ទំព័រដើមប្រវត្តិសាស្ត្រទោសបច្ចុប្បន្ន និងទោសបរលោក

ទោសបច្ចុប្បន្ន និងទោសបរលោក

តាមការពិនិត្យមើលសេចក្តីក្នុងសិលាចារឹកសម័យបុរាណជាច្រើនរួចមក គេអាចសង្កេត​ឃើញថា ទោសនៅក្នុងអារ្យធម៌ខ្មែរ អាចបែងចែកជាពីរយ៉ាងសំខាន់ៗ គឺ ទោសបច្ចុប្បន្ន និងទោសបរលោក។ តើទោសទាំងពីរនេះ មានអត្ថន័យយ៉ាងណាខ្លះ?

ដំបូងនេះ យើងសាកសង្ខេបអំពីអ្វីទៅជាទោសបច្ចុប្បន្ន? ពាក្យនេះបើសំរាយឱ្យងាយស្រួលស្តាប់មកមានន័យថា គឺជាទោសដែលត្រូវគេផ្ទន្ទា ឬដាក់ទណ្ឌកម្មភ្លាមៗនៅពេលមនុស្សដែលប្រព្រឹត្តនៅមានជីវិត។ នៅកម្ពុជាសម័យបុរាណ កម្ពុជាអាចមានច្បាប់ពីរសំខាន់ៗ គឺច្បាប់សីលធម៌សង្គម និងច្បាប់រដ្ឋអាជ្ញា។ ច្បាប់សីលធម៌សង្គម សំដៅដល់ក្រមសីលធម៌ក្នុងការរស់នៅ ក្រមសីលធម៌ក្នុងវិជ្ជាជីវៈ ក្រមសីលធម៌ក្នុងគ្រួសារនិងសង្គមជាដើម។ ច្បាប់សីលធម៌សង្គមនេះ គឺជាអ្នកកំណត់ឥរិយាបថរបស់សមាជិកភាពសង្គមតាមរយៈការវាយតម្លៃថាល្អ ឬអាក្រក់ ឬច្រើនតែខ្មែរយើងនិយាយថា “កូនឥតពូជ” “កូនឥតមេបាប្រដៅ” ឬ ឥតបានចូលរៀនសូត្រ។ ចំណែក ច្បាប់រដ្ឋអាជ្ញា សំដៅដល់ច្បាប់ប្រទេសជាតិ ដែលមានសិទ្ធិអាចកាត់ទោស​ ឬយកជនទាំងឡាយណាដែលបានប្រព្រឹត្តិបំពានក្នុងសង្គមយកទៅកាត់ទោសបាន ដែលពេលខ្លះអាចជាទោសធ្ងន់ ឬជាទោសស្រាលតាមកម្រិតនៃការប្រព្រឹត្តខុសរបស់បុគ្គល។

ជាក់ស្តែង នៅក្នុងសិលាចារឹកប្រាសាទដំបូកខ្ពស់ ខេត្តសៀមរាប ចុះបញ្ជីលេខ K.196 ចារឹកឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវីរវរ្ម័ន (គ.ស.១០០២-១០០៦) នៅត្រង់បន្ទាត់ទី១និងទី២ គេបានរៀបរាប់ថា៖ “ចប៑ វា នោះ ត នុ តោក៑ គោល៑ ទហ វា នោះ តោក៑ គោល៑ នោះ អញ៑ ប្រេ វ្វះ ទ្រ្វង៑” ដែលប្រែសម្រួលមានន័យថា “ព្រះរាជាទ្រង់ចេញព្រះរាជបញ្ជាដល់ទេវស្ថានថា ជនណាដែលបានហ៊ានលួចដកបង្គោល បំពានយកទ្រព្យសម្បត្តិរបស់ទេវស្ថាន នឹងត្រូវយកទៅវះឬពុះទ្រូង។ ចំណែក សិលាចារឹកភូមិមៀន ខេត្តត្បូងឃ្មុំ ចុះបញ្ជីលេខ K.105 វិញ ក៏បានរៀបរាប់ថា ព្រះរាជាបានចេញព្រះរាជសាសន៍បញ្ជាដល់មន្រ្តីក្រោមឱវាទធ្វើអំណោយដល់ប្រាសាទ ហើយក៏បញ្ជាក់ដែរថា “បើសិនជនទាំងឡាយណាហ៊ានយកទ្រព្យសម្បត្តិចេញពីទេវស្ថាន នឹងត្រូវផ្ទន្ទាទោសយកទៅកាប់ក្បាល” (កាប៑ ថ្ប្វង៑)។

ក្រៅពីឧទាហរណ៍ទាំងពីរខាងលើនេះ យើងឃើញមានសិលាចារឹកជាច្រើនទៀតដែលរៀបរាប់អំពីទោសធ្ងន់ៗ។ ឧទាហរណ៍ សិលាចារឹកភ្នំសណ្តក ខេត្តព្រះវិហារ ចុះបញ្ជីលេខ K.195 ត្រង់បន្ទាត់ទី២២ ដែលរៀបរាប់អំពីទោសប្រហារជីវិត (ឧត្តមសហ) និងសិលាចារឹកភ្នំកង្វា ខេត្តបន្ទាយមានជ័យ ចុះបញ្ជីលេខ K.231 ត្រង់បន្ទាត់ទី៨និងទី៩ រៀបរាប់ថា “បើជនណាហ៊ានរត់នឹងត្រូវចាប់កាត់ស្លឹកត្រចៀក និងច្រមុះ” (កណ៌្ណនាសិកច្ឆេទ)។

ដោយឡែក ទោសបរលោក មានន័យថាទោសទណ្ឌដែលនឹងត្រូវទទួលនៅលោកខាងមុខ ឬច្រើនហៅសម្គាល់ទីកន្លែងមួយបន្ទាប់អំពីការស្លាប់ ហើយជាទូទៅទស្សនៈនេះមានពន្យល់ច្រើននៅក្នុងទ្រឹស្តីសាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនា។ មនុស្សគ្រប់រូបដែលបានធ្វើអំពើអាក្រក់ ត្រូវទទួលទោសក្នុងពេលជីវិតម្តង ហើយបន្ទាប់ពីស្លាប់ក៏ត្រូវទៅទទួលទោសក្នុងស្ថាននរក។ ប៉ុន្តែ មុនការទទួលទោស ត្រូវឆ្លងកាត់ការជំនុំជម្រះយ៉ាងសុក្រឹតអំពីព្រះយមដែលជាស្តេចនៅស្ថាននរក​។

ចម្លាក់ព្រះយមរាជនៅលើជញ្ជាំងប្រាសាទអង្គរវត្ត

នៅក្នុងសិលាចារឹកបុរាណ ទោសបរលោក គេជួបប្រទះច្រើនសិលាចារឹកណាស់ ដែលមានចារឹកជាភាសាខ្មែរ និងជាភាសាសំស្រ្កឹត។ ឧទាហរណ៍ នៅក្នុងសិលាចារឹកប្រាសាទលលៃ ខេត្តសៀមរាប ចុះបញ្ជីលេខ K.324 មានស្លោកសំស្រ្កឹតមួយសរសេរថា៖

សិលាចារឹកលលៃ ខេត្តសៀមរាប (K.324)

            “អស្យាសុមន្តោ ហរណំ ហរន្តិ                    យេ តេ នរេន្រ្ទាទិហ យាតនាហ៌ាះ

            យមាទមុត្រាបិ ច បាលយន្តិ                       យេ យាន្តុ តេ ធាម ឝិវំ ឝិវស្យ”។

ប្រែសម្រួលថា៖

“នរជនណាដែលបានយកទ្រព្យសម្បត្តិចេញពីទេវស្ថាន (ប្រាសាទ) នឹងត្រូវមានទោសក្នុងបច្ចុប្បន្នដោយព្រះរាជាយកទៅកាត់ទោស និងបន្ទាប់ពីស្លាប់ទៅ នឹងត្រូវទទួលទោសដោយការកាត់ទោសពីព្រះយមរាជ តែនរជនណាដែលបានជួយថែរក្សការពារនឹងបានទៅកាន់ស្ថានព្រះឥសូរ (សិវស្ថាន) ដែលជាទីប្រសើរខ្ពង់ខ្ពស់បំផុត”។            

ជារួមមក ទោសបច្ចុប្បន្ន សំដៅដល់ទោសប្រើទៅលើមនុស្សនៅរស់ ហើយទោសបរលោក សំដៅលើទោសដែលមាននៅពេលមនុស្សស្លាប់ទៅ។ ទោសទាំងពីរនេះ បានចាក់ឫសយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរនាសម័យបុរាណ ដែលយើងឃើញមានរៀបរាប់ក្នុងសិលាចារឹកខ្មែរនិងសំស្រ្កឹតជាច្រើនផ្ទាំងដូចបានរៀបរាប់ខាងលើ៕

អត្ថបទដើម៖ លោក កំ វណ្ណរ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!