ទំព័រដើមប្រវត្តិសាស្ត្រចារឹកព្រះស្កន្ទមួយដែលមិនស្គាល់ប្រភព

ចារឹកព្រះស្កន្ទមួយដែលមិនស្គាល់ប្រភព

សិលាចារឹកបុរាណរបស់ប្រទេសកម្ពុជា តែងរកឃើញថ្មីៗជាប្រចាំនៅលើវិសាលភាពអតីតទឹកដីអាណាចក្រខ្មែរ ជាពិសេសទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។ រហូតមកដល់ពេលនេះ លេខបញ្ជីសិលាចារឹកខ្មែរបានកើនឡើងដល់ K.១៥៧៦ ហើយ  ប៉ុន្ដែនៅមានសិលាចារឹករកឃើញថ្មីៗមួយចំនួនទៀត ពុំទាន់ចុះបញ្ជីនៅឡើយ។ បើរាប់ទាំងគំនូសសញ្ញា​របស់ក្រុមជាង ដែលមាននៅលើថ្មប្រាសាទបន្ថែមទៀតនោះ ចំនួនសិលាចារឹកបុរាណ​ខ្មែរអាចមានចន្លោះ១៦០០ ទៅ ១៧០០។ នេះពុំរាប់បញ្ចូលអត្ថបទចារឹក​ដែល​នៅលើថ្ម ស៊ីម៉ង់ត៍ ឬវត្ថុធាតុដទៃនាសម័យទំនើប មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ​ ដែលរំលងភ្នែកឬមិនទាន់មានការចាប់អារម្មណ៍។ សិលាចារឹក រកឃើញនៅក្នុង​រូប​ភាព​ប្លែកៗពីគ្នាដែលការ​រកឃើញខ្លះ​បានបង្ហាញ​ជាសាធារណៈ​និង​ប្រគល់​ជូន​អាជ្ញា​ធរ​​មាន​សមត្ថ​កិច្ច​រក្សាទៅ​នៅសារមន្ទីរជាដើម។ ការរកឃើញខ្លះទៀត ត្រូវអ្នករក​ឃើញ​រក្សា​ទុក​ជា​ឯកជន ឬខ្លះទៀត​ឈានទៅរកការជួញដូរ ដែលជាអំពើខុសច្បាប់ផងដែរ។

សិលាចារឹកបុរាណរបស់ប្រទេសកម្ពុជា តែងរកឃើញថ្មីៗជាប្រចាំនៅលើវិសាលភាពអតីតទឹកដីអាណាចក្រខ្មែរ ជាពិសេសទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។ រហូតមកដល់ពេលនេះ លេខបញ្ជីសិលាចារឹកខ្មែរបានកើនឡើងដល់ K.១៥៧៦ ហើយ  ប៉ុន្ដែនៅមានសិលាចារឹករកឃើញថ្មីៗមួយចំនួនទៀត ពុំទាន់ចុះបញ្ជីនៅឡើយ។ បើរាប់ទាំងគំនូសសញ្ញា​របស់ក្រុមជាង ដែលមាននៅលើថ្មប្រាសាទបន្ថែមទៀតនោះ ចំនួនសិលាចារឹកបុរាណ​ខ្មែរអាចមានចន្លោះ១៦០០ ទៅ ១៧០០។ នេះពុំរាប់បញ្ចូលអត្ថបទចារឹក​ដែល​នៅលើថ្ម ស៊ីម៉ង់ត៍ ឬវត្ថុធាតុដទៃនាសម័យទំនើប មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ​ ដែលរំលងភ្នែកឬមិនទាន់មានការចាប់អារម្មណ៍។ សិលាចារឹក រកឃើញនៅក្នុង​រូប​ភាព​ប្លែកៗពីគ្នា ដែលការ​រកឃើញខ្លះ​បានបង្ហាញ​ជាសាធារណៈ​និង​ប្រគល់​ជូន​អាជ្ញា​ធរ​​មាន​សមត្ថ​កិច្ច​រក្សាទៅ​នៅសារមន្ទីរជាដើម។ ការរកឃើញខ្លះទៀត ត្រូវអ្នករក​ឃើញ​រក្សា​ទុក​ជា​ឯកជន ឬខ្លះទៀត​ឈានទៅរកការជួញដូរ ដែលជាអំពើខុសច្បាប់ផងដែរ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបសិលាចារឹក​មួយ​​ផ្ទាំង ដោយមិនមានព័ត៌មានបញ្ជាក់ថាសិលាចារឹកនោះ រកឃើញនៅទីណា ពេល​ណា និងរក្សាទុកនៅឯណានោះទេ។ តាមរយៈរូបថត សិលាចារឹក​នេះ​ចារ​នៅ​លើ​ថ្ម​ថ្លើម​អណ្ដើក​​មួយបន្ទះ  មានរូបចម្លាក់សត្វក្ងោកបើកកន្ទុយមួយក្បាល ដែល​នៅ​សង្ខាង​ជើង​សត្វ​ក្ងោក​នោះ មាន​ឆ្លាក់សត្វពស់មួយគូ។ ផ្ទៃថ្មសម្រាប់ចារអត្ថបទ រំលីងរលោងស្មើល្អ។ នៅគែមផ្ទៃ​ថ្ម​ទាំង​មូល មានរចនាស៊ុមជាបន្ទាត់​ចំនួនពីរខ្សែ ដែល​ផ្ទៃ​ខណ្ឌ​ចែក​រវាង​ចម្លាក់​ក្ងោក​និងអត្ថ​បទ​ មានខ្សែបន្ទាត់គូសខណ្ឌចែកចំនួន៤ខ្សែ។ សិលាចារឹកនេះ មានអក្សរ​ចំនួន​​ ៨ បន្ទាត់ ដែលតាម​ជម្រៅតួអក្សរ​និងទឹកដៃចារ បង្ហាញឱ្យឃើញថា ៥ បន្ទាត់ដំបូង ចារឡើងមុន បន្ទាប់​មក ៣ បន្ទាត់ទៀត ជាអត្ថបទ​ដែលចារបន្ថែមនៅពេលក្រោយ។ តាម​បុរាណលេខន៍​សាស្ត្រ តួអក្សរដែលប្រើ​ប្រាស់​សម្រាប់ចារអត្ថបទនេះ ជាទម្រង់តួអក្សរ​បល្លវៈ-ចាលុក្យៈ ដែល​ប្រជាជន​នៅ​អាស៊ី​អាគ្នេយ៍​បុរាណ​ទទួល​យក​មក​ពី​ឥណ្ឌា​ដើម្បី​ប្រើ​ប្រាស់។ បើពិនិត្យលើវាក្យសព្ទនិងភាសាវិញ អាចសម្គាល់បានច្បាស់ថាជាអត្ថបទ​ភាសា​ខ្មែរ​បុរាណ​សម័យមុនអង្គរ។ ដូច្នេះ លក្ខណៈរបស់ផ្ទាំងសិលាចារឹកនេះ មានទម្រង់​អក្សរ​ និង​អត្ថបទ​ដូចសិលាចារឹកខ្មែរសម័យមុនអង្គរ នាស.វ.ទី៦-៧។ យ៉ាងនេះក្ដី សិលា​ចារឹ​ក​​ពុំស្គាល់ប្រភពច្បាស់លាស់និងពុំបានឃើញសភាពលក្ខណៈផ្ទាល់បែបនេះ ពុំអាច​វាយ​តម្លៃ​បានប្រាកដថាជាវត្ថុក្លែងបន្លំឬជាវត្ថុបុរាណនោះឡើយ។ នៅក្នុងអត្ថបទនេះ នឹង​ពិនិត្យ​ពីលក្ខណៈនេះផងដែរ។

ចំពោះសេចក្ដីនៅក្នុងអត្ថបទចារឹកនេះ ៥ បន្ទាត់ដំបូង គឺជាបញ្ជីតង្វាយ​អ្នកបម្រើ​ប្រុស ៥ នាក់, ​ស្រី ៥ នាក់, ដីស្រែចំនួន ១ សន្រែ និង​ស្លាចំនួន ​៣ ច្បារ ថ្វាយ​ចំពោះ​ទេព​ដែល​មានព្រះនាម​ថា «ស្រីកាត៌ិ្តកេយ»។ ចំពោះអត្ថបទ​ ៣ បន្ទាត់​ទៀត គឺ​ជា​បញ្ជី​ឈ្មោះ​អ្នក​បម្រើប្រុសស្រីមួយចំនួនទៀត ដែលទំនងជា​ថ្វាយបន្ថែម​ទៅកាន់ប្រាសាទ​នាពេល​ក្រោយ។  ចំនួនអ្នកបម្រើ ពុំអាចរាប់សរុបបានច្បាស់លាស់ឡើយ ដោយសារតែតួអក្សរ​​ចារ​​បន្ថែមនោះ មានសភាពស្រាលដោយអន្លើ និងដោយសារគុណភាពរូបថតផង។

កាត៌ិ្តកេយ គឺជា​នា​ម​របស់ព្រះស្កន្ទ ដែលជាបុត្រាមួយអង្គរបស់ព្រះឥសូរ។ ទ្រង់​មា​ន​​ព្រះនាមដទៃទៀតដូចជា ​កុមារ សុព្រហ្មន្យ សន្មុខ ជាដើម ។ ទ្រង់ជា​ទេព​ខាង​ចម្បាំង​។ នៅ​កម្ពុជា​សម័យ​បុរាណ​ មាន​សិលាចារឹកនិងចម្លាក់ជាច្រើន​ ដែល​បង្ហាញពីទេពអង្គនេះ​។ ព្រះនាមទេពអង្គ​នេះ ស៊ី​គ្នា​ជា​មួយ​​ចម្លាក់​សត្វក្ងោក នៅលើផ្ទាំងចារឹកនេះ ​ដ្បិត​សត្វ​ក្ងោក គឺជាពាហនៈ ឬយានជំនិះ របស់​ព្រះស្កន្ទ។ ចំពោះ​រូបសត្វពស់វិញ ក៏ទាក់​ទង​នឹង​ព្រះស្ក​ន្ទ​នេះដែរ។ ព្រះស្កន្ទក្នុងព្រះនាមជា សុព្រហ្មន្យ ត្រូវគេគោរពបូជាក្នុងរូបតំណាងជាសត្វ​ពស់។ ប្រាសាទ​សុព្រហ្មន្យ​ នៅប្រទេសឥណ្ឌា សំបូរទៅដោយសត្វពស់​ ហើយអ្នកស្រុក​តែង​បូជាសត្វពស់ទាំងនោះដោយស៊ុតនិងដូង។ ដូច្នេះ​រូបសត្វពស់​ឆ្លាក់នៅសង្ខាង​ជើង​សត្វ​ក្ងោកនោះ ក៏ជាតំណាងឱ្យព្រះស្កន្ទផងដែរ។

ចំពោះទម្រង់អក្សរនិងវាក្យសព្ទនៅក្នុងសិលាចារឹកនេះ សង្កេតឃើញមានចំណុច​មួយចំនួនដែលពុំធ្លាប់ជួបប្រទះពីមុនមក​។ សញ្ញាស្រៈនិស្ស័យ «េ» នៅក្នុងពាក្យ «វងេ» រចនា​ទម្រង់រូបរាងប្លែក។ លក្ខណៈទម្រង់តួអក្សរដទៃទៀត ពុំមានអ្វីប្លែកនោះឡើយ។ សញ្ញាស្រៈ «ិ» នៅក្នុងពាក្យ «មុនិ» និង «និម៌្មទ», ស្រៈ «ា» ដែលរចនាទាញចុះក្រោមកួច​មកខាងឆ្វេង មានលក្ខណៈចាស់បុរាណ។ បើសង្កេតចំពោះវាក្យសព្ទវិញ ពាក្យ «ក្មត៌្តាង៑» ត្រូវ​នឹង​ពាក្យ «កម្រតាង៑»។ សំណេរបែបនេះ ពុំធ្លាប់ជួបប្រទះឡើយ ប៉ុន្ដែសំណេរនេះ មានលក្ខណៈ​ត្រូវ​នឹង​អក្ខរវិធីខ្មែរបុរាណ​ត្រង់ចំណុច «ត៌្តាង៑»។ កាលពីសម័យបុរាណ ពាក្យ​​​ដែលមានសរសេរ​នឹងសញ្ញា​របាទ «៌» រមែងតម្រួតព្យញ្ជនៈក្រោមរបាទនោះម្ដងទៀត បើ​ទោះ​បីជាពាក្យនោះ ជាពាក្យសំស្ក្រឹតឬខ្មែរបុរាណក៏ដោយ។ ពាក្យ «ក្មត៌្តាង៑» នេះ ប្រសិន​បើ​ដកជើងម «្ម» ចេញពីតួក មករៀបតាមលំដាប់សំណេរនិងអក្ខរវិធីវិញ នោះយើង​នឹង​ទទួលបានពាក្យ «កម្រតាង៑» វិញ។​ នៅលើសិលាចារឹកនេះ មានសញ្ញាមួយចំនួន​ចារ​លើស និងបានលុបចេញវិញផងដែរ ដូចជានៅក្រោមពាក្យ «កាត៌ិ្តកេយ» និង «និម៌្មទ»។​

ចំពោះបច្ចេកទេសឆ្លាក់រូបនិងចារតួអក្សរវិញ សង្កេតឃើញមានលក្ខណៈដូច​ចម្លាក់​និងសិលាចារឹក​ដទៃទៀត នៅសម័យមុនអង្គរដែរ។ បច្ចេកទេសនេះ ទំនងជា​ប្រើ​ដែកចារឬដែកឆ្លាក់មុខមូល ដាប់ម្ដងមួយចំណុចៗបន្ដគ្នាជាខ្សែចំពោះតួអក្សរ។ ចំណុច​ទាំង​នេះអាចសង្កេតឃើញមាននៅលើផ្ទៃរូបចម្លាក់ផង និងតួអក្សរចារផង។

ជាសរុបរួមមក ផ្ទាំងសិលាចារឹកនេះ មានលក្ខណៈជាវត្ថុបុរាណ​ ច្រើនជាង​វត្ថុ​ចម្លង​​ឬប្រឌិតថ្មី។ បើពិនិត្យទៅលើភាពស៊ីចង្វាក់គ្នារវាងអត្ថបទ​និងរូបចម្លាក់ ក្រៅ​ពី​អ្នក​មាន​ជំនាញមានចំណេះដឹងខាងប្រតិមាសាស្ត្រ ទេពកថា ប្រវត្តិសិល្បៈ និងសិលាចារឹក​ អ្នក​​ចម្លង​ឬ​ប្រ​ឌិតវត្ថុសិល្បៈសម័យថ្មី ទំនងជាពុំមានសមត្ថភាព​អាចបង្កើតឡើង​​បាន​នោះ​ទេ។ លក្ខណៈ​តួអក្សរ វាក្យសព្ទ និងអត្ថបទ ទោះ​បីជា​មាន​លក្ខណៈ​ខុសប្លែ​ក​មួយ​ចំនួន​តូច​​ដែល​ពុំធ្លា​ប់​ឃើញ​ពី​មុនមក ជាទូទៅមានលក្ខណៈត្រឹមត្រូវ​តាម​ទម្រង់​បុរាណ​ដែល​ធ្លាប់​ជួបប្រទះជាច្រើន​កន្ល​ង​​មក។ បច្ចេកទេសឆ្លាក់ ចារអក្សរ និងការជ្រើសរើសថ្មមកប្រើ​ប្រាស់ ក៏ស្ថិតក្នុងរបៀបរបបសម័យមុនអង្គរ​ផងដែរ។ ផ្អែកតាមលក្ខណៈដែលបាន​លើក​ឡើង​មកនោះ អាចសន្និដ្ឋានបានជាបណ្ដោះអាសន្នថា ផ្ទាំងសិលាចារឹកនេះ ជាវត្ថុបុរាណ​ប្រាកដ។ យ៉ាងនេះក្ដី សេចក្ដីពិតប្រាកដយ៉ាងណានោះ រំពឹងលើការស្គាល់ទីតាំងពិត​ប្រាកដ​​នៃ​​សិលាចារឹកនេះ ព្រមទាំងទីតាំងរកឃើញ ទើបអ្នកជំនាញបុរាណវត្ថុវិទ្យា​ អាច​កំណត់​បានថាជាវត្ថុពិតប្រាកដឬចម្លងប្រឌិតថ្មី។

សង្ឃឹមថា តាមរយៈការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មាន AMS អរិយធម៌ខ្មែរ ប្រជាជនខ្មែរ នឹងមានស្មារតីស្រឡាញ់ ថែរក្សា ការពារ រាល់សម្បត្តិបេតិកភណ្ឌ ដែលជា​មរត​របស់បុព្វការីជន ឱ្យគង់វង្សតរៀងទៅ។

អត្ថបទចារឹកជាអក្សរខ្មែរទំនើប

១- វ្រះក្មត៌្តាង៑អញ៑ឝ្រីកាត៌ិ្តកេយ(្យ)

២- ក្ញុំវ្រះវមុនិទាស១វតោយ៑ភាគ្យ១

៣- វនិម៌្មទ១វអវៃចិត្ត១កុអញ្ជន៑១

៤- កុសគ៌្គាល៑១កុវងេ១កុកុំ១កុយាង្ច្ម[[១]]

៥- វច្កប៑១ស្រេសន្រេមោយ១ច្បរ៑ស្លា២

៦-កុច—១កុ(ត្មាង៑)១(វក្ល-អរភ៑)១កុ

៧- អគត៑១កុចន៑ចាន៑១កុជីវ១

៨- វកន៑ហេ១កុ–

អត្ថបទប្រែសម្រួល

ព្រះកម្រតាងអញស្រីកាត៌ិ្តកេយ។ អ្នកបម្រើ​ព្រះ (មាន) វមុនិទាស១ វដោយភាគ្យ១ វនិម៌្មទ១ វអវៃចិត្ត១ កុអញ្ជន១ កុសគ៌្គាល១ កុវ្ងេ១ កុកុំ១ កុយាងច្ម១ វច្កប១ ស្រែ១សន្រែ ច្បារស្លា២។ កុច—១ កុត្មាង១ វក្ល-អរភ១ កុអគត១ កុចនចាន១ កុជីវ១ វកន្ហេ១—។

វាក្យសព្ទ

          វ                             ជាឋានន្ដរនាមសម្គាល់អ្នកបម្រើភេទប្រុស។

កុ                            ជាឋានន្តរនាម​សម្គាល់​អ្នកបម្រើភេទស្រី។

វ្រះក្មត៌្តាង៑អញ          (=វ្រះកម្រតាង៑អញ៑) ឋានន្ដរនាមដាក់ខាងដើម​ព្រះនាម​ទេព។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!