ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿអ្នកតាមេ-ស (ភាគ២ បញ្ចប់)

អ្នកតាមេ-ស (ភាគ២ បញ្ចប់)

ដូចបាន​ជ្រាបស្រេចហើយ អ្នកស្រុក​ទុកអ្នកតាមេ-ស ជា​​ធំ​លើស​​អ្នកតា​នានា។ ក្នុង​អត្ថបទ​ភាគ១​ បានបង្ហាញថាអ្នកតាមេ-ស ​មាន​លក្ខណៈ​ពុំ​សូវ​ខុសគ្នា​ឡើយ​​​ពី​​នាង​ទុគ៌ា ជា​​ទេព​ក្នុង​ព្រហ្មញ្ញ​សាសនា ដែល​​សម្លាប់​​បិសាច​​​​មហឹង្សា​ឱ្យ​លោក​ទាំង​មូល​​មាន​​​​សណ្តាប់​ឡើង​វិញ​។ តាម​ពាក្យ​អ្នក​ស្រុក ​​​​ដើម្បី​​ឱ្យ​មនុស្ស ​​និង​សត្វ​​ក្នុង​ភូមិរស់នៅ​​​បាន​សុខ​សប្បាយ​ មាន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​ គេ​ក៏​​ត្រូវ​​​ធ្វើ​បុណ្យ​​ថ្វាយ​​អ្នកតា​​មេ-ស ជារៀង​រាល់​ឆ្នាំ​ដែរ ហើយ​គេ​​តំណាលថា​ ដើម​ឡើយ​គេ​ត្រូវ​សម្លាប់​មនុស្ស ឬកាប់​ក្របី​ ឬ​ជ្រូក​​ជា​ដង្វាយ​​​ផង។ អត្ថបទ​នេះ ខ្ញុំ​សូម​​​​បង្ហាញ​​ដោយ​សង្ខេប​នូវ​ទិដ្ឋភាព​ពិធីបុណ្យឡើង​អ្នក​តា​មេ-ស ដែល​អ្នក​ស្រុក​តែង​​ប្រារព្ធជាប់ជា​ទំនៀម​រហូតមក។​ ​​​​​ទំនៀមធ្វើ​បុណ្យឡើង​អ្នកតា​មេ-ស ​ពុំ​ដឹង​ថា​ចាប់ផ្តើម​ប្រារព្ធ​​ពីត្រឹម​​សម័យ​ណា​មក​ឡើយ។ ​បើតាម​សៀវភៅ​ប្រជុំរឿង​ព្រេង​ខ្មែរ​​តំណាល​ថា​ អ្នក​ស្រុក​តែង​មូល​មាត់រៀបចំ​ពិធី​នេះ​យ៉ា​ង​ឱឡារិក​រយៈ​ពេល​​៣ថ្ងៃ ៥ថ្ងៃ ឬ​៧ថ្ងៃ ដោយ​​ប្រជុំ​អស់​ទាំង​ចៅ​សង្កាត់​ជា​ចំណុះ​ខេត្ត​បាភ្នំ​ផង​។ ប៉ុន្តែ​​មក​ដល់សព្វថ្ងៃ​អ្នក​ស្រុក​បាន​កំណត់​ធ្វើ​ពិធីបុណ្យ​នេះត្រឹម​​តែ​៣យប់ ៣ថ្ងៃ ហើយ​ជា​ទូទៅ​គេ​ច្រើនប្រារព្ធនៅ​វេលាខាង​ចុង​ខ្នើត​ ​ក្នុងខែ​ជេស្ឋ។ រីឯ​ដង្វាយ​​ផ្សេងៗ​​ចំពោះ​​អ្នកតា​​ ក៏​មាន​ផ្លាស់​ប្តូរខ្លះ​ដោយ​​អន្លើ​ដែរ។ ចំពោះ​អ្នក​មាន​សទ្ធា​​ផ្ចុង​ផ្តើម​ឧបត្ថម្ភ​គាំទ្រ​​​​ពិធី​បុណ្យ​​នេះ គេ​តែង​​សម្គាល់​ឃើញ​​ពី​ដើម​រៀងមក​ មាន​​តាំងពី​​​​អ្នក​​ស្រុកអ្នក​ភូមិ​ មន្រ្តី​រាជការ​ថ្នាក់​​មូលដ្ឋាន​ រហូតដល់​​ថ្នាក់ដឹកនាំ​ជិត​ឆ្ងាយ និង​សប្បុរស​ជន​​ក្រៅប្រទេស​​ផង។

ចំពោះការរៀបចំ​ និងដំណើរ​ពិធី​ឡើង​អ្នកតា​មេ-ស គឺ​​អធិកអធមក្រៃ​លែង បើ​ធៀប​នឹង​​ទំនៀម​ឡើង​អ្នកតា​ប្រចាំស្រុកភូមិនានា។ ទំហំ​ពិធី​នេះ​ធំ​ដុំ​គគ្រឹកគគ្រេង ដ្បិតតាម​ទំនៀម​​មួយឆ្នាំធ្វើម្តង ហើយ​​គ្រប់​ឃុំ​ចំណុះ​ស្រុក​បាភ្នំ និង​វត្ត​ជុំវិញ​​តែង​​មក​សង់​រោង​បុណ្យ​​រោង​មណ្ឌលកាន់​ទិស និងធ្វើកិច្ច​៣យប់ ៣ថ្ងៃ។

ថ្ងៃទី១៖ នៃពិធី​បុណ្យ​ គេហៅថាថ្ងៃ​ក្រុង​ពាលី សូត្រមន្ត ឬជាទូទៅ​ហៅ​​សាមញ្ញ​ថាថ្ងៃ​ចូល​​រោង។ ក្នុង​ថ្ងៃនេះគេធ្វើ​កិច្ច​​ក្រុង​ពាលី​នៅវេលារសៀល បន្ទាប់មក​មានការចុះ​​សំណេះ​សំណាល​​សួរ​សុខ​ទុក្ខរវាង​ថ្នាក់ដឹកនាំ​ ជាមួយ​​បរិស័ទ​​នៅតាមរោង​បុណ្យ​ប្រចាំឃុំ និង​រោង​​មណ្ឌលនីមួយៗ។

ថ្ងៃទី២៖ គេ​ហៅ​​ថា “ថ្ងៃហែ” ដែល​ជា​ថ្ងៃ​ប្រាព្ធកិច្ច​ដង្ហែ​គ្រឿង​សក្ការៈ និង​ដង្វា​យ​​ចេញ​ពី​រោង​បុណ្យ​​ ​ឬរោងទិស​​ ឆ្ពោះ​ទៅកាន់​អាស្រម​អ្នកតា​មេ-ស។ កិច្ចនេះ​គេ​ប្រាព្ធ​នៅ​វេលា​​​ព្រឹក​​ព្រលឹម។ បន្ទាប់មកនៅវេលារសៀល​រហូត​ដល់អាធ្រាត្រ​ អ្នកស្រុក​នាំគ្នា​កម្សាន្ត​ល្បែង​​របាំ​​ផ្សេងៗ។​  ​ ​ថ្ងៃទី៣ គឺជាថ្ងៃ​បញ្ចប់ ដែលគេច្រើន​និយម​ហៅថា “ថ្ងៃឆ្លង”។ ក្នុង​ថ្ងៃនេះមាន​កិច្ច​រាប់បាត្រ​ព្រះសង្ឃ​ច្រើន​រយ​អង្គ​​ឆ្លង​បុណ្យ​នៅវេលា​ព្រឹក ក្រោម​វត្ត​មាន​អ្នក​មុខ​អ្នកការ​ធំៗ​ផង​​ដែរ។ រីឯ​​ពេល​រសៀល​រហូត​អាធ្រាត្រ​​ អ្នក​ស្រុក​​នាំគ្នា​កម្សាន្ត​សប្បាយ​ល្បែង​របាំ​តាម​ទម្លាប់​ជា​ថ្ងៃ​បញ្ចប់បុណ្យ។

ដោយឡែក បើត្រឡប់មក​មើល​អំពីទិដ្ឋភាពពិធីដង្ហែ​ដង្វាយ​ទៅកាន់​អាស្រម​អ្នកតា​ មេ-ស​ ​ជា​កិច្ចសំខាន់គួរលើក​និយាយលម្អិត​មាន​លំដាប់លំដោយ​ក្បួនដូចតទៅ។ ក្បួន​នេះ​តែង​មាន​មនុស្ស​ម្នា​ចូលរួម​ច្រើន​កុះករ​ពីគ្រប់​មជ្ឈដ្ឋាន ដោយ​មាន​អ្នក​សែង​​​​ជ្រូកខ្វែ​នាំមុខ​ក្បួន​ បន្ទាប់​​មកគឺក្រុមវង់ភ្លេងពិណពាទ្យ អ្នកកាន់បាយព្រលឹង ថ្នាក់ដឹក​នាំ និង​អ្នក​ស្រុក​អ្នក​ភូមិ​ក្មេងចាស់ប្រុសស្រី​ដើរដង្ហែ​បន្ត​កន្ទុយ​ក្បួន​ (រូបលេខ៨-១០)។ ​​​

​លុះ​ដំណើរ​ក្បួន​ដង្ហែ​មកដល់អាស្រម​អ្នកតា​មេ-ស គេចូលអុជធូបទៀន ថ្វាយ​ផ្កាភ្ញី ជ្រូកខ្វៃ​ និង​បាយ​ព្រលឹង។ បន្ទាប់​មក​លោក​​អាចារ្យ​ប្រកាសបួងសួង ដោយមាន​លោក​ចៅហ្វាយស្រុក​​អង្គុយ​កល់ក្បែរផង (រូបលេខ​១១-១៣)។ កិច្ច​បួងសួង​នេះ​​មាន​បីបទ ដែល​​មាន​ខ្លឹម​សារ​ប្រកាស​​ប្រាប់​ដល់​អ្នក​តា​មេ-ស សុំ​ឱ្យ​បាន​សុខសប្បាយ មាន​ភ្លៀងធ្លាក់​គ្រប់​គ្រាន់​។ ​រាល់​ពេល​បួង​សួង​ចប់​មួយ​បទ ភ្លេង​ត្រូវ​ប្រគំថ្វាយ​ម្តង ពេលភ្លេង​ចប់ គេឃើញ​ភ្នាក់​ងារ​កង​នគរ​​បាល​បួននាក់ នៅ​​ឈរ​អម​អាស្រមអ្នក​តា​មេ-ស កេះកៃ​កាំភ្លើង​បាញ់​ឡើង​លើ​បួន​ប្រាប់​​​គ្រាប់បន្លឺឡើង​ព្រមៗគ្នាគំនាប់អ្នកតា (រូបលេខ១៤)។ បន្ទាប់ពីចប់កិច្ច​បួងសួង​​នៅ​អាស្រម​អ្នក​តា​មេ-ស ស្រេចហើយ លោក​អាចារ្យ​យក​ទឹក​ប្រស់​ព្រំ​អ្នក​ចូលរួម​ទាំងអស់ ព្រម​ទាំង​ចែក​អំបោះ​ចង​ដៃសុំ​ពរជ័យ​ផង។ រួច​ហើយ​លោក​​អាចារ្យ​ដឹក​នាំ​​ដង្ហែ​ក្បួន ​យក​បាយ​ព្រលឹង​​ត្រឡប់ទៅ​កាន់​រោង​បុណ្យ​វិញ​ (រូប​លេខ​​១៤-១៦)។​ រីឯ​​លោកមេស្រុក ត្រូវកោះហៅមេឃុំ​ចំណុះទាំងអស់ទៅ​សាលាស្រុក ​ដោយ​​មាន​​កិច្ច​ប្រស់​ពុំ និងសុំពរជ័យផងដែរ​។

សូម​បញ្ជាក់​ថា ក្នុង​ពិធី​ឡើង​អ្នកតា​នេះ​ពុំមាន​កិច្ច​បញ្ចូល​បញ្ជាន់​រូប​ទេ​ ម្ល៉ោះ​ហើយ​គេពុំ​ឃើញ​មាន​រូប​សំណឹង​ឡើយ ពោលគឺ​មាន​តែ​កិច្ច​សែន​ព្រេន​បួងសួង​បីបទប៉ុណ្ណោះ។ ចុង​ឃ្លា​នៃ​សេចក្តីបួង​សួង​នីមួយៗ គេ​តែង​ឮពាក្យ “សុំឱ្យ​សុខសប្បាយ ​សូម​ឱ្យ​មន្រ្តីរាជការ និង​​ថ្នាក់ដឹកនាំឱ្យឡើង​បុណ្យ ឡើង​ស័ក្តិ ឡើង​យស…”។ ​ឃ្លា​នេះ អ្នកស្រុក​ពន្យល់​ថា​បើ​ថ្នាក់ដឹក​នាំណា​ពុំ​អើពើ​ ពុំ​ចូលរួម​រៀបចំ​ពិធី​ឡើង​អ្នក​តាមេ-ស​ ច្រើន​តែ​ជួប​​គ្រោះ មាន​ធ្លាក់​​បុណ្យ​ ធ្លាក់​តំណែងជាដើម។ បើតាម​ការ​និទានក្នុងប្រជុំរឿងព្រេងរំឭក​ទៅរវាង​ចុង​សតវត្សទី​១៩ថា កាល​ពីដើម​​គេ​ធ្វើ​​រោង​បុណ្យ​នៅ​ទីវត្ត​វិហារ​ធំ  មាន​និមន្ត​ព្រះសង្ឃសូត្រមន្ត​វេលាយប់ ព្រឹកឡើង​និមន្ត​ព្រះសង្ឃ​ដារ​​នៅ​ទី​អ្នក​តា​ផ្សេងៗ​ដូចជា​ អ្នកតា​​មេ-ស ​អ្នក​តា​ក្រហម​ក (​ខាង​ជើង​ភ្នំ) អ្នក​តា​សព្វឋាន (ត្រង់​ចង្កេះ​ភ្នំខាង​លិច​) ​និង​អ្នកតា​​ទួល​ឈ្នាង (លើ​ភ្នំទួល​ឈ្នាង)។ រីឯ​ទំនៀម​សម្លាប់​មនុស្ស ឬសម្លាប់​ក្របីថ្វាយ​អ្នកតា​មេ-ស ​បាន​ជំនួស​ដោយ​សម្លាប់​​ជ្រូកថ្វាយ​សាច់​ស្រស់​ទាំងមូល​ (រូបលេខ១៧)។ ប៉ុន្តែ​មក​ដល់​សព្វថ្ងៃនេះ គេ​យក​ជ្រូក​ខ្វៃ​ធ្វើ​​ជា​ដង្វាយ​ (រូប​លេខ​​១៨)។​

ដោយឡែក ​ចំពោះ​កំណត់​សម្លាប់មនុស្ស​ថ្វាយ​អ្នកតា​មេ-ស មក​ដល់សព្វថ្ងៃ​ក្លាយ​ជា​រឿង​និទានដូចខាងក្រោម៖

“មនុស្ស​ដែល​ត្រូវ​សម្លាប់ គឺយក​មនុស្ស​ណា​មាន​ទោស​ធ្ងន់។ មុននឹង​សម្លាប់ ​គេ​បាន​​ប្រាប់​សាមីខ្លួន​ឱ្យ​ដឹង​ជា​មុន ឱ្យ​ស៊ីផឹក​ឆ្ងាញ់​តាម​ចំណង់ នាំ​មើល​ល្បែង​ មើល​បុណ្យ​​​ធម្មតា​ដូច​មនុស្ស​គ្មានទោស​។ លុះ​ដល់​ថ្ងៃ​សម្លាប់ គេរៀបចំ​ដាក់​ឃ្នាង ដង្ហែ​ចេញ​ពី​ទី​ប្រជុំ​បុណ្យ​យ៉ាង​អធឹក​អធម មាន​ទាហាន​​កាន់​សាស្រ្តា​វុធ ឬ​កាំភ្លើង​មុខក្រោយ​ ព្រម​ដោយ​​អ្នក​ស្រុក​រាប់​ពាន់​នាក់​ហែ​​​ទៅកាន់​ទី​អ្នក​តាមេ-ស។ ដល់​ហើយ​ គេរៀប​ចំ​បួង​សួង​បន់​ស្រន់​ សូម​ឱ្យ​អ្នកតា​មេ-ស​ជួយឱ្យ​ស្រុក​បាន​សុខ​សប្បាយ ជួយរក្សា​អភិបាល​ស្រុក​ នាម៉ឺន​សព្វ​មុខ​មន្រ្តី និង​បណ្តា​រាស្រ្ត​ ព្រមទាំង​ឱ្យ​ទឹក​ភ្លៀង​​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ។ល។ រួចហើយ គេស្រែក​ភូមា (យក្សអឺ!)​ ៣ដង ទើប​អ្នក​សម្លាប់​ កាន់ដាវ​រាំរែក​ក្រឡឹង​ជុំវិញអ្នក​ទោស​នោះ ងារ​ដាវ​កាប់​តែ​១ ខ្វាប់​​ដាច់​ក​តែម្តង។ ការ​​សម្លាប់​នេះ គេ​សម្គាល់​មើល​ បើ​ឈាម​បាញ់​ទៅលើ ទៅ​ខាង​ស្មើ​គ្នា ថា​ទឹក​ភ្លៀង​នឹង​ធ្លាក់​ស្មើ​គ្រប់​ស្រុក។ បើ​ឈាម​បាញ់​ទៅ​តែខាង​ណា ថា​ភ្លៀង​នឹង​ធ្លាក់​តែ​នៅ​ស្រុក​ខាង​នោះ។ ក្នុង​ពេល​ដំណាល​គ្នា​នោះ មាន​បាញ់​កាំភ្លើង អុជ​ផាវ យ៉ាង​គគ្រឹក​គគ្រេង​ផង។ ចំណែក​ក្រុម​ដែល​នៅទីអ្នកតា​ក្រហមក អ្នកតា​សព្វឋាន និង​អ្នកតា​ទួល​ឈ្នាង​ ត្រូវ​បាញ់​កាំ​ភ្លើង និង​អុជផាវ​គំនាប់​​តាមក្រោយ បន្ទាប់​ពីឮស្នូរ​កាំភ្លើង​នៅទីអ្នកតា​មេ-ស។ ចំពោះ​​មនុស្ស​ដែល​គេ​សម្លាប់ហើយ គេ​យក​ក្បាល និង​អារ​សាច់​​១០០​ច្រនួចដោត​​ថ្វាយ​អ្នកតា​មេ-ស និងអ្នកតាទាំងបីផ្សេងទៀត​៥០ ច្រនួច​ស្មើៗ​គ្នា”។ ផ្អែក​តាម​និទាន​ខាងលើ គេក៏​បាន​គូរស្រមៃទិដ្ឋភាព​នៃ​ការ​សម្លាប់មនុស្ស​ថ្វាយ​អ្នក​តា​មេ-ស​ ផង​ដែរ (រូបលេខ១៩)។ ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ក្រោយមក​គេ​ជ្រើស​យក​ក្របី​ឡើង​ក​ថ្វាយ​អ្នកតា​មេ-សវិញ។ ការ​សម្លាប់ក្របីនោះ គេ​សម្គាល់​ឈាម​​ដូចសម្លាប់​មនុស្ស​ដែរ។ រីឯ​សាច់ក្របី១០០ ច្រនួចថ្វាយ​អ្នកតា​មេ-ស ភ្លៅ១ថ្វាយ​អ្នក​តា​ក្រហម​ក និង​ភ្លៅ​១ ទៀត​ថ្វាយ​អ្នក​តា​សព្វឋាន។ លុះ​ប្រហែល​ត្រឹម​ឆ្នាំ​១៩២០ គេឈប់​សម្លាប់​ក្របី ដោយ​សម្លាប់​​ជ្រូក​ជំនួស​វិញ ហើយ​ប្រហែល​ក្នុងរវាង​ឆ្នាំ​១៩៤៤ គេ​យក​សាច់ជ្រូក១០០ ច្រនួច​ទៅ​ថ្វាយ​តែម្តង។ រីឯ​សព្វថ្ងៃ ប្តូរមកថ្វាយ​ជ្រូកខ្វៃដូច​បញ្ជាក់​ហូរហែមកខាងដើម។

សង្ខេបមក ទំនៀម​ធ្វើបុណ្យ​ឡើង​អ្នកតា​មេ-ស ហាក់ដូចជា​បុណ្យ​កាត្វកិច្ច​រាជការ​ផង​បុណ្យដោយជំនឿរបស់អ្នកស្រុកក្នុង​​រឿងកង្វល់​ទឹក​ភ្លៀង​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ផង។​ រីឯ​របៀប​​រៀបចំ​បុណ្យ​ ក៏បាន​ប្តូរ​ផ្លាស់​តាម​សម័យ​កាល ជាពិសេស​គឺដង្វាយ​អ្នក​តា​មេ-ស ពីសម្លាប់​មនុស្សមកសម្លាប់​ក្របី សម្លាប់​ជ្រូក ថ្វាយ​សាច់​ជ្រូក រហូត​សព្វ​ថ្ងៃ​ថ្វាយ​ជ្រូក​ខ្វៃ៕

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!