សាឡុំ ឬអ្នកស្រុកខ្លះហៅថា “បោស” ក្លាយមកពីពាក្យថា “ឧបោសថ”។ សាឡុំ ឬបោស ជាកន្លែងដែលមាននាទីសំខាន់សម្រាប់ប្រើប្រាស់ ដើម្បីរៀបចំធ្វើកិច្ចផ្សេងៗតាមលំអានព្រះពុទ្ធសាសនា។ ការកសាងសាឡុំ ជាទំនៀមមួយដែលសង្កេតឃើញចំពោះវត្តដែលទើបកកើតថ្មី ហើយពុំទាន់បានកសាងព្រះវិហារ។ ប៉ុន្តែនៅតាមបូជនីយដ្ឋានបុរាណ ដែលគេសាងជារោងសម្រាប់គ្របព្រះបដិមាគោរពបូជា អ្នកស្រុកខ្លះក៏ហៅថាសាឡុំដែរ។ តាមការសង្កេត លក្ខណៈទូទៅនៃសាឡុំពុំដូចគ្នាទេ ដ្បិតសាឡុំខ្លះមើលឃើញជាសំណង់បណ្តោះអាសន្នសុទ្ធសាធ ឯសាឡុំខ្លះជាសំណង់រឹងមាំ។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញសេចក្តីសង្កេតសាឡុំតាមវត្តថ្មីៗមួយចំនួន និងសាឡុំខ្លះដែលមានសល់គង់វង់នៅក្នុងវត្តតាំងពីបុរាណមកដល់សព្វថ្ងៃ។
ជាការពិត សាឡុំពុំមែនជាសំណង់សាងឡើងទុកជាកន្លែងព្រះសង្ឃគង់នៅឡើយ គេតែងតម្កល់ព្រះបដិមាតូចក្តីធំក្តី សម្រាប់គោរពបូជា។ លក្ខណៈនៃសំណង់ទៀតសោតអាចមានរាងប្រហាក់ប្រហែលវិហារក៏មាន អាចគ្រាន់តែជាសំណង់ឈើប្រាក់ស្លឹក ឬប្រក់ស័ង្កសីក៏មាន។ រូបលេខ១ គឺជាសាឡុំវត្តកោះចន្លុះ ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត។ សាឡុំនេះ សាងពីសសរឈើចាស់ៗ នៅលើផ្ទៃដីរាបស្មើ ដំបូលប្រាក់ស័ង្កសី លំនាំដំបូលកិង(?) តែគ្មានជហ្វា និងគ្មានក្បាច់លម្អអ្វីទាំងអស់ ពោលគឺស្តែងឱ្យឃើញថាជាសំណង់បណ្តោះអាសន្ន រង់ចាំវិហារសាងសង់រួច។ ផ្នែកខាងក្នុង គេគ្រាន់តែរៀបឥដ្ឋកល់ឡើងជាថ្នាក់បន្តិច ដាក់តម្កល់ព្រះពុទ្ធបដិមាសម្រាប់គោរពបូជា។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A3-%E1%9E%94%E1%9E%8A%E1%9E%B7%E1%9E%98%E1%9E%B6%E1%9E%8F%E1%9E%98%E1%9F%92%E1%9E%80%E1%9E%9B%E1%9F%8B%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%84%E1%9F%87%E1%9E%85%E1%9E%93%E1%9F%92%E1%9E%9B%E1%9F%84%E1%9F%87-1024x771.jpg)
ចំណែកក្នុងរូបលេខ៤ ជាសាឡុំវត្តឃ្សឹម ឬហៅថាវត្តគិរីពោធិសត្ថារាម ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។ សាឡុំនេះសង់អំពីឈើនៅលើកូនទួលសិប្បនិម្មិតមួយ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តារ ហើយមានទ្វារខាងមុខ និងចំហៀង។ នៅជុំវិញបរិវេណសាឡុំ គេឃើញមានបោះគោលសីមាឈើផងដែរ។ រីឯសាឡុំវត្តមង្គលរត្តនារាម ស្ថិតក្នុងស្រុកស្នួលដដែល។ សាឡុំនេះសាងអំពីឈើ ដំបូល ប្រក់ក្បឿងស្រកាលេញ និងបំពាក់ជហ្វានៅចុងមេដំបូលសងខាង និងតាមចុងចែងដំបូល។ ជញ្ជាំងបាំងក្តារ និងមានល្វែងជុំវិញចំហរដូចល្វែងបាំងសាចវិហារដែរ។ រីឯផ្នែកខាងមុខ ថែមទាំងមានសសរដងទង់ផង។ អ្វីដែលពិសេសគេឃើញមានបោះគោលសម្គាល់សីមាបរិវេណសាឡុំដូចសាឡុំវត្តឃ្សឹមដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A5-%E1%9E%82%E1%9F%84%E1%9E%9B%E1%9E%9F%E1%9E%B8%E1%9E%98%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%83%E1%9F%92%E1%9E%9F%E1%9E%B9%E1%9E%98-copy-1024x683.jpg)
ចំពោះសាឡុំវត្តកែវសីមា ឬហៅថាវត្តរតនៈមនោសទ្ធារាម ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សាឡុំនេះសង់បើល្វែងធំ ជញ្ជាំងរៀបឥដ្ឋបិទជិតជុំវិញ មានទ្វារចេញចូលម្ខាង២ គ្រប់ជ្រុង។ រីឯដំបូលប្រក់ស័ង្កសី ហើយគេច្នៃមានពីរថ្នាក់ និងពំពាក់ជហ្វាតូចៗតាមចុងមេដំបូល។ ប៉ុន្តែក្រោយកសាងវិហាររួចរាល់ជាស្ថាពរ សាឡុំនេះត្រូវបិទទ្វារចោល។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A8-%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%82%E1%9E%9C%E1%9E%9F%E1%9E%B8%E1%9E%98%E1%9E%B6-copy-1024x669.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A9-%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%82%E1%9E%9C%E1%9E%9F%E1%9E%B8%E1%9E%98%E1%9E%B6-copy-2-1024x702.jpg)
ក្នុងរូបខាងក្រោម ជាសាឡុំវត្តស្លា ឬហៅថាវត្តសត្តវិថិជោត្យារាម ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សាឡុំនេះកសាងអំពីឈើ ដំបូលប្រាក់ក្បឿង មានពីថ្នាក់ បំពាក់ជហ្វាបួន និងមានលំនាំក្បាលនាគតាមចុងចែងនីមួយៗ។ ផ្នែកខាងក្នុងគេមានរៀបឥដ្ឋធ្វើបល័ង្កបីថ្នាក់។ នៅលើហោជាងខាងមុខ មានគំនូរទេព្តាប្រណម្យ ហោជាងខាងក្រោយមានគំនូររូបព្រះកាល (រាហ៊ូ)។ ប៉ុន្តែក្រោយសាងសង់វិហាររួចរាល់ជាផ្លូវការក្នុងឆ្នាំ២០១១ សាឡុំនេះត្រូវទុកចោល លែងប្រើប្រាស់តទៅទៀតឡើយ ហើយព្រះពុទ្ធបដិមាធ្លាប់តម្កល់ក្នុងនោះក៏ត្រូវយកចេញ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A0-%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9F%E1%9F%92%E1%9E%9B%E1%9E%B6-copy-1024x757.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A1-%E1%9E%91%E1%9E%B7%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%81%E1%9E%B6%E1%9E%84%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9F%E1%9F%92%E1%9E%9B%E1%9E%B6-copy-1024x647.jpg)
រីឯសាឡុំវត្តស្ទឹង ឬហៅថាវត្តនទីជ័យមង្គល ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ លក្ខណៈទូទៅនៃសាឡុំ មានលំនាំប្រហាក់ប្រហែលវិហារជហ្វាបួន សង់អំពីឈើ មានដំបូលកិង ប្រក់ក្បឿងស្រកាលេញ ជញ្ជាំងបាំងក្តារ មានទ្វារបង្អួចជុំវិញ។ សាឡុំនេះ ប្រហែលកសាងឡើងក្នុងរវាងដើមទសវត្សទី៩០ ហើយឈប់ប្រើប្រាស់ក្នុងរវាងឆ្នាំ២០០៤ ពោលគឺក្រោយសាងសាង់ព្រះវិហាររួចរាល់ជាស្ថាពរ។ ប៉ុន្តែយ៉ាងណាក្តី គេនៅរក្សាព្រះពុទ្ធបដិមាមួយព្រះអង្គនៅក្នុងសាឡុំនោះដដែល ហើយទន្ទឹមនោះគេឃើញពុទ្ធបរិស័ទនៅតែមានជំនឿលើសាឡុំចាស់នេះ ចូលថ្វាយគ្រឿងសក្ការៈផ្សេងៗម្តងម្កាលដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A4-%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9F%E1%9F%92%E1%9E%91%E1%9E%B9%E1%9E%84-copy-1024x704.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A5-%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%94%E1%9E%8A%E1%9E%B7%E1%9E%98%E1%9E%B6%E1%9E%8F%E1%9E%98%E1%9F%92%E1%9E%80%E1%9E%9B%E1%9F%8B%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9F%E1%9F%92%E1%9E%91%E1%9E%B9%E1%9E%84.jpg)
ក្នុងរូបខាងក្រោម ជាសាឡុំវត្តក្តុល ឬហៅថាវត្តហត្ថិវនារាម ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សាឡុំនេះកសាងនៅក្នុងឆ្នាំ២០០១ នៅលើខឿនកម្ពស់ប្រហែលជាងកន្លះម៉ែត្រ ហើយមានលក្ខណៈប្លែកពីសាឡុំមុនៗ ដ្បិតមានទំហំធំ មានការតុបតែងលម្អលើផ្នែកផ្សេងៗនៃសំណង់គួរឱ្យកត់សម្គាល់។ ទម្រង់សំណង់មានលំនាំស្ទើរដូចវិហារ ដំបូលកិង ប្រក់ក្បឿងស្រកាលេញ ហើយនៅតាមចុងដំបូលមានលម្អដោយរូបកិន្នរ ហើយនៅតាមជញ្ជាំងជុំវិញមានទ្វារបង្អួចលម្អដោយក្បាច់រចនាដូចៗគ្នា។ ប៉ុន្តែក្រោយបានកសាងព្រះវិហាររួចរាល់ជាស្ថាពរក្នុងឆ្នាំ២០១៣ សាឡុំនេះបានខ័ណ្ឌជាបន្ទប់រៀបចំជាកន្លែងព្រះសង្ឃគង់នៅបណ្តោះអាសន្ន។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A6-%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%BB%E1%9E%9B-copy-1024x574.jpg)
ចំណែកឯសាឡុំយ៉ាងចំណាស់មួយស្ថិតក្នុងវត្ត សំសមី ទីរួមខេត្តព្រៃវែង។ សាឡុំនេះ ប្រហែលកសាងឡើងក្នុងរវាងទសវត្សទី៣០ ហើយលក្ខណៈសំណង់មានសណ្ឋានប្រហាក់ប្រហែលនឹងវិហារបុរាណៗដែរ។ នៅតាមចុងមេដំបូលមានបំពាក់ជហ្វាពីរ ហើយតាមចុងចែងនីមួយៗមានលម្អដោយនាគដងក្តារយ៉ាងវិចិត្រ។ ចំពោះលើរចនាសម្ព័ន្ធខាងក្រោម គេមើលឃើញថាពុំមានក្បាច់លម្អអ្វីច្រើនឡើយ សូម្បីតែទ្វារបង្អួច និងតាមជណ្តើរឡើងចុះជាដើម។ ប៉ុន្តែចាប់ពីឆ្នាំ១៩៣៧ វត្តនេះបានកសាងវិហាររួចរាល់ជាស្ថាពរឆ្នាំ១៩៤៤ ដោយបានរក្សាទុកសាឡុំនេះទុកនៅដដែល។ សព្វថ្ងៃដោយសារស្ថានភាពចាស់ទ្រុឌទ្រោមដោយអាយុកាល សាឡុំនេះបានបិទទ្វារជាបណ្តោះអាសន្ន។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A9-%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%9F%E1%9F%86%E1%9E%9F%E1%9E%98%E1%9E%B8-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A-copy-1024x574.jpg)
ដោយឡែកក្រៅសាឡុំតាមវត្តផ្សេងៗដូចរៀបរាប់ខាងលើ នៅក្នុងរូបលេខ១៩ ខាងក្រោម ជាស្លាកស្នាមសាឡុំដែលទើបនឹងរុះរើចេញ ស្ថិតក្នុងវត្តភូមិថ្មី ឬហៅថាវត្តសទ្ធារាម ក្នុងខេត្តក្រចេះ បន្ទាប់ពីវិហារវត្តនេះកសាងរួចរាល់ក្នុងឆ្នាំ២០០៨។ រីឯសាឡុំវត្តអម្ពរវ័នសិលារាម ស្ថិតក្នុងស្រុកឆ្លូង នៃខេត្តក្រចេះដែរ។ សាឡុំនេះ ដើមឡើងកសាងអំពីឈើ ប្រាក់ក្បឿងស្រកាលេញ និងបំពាក់លម្អដោយជហ្វាតាមចុងមេដំបូល។ ប៉ុន្តែបច្ចុប្បន្ន ដោយសារស្ថានភាពសាឡុំកាន់តែទ្រុឌទ្រោម ព្រះសង្ឃ និងពុទ្ធបរិស័ទបានរៀបចំជួសជុល ដោយប្តូរជាសសរបេតុងវិញ ក្នុងបំណងរក្សាទុកជាតំណទៅមុខសម្រាប់គោរពបូជា។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A2%E1%9F%A0-%E1%9E%9F%E1%9E%B6%E1%9E%A1%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%A2%E1%9E%98%E1%9F%92%E1%9E%96%E1%9E%9A%E1%9E%9C%E1%9F%90%E1%9E%93%E1%9E%9F%E1%9E%B7%E1%9E%9B%E1%9E%B6%E1%9E%9A%E1%9E%B6%E1%9E%98-%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%82%E1%9E%80%E1%9E%85%E1%9F%86%E1%9E%A1%E1%9E%B6%E1%9E%80%E1%9F%8B-copy.jpg)
ជារួមមកគេសង្កេតឃើញថាសាឡុំខ្លះដែលរៀបរាប់មកខាងលើ ហាក់ជាសំណង់តូចមួយប្រើប្រាស់បណ្តោះអាសន្ននៅក្នុងវត្តណាទើបកកើតថ្មី។ រីឯទីតាំងកសាងសាឡុំ គេច្រើនជ្រើសត្រង់ចំណុចក្បែរៗនឹងកន្លែងដែលត្រូវកសាងវិហារទៅថ្ងៃខាងមុខ។ ប៉ុន្តែសាឡុំខ្លះ ជាសំណង់រឹងមាំ ហើយមានលក្ខណៈស្ទើរដូចកូនវិហារមួយយ៉ាងដូច្នេះដែរ។ លើសពីនេះគេឃើញសាឡុំខ្លះ ត្រូវបានគេជួសជុលថែទាំត្រឹមត្រូវទុកជាកន្លែងសក្ការៈ តែសាឡុំខ្លះទៀតក៏ត្រូវបោះបង់ចោល ឬរុះរើចេញពីទីធ្លាវត្ត៕
អត្ថបទដើម៖ ហៀន សុវណ្ណមរកត