររាំរបាំនៃសេចក្តីស្លាប់ ឥសូររាំបំផ្លាញក្រុងទាំងបី ឥសូររាំក្នុងការលែងវិញ្ញាណ ។ល។ ដែលការរាំទាំងនេះគេអាចសង្ខេបមកដោយខ្លីថា ការរាំកម្ចាត់នូវសភាវៈអាក្រក់ និងបង្កើតនូវសភាវៈល្អ។ ដោយឡែក ចម្លាក់ព្រះឥសូររាំនៅគោបុរទី១នៃប្រាសាទព្រះវិហារ ស្ថិតក្នុងទម្រង់មានព្រះហស្តចំនួនដប់ ដោយព្រះហស្តមួយកាន់ត្រីសូល៍ ព្រះហស្តពីរលើកប្រណម្យ ហើយទ្រង់ឈររាំដោយយកព្រះបាទទាំងពីរជាន់នៅលើក្បាលដំរីដែលនៅខាងក្រោមមានរូបចម្លាក់ព្រះកាល និងនៅព្រះបាទខាងឆ្វេងមានរូបតួអង្គម្នាក់កំពុងអង្គុយលុតជង្គង់លើកដៃប្រណម្យបែរព្រះភក្រ្តទៅរកព្រះឥសូរ។ លោក Victorio Roveda យល់ថា ចម្លាក់ព្រះឥសូររាំនៅប្រាសាទព្រះវិហារ អាចសំដៅត្រង់ឈុតដែលព្រះឥសូរសម្លាប់បិសាចមួយឈ្មោះថា “កជសុរ” (បិសាចដំរី) ដែលមានរូបរាងជាសត្វដំរី។ អ្នកនាង ភុយ ម៉ីចៀន យល់ថា ការបង្ហាញចម្លាក់ព្រះឥសូររាំនៅសំណង់គភ៌គ្រឹះនៃប្រាសាទព្រះវិហារ អាចចង់បង្ហាញអំពីការធ្វើបដិហារបស់ទេព នៅពេលយាងចុះពីភ្នំព្រះសុមេរមកកាន់ប្រាសាទដែលគេចាត់ទុកគឺជាទីស្ថានរបស់ទេព រួចទើបបែកចេញទៅកាន់ទិសទាំងបួន ព្រោះអ្នកនាងយល់ថានៅស្រុកឥណ្ឌាចម្លាក់ព្រះឥសូររាំ គឺជាចម្លាក់សម្រាប់ព្រះរាជាដែលគេច្រើនតែឆ្លាក់នៅតួប៉មសំខាន់ៗនៃប្រាសាទ។ ម្យ៉ាងវិញទៀត ដោយសារមានភស្តុតាងសិលាចារឹក (K.383) ដែលរៀបរាប់ថា ព្រាហ្មណ៍ម្នាក់ឈ្មោះ “ទិវាករបណ្ឌិត” បានថ្វាយអំណោយជាចម្លាក់ព្រះឥសូររាំធ្វើអំពីមាសមកកាន់ប្រាសាទព្រះវិហារ។ សិលាចារឹកនេះ ចារនៅឆ្នាំ១១១៩ នៃគ្រឹស្តសករាជ ដែលត្រូវនឹងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (គ.ស.១១១៣-១១៥០) ហើយព្រាហ្មណ៍ទិវាករបណ្ឌិតនេះទៀតសោត ក៏ត្រូវជាព្រះរាជគ្រូរបស់ព្រះបាទសូរ្យវរ្ម័នទី២ដូចគ្នា។ ទោះបីព្រាហ្មណ៍នេះបានថ្វាយចម្លាក់ព្រះឥសូររាំមកកាន់ប្រាសាទព្រះវិហារក៏ដោយ ក៏ចម្លាក់ថ្មដែលយើងបានរៀបរាប់ខាងលើ ទំនងមិនមានអាយុកាលស្ថិតនៅក្នុងពេលដំណាលគ្នាទេ ពោល គឺទំនងជាចម្លាក់ដែលឆ្លាក់តាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១មកម្ល៉េះ។

ចម្លាក់ព្រះឥសូររាំនៅលើហោជាង គភ៌គ្រឹះនៃគោបុរទី១
ចម្លាក់ព្រះក្រឹស្ណសម្លាប់សេះកេសិន នៅគោបុរទី៣

ដោយឡែក ចំពោះគោរបុរទី២វិញ គឺមានតែចម្លាក់បង្ហាញអំពីទេពទោល ដូចជា ព្រះកុវេរ ចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរី ពុំមានបង្ហាញជាសាច់រឿងទេវកថាវែងឆ្ងាយឡើយ។ ប៉ុន្តែ គោបុរទី៣ ចម្លាក់ទេវកថាជាច្រើនបានឆ្លាក់បង្ហាញនៅតាមផ្តែរទ្វារ និងហោជាង ជាពិសេសចម្លាក់បង្ហាញអំពីឈុតជាច្រើនក្នុងរឿងក្រឹស្ណ និងរឿងទេវកថាដទៃទៀត ដូចជាការបង្ហាញរូបព្រះវិស្ណុគង់នៅលើគ្រុឌ ឧមាមហេស្វរ ព្រះយមគង់នៅលើក្របី ផ្តែរទ្វារមានចម្លាក់ព្រះរាម ព្រះល័ក្ស និងនាងសីតា ព្រមទាំងចម្លាក់ព្រះកុវេរ​ផងដែរ។ ឈុតរឿងក្រឹស្ណនៅគោបុរទី៣ នេះបង្ហាញអំពីឈុតព្រះក្រឹស្ណសម្លាប់សេះកេសិន ក្រឹស្ណទ្រភ្នំគោវ៌ធន និងក្រឹស្ណសម្លាប់ក្របីកុវលយបិទ។ ត្រង់ឈុតព្រះក្រឹស្ណសម្លាប់សេះកេសិន មានរឿងដំណាលថា មានអសុរមួយឈ្មោះថា “កេសិន” បានប្រែកាយខ្លួនជាសេះមួយយ៉ាងធំដើម្បីតាមសម្លាប់ព្រះក្រឹស្ណនិងពលរាម ដែលក្នុងពេលប្រយុទ្ធគ្នាគេឃើញសេះកសិនបានដេញខាំនិងដេញទាត់ព្រះក្រឹស្ណ តែត្រូវព្រះក្រឹស្ណបានដេញទាត់ព្រះក្រឹស្ណ តែទ្រង់បានចាប់ជើងបិសាចនេះគ្រវីទៅឆ្ងាយ និងបានលូកដៃចូលទៅក្នុងមាត់ដែលធ្វើឱ្យសេះថប់ដង្ហើមស្លាប់

មួយឈុតទៀតបង្ហាញអំពីព្រះក្រឹស្ណទ្រភ្នំគោវ៌ធន ដែលសាច់រឿងដំណាលថា “គ្រាមួយក្រឹស្ណបានញុះញង់មិនឱ្យក្មេងៗជាអ្នកគង្វាល និងអ្នកភូមិថ្វាយសំណែនដល់ព្រះឥន្រ្ទ ជាហេតុដែលធ្វើឱ្យព្រះឥន្រ្ទខ្ញាល់យ៉ាងខ្លាំងរហូតដល់បង្អុរភ្លៀងធ្លាក់ខ្លាំងក្នុងបំណងឱ្យជន់លិចលង់សត្វគង្វាល និងអ្នកភូមិ ហើយពេលនោះព្រះក្រឹស្ណក៏ប្រែកាយរូបជាទៅជាមនុស្សធំ់់់់់់់់់់់់់់់់់់់់់់់់លើកភ្នំគោវ៌ធនយកមកបាំងទឹកភ្លៀងរបស់ព្រះឥន្រ្ទនិងការពារក្មេងគង្វាល និងអ្នកភូមិ”។ មួយឈុតទៀតនៃព្រះក្រឹស្ណសម្លាប់ក្របីកុវលយបិទ ដែលនិទានថា “មានអសុរមួយបានប្រែក្រាយក្រឡាទៅជសត្វដំរីមួយយ៉ាងធំឈ្មោះថា កុវលយបិទ បានដេញតាមសម្លាប់ព្រះក្រឹស្ណៗ តាមការបញ្ជារបស់ស្តេច​កម្ស ហើយក្នុងពេលនោះព្រះក្រឹស្ណបានចាប់បង្វិល និងកាច់ភ្លុកដំរីកុវលយបិទចោល”។

ក្រៅអំពីចម្លាក់រឿងព្រះក្រឹស្ណមានចម្លាក់មួយសំខាន់ឆ្លាក់នៅចំកណ្តាលផ្តែរ គឺចម្លាក់បង្ហាញអំពីឈុតមួយនៃរឿងមហាភារត ត្រង់ព្រះឥសូរ និងអជ៌នប្រយុទ្ធគ្នា (រូបលេខ៥) ដែលមានសាច់រឿងនិទានថា “នៅពេលអជ៌ននិងគ្រួសារបាននិរទេសចូលទៅក្នុងព្រៃ អជ៌នបានផ្សងព្រេងចូលទៅក្នុងព្រៃបំណងចង់ជួបព្រះឥសូរ ដោយបានធ្វើសមាធិឱ្យមានកម្លាំងខ្លាំងក្លា។ នៅពេលនោះមានឥសីមួយឃើញដូច្នេះក៏មកទូលព្រះឥសូរ ហើយព្រះឥសូរក៏បានប្រែក្រឡាទៅជាព្រានព្រៃម្នាក់ឈ្មោះថា “គត៌”។ ក្នុងពេលមួយ មានខ្លាឃ្មុំមួយប្រុងនឹងលោតសង្រ្គប់ទៅលើអជ៌ន ពេលនោះអជ៌នក៏ទាញព្រួញបាញ់ដំណាលគ្នាជាមួយព្រួញគត៌ដែរ។ អជ៌ន និងគត៌ បានឈ្លោះប្រកែកគ្នារហូតដល់ផ្ទុះការប្រយុទ្ធគ្នាឡើង។ ភ្លាមនោះ អជ៌នក៏បាននឹកគិតដល់ព្រះឥសូរ​ឱ្យជួយខ្លួន ដោយបំពាក់កម្រងផ្កាលើព្រះសិររបស់ព្រះឥសូរ ស្រាប់តែមានកម្រងផ្កាបំពាក់លើព្រះសិររបស់ព្រានគត៌ ទើបអជ៌នដឹងថាគត៌ជាព្រះឥសូរ។ ព្រះឥសូរមើលឃើញថាអជ៌នមានភាពស្មោះត្រង់ ក៏ប្រទានអាវុធទិព្វមួយដល់អជ៌ន”។

ចម្លាក់បង្ហាញអំពីគត៌(ឥសូរ) និងអជ៌ន នៅគោបុរទី៣

ចុងក្រោយ គឺចម្លាក់ទេវកថាដ៏សំខាន់ៗនៅគោបុរទី៤ ដែលមានដូចជា ចម្លាក់កូរសមុទ្រទឹកដោះនៅលើហោជាង ចម្លាក់ព្រះវិស្ណុផ្ទុំរង់ចាំបង្កើតលោកនៅលើផ្តែរ ចម្លាក់ព្រះក្រឹស្ណហែកនាគកលិយ និងចម្លាក់បង្ហាញអំពីព្រះកុវេរជាច្រើនផ្ទាំង។ ចំពោះរឿងកូរសមុទ្រទឹកដោះ មាននិទានដូចតទៅ៖ “ការកូរសមុទ្រទឹកដោះ គឺដើម្បីយកទឹកអម្រឹត និងជាការដណើ្តមឧត្តមភាពរវាងពួកទេព និងពួកអសុរ។ ដំណើរការនៃការកូរសមុទ្រទឹកដោះប្រព្រឹត្តទៅរយៈកាលជាច្រើនពាន់ឆ្នាំ ទើបមានចេញទេព និងវត្ថុសក្តិសិទ្ធិនានាដូចជា ទេពអប្សរ សេះឧច្ច័យស្វរ ដំរីក្បាលបីព្ធរវត ព្រះនាងលក្ម្សី វារុនី (ទេពធីតាសុរ) ដើមបរីជាត  ធន្វន្តរិៈ (ជាអ្នកផ្សំថ្នាំ និងគ្រប់គ្រងទឹកអម្រឹត)…. និងចុងក្រោយបង្អស់ គឺទឹកអម្រឹត ហើយថែរក្សាទុកដោយព្រះឥន្រ្ទ។ តាមដំណើររឿងពេលដែលធន្វន្តរី កាន់ថូទឹកអម្រឹតឡើងមកពួកទេព និងពួកអសុរក៏ឈប់កូរសមុទ្រទឹកដោះ ហើយច្បាំងគ្នាដណ្តើមយកទឹកអម្រឹត។ ពួកអសុរជាភាគីដណ្តើមបានទឹកអម្រឹត ប៉ុន្តែក៏មានវិវាទនឹងគ្នាឯង ត្បិតមិនដឹងថាឱ្យយនរណាជាអ្នកថែរក្សា ឆ្លៀតឪកាសនោះ ព្រះ នារាយណ៍ក៏កាឡាខ្លួនជាស្រីស្អាតមោហិនី ទៅពង្វក់ពួកអសុរឱ្យយស្រវឹង ហើយក៏យកទឹកអម្រឹតមកទុកនូវកន្លែងរបស់ទេព។ ពេលជាមួយនេះ មានអសុរមួយចូលមកបន្លំខ្លួនក្នុងជួរទេពលួចផឹកទឹកអម្រឹត ប៉ុន្តែព្រះចន្រ្ទ និងព្រះអាទិត្យឃើញហើយក៏ប្រាប់ទៅព្រះនារាយណ៍ ដើម្បីអន្តរាគមន៍។ ព្រះនារាយណ៍ក៏គ្រវែងកងចក្រទៅកាត់អសុរនោះដាច់ត្រឹមបំពង់កជាពីរកំណាត់នៅពេលដែលកំពុងផឹកទឹកអម្រឹត។ ប៉ុន្តែដោយសារការជ្រៀបនូវទឹកអម្រឹតនោះធ្វើឱ្យផ្នែកទាំងពីរនោះមិនស្លាប់ (អមតៈ) ហើយត្រូវព្រាហ្មណ៍យកទៅទុកនៅស្ថានសួគ៌ក្លាយជាភព (ផ្កាយនព្វគ្រោះ)។ ផ្នែកខាងលើ(ក្បាល) ឱ្យឈ្មោះថា រាហូ និងមួយផ្នែកទៀត(ខ្លួន) ឈ្មោះកេតុ។ ចំណែករឿងព្រះវិស្ណុផ្ទុំរងចាំបង្កើតលោកថ្មី អាចសង្ខេបមកថា ““នៅពេលពិភពលោកទាំងមូលអាប់អួរ ការបំផ្លាញលោកចាស់ដើម្បីបង្កើតលោកថ្មីក៏ចាប់ផ្តើមឡើងដែលសង្ឃឹមថាលោកទាំងមូលថ្មីនឹងមានសភាពប្រសើរជាងមុន។ ក្នុងពេលនោះ លោកទាំងមូលហ៊ុមព័ទ្ធដោយទឹកជំនន់យ៉ាងធំធេង ភ្លើងឆេះកល្បបំផ្លាញជីវិតសត្វនិងអ្វីទាំងអស់ដែលមាននៅលើលោក។ ព្រះវិស្ណុបានផ្ទុំលើនាគអនន្តដែលមានក្បាលសេស ហើយនៅពេលចុងបង្អស់នៃកល្ប ពិភពលោកក៏ប្រែក្លាយទៅជាទឹកសមុទ្រ ពេលនោះព្រះព្រហ្មក៏លេចចេញពីផ្ចិតព្រះវិស្ណុទ្រដោយផ្កាឈូក ក្នុងតួនាទីជាអ្នកបង្កើតលោកថ្មី”។ រឿងទេវកថាចុងក្រោយ គឺរឿងព្រះក្រឹស្ណហែកនាគកាលិយ អាចសង្ខេបមកថា “ថ្ងៃមួយក្មេងៗគង្វាលបាននាំគ្នាលេងបាល់នៅមាត់ទន្លេកាលន្ទិ ពេលនោះ​ព្រះក្រឹស្ណក៏មកលេងជាមួយក្មេងៗ ហើយក៏បានទាត់បាល់ចូលទៅក្នុងទឹកទន្លេ។ ក្មេងៗមានការខឹងសម្បារនឹងព្រះក្រឹស្ណយ៉ាងខ្លាំង ដ្បិតមិនមាននរណាហ៊ានចុះទៅក្នុងទន្លេនោះទេ ព្រោះគេដឹងថានៅក្នុងទន្លេមាននាគដែលមានពិសខ្លាំងរស់នៅ ដែលពីមុនមកធ្លាប់មានក្មេងៗ និងសត្វពាហនពុលស្លាប់។ ពេលនោះព្រះក្រឹស្ណក៏ចុះទៅក្នុងទន្លេរើសបាល់ ស្រាប់តែនាគកាលិយបានចេញមករុំព័ទ្ធព្រះកាយទ្រង់។ ទ្រង់ក៏បានលោតចេញពីការរុំព័ទ្ធ ហើយមកជិះពីលើនាគរាំរែកទន្រ្ទាំជើង និងចាប់ហែកនាគកាលិយនោះរហូតដល់ក្អួតឈាមស្ទើរនឹងស្លាប់ តែបានប្រពន្ធរបស់នាគចេញមកអង្វរកដល់ព្រះក្រឹស្ណកុំឲ្យសម្លាប់នាគកាលិយដែលជាប្តីរបស់នាង។ ដោយនឹកអាណិតនឹងក្តីអង្វរករបស់នាគញី ព្រះក្រឹស្ណក៏ទុកជីវិតឱ្យ តែបានបញ្ជាឲ្យនាគកាលិយនាំកូនចៅចេញពីទន្លេនេះឱ្យអស់ចុះទៅនៅសមុទ្រវិញ

ចម្លាក់ព្រះវិស្ណុផ្ទុំរង់ចាំបង្កើតលោក នៅគោបុរទី៤
ចម្លាក់ព្រះកុវេរ នៅគោបុរទី៤

អ្វីដែលគួរកត់សម្គាល់នោះ នៅគោបុរទី៣ និងទី៤ គេនិយមឆ្លាក់រឿងព្រះក្រឹស្ណ។ អ្នកនាង ភុយ ម៉ីចៀន យល់ថា វាជារឿងធម្មតាដែលសំណង់ប្រាសាទដែលឧទ្ទិសដល់ព្រះឥសូរសម្បូណ៌ដោយចម្លាក់ព្រះក្រឹស្ណ ដ្បិតនៅក្នុងគម្ពីរភគវត្តបុរាណ ជំពូកទី១១ ពន្យល់ថា ព្រះក្រឹស្ណគឺជាព្រះឥសូរក្នុងចំណោមពួកអ្នកគោរពបូជារុទ្រ។ ចំណែកឯ នៅគោបុរទី៤ គេនិយមឆ្លាក់រូបព្រះកុវេរ វិញ ទំនងមកពីព្រះកុវេរមានតួនាទីជាទេពនៃទ្រព្យសម្បត្តិ និងភោគផលផ្នែកដំណាំកសិកម្ម ដែលជាទូទៅជាលោកបាលថែរក្សានៅទិសខាងជើង តែក្នុងគម្ពីររឿងមហាភារតពន្យល់ថា ព្រះកុវេរ និងព្រះឥន្រ្ទជាលោកបាលរួមគ្នាប្រចាំនៅទិសខាងកើត។

ជារួមមក ចម្លាក់រឿងទេវកថានៅប្រាសាទព្រះវិហារ គេច្រើននិយមឆ្លាក់រឿងដែលទាក់ទងនឹងគំនិតដែលបង្កើតឱ្យមានភោគផល ដូចជារឿងកូរសមុទ្រទឹកដោះ ចម្លាក់ព្រះវិស្ណុផ្ទុំ ចម្លាក់ព្រះកុវេរ ជាដើម។ ក្រៅពីនេះ ក៏គេនិយមឆ្លាក់រឿងព្រះក្រឹស្ណ ដែលជាអវតារមួយនៃព្រះវិស្ណុ ហើយក៏ជាផ្នែកមួយនៃព្រះឥសូរដែរ តាមការពន្យល់របស់គម្ពីរភគវត្តបុរាណ។ ម្យ៉ាងវិញទៀត ការបង្ហាញចម្លាក់ព្រះឥសូររាំនៅគោបុរទី១ ដែលជាគភ៌គ្រឹះសំខាន់នៃប្រាសាទព្រះវិហារ ស្តែងឱ្យឃើញកាន់តែច្បាស់អំពីការចាត់ទុកប្រាសាទព្រះវិហារ គឺជាស្ថានរបស់ព្រះឥសូរ៕

អត្ថបទដើម៖​​ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!