ទំព័រដើមសិល្បៈវិហារ​វត្តមជ្ឈិមវ័ន៖ អតីតវិហារបុរាណនៃចុងសតវត្សទី១៩

វិហារ​វត្តមជ្ឈិមវ័ន៖ អតីតវិហារបុរាណនៃចុងសតវត្សទី១៩

វត្តមជ្ឈិមវ័ន​ មានទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ​ប្រប​ដង​ទន្លេមេគង្គ។ កាលដើម​ឡើយ​វត្ត​នេះ​​ឈ្មោះ​ “វត្ត​ជ្រោយ​អំពិល​​ថ្មី” ហើយ​គេ​និទានថា វត្តនេះកកើតឡើង​ថ្មីក្រោយវត្ត​ជ្រោយ​​អំពិល​ដែលស្ថិត​នៅ​​​ក្បែរ​នោះ លុះ​ចំណេរតមកទើប​ប្តូរឈ្មោះ​ផ្លាស់​នាម​ហៅ “វត្ត​​មជ្ឈិម​​វ័ន​”។ ប៉ុន្តែ​យ៉ាង​ណា​​ក៏​ដោយ បច្ចុប្បន្នវត្តនេះមាន​​វិហារមួយ​យ៉ាង​ចំណាស់ ​ហើយធ្លាប់​បាន​​​​ជួស​ជុល​រៀបចំ​​​កែ​សម្រួល​​រចនា​សម្ព័ន្ធ​ស្ថាបត្យកម្ម​ពី​អតីត​វិហារ​បុរាណ​ ​ដែល​គេ​យល់​ថា​កសាងឡើងតាំងពីក្នុងរវាង​ចុង​សតវត្ស​ទី​១៩។

វិហារ​បុរាណវត្ត​មជ្ឈិមវ័ន មានបណ្តោយ​ប្រហែល​ជាង១៥ម៉ែត្រ ទទឹង​ជាង​៨ម៉ែត្រ សង់​នៅលើ​ខឿន​កម្ពស់​ប្រហែល១ម៉ែត្រ បែរ​ទៅ​​ទន្លេ។ នៅលើ​វិហារ​នេះ គេ​ពុំ​ឃើញ​​​មាន​សំណេរ​ណាមួយ​កត់ចារទុក​​កាល​បរិច្ឆេទ​នៃ​ការ​កសាង​ឡើយ។ តាម​​​រយៈការ​សិក្សា​​របស់ Danielle & Dominique-Pierre Guéret យល់ថា វិហារ​វត្ត​មជ្ឈិមវ័ន​​​កសាង​តាំង​ពី​រវាង​ឆ្នាំ​​​១៨៨០។ ប៉ុន្តែមួយ​រយៈ​ថ្មីៗកន្លង​មកនេះ មានសារព័ត៌មាន​ជា​ច្រើន​ចុះផ្សាយ​តៗគ្នាថា វិហារ​​វត្តនេះកសាងក្នុងឆ្នាំ​១៩០១។ ដូច្នេះបានសេចក្តីថាវិហារ​នេះកសាងឡើង​តាំងពីក្នុង​រាជ្យ​របស់ ​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម “ព្រះសុវណ្ណកោដ្ឋ” ពោល​គឺក្នុង​កាល​បរិច្ឆេទ​​​ប្រហាក់​ប្រហែល​​​នឹង​ការកសាង​វិហារបុរាណ​វត្ត​ចិនដំដែក​ ​ដែល​ស្ថិត​​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដែរ។ ទោះជា​បែបណាក្តី តាមរយៈ​រូបថតឯកសារ​ចាស់​ជាង​គេ​ថតឆ្នាំ​១៩២៩ បង្ហាញ​ថា​ទម្រង់សំណង់ដើមនៃវិហារវត្តមជ្ឈិមវ័ន ក៏​ជាប្រភេទ​វិហារ​ឈើ​​ជហ្វាបួន សង់នៅ​លើ​ខឿន​​មួយ​ថ្នាក់ ប្រភេទដំបូល​កិង ​​​ប្រក់ក្បឿងស្រកាលេញរាង​ជ្រាល​បីថ្នាក់នៅ​ផ្នែក​ចំហៀង​សង​ខាង និង​​រាងជ្រាល​ពីរថ្នាក់​មុខ​ក្រោយ​​ក្រោម​ហោងជាង ព្រម​ទាំង​មាន​ហប់​ខ្យល់​ចំហៀង និង​ដាក់តម្កល់​​សន្លឹក​សីមា​ព័ទ្ធ​ជុំវិញ​ផង​​ដែរ។ ក្រោយមក គេ​ឃើញ​មាន​តចុង​ដំបូល​បន្ថែម​ជុំវិញ ដោយ​ប្រើ​ជន្ទល់​ឈើ​ភ្ជាប់​នឹង​សសរ​ទ្រចុង​ដំបូលថ្មី​នោះ។ រីឯជញ្ជាំង​​វិហារ គេមើល​ឃើញ​ថា​ទំនង​ជា​ជញ្ជាំង​ឈើ ឬស្លាបព្រិលដែលអាច​​ទាញ​បើក​បិទ​បាន។​ លក្ខណៈ​​ជញ្ជាំង​វិហារ​បែបនេះ ឬវិហារ​ឥតជញ្ជាំង​ គេឃើញមាន​​និយម​តិចតួចដែរក្នុង​សង្គម​ខ្មែរ​ជំនាន់​ដើម​ដូចជា ​វិហារ​​បុរាណវត្ត​ពោធិ៍ និង​វិហារ​បុរាណ​​វត្ត​ស្វាយ​ដំណានៅ​ខេត្ត​ត្បូងឃ្មុំ​ និងវិហារ​​បុរាណ​វត្ត​សំបូរ​ ក្នុង​ខេត្ត​កំពង់ធំជាដើម។​

ទម្រង់ដើមវិហារ​វត្ត​មជ្ឈិមវ័ន (EFEO, 1929)

ដោយឡែកចំពោះវិហារ​នៃអារាម​វត្តមជ្ឈិមវ័ន ដែល​យើងឃើញ​​សព្វ​ថ្ងៃ ក៏​នៅ​តែ​រក្សា​ជា​ទម្រង់វិហារ​បុរាណដដែល តែជញ្ជាំង​ឥដ្ឋបូក​កំបោរ​បាយ​អ និង​មាន​សសរ​បេតុង​ជុំវិញ​របៀងបាំងសាច។ នៅចុងព្រំដំបូលខាងមុខ​បំពាក់​ជហ្វា​២ ចុង​ព្រំដំបូល​ខាង​ក្រោយ​​​​ជហ្វា២ និង​តាមចែង​នីមួយៗ​លម្អដោយ​ក្បាល​នាគ​​​។ គេមើល​ឃើញ​ថា​វិហារ​បុរាណ​ជហ្វា​៤នេះ ជាវិហារ​ដែល​ពេញ​និយម​​បំផុត​នៅដើម​សតវត្ស​ទី២០។ រីឯហោ​ជាងទាំងពីរនៃវិហារ​វត្តនេះ ជា​ផ្ទាំងហោ​ជាង​ស៊ីម៉ងត៍ ដែល​​គេ​រចនា​​លម្អ​​ដោយ​ទម្រង់​ក្បាច់​ពីរ​ផ្សេងគ្នា។​ ​នៅ​លើ​​ហោ​ជាង​​ផ្នែក​​ខាងមុខ គេ​រចនាដោយ​ក្បាច់ភ្ញី​ភ្លើង​បំបែក​ចេញ​ពី​មាត់​ព្រះ​កាល(?) និងអម​ដោយក្បាច់​ក្នុង​លំនាំជា​ក្បាល​នាគ។ ចំណែក​ឯ​ហោ​ជាង​នៅ​ផ្នែកខាង​ក្រោយ គេ​រចនាដោយក្បាច់​អង្គរ​បំបែក​ជុំវិញនាគ​ក្បាល​បី(?)  (រូប​លេខ៤-៥)។

នៅលើ​ជញ្ជាំង​វិហារ​ទាំងបួនទិសពុំមានបង្អួចឡើយ តែនៅផ្នែកខាងមុខមាន​ទ្វារ​៣ ខាងក្រោយ​មាន​ទ្វារពីរ និង​ផ្នែក​ចំហៀង​មាន​ទ្វារ​ម្ខាង​បួនដូចគ្នា។​ ទន្ទឹម​នឹង​នេះ នៅ​តាម​​សសរ​​នីមួយៗ​នៃរបៀងបាំងសាច គេបាន​បំពាក់​ដោយ​រូប​គ្រុឌ​ទ្រ​ចុង​ដំបូល ដូចនៅតាម  បណ្តា​វិហារ​ផ្សេងៗ​​ដែរ (រូបលេខ៦-៧)​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​កត់​សម្គាល់នៃក្បាល​សសរ​របៀង​បាំង​សាច​ទាំងអស់​ និង​ផ្នែក​ខាង​លើ​ជញ្ជាំងជុំវិញ គេ​ពុំឃើញមាន​ធ្នឹម​ក្រវាត់​ភ្ជាប់គ្នា ដើម្បីទ្រ​​ដំបូលឡើយ។ លើស​ពីនេះ ការ​ក្រាល​ការ៉ូបាត​ជុំវិញ​នៃរបៀង​បាំង​សាចក៏មាន​លក្ខណៈ​ចម្រុះ​ដែរ ពោលគឺពុំមែនប្រើប្រាស់​ការ៉ូមួយ​តែមួយ​ប្រភេទ​។ លក្ខណៈ​នេះ ហាក់​បង្ហាញ​ឱ្យឃើញកាន់តែច្បាស់ពីការ​កែសម្រួល​រចនាសម្ព័ន្ធ​វិហារចាស់ ដោយ​បន្ថែម​សសរ​បេតុង​នៅ​របៀង​​បាំងសាច ​រៀបជញ្ជាំង​ឥដ្ឋ​​ និងការ៉ូជុំ​វិញ​ (រូបលេខ៨)។

ចំពោះការ​លម្អនៅលើ​ក្បាច់​ស៊ុមទ្វារ​នីមួយៗ គេរចនា​ដោយ​ក្បាច់​អង្គរ ចាក់​ពុម្ពពី​ស៊ីម៉ងត៍។ ប៉ុន្តែ​​អ្វីដែល​ពិសេស​នៅលើ​រចនា​សម្ព័ន្ធ​ និង​ការ​លម្អ​នៅលើ​ក្បាច់​ស៊ុមទ្វារទាំង​អស់ គេឃើញ​មាន​​រូប​ព្រះ​ពុទ្ធ​បដិមាតូច​​មួយ​ ឃ្លុំចីវរជិត​ក ទ្រង់​គង់​ឈរ​លើ​នាគក្បាល​ប្រាំ (រូបលេខ​៩-១១)។ លក្ខណៈ​នេះ ហាក់​បង្ហាញឱ្យឃើញ​ពីការ​ច្នៃប្រឌិតមួយ​នៅក្នុងសិល្បៈ។

ចំពោះព្រះជីវ៍ធំក្នុងវិហារ​វត្តមជ្ឈិមវ័ន គេឃើញតម្កល់នៅលើ​បល័ង្ក​ខ្ពស់​មួយ​មាន​បួនថ្នាក់ ហើយលម្អដោយ​ក្បាច់រចនា​យ៉ាងវិចិត្រ និងរស់រវើក។ ព្រះបដិមាព្រះជីវ៍ គង់​ក្នុង​កាយ​វិហារ​ផ្ចាញ់មារ។ នៅមុខព្រះជីវ៍ គេ​លម្អ​ដោយ​ទងក្បាច់ជា​រនាំង ឆ្លាក់អំពីឈើ ក្នុង​លំនាំ​ជា​វល្លិ៍ ស្លឹក​ ផ្កា និងផ្លែ​នៃរុក្ខជាតិ ព្រម​ទាំង​មាន​រូប​សត្វស្លាប​តូច​ធំ​ទំប្រចឹកលេងផង (រូបលេខ១៤)។ លក្ខណៈ​សិល្បៈនេះ ហាក់ប្លែកនិង​កម្រឃើញមាន​ ដែល​បង្ហាញឱ្យ​ឃើញ​ពីទឹកដៃ និង​គំនិត​ច្នៃប្រឌិត​យ៉ាង​ចំណាន។ ដោយឡែក នៅតាម​ជញ្ជាំង​ផ្នែក​ខាងក្នុង​​គេពុំ​មាន​គំនូរ​អ្វីឡើយ ពោលគឺជា​ជញ្ជាំង​លាត ដែល​សព្វថ្ងៃគេគ្រាន់តែ​ព្យួរ​រូបព្រះបត់​ចាស់ៗ​ជា​ច្រើនផ្ទាំង​សម្រាប់គោរពបូជា​ប៉ុណ្ណោះ (រូបលេខ១៥)៕

———————————,

Wat Machem Wond: Former ancient Vihear of the late 19th century

Wat Machem Wond is located in Sangkat Kbal Koh, Khan Chbar Ampov, Phnom Penh, along National Road No.1 and along the Mekong River. However, today the pagoda has an old Vihear and is used to restore the architectural structure of the ancient temple, which is realized that have been built during the late 19th century.

The ancient Vihear of Wat Machem Wond is about 15 meters long and more than 8 meters wide, built on a basement about 1 meter high, face to the river. According to the study of Danielle & Dominique-Pierre Guéret, the Vihear was built between 1880. However, there were currently many media broadcasted the pagoda was built in 1901. Therefore, it means that this Vihear was built during the reign of King Norodom “Preah Sovannakaot”, that is, a date similar to the construction of the ancient Vihear Wat Chen Dam Dek in Phnom Penh.

However, the oldest documentary photographs taken in 1929 show that the original form of the Vihear was a four-wooden Jevear, built on a basement with a type of Kerng roof and surround of Sima, and tiled Sraka Lenh roof tile, as well as was surrounded by Simas. The walls of the Vihear are likely wooden walls that can be pulled open and closed. Such Viear walls or Vihear wallless are also less popular in early Khmer society, such as the ancient Vihear of Wat Po, Vihear of Wat Svay Damna in Tbong Khmum province, and Vihear of Wat Sambo in Kampong Thom province. Besides, the Vihear of Wat Chhim One still retains the same form, but the walls are made of brick applied with mortar and surrounded by concrete columns. There are four Jevears on the Vihear which is the most popular in the early 20th century.

In addition, the two concrete pediments of the Videar are decorated in two different styles. The front part of the pediment is decorated with Kbach Phñi Phleung (Khmer ornamentation) that appeared from the mouth of Preah Kal (?) and is accompanied by carvings in the form of a dragon’s head, whereas, the rare part of the pediment is designed with Kbach Angkor around the three-headed dragon (?).

There were no windows on the four walls of the Vihear, but the front door had three doors, the rare door had two doors, and the other sides had four doors on each side. In addition, each column of verandas is decorated with garuda at the end of the roof, as in other Vihears. However, what is remarkable about the head of all the columns of the verandas and the upper part of the wall, there are no beams attached to support the roof. In addition, the tiling around the veranda is also diverse, that is, not using a single type of tile. This feature seems to be more evident in the modification of the structure of the old Vihear by adding a concrete column at the veranda and constructing brick walls and tiles around. The decoration on each door frame is designed with Kbach Angkor made of cement. However, what is special about the structure and the decoration on all the door frames is contained of a small Buddha statue that stands on a five-headed Naga. This trait seems to show innovation in Khmer art.

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!