ទំព័រដើមប្រវត្តិសាស្ត្របាឝ (បាស) នៅក្នុងសិល្បៈខ្មែរ

បាឝ (បាស) នៅក្នុងសិល្បៈខ្មែរ

ជាទូទៅ បដិមា ឬចម្លាក់អាទិទេពក្នុងព្រហ្មញ្ញសាសនាសិល្បករតែងឆ្លាក់កាន់កេតនភណ្ឌ និងយានជំនិះលើសត្វផ្សេងៗ។ ឧទាហរណ៍ គេឆ្លាក់ព្រះវិស្ណុមានយានជំនិះជាសត្វគ្រុឌ ហើយកាន់កេតនភណ្ឌសំខាន់ៗមួយចំនួនដូចជា ដុំមូល ដំបង កងចក្រ ខ្យងស័ង្ខ។ រីឯ ព្រះឥសូរវិញ មាន​យានជំនិះសត្វគោនន្ទិ និងមានកេតនភណ្ឌដូចជា ត្រីសូល៍ ថូ ស្គរ ផ្គាំ ខ្សែ លលាដ៍ក្បាល។ ការឆ្លាក់ចេញកេតនភណ្ឌទាំងនេះ ពុំមែនជាការចៃដន្យនោះឡើយ ពោល គឺសិល្បកឆ្លាក់ត្រាប់តាមគម្ពីរបុរាណរបស់ព្រហ្មញ្ញសាសនាដែលគេតាក់តែងឡើង។ ដោយឡែក នៅក្នុងអត្ថបទខ្លីនេះ យើងសូមលើកឡើងអំពីកេតនភណ្ឌមួយរបស់ព្រះវារុណដែលមានឈ្មោះថា “បាឝ” (បាស)។ ព្រះវារុណ គឺជាទេពតំណាងឱ្យទឹកឬសមុទ្រ និងជាលោកបាលប្រចាំនៅទិសខាងលិច។ នៅសម័យវេទវារុណមានយានជំនិះជាសត្វមករ តែក្រោយមកនៅពេលឥទ្ធិពលរបស់ទ្រង់ថយចុះទ្រង់បានប្តូរមកជិះសត្វហង្សជាយានជំនិះវិញ។ តើបាឝមានអត្ថន័យយ៉ាងណាខ្លះ និងបាឝនៅក្នុងសិល្បៈខ្មែរសិល្បករឆ្លាក់បង្ហាញយ៉ាងណាដែរ?

បាឝ គឺជាពាក្យសំស្រ្កឹតដែលប្រែមកជាភាសាខ្មែរថា “ខ្សែ” ហើយជាទូទៅគេប្រើប្រាស់បាឝដើម្បីចងជើងនិងដៃរបស់គូសត្រូវ ឬចាប់សត្វ។ ផ្ទុយទៅវិញ នៅក្នុងព្រហ្មញ្ញសាសនាគេចាត់ទុកបាឝគឺជាអាវុធរំពាត់ខ្សែតីដ៏ពិសិដ្ឋ ដែលជាទូទៅមានទេពចំនួនបីដែលយកបាឝជាអាវុធ រួមមាន ព្រះវារុណ ព្រះយម និងព្រះគណេស។ លោក Ananda Coomaraswamy យល់ថា បាឝ តំណាង ឱ្យការតភ្ជាប់ខ្សែរវាងអាទិទេពជាមួយពិភពលោក និងជាចំណងអំណាចសម្រាប់ចាប់យកអំពើអាក្រក់ និងភាពល្ងង់ខ្លៅ។ ព្រះគណេស ប្រើប្រាស់អាវុធនេះដើម្បីចងនិងដោះលែងនូវឧបសគ្គទាំងពួងដែលមនុស្សបានប្រព្រឹត្តឡើង ព្រោះព្រះគណេសមានតួនាទីអ្នកបណ្តេញ​ឧបសគ្គនៅក្នុងព្រហ្មញ្ញ សាសនា។ ចំណែក ព្រះយមវិញគេប្រើប្រាស់បាឝដើម្បីទាញយកព្រលឹងចេញពីរាងកាយរបស់សត្វលោកនៅពេលស្លាប់ ព្រោះទ្រង់គឺជាអាទិទេពនៃសេចក្តីស្លាប់។ នៅក្នុងនិកាយ Shaiva Siddhanta បាឝ គឺជាផ្នែកមួយនៅក្នុងអាទិទេពទាំងបី ដែលមានឈ្មោះថា “បតិ-បសុ-បាឝ” (Pati-Pashu-Păsha) មានន័យថា “អ្នកគ្រប់គ្រង, សត្វ, ចំណង” ដែលជានិម្មិតរូបរបស់អាទិទេព មនុស្ស និងលោក។ ក្នុងនោះ “បតិ” សំដៅទៅលើព្រះឥសូរ ដែលជាអាទិទេពបង្កើតនិងបំផ្លាញលោក។ “បសុ” សំដៅទៅលើព្រលឹង អាត្ម័ន ឬមនុស្ស។ ចំណែក “បាឝ” គឺសំដៅដល់អំណាចដែលព្រះឥសូរនាំយកព្រលឹងទៅកាន់សេចក្តីពិត ឬអំណាចមយ (Maya) របស់ទ្រង់។

នៅសម័យមុនអង្គរ ប្រវត្តិសិល្បៈវិទូជាច្រើនពិបាកក្នុងការកំណត់រូបរាងព្រះវារុណណាស់ ម្ល៉ោះហើយ យើងមិនមានភស្តុតាងបង្ហាញអំពីអាវុធរំពាត់ខ្សែតី ឬខ្សែអន្ទាក់ ដែលហៅថា “បាឝ” របស់ព្រះវារុណដូចគ្នា។ ប៉ុន្តែ មកដល់សម័យអង្គរ ជាពិសេសចាប់ពីស.វ.ទី១០មក ការឆ្លាក់រូបព្រះវារុណមានភាពនិយមខ្លាំងណាស់ ព្រោះទ្រង់គឺជាលោកបាលប្រចាំទិសខាងលិច ម្ល៉ោះហើយ យើងអាចមើលឃើញចម្លាក់ព្រះវារុណជាច្រើននៅតាមហោជាង ផ្តែរ ឬជាបដិមាទោលក៏មាន។ តួយ៉ាង ចម្លាក់រកឃើញនៅប្រាសាទក្រចាប់ តំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ បង្ហាញអំពីហោជាងមួយដែលមានចម្លាក់ទេពព្រះវារុណអង្គុយនៅលើហង្សចំនួនបី អមដោយថូផ្កាចំនួនពីរ ហើយព្រះហស្តឆ្វេងដាក់នៅលើភ្លៅ និងព្រះហស្តស្តាំកាន់អាវុធរំពាត់ខ្សែតី ដែលហៅថា បាឝ។ ព្រះវារុណកាន់អាវុធនេះសម្រាប់ចាប់ចងអំពើអាក្រក់ដែលជនទុច្ចរឹតបានប្រព្រឹត្ត ព្រោះទ្រង់គឺជាអាទិទេពនៃគ្រោះថ្នាក់ មានវេទមន្តនិងអំណាចដ៏អស្ចារ្យសម្រាប់ដាក់ទណ្ឌកម្មមនុស្សអាក្រក់។

ចម្លាក់ព្រះវារុណកាន់បាឝនៅលើហោជាងប្រាសាទក្រចាប់ (រូបថត៖ ភុំ រតនៈពិសិដ្ឋ)

ចម្លាក់បាឝដែលបង្ហាញនៅខាងលើនេះ មានទម្រង់ជាខ្សែវេញដែលមានដងកាន់ និងផ្នែកខាងលើក្រងវេញចូលគ្នាចេញជារាងមូល។ ក្រៅពីនេះ នៅប្រាសាទបន្ទាយស្រី សិល្បករនិយមឆ្លាក់រូបព្រះវារុណខ្លាំងណាស់ ពោល គឺចម្លាក់ដែលនៅទិសខាងលិចមានរូបព្រះវារុណច្រើន ជាពិសេស គឺនៅលើផ្តែរទ្វារនិងហោជាង។ ក្នុងនោះ យើងសង្កេតឃើញចម្លាក់ព្រះវារុណចំនួនបួន តែពីររូបក្នុងចំណោមនោះរលុបចម្លាក់បាឝបាត់ទៅហើយ (រូបលេខ២-៣)។

ចម្លាក់ព្រះវារុណកាន់បាឝនៅប្រាសាទបន្ទាយស្រី (រូបថត៖ លីម ប៊ុនហុង)
ចម្លាក់ព្រះវារុណកាន់បាឝនៅប្រាសាទបន្ទាយស្រី (រូបថត៖ លីម ប៊ុនហុង)

ចម្លាក់ព្រះវារុណកាន់បាឝចំនួនពីរដែលនៅសល់ មានលក្ខណៈ​ស្ទើរតែដូចគ្នាជាមួយរូបព្រះវារុណកាន់បាឝដែលរកឃើញនៅប្រាសាទក្រចាប់ដូចបង្ហាញនៅរូប​ខាងលើ គ្រាន់តែនៅប្រាសាទបន្ទាយស្រីមានរូបមួយគេឆ្លាក់ព្រះវារុណជិះលើសត្វហង្សចំនួនមួយប៉ុណ្ណោះ។ ក្រៅពីរូបដែលបង្ហាញខាងលើទាំងអម្បាលម៉ាន នៅមានរូបព្រះវារុណជាច្រើនទៀតដែលយើងមិនបានយកមកបង្ហាញ ព្រោះថានៅសម័យអង្គររូបចម្លាក់របៀបនេះមានភាព​សម្បូណ៌ខ្លាំងណាស់ ឧទាហរណ៍ រូបព្រះវារុណកាន់បាឝឆ្លាក់នៅលើផ្តែរទ្វារប្រាសាទមេបុណ្យខាងកើតជាដើម។

ចម្លាក់ព្រះវារុណកាន់បាឝនៅប្រាសាទបន្ទាយស្រី (រូបថត៖ លីម ប៊ុនហុង)
ចម្លាក់ព្រះវារុណកាន់បាឝនៅប្រាសាទបន្ទាយស្រី (រូបថត៖ លីម ប៊ុនហុង)

ចម្លាក់បាឝនៅក្នុងសិល្បៈខ្មែរ មានលក្ខណៈស្រដៀងចម្លាក់បាឝនៅក្នុងសិល្បៈឥណ្ឌាដែរ ប៉ុន្តែចំណុចដែលខុសគ្នាតិចតួចនោះគឺ ចម្លាក់បាឝនៅសិល្បៈឥណ្ឌាមួយចំនួនគេនិយមឆ្លាក់ឱ្យមានខ្សែកាន់វែងៗ ហើយចំណងដែលគេវេញឱ្យចេញរាងមូលនៅផ្នែកខាងលើនោះក៏មានប្រវែងធំៗដូចគ្នា​ដែរ (រូបលេខ៨-៩)។    

ជារួមមក ចម្លាក់បាឝ គឺសំដៅដល់រំពាត់ខ្សែតីដែលយើងតែងឃើញគេឆ្លាក់នៅជាប់នឹង  ព្រះហស្តព្រះវារុណនៅក្នុងសិល្បៈខ្មែរ ដែលមានន័យថា អាវុធសម្រាប់ចាប់ និងចងអំពើបាប ទាំង​ឡា​យណាដែលជនទុច្ចរឹតបានប្រព្រឹត្ត ដ្បិតក្រៅពីមានតួនាទីជាទេពនៃទឹកឬសមុទ្រ ព្រះអង្គក៏ជាទេពនៃសេចក្តីគ្រោះថ្នាក់ផងដែរ។ ចម្លាក់បាឝ ស្តែងឱ្យឃើញនូវការចេះដឹងជ្រៅជ្រះនូវគម្ពីរនិងក្បួនខ្នាតនៃព្រហ្មញ្ញសាសនាដែលខ្មែរសម័យបុរាណបានគោរពប្រតិបត្តិ ហើយចម្លាក់ទាំងនេះគឺជាតឹកតាងមួយដែលឱ្យអ្នកសិក្សាស្រាវជ្រាវងាយនឹងកំណត់បានថាជាអ្វី? ឬជាអាទិទេពអង្គណាដែលកាន់ចម្លាក់នេះ៕

—————————–

Păsha in Khmer art

Păsha is a Sanskrit word that converts into Khmer as “String” and is often used Păsha to tie the legs and arms of an enemy or catch an beast. Conversely, in Hinduism, Păsha is considered a sacred whip weapon that is usually used by three gods such as Varuna, Yama, and Ganesha.

According to Mr. Ananda Coomaraswamy acknowledges that Păsha represents the connection between the gods with the world and it is the power for capturing evil and ignorance. In the Shaiva Siddhanta sect, Păsha is a part of the three gods above, named “Pati-Pashu-Păsha” meaning “ruler, animal, bond” which is symbolic of god, human, and world. “Pati” refers to Iso. “Pashu” refers to the soul, spirit, or human, whereas “Păsha” refers to the power by which Iso brings the soul to the truth or his Maya power.

In the pre-Angkorian period, many historians found it difficult to identify Varuna, thus we have no evidence to indicate his weapon is a whip or snare called “Păsha”. Until the Angkor period, especially from the 10th century, carvings of Varuna were very popular because he was a guard in the West, otherwise, we can see many of Varuna’s sculptures on the pediments, lintels, or a single statue such as on the temples of Krachab, Koh Ker, Banteay Srei, and East Mebon. Varuna holds this weapon to bind the evil because he is the God of danger, and has magic and great power to punish the wicked.

Păsha sculptures in Khmer art are similar to the Păsha sculptures in Indian art, but the slight difference is that Păsha sculpture in some Indian art is usually carved with a long string and circle shape on the top are the same big sizes either.

In conclusion, the Păsha sculpture refers to the whip that we often see carved in the hands of Preah Varuna in Khmer art, which means a weapon to catch and bind any sins committed by the wicked. The Păsha sculptures demonstrate a deep knowledge of the scriptures and rules of Brahmanism that the ancient Khmer adhered to, and these sculptures are a testament to researchers can easily identify, what it is? Or who is the god holding this weapon sculpture.

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី


- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!