ប្រទេសកាណាដា៖ ការរកឃើញនូវសាកសពកូនសត្វដំរី Mammoth នៅក្នុងទឹកកកនៅតំបន់ភាគពាយ័ព្យនៃប្រទេសកាណាដា ហើយនេះគឺជាការរកឃើញលើកដំបូងនៅតំបន់អាមេរិកខាងជើង។ អ្នកស្រាវជ្រាវបានបង្ហាញថា កូនដំរីដែលបានរកឃើញនេះ មានអាយុជាង 30,000 ឆ្នាំ។ វាត្រូវបានគេរកឃើញដោយអ្នករុករករ៉ែមាសនៅក្នុងតំបន់ Klondike នៃទីរដ្ឋ Yukon កាលពីថ្ងៃអង្គារ។
រដ្ឋាភិបាលរដ្ឋ Yukon បានប្រៀបធៀបការរកឃើញនេះ ទៅនឹងការរកឃើញនៅក្នុងប្រទេសរុស្សីអំពីកូនសត្វដំរី Mammoth នៅតំបន់ស៊ីបេរីក្នុងឆ្នាំ 2007។ អ្នកស្រាវជ្រាវបានលើកឡើងថា “សាកសពកូនសត្វដំរី Mammoth ដែលបានរកឃើញនេះ គឺមានសភាពពេញលេញបំផុតដែលត្រូវបានរកឃើញនៅអាមេរិកខាងជើង ហើយនេះគឺការរកឃើញលើកទីពីរ នៅលើពិភពលោក អំពីសាកសពសត្វដំរី Mammoth ដែលមានទម្រង់ពេញលេញដូចនេះ។
អ្នកស្រាវជ្រាវបានលើកឡើងថា សត្វដំរីនេះ ជាសត្វញី ហើយត្រូវបានគេដាក់ឈ្មោះថា Nun cho ga ដែលមានន័យថា “កូនសត្វធំ” ជាភាសា Han ដែលជាជនជាតិដើមអាមេរិកក្នុងតំបន់។ លោក Grant Zazula អ្នកជំនាញខាងផ្នែកសត្វនៃវិទ្យស្ថានស្រាវជ្រាវនៃទីក្រុង Yukon បាននិយាយថា “Nun cho ga គឺមានទម្រង់ល្អ និងជាសត្វដែលស្ថិតនៅយុគទឹកកក ហើយការរកឃើញនេះគឺជាការរកឃើញមិនគួរឱ្យជឿ មួយដែលមិនធ្លាប់មាននៅក្នុងពិភពលោក” ។
រដ្ឋាភិបាលរដ្ឋ Yukon បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាសត្វដំរីMammoth នេះមានទំហំប៉ុនគ្នានឹងកូន សត្វ ដំរី Lyuba នៅតំបន់ស៊ីបេរី ដែលបានរកឃើញក្នុងឆ្នាំ ២០០៧ ដែលមានអាយុប្រហែល ៤២,០០០ឆ្នាំ។
គួរបញ្ជាក់ដែរថា សត្វដំរី គឺជាប្រភេទ ថនិកសត្វដែលមានរោម ហើយការរកឃើញនេះ ទាំងសាច់ ទាំងរោម គឺមានសភាពល្អបំផុត ។ បំណែកនៃកំភួនជើងធំមួយដែលមានឈ្មោះថា Effie ត្រូវបានរកឃើញនៅឆ្នាំ 1948 នៅអណ្តូងរ៉ែមាសមួយក្នុងរដ្ឋអាឡាស្កា ។ CBC News និយាយថា Nun cho ga ត្រូវបានគេរកឃើញបន្ទាប់ពីអ្នកជីករ៉ែបានហៅអ្នកគ្រប់គ្រងការដ្ឋានរបស់ពួកគេឱ្យទៅពិនិត្យបន្ទាប់ពីការបុករូងក្រោមដី ដោយគ្រឿងចក្រនៅក្នុងភក់នៅ Eureka Creek ភាគខាងត្បូងនៃទីក្រុង Dawson៕
ប្រភពដើម៖ Frozen baby mammoth discovered in Yukon excites Canada – BBC News