ទំព័រដើមប្រវត្តិសាស្ត្រសាវតារ និងសា្នព្រះហស្តព្រះបាទសូរ្យវរ្ម័នទី១

សាវតារ និងសា្នព្រះហស្តព្រះបាទសូរ្យវរ្ម័នទី១

អ្នកប្រវត្តិវិទូជាច្រើនលើកឡើងថា បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៥ ចូលទិវង្គតទៅ ស្រុកទេសពុំមានសន្តិភាពឡើយ ដ្បិតថាសង្រ្គាមដណ្តើមអំណាចបានកើតឡើងបង្កដោយភាគីចំនួនបីក្រុមផ្សេងគ្នា រួមមាន ព្រះបាទឧទ័យទិត្យវរ្ម័នទី១ ព្រះបាទជ័យវីរវរ្ម័ន និងព្រះបាទសូរ្យវរ្ម័នទី១។ នៅដំណាក់កាលចុងក្រោយ អ្នកដែលឈ្នះសង្រ្គាមនេះ គឺព្រះបាទសូរ្យវរ្ម័នទី១ នៅរវាងចន្លោះឆ្នាំ​១០០៦ ដល់ ១០១០ នៃគ.ស.។ តើព្រះរាជាអង្គនេះ មានខ្សែស្រឡាយខាងណា? មានស្រុកកំណើតនៅទីណា? មានព្រឹត្តិការណ៍នយោបាយសំខាន់ៗអ្វីខ្លះ? និងមានស្នាព្រហស្តសំខាន់ៗ​បែបណាខ្លះ?

សាវតារ និងស្រុកកំណើត

ប្រវត្តិវិទូដំបូង ដូចជា លោក George Coedès និងលោក L.P. Briggs យល់ថា ព្រះបាទសូរ្យ​វរ្ម័នទី១ គឺជាចម្បាំងវាតទីទឹកដីមួយអង្គដែលយាងមកពីឧបទ្វីបម៉ាឡេស៊ី ដ្បិតលោកទាំងពីរបានសិក្សាសិលាចារឹកជាច្រើនក្នុងរជ្ជកាលរបស់ទ្រង់ និងយល់ស្របគ្នាថា គោរម្យងារ “កំត្វន” របស់ព្រះរាជាអង្គនេះមានជាពាក្យក្នុងភាសាម៉ាឡេស៊ី ដែលពាក្យ “ត្វន” (តួន) ប្រែថា “លោកម្ចាស់”។ ក្រោយមកទើបលោក George Coedès បានដឹងថាពាក្យ “កំត្វន” ជាពាក្យខ្មែរបុរាណដែលចង់បញ្ជាក់អំពីការបន្តទាយាទខាងស្រី (តោន, ត្វន ដែលត្រូវនឹងពាក្យខ្មែរទំនើបថា “ដូន”)។ ចំណែក លោកស្រី Madelian Giteau លើកឡើងថា ព្រះបាទសូរ្យវរ្ម័នទី១ មានជាតិកំណើតពីម៉ាឡេនៅតាម​ដងទន្លេមេណាមត្រង់តំបន់លពបុរី និងជាព្រះរាជបុត្រនៃព្រះរាជាមួយអង្គនៃអាណាចក្រម៉ាឡេស៊ី។

ក្រោយមក លោក Michael Vickery បានសិក្សាបន្ថែមអំពីសិលាចារឹកជាច្រើននៅក្នុងរាជ្យរបស់ទ្រង់ ហើយបានធ្វើសេចក្តីសន្និដ្ឋានជាថ្មីថា ព្រះអង្គទំនងជាមនុស្សនៅក្នុងគ្រួសារអភិជន ឬគ្រួសារមានអំណាចណាមួយ ដែលមានប្រវត្តិចាស់ជាងគ្រួសារដែលទើបមានសកម្មភាពចាប់ពីរាជ្យព្រះបាទជ័យវរ្ម័នទី២ (K.136) ហើយព្រះអង្គទំនងមានស្រុកកំណើតនៅតំបន់ខាងត្បូង ឬឦសានតំបន់អង្គរ (ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ)។ ប៉ុន្តែគំនិតនេះលោក Claude Jacques មិនយល់ស្របនោះឡើយ ដោយលោកគិតថា ព្រះបាទសូរ្យវរ្ម័នទី១ ទំនងមានស្រុកកំណើតនៅ​ក្រុងសម្ភុបុរ (ខេត្តក្រចេះ) ដោយលោកយោងទៅលើការសិក្សាសិលាចារឹក K.125 រកឃើញនៅសំបូរ ខេត្តក្រចេះ (តាកឹង) ដែលរៀបរាប់អំពីមន្រ្តីម្នាក់ដែលជាអ្នកគោរពនិងស្ថិតនៅក្រោមអំណាចរបស់ព្រះបាទសូរ្យវរ្ម័នទី១ (ព្រះកម្រតេងអញបរមបពិត្រ) នៅក្នុងគ.ស.១០០១។ ទោះបីជាយ៉ាងណា លោក Michael Vickery បានប្រឆាំងគំនិតនេះទាំងស្រុង ដោយយល់ថា សិលាចារឹក K.125 គ្រាន់តែបញ្ជាក់អំពីកាលបរិច្ឆេទដំបូងៗដែលចារឹកដោយមន្រ្តីរៀបរាប់អំពីស្តេចរបស់ខ្លួន ដែលមិនមែនជាលក្ខណៈផ្លូវការរបស់ស្តេចឡើយ ហើយវាមានលក្ខណៈដូចនឹងសិលាចារឹកជាច្រើនទៀត ដូចជា សិលាចារឹកប្រាសាទរបងរមាស K.153 ក្នុងខេត្តកំពង់ធំដែលចារឹកតាំងពីគ.ស.១០០០ និងសិលាចារឹកជាច្រើនទៀតដូចជា សិលាចារឹកនៅជីក្រែង K.468 សិលាចារឹកនៅកំពង់ចាម K.89 សិលាចារឹក K.161 (គ.ស.១០០១-១០០៣)។ ម្ល៉ោះហើយ លោក Vickery យល់ថា សិលាចារឹកនៅខេត្ត​ក្រចេះខាងលើមិនអាចជាតឹកតាងរឹងមាំដែលអាចនិយាយថា ទ្រង់មានស្រុកកំណើតនៅទីនោះ​ឡើយ។

ដោយឡែកសិលាចារឹកមួយទៀតរកឃើញនៅប្រាសាទទួលតាពេជ្រ ខេត្តកំពង់ធំ K.834 រៀបរាប់ថា៖ “ព្រះបាទសូរ្យវរ្ម័នទី១ មានកំណើតក្នុងគ្រួសារចេះដឹងជ្រៅ​ជ្រះផ្នែកប្រពៃណីទំនៀមទម្លាប់ទ្រង់មានគតិបណ្ឌិតពី ប្រតទ៌ន ទិលិប និងចំណេះដឹងជ្រៅជ្រះ​ដូចព្រះអង្គមុនៗដែរ”។ ម្យ៉ាងវិញទៀតសិលាចារឹកប្រាសាទព្រះធាតុទឹកឆា​ K.702 បានបញ្ជាក់ថា៖ “ទ្រង់ជាអ្នកដែលប្រសូត្រចេញពីខ្សែស្រឡាយខាងមាតានៃព្រះបាទស្រីឥន្រ្ទវរ្ម័ន ដោយសារតែទ្រង់មានប្រភពចេញពីរាជវង្សនេះហើយទើបទ្រង់ត្រូវទទួលបានរាជបល្ល័ង្កបន្តពីក្សត្រាស្តេចមុនៗ”។ តែទោះបីយ៉ាងណា អ្នកប្រវត្តិវិទូជាច្រើនយល់ថា គាថានេះគ្រាន់តែជារឿងមួយដែលអ្នកចារចង់លើកសរសើរព្រះរាជា ដ្បិតគេគិតថាទ្រង់មិនមែនជាខ្សែរាជវង្សឡើយ។

ព្រឹត្តិការណ៍នយោបាយសំខាន់ៗ

រឿងរ៉ាវដ៏ពិសេសមួយដែលគេដឹងថា នៅគ.ស.១០១១ នៅពេលដែលព្រះអង្គបានឈ្នះសង្រ្គាមជាស្ថាពរហើយ ទ្រង់បានឱ្យគេចារសិលាចារឹកយ៉ាងវែង ដែលនិយាយពីពាក្យសម្បថរបស់មន្រ្តីតាមខេត្តនីមួយៗ ចារឹកនៅប្រាសាទភិមានអាកាស និងប្រាសាទឃ្លាំង (K.292, K.466-468, K.551-552)។ ក្នុងនោះមានឃ្លាមួយនៃសម្បថបានសរសេរថា៖ “នឹងមានភក្តីភាពតែចំពោះព្រះអង្គតែមួយគត់ បើនរណាហ៊ានក្បត់ សូមឱ្យធ្លាក់ទៅដល់ស្ថាននរក ដរាបណាលែងមានព្រះចន្រ្ទ និងព្រះអាទិត្យ”។

ក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ ទ្រង់បានពង្រីកវិសាលភាពទឹកដីអង្គរទៅកាន់តែឆ្ងាយ។ ដូចសិលាចារឹកមួយនៅលពបុរី (ស្រុកសៀមបច្ចប្បន្ន) ក៏មានរៀបរាប់អំពីទ្រង់ដែរ ហើយចំណែកនៅក្នុងសិលាចារឹកសម្បថវិញមាន “ម្រតាញ” មួយចំនួនមកពីស្រុកនៅប្រមាណល្វោ (ប្រមាណ អាចត្រូវនឹងខេត្តសព្វថ្ងៃ រីឯតំបន់ល្វោ ស្វិតនៅខាងជើងអយុធ្យា រាជធានីថៃសម័យក្រោយអង្គរ)។ លោក Vickery បានសិក្សាសិលាចារឹកជាច្រើននៅសម័យមុនអង្គរ ហើយបានបញ្ជាក់ឱ្យដឹងថា ការពង្រីកវិសាលភាពទឹកដីរបស់ព្រះបាទសូរ្យវរ្ម័នទី១ ពុំមែនមានន័យថា ខ្មែរទៅឈ្លានពានទឹកដីជនជាតិសៀមនោះទេ ព្រោះតំបន់នោះជាទឹកដីខ្មែរកាលពីបុរាណ ដែលមានភស្តុតាងតាំងពីស.វ.ទី៧ ក្នុងរាជ្យព្រះបាទឦសានវរ្ម័នទី១ដែលគេដឹងថាបុត្រារបស់ទ្រង់ព្រះនាម “សីវទត្ត” គឺជាអ្នកដឹកនាំឬចៅហ្វាយខេត្តនៅទីនោះ។

ព្រះមហេសី ព្រះញាតិវង្ស មន្រ្តី និងព្រះបរមមរណនាម

អ្នកប្រវត្តិវិទូយល់ថា ព្រះបាទសូរ្យវរ្ម័នទី១ មានព្រះមហេសីជាច្រើនអង្គ ហើយមហេសីសំខាន់ៗរបស់ទ្រង់មានព្រះនាងវិរលក្ស្មី និងព្រះនាងន្ឫបតីន្រ្ទលក្ស្មី។ តាមរយៈសិលាចារឹក K.660 ផ្តល់ពត៌មានឱ្យដឹងថា ព្រះនាងវិរលក្ស្មី មានត្រកូលបន្តពីព្រះបាទស្រីហស៌វរ្ម័នទី១តាមខ្សែស្រឡាយខាងម្តាយ ដែលមានន័យថា ព្រះនាងជាប់ខ្សែលោហិតជាមួយស្តេចអង្គមុនៗគឺព្រះបាទយសោវរ្ម័នទី១ និងព្រះបាទហស៌វរ្ម័នទី១។ ប៉ុន្តែលោក Coedès បញ្ជាក់ថា ព្រះនាងជាអតីតមហេសីរបស់ព្រះរាជាអង្គមុន គឺព្រះបាទជ័យវីរវរ្ម័ន ម្ល៉ោះហើយទើបលោកស្រី Madelian Giteau សន្និដ្ឋានថា ព្រះបាទសូរ្យវរ្ម័នទី១ រៀបអភិសេកជាមួយព្រះនាងដើម្បីឱ្យគេទទួលស្គាល់អំណាចរបស់ទ្រង់។ ចំណែក ទិន្នន័យបានពីសិលាចារឹកប្រាសាទបេងឱ្យដឹងថា ព្រះនាងន្ឫបតីន្រ្ទលក្ស្មី ដែលជាមហេសីមួយអង្គទៀតរបស់ទ្រង់ គឺជាប្អូនស្រីមន្រ្តីជាន់ខ្ពស់មួយរូបមាននាមថា ន្ឫបតីន្រ្ទវរ្ម័ន ហើយក៏ត្រូវជាមហេសីរបស់ព្រះបាទជ័យវីរវរ្ម័នដូចគ្នាដែរ។

ព្រះបិតា និងព្រះមាតារបស់ទ្រង់ គេពុំស្គាល់ថាជានរណាពិតប្រាកដឡើយ ហើយចំណែកឯបុត្ររបស់ទ្រង់គឺគេស្គាល់ព្រះនាមថា “ឧទ័យទិត្យវរ្ម័ន”។ ព្រះរាជគុរុឈ្មោះ “យោគិស្វរបណ្ឌិត” និង “កវិស្វរបណ្ឌិត” ព្រះរាជបុរោហិតឈ្មោះ “សិវចារ្យ”, “កិតិន្រ្ទបណ្ឌិត” និង “ជយេន្រ្ទបណ្ឌិត”, រីឯព្រះហោតរឈ្មោះ “សង្ករ”។ មន្រ្តីសំខាន់ៗផ្សេងទៀតមានឈ្មោះ “សិវវិន្ទុ (ត្រូវជាចៅសិវចារ្យ”។ ព្រះអង្គសោយទិវង្គតនៅឆ្នាំ១០៤៩ ដោយមានមរណនាមថា “បរមនិវ៌្វានបទ”។

ស្នាព្រះហស្ត

ដោយហេតុថា ព្រះបាទសូរ្យវរ្ម័នទី១ គឺជាស្តេចដែលជឿទៅលើព្រហ្មញ្ញសាសនា និកាយ​ព្រះឥសូរ យើងឃើញថាសំណង់ប្រាសាទភាគច្រើនរបស់ទ្រង់ ច្រើនតែឧទ្ទិសដល់ព្រះឥសូរ។ ប្រាសាទដែលកសាងឡើងក្នុងរាជ្យរបស់ទ្រង់មានដូចជា ផ្នែកជាច្រើននៃប្រាសាទព្រះវិហារ (ស្រីសិខារេស្វរ) ប្រាសាទភ្នំជីសូរ (សូរ្យទ្រី ឬ សូរ្យបព៌ត) (រូបលេខ១) ប្រាសាទវត្តបាសែត (ស្រីជ័យក្សេត្រ) ប្រាសាទវត្តឯកភ្នំ (នរេន្រ្ទគ្រាម) (រូបលេខ២) ប្រាសាទឃ្លាំងខាងជើងនិងខាងត្បូង (រូបលេខ៣) ប្រាសាទភិមានអាកាស (រូបលេខ៤) ផ្នែកខ្លះនៃប្រាសាទវត្តភូ (រូបលេខ៥) ផ្នែកខ្លះនៃបាកាណ (រូបលេខ៦) ក្លោងទ្វាររាជវាំង (រូបលេខ៧) ប្រាសាទភ្នំជើងព្រៃ (រូបលេខ៨) ប្រាសាទស្រីគ្រប់លក្ខណ៍  ប្រាសាទស្នឹងខាងកើតនិងខាងលិច (រូបលេខ៩-១០) ប្រាសាទចៅស្រីវិបុល (រូបលេខ១១) ប្រាសាទរបងរមាស (រូបលេខ១២) ប្រាសាទមឿងតាំ ប្រាសាទបន្ទាយស្រី ដំដែក។ល។ ស្ថាបត្យកម្មទាំងនេះ គេបានចាត់ថ្នាក់បញ្ចូលទៅក្នុងសិល្បៈចុងរចនាបថបន្ទាយស្រី ដល់រចនាបថបាភួន។ ក្រៅពីសំណង់ស្ថាបត្យកម្មដែលជាស្នាព្រះហស្តដ៏ច្រើនសន្ធឹកសន្ធាប់នេះវិញ ទ្រង់បានកសាងអាងស្តុកទឹកដំធំមួយធំជាងគេបង្អស់នៅខាងលិចអង្គរ មានប្រវែង ៨គ.ម. គុណនឹង ២.២គ.ម. ដែលក្រោយមកក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ បានកសាងបន្ថែម និងសាងប្រាសាទមេបុណ្យខាងលិចនៅចំកណ្តាល។

ជារួមមក ព្រះបាទសូរ្យវរ្ម័នទី១ គឺជាព្រះរាជាមួយអង្គដែលទំនងប្រសូត្រចេញពីគ្រួសារអភិជនមួយនៅឦសានតំបន់អង្គរ (កំពង់ធំ កំពង់ចាម ក្រចេះ) ហើយបានធ្វើសង្រ្គាមប្រឆាំងជាមួយព្រះបាទជ័យវីរវរ្ម័នដោយជោគជ័យទើបទ្រង់អាចឡើងសោយរាជ្យបាន។ នៅក្នុងរជ្ជកាលព្រះអង្គ ទ្រង់បានពង្រីកវិសាលភាពទឹកដីទៅកាន់តែឆ្ងាយពីរាជធានីអង្គរ និងបានកសាងស្នាព្រះហស្តជាច្រើន ជាពិសេស គឺសំណង់ប្រាសាទក្នុងរាជ្យរបស់ព្រះអង្គនៅក្នុងទឹកដីប្រទេសកម្ពុជាមានច្រើនរាប់មិនអស់។ ប្រសិនបើមើលតាមការដឹកនាំ និងស្នាព្រះហស្ត គេអាចចាត់ទុកព្រះអង្គ គឺជាមហាក្សត្រដ៏ឆ្នើមបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តខ្មែរ៕

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!