វត្តល្អក់ ឬ វត្តអរញ្ញរង្សី ស្ថិតនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ មកដល់សព្វថ្ងៃ វត្តនេះមានព្រះវិហារពីរ ហើយបើចូលតាមខ្លោងទ្វារមុខ គេឃើញព្រះវិហារបុរាណស្ថិតនៅខាងស្តាំ រីឯព្រះវិហារសង់ថ្មីស្ថិតនៅខាងឆ្វេង។ ចំពោះព្រះវិហារបុរាណ គឺជាសំណង់សក្ការៈដ៏ល្អឯកក្នុងព្រះពុទ្ធសាសនា ប្រកបដោយក្បាច់រចនាយ៉ាងវិចិត្រក្រៃលែង។ ផ្អែកលើចំណារលើបល័ង្កព្រះជីវ៍ និងការសិក្សាកន្លងមកសន្និដ្ឋានថា ព្រះវិហារបុរាណកសាងឡើងនៅភាគខាងដើមនៃសតវត្សទី១៩។ ចំណែកព្រះវិហារថ្មីកសាងឡើងនៅរវាងដើមសតវត្សទី២១ ដោយគេសង្កេតឃើញមានលក្ខណៈសិល្បៈខ្លះចម្លងពីវិហារបុរាណ។
វត្តល្អក់ ឬ វត្តអរញ្ញរង្សី ស្ថិតនៅក្នុងឃុំគោកសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ មកដល់សព្វថ្ងៃ វត្តនេះមានព្រះវិហារពីរ ហើយបើចូលតាមខ្លោងទ្វារមុខ គេឃើញព្រះវិហារបុរាណស្ថិតនៅខាងស្តាំ រីឯព្រះវិហារសង់ថ្មីស្ថិតនៅខាងឆ្វេង។ ចំពោះព្រះវិហារបុរាណ គឺជាសំណង់សក្ការៈដ៏ល្អឯកក្នុងព្រះពុទ្ធសាសនា ប្រកបដោយក្បាច់រចនាយ៉ាងវិចិត្រក្រៃលែង។ ផ្អែកលើចំណារលើបល័ង្កព្រះជីវ៍ និងការសិក្សាកន្លងមកសន្និដ្ឋានថា ព្រះវិហារបុរាណកសាងឡើងនៅភាគខាងដើមនៃសតវត្សទី១៩។ ចំណែកព្រះវិហារថ្មីកសាងឡើងនៅរវាងដើមសតវត្សទី២១ ដោយគេសង្កេតឃើញមានលក្ខណៈសិល្បៈខ្លះចម្លងពីវិហារបុរាណ។
ព្រះវិហារបុរាណវត្តល្អក់ មានរចនាសម្ព័ន្ធទូទៅនៃសំណង់ផ្នែកខាងក្រោម គឺជាឥដ្ឋបូកកំបោរបាយអ រីឯគ្រឿងបង្គុំនៅផ្នែកខាងលើគឺជាឈើ។ ចំណែកបរិវេណខាងក្រៅ ដើមឡើយប្រហែលព័ទ្ធដោយបង្កាន់ដៃជុំវិញ ដ្បិតសព្វថ្ងៃគេឃើញនៅសល់តែទ្វារបង្កាន់ដៃទិសខាងកើត ខាងលិច និងខាងជើង។ ដោយឡែកនៅផ្នែកខាងត្បូង បានរៀបចំពង្រីកខឿនព្រះវិហារថ្មី ឱ្យទល់ដល់នឹងសសរព្រះវិហារចាស់។ លើសពីនេះ សសរបុរាណជុំវិញបាំងសាច គេសង្កេតឃើញថាជាសសរឈើ ហើយសព្វថ្ងៃបានជួសជុលប្តូរជាសសរបេតុងជាបន្តបន្ទាប់។


ព្រះវិហារបុរាណវត្តល្អក់ សង់ឡើងមានលក្ខណៈជាវិហារដំបូលកិង ប្រក់ក្បឿងស្រកាលេញ មានជម្រាលជាថ្នាក់ៗសងខាង និងបំពាក់ជហ្វាពីរនៅចុងមេដំបូលខាងមុខ និងជហ្វាពីរនៅចុងមេដំបូលខាងក្រោយ។ ចំពោះហោជាងទាំងសងខាងនៃព្រះវិហារនេះ គឺជាប្រភេទហោជាងឆ្លាក់អំពីឈើ។ នៅលើហោជាងខាងកើត គេឆ្លាក់ជារូបព្រះចេតិយ ដែលមានដងទង់មួយគូ និងទេព្តាកាន់ផ្កាឈូកអង្គុយប្រណម្យសងខាង។ ចំណែកនៅលើកំពូលព្រះចេតិយនោះ គេឆ្លាក់រូបព្រះសិអារ្យមេត្រីគង់លើផ្កាឈូក(?)។ ដោយឡែក នៅលើហោជាងទិសខាងកើតនៃព្រះវិហារថ្មីវត្តនេះ ប្រហែលឆ្លាក់ចម្លងរូបព្រះចេតិយ និងទិដ្ឋភាពជុំវិញនៅលើហោជាងខាងកើតនៃព្រះវិហារចាស់។


ចំពោះហោជាងខាងលិចនៃព្រះវិហារបុរាណ ក៏ជាប្រភេទហោជាងឆ្លាក់អំពីឈើដូចហោជាងខាងកើតដែរ។ ប៉ុន្តែគួរឱ្យស្តាយ ហោជាងនេះបានពុកផុយរលុបបាត់ខ្លឹមសារទាំងស្រុង ពុំអាចមើលយល់ឡើយ។ ដូច្នេះ អ្វីដែលគេអាចសម្គាល់ឃើញនៃក្បាច់តុងតែងលម្អលើផ្នែកដំបូល គឺការជួសជុល និងផ្លាស់ប្តូរនាគដងក្តារថ្មី តែរក្សាទុកជហ្វាបុរាណ។ លក្ខណៈពិសេសនៃជហ្វាបុរាណព្រះវិហារនេះ គឺជហ្វាមានគែ មានពុកចង្កា មានមាត់ មានចង្កូម (ពាំកែវ) និងមានភ្នែក ដែលបង្ហាញឱ្យឃើញច្បាស់ថាជហ្វាគឺជានាគ។ មិនតែប៉ុណ្ណោះ នៅលើគែដែលជាទូទៅឆ្លាក់ជារូបចក្រ ឬគេតែងហៅថាត្រានោះ គេបានច្នៃឆ្លាក់ជារូបមុខមនុស្ស ឯផ្នែកមូលខាងក្រោមជាត្រានាគ ក្លាយទៅជាស្រងកមនុស្ស។ រូបលេខ៧ គឺជាជហ្វាឈើមុនពេលជួសជុល និងរូបលេខ៨ ជាជហ្វាចម្លងថ្មីតាមលំអានជហ្វាចាស់។


និង ព្រាប ចាន់ម៉ារ៉ា)

រចនាសម្ព័ន្ធផ្នែកខាងក្នុងព្រះវិហារមានសសរឈើពីរជួរអមសងខាងល្វែងគ្រឹះ និងសសរឈើពីរជួរទៀតជាប់ជញ្ជាំង។ សសរទាំងអស់ សុទ្ធសឹងជាប្រភេទសសរឈើ៨ជ្រុង ទ្រគ្រឿងបង្គុំឈើផ្នែកខាងលើ ហើយពុំមានក្បាច់លម្អអ្វីឡើយ។ រីឯជញ្ជាំងព្រះវិហារ គេបានរៀបឥដ្ឋថ្មីមួយជាន់ទៀតពីខាងក្នុង បំណងទប់ជញ្ជាំងចាស់កុំឱ្យរលំ។ ចំណែកផ្ទៃកម្រាលព្រះវិហារ គេក្រាលប្រភេទការ៉ូបុរាណ ហើយគេរៀបផ្នែកចន្លោះល្វែងគ្រឹះឱ្យខ្ពស់ជាងរបៀងសងខាងបន្តិច ព្រមទាំងមានស្លាកស្នាមដាំសន្លឹកសីមាជុំវិញផង។ ការរៀបចំបែបនេះ គេឃើញដូចគ្នាទៅនឹងល្វែងគ្រឹះព្រះវិហារវត្តរាជបូព៌ដែលកសាងឡើងតាំងពីឆ្នាំ១៩០៧។

សូមបញ្ជាក់ដែរថា ព្រះវិហារបុរាណនេះពុំមានពិតានឡើយ។ នៅផ្នែកខាងលិចនៃចុងល្វែងគ្រឹះ គឺជាបល្ល័ង្កតម្កល់ព្រះជីវ៍។ បល្ល័ង្កព្រះជីវ៍នៃព្រះវិហារនេះ ហាក់ប្រកបដោយលក្ខណៈសិល្បៈប្លែក និងកម្រ ដ្បិតជាទម្រង់បល្ល័ង្កភ្ជាប់បុស្បុកខ្ពស់ស្ទើរទល់ដំបូល។ ផ្នែកខាងក្រោមនៃបល្ល័ង្កនេះមានរាងបួនជ្រុង ខាងមុខគេរៀបឱ្យចេញជាបីថ្នាក់ដាក់គ្រឿងសក្ការៈ និងផ្លាភ្ញីផ្សេងៗ។ ផ្នែកចំហៀង និងខាងក្រោយ គេរៀបឱ្យចេញជាល្បាក់ ហើយបិទលម្អក្បាច់ត្របកឈូកជុំវិញ។ រីឯកំពូលបុស្បុក គេរៀបឱ្យចេញជាបីថ្នាក់។ តាមថ្នាក់នីមួយៗ លម្អដោយក្បាច់រចនាយ៉ាងរស់វើក ព្រមទាំងមានដាំកញ្ចក់យ៉ាងភ្លឺផ្លេក។


សង្ខេបមក ព្រះវិហារវត្តល្អក់ជាស្ថាបត្យកម្មព្រះពុទ្ធសាសនាយ៉ាងវិសេស ពុំធ្លាប់ឃើញពីមុនមក។ Daniel Guéret និង Doninique-Pierre Guéret សន្និដ្ឋានថាព្រះវិហារនេះកសាងនៅក្នុងឆ្នាំ១៩២៩។ ផ្នែកខ្លះនៃការតុបតែងលម្អព្រះវិហារនេះ មានឥទ្ធិពលមួយភាគលើសំណង់ព្រះវិហារថ្មី ជាពិសេសខ្លឹមសារចម្លាក់ហោជាងខាងកើត ដែលមានរូបព្រះសម្យមុនីចេតិយ៕
អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត