ទំព័រដើមប្រវត្តិសាស្ត្រចារឹកលើវត្ថុលោហៈក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ (ភាគ១)

ចារឹកលើវត្ថុលោហៈក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ (ភាគ១)

នៅក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ យើងសង្កេតឃើញថា សិលាចារឹក​ភាគច្រើន ច្រើន​តែចារជាភាសាសំស្ក្រឹត។ ចំណែកឯសិលាចារឹកភាសាខ្មែរវិញ ពុំចារឹក​ជាអត្ថបទវែងៗដូច​សម័យមុនៗឡើយ។ ភាគច្រើន​ គឺជាសិលាចារឹក​ខ្លីៗ ចារ​នៅលើមេទ្វារប្រាសាទ​ ដើម្បី​ប្រាប់​ព័ត៌មាន​អំពីព្រះនាមទេពដែលតម្កល់ក្នុងប្រាសាទ និងម្ចាស់ទាន​ដែល​ប្រតិស្ថាន​ទេព​នោះ​ជា​ដើម។​ ចំពោះ​សិលាចារឹក​ភាសាខ្មែរ​ដែលវែងជាងគេនៅក្នុងរជ្ជកាលនោះ គឺ​សិលាចារឹ​ក​​រកឃើញនៅប្រាសាទបន្ទាយឆ្មារ K.២២៧ ដែលចារឹក​អំពីការប្រតិស្ថាន​បដិមា​តំណាង​ឱ្យ​ព្រះអង្គម្ចាស់ស្រិន្ទ្រកុមារ នៅគ្រឹហារត្នកណ្ដាល និងមន្ត្រីបួននាក់ទៀត​ដែល​មាន​ឋានន្តរ​នាមជា «អ្នកសញ្ជក» នៅទិសតូចទាំងបួន ដែលអ្នកទាំងបួនបានពលីជីវិត​ក្នុង​ទេសកាល​ពីរផ្សេងគ្នា។

ក្រៅពីសិលាចារឹកខ្លីៗនៅលើមេទ្វារប្រាសាទ​ ក៏សង្កេតឃើញមាន​ចារឹកខ្លីៗ​នៅ​លើ​វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗដែលសាងអំពីលោហធាតុដូចជាមាស ប្រាក់ និងសំរិទ្ធជាដើម។ អត្ថបទ​នេះ នឹងលើកយក​ចារឹកខ្លីៗទាំងនោះមកពិនិត្យមើល ដោយប្រែសម្រួលមកជាភាសាខ្មែរ​ទំនើប ព្រមទាំងពិភាក្សាអំណានមួយចំនួន​ដែលមិនច្បាស់លាស់ នៅក្នុងការសិក្សា​កន្លង​មក។

តារាងសញ្ញាលេខខ្មែរបុរាណ
(រូបថត៖ Dominique Soutif, Julia Estève និង Chea Socheat (APSARA)
)

១- ចារឹក K. ១០៥៣

ចារឹកនេះ ចារឹកលើវត្ថុសាងអំពីសំរិទ្ធ ដែលគេសន្និដ្ឋានថាជាជើងទម្រ​កញ្ចក់ ​(support de miroir) រកឃើញ​នៅ​ស្ថានីយ៍បុរាណវិទ្យាលេខ១១ ស្ថិតនៅបរិវេណក្រុងព្រះរថដងស្រីមហាពោធិ៍ ឃុំគោកប៉ីប ស្រុកស្រីមហោសថ (ព័ត៌មានដើមថា ស្រុកស្រីមហាពោធិ៍) ខេត្តប្រាចីនបុរី ប្រទេសថៃ។ ទីតាំង​នេះ គឺជាអរោគ្យសាលា ឬមន្ទីរពេទ្យ នៅ​ក្នុង​រជ្ជកាល​​ព្រះ​បាទ​ជ័យវម៌្មទេវទី៧។ បច្ចុប្បន្ន វត្ថុនេះរក្សាទុកនៅក្នុងសារមន្ទីរខេត្ត​ប្រាចីន​បុរីប្រទេ​សថៃ។

ចារឹកនេះ សិក្សាដំបូងដោយលោក ហ្សង់ ប៊័រស៊ើលីយ៉េរ (Jean Boisselier) នៅក្នុងឆ្នាំ​១៩៧២ ក្នុងអត្ថបទស្ដីអំពី កិច្ច​បេកសកម្មបុរាណវិទ្យា​បារាំងនៅប្រទេសថៃ។ បន្ទាប់មក​ នៅប្រទេសថៃ ក៏មានការសិក្សាអំពីចារឹកនេះដូចគ្នា និង​មាននៅលើគេហទំព័ររបស់​មជ្ឈ​មណ្ឌលជាតិពន្ធុវិទ្យាសិរិនថនផងដែរ។ បន្ថែមពីនេះ នៅលើហ្វេសប៊ុករបស់​លោក​សាស្ត្រា​ចារ្យ កង្វល់ គជ្ជិមា ក៏ឃើញមានសំណេរអំណានថ្មីផងដែរ។

លោក ហ្សង់ ប៊័រស៊ើលីយ៉េរ បាន​អានកាលបរិច្ឆេទ​នៅលើចារឹកនេះ ជាពីរជម្រើស គឺមហាសករាជឆ្នាំ ១១១៤ ឬ ១១១៥ ដោយលោកពន្យល់ថា សញ្ញាតួលេខ ៤ និងលេខ ៥ មានរូបរាងប្រហាក់ប្រហែលគ្នា។ ចំណែកអំណាននៅក្នុងអត្ថបទរបស់មជ្ឈមណ្ឌល​ជាតិ​ពន្ធុវិទ្យាសិរិនថន អានជាមហាសករាជឆ្នាំ ១១១៥។ ដោយសារនៅក្នុងរជ្ជកាល​ព្រះ​បាទ​ជ័យវម៌្មទេវទី៧ កម្រមានអត្ថបទភាសាខ្មែរបុរាណនិងប្រើប្រាស់សញ្ញាលេខ វាពិតជាមាន​​ការ​លំបាកខ្លះ សម្រាប់ញែកសញ្ញាតួលេខទាំងពីរនេះ។ ប៉ុន្ដែប្រសិនបើយើង ពិនិត្យទម្រង់​តួលេខលើចារឹកនេះ ជាមួយតួលេខសម័យមុនៗ នោះយើងនឹងឃើញច្បាស់ប្រាកដថាជា​តួលេខ៥។ ដូច្នេះ កាលបរិច្ឆេទលើចារឹកនេះ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ ១១៩៣ – ១១៩៤។

លោហៈជើងទម្រកញ្ចក់ផ្នែកខាងក្រោយចារឹក K.១០៥៣
(រូបថត៖ Prachin Buri National Museum)

ចារឹកនេះ នៅមានបញ្ហាអំណាន​ត្រង់ចន្លោះព្រះនាមព្រះបាទជ័យវម៌្មទេវទី៧និង​ពាក្យ​ «ត»។ ត្រង់ចំណុចនេះ លោក ប៊័រស៊ើលីយ៉េរ ពុំបានដាក់អំណានជាអក្សរសំណង​ឡាតាំង​នឡើយ។ លោកបានគូសទម្រង់តួអក្សរខ្មែរបុរាណ ដាក់ក្នុងអំណាន​របស់លោក យ៉ាង​ដូច្នេះ «»។ នៅក្នុងឯកសារមជ្ឈមណ្ឌលសិរិនថន បានអានអំណានតួអក្សរ​នេះថា​ជា​អក្សរ «ទ»។ ចំណែកឯលោកសាស្ត្រាចារ្យ កង្វល់ គជ្ជិមា បានស្នើ​អំណានឃ្លានេះថា […] វ្រះបាទកម្រតេងអញឝ្រីជយវម៌្មឰតវ្រះអារោគ្យសាល[…]។ ត្រង់ចំណុចឃ្លានេះ ចារឹកខ្លី​នេះ​ទំនងជាអ្នកចារមានបញ្ហាភ្លេចតួអក្សរ ដែលនាំឱ្យងាយភាន់ច្រឡំអំណាន។ ឃ្លាដែល​ត្រឹមត្រូវ គួរតែជា […] វ្រះបាទកម្រតេងអញឝ្រីជយវម៌្ម(ទេវ)តវ្រះអារោគ្យសាល[…] ដូច​ដែល​ឃើញមានលើចារឹកលោហៈផ្សេងៗទៀតរបស់ទ្រង់។ ដូច្នេះ អ្នកចារចារឹកនេះ បាន​ភ្លេច​តួស្រៈ «េ» និងអក្សរ «វ»។ ដូចគ្នាដែរ ចំពោះពាក្យ «អារោគ្យសាល» តួ «សា» ហាក់​មិនច្បាស់លាស់។ ជាទូទៅ អក្ខរាវិរុទ្ធត្រឹមត្រូវរបស់ពាក្យនេះ តាមភាសាសំស្ក្រឹត គឺ «អា​រោ​គ្យ​​ឝាល»។ អ្នកចារ ហាក់មានភាពមិនច្បាស់លាស់ចំពោះចំណារនេះ។ បើពិនិត្យតាមទំហំ​តួអក្សរ គួរតែជារូបរាងរបស់ «ឝា» ប៉ុន្ដែបែរជាពុំមានគំនូរត្រេនៅខាងឆ្វេង និងមានរូបរាង​ចេញជា «សា» ទៅវិញ។ នៅលើវត្ថុលោហៈមួយនេះ​ ក៏ឃើញមានចារតួអក្សរ «ឃ» ធំមួយ ដែល​​ទំនង​ជា​អ្នក​ចា​រ​នោះ សាក​ដែក​ចារ។ ចំណុចទាំងនេះ បង្ហាញ​ឱ្យ​ឃើញ​ថាអ្នក​ចារឹកនេះ ហាក់​មិន​យក​ចិត្ត​ទុកដាក់ខ្លាំងទៅលើអក្ខរាវិរុទ្ធ ដែលនាំ​ឱ្យ​ភ្លេច​តួអ​ក្សរ​និង​ចារ​អក្សរ​ខ្លះ​មិន​ច្បាស់​លាស់​។

ចារឹកខ្លីនេះ ចារអំពីវត្ថុដែលជាជើងទម្រកញ្ចក់(?)នេះ គឺ​ព្រះរាជតង្វាយរបស់ព្រះ​បាទ​ជ័យវម៌្មទេវទី៧​ ថ្វាយចំពោះព្រះអារោគ្យសាលា ឬមន្ទីរពេទ្យ នៅអាវធ្យបូរ។ ស្ថាន​នាម​ «អាវធ្យបូរ» មានបង្ហាញក្នុងសិលាចារឹកមួយចំនួនដូចជា៖ សិលាចារឹកប្រាសាទ​ព្រះ​វិហារ (K.៣៨០) ដែលប្រាប់ថាទីនោះគឺជាស្រុក(=ភូមិ)មួយ (ស្រុក៑អវធ្យបុរ) ដែល​មាន​ព្រះគម្ដែងអញ​ស្រី​រាជបតិវម៌្ម ជាម្ចាស់​។

តារាងសញ្ញាលេខខ្មែរបុរាណ
(រូបថត៖ Dominique Soutif, Julia Estève និង Chea Socheat (APSARA)
)

ស្ថាននាមមួយនេះ គួរតែត្រូវនឹងទីតាំង​ដែលរកឃើញ​វត្ថុលោហៈមួយនេះ។ ប៉ុន្ដែ​នៅ​ទីនោះក៏មាន​ ចារឹកលើលោហៈផ្សេងទៀត ក្នុងសម័យតែមួយនោះ បញ្ជាក់ថា​ព្រះបាទ​ជ័យវម៌្មទេវទី៧ ថ្វាយចំពោះ​ព្រះអារោគ្យសាលានៅឯសំវោក ផងដែរ។ ព័ត៌មានលើចារឹក​នោះ បានបង្កើតជាចម្ងល់ថា ទីតាំងស្ថានីយ៍បុរាណវិទ្យាលេខ១១ ស្ថិតនៅបរិវេណក្រុងព្រះរថ នោះ ជា «អាវធ្យបូរ» ឬ «សំវោក»។ ទីតាំងទាំងពីរនេះ ទំនងជាមិននៅឆ្ងាយពី​គ្នា ឬមានទីតាំងណាមួយនៅចំណុះឱ្យទីតាំងមួយទៀត ដូចមានឃើញមានភស្ដុតាង​តាំង​ពីសម័យមុនអង្គរមកម្ល៉េះ។ យ៉ាងណាក្ដី ចម្ងល់នេះ គួរតែមានការសិក្សាស្វែងយល់ឱ្យបាន​ច្បាស់លាស់ តាមរយៈភស្ដុតាងនានា។

អត្ថបទជាអក្សរខ្មែរទំនើប

១- ៙១១១៥ឝកវ្រះជំន្វនវ្រះបាទកម្រតេងអញឝ្រិជយវម៌្ម[េ]ទ[វ]តវ្រះអារោគ្យសា

២- លនាអាវធ្យបុរ ៚

អត្ថបទសម្រួលជាភាសាខ្មែរទំនើប

  មហាសករាជឆ្នាំ១១១៥ (គ្រិស្ដសករាជឆ្នាំ១១៩៣-១១៩៤) ព្រះរាជជំនូននៃ​ព្រះបាទ​គម្ដែងអញស្រីជ័យវម៌្មទេវ(ទី៧ ថ្វាយ)ចំពោះ​ព្រះអារោគ្យសាលា នៅឯ​អាវធ្យបូរ៕

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!