ប្រាសាទនាងខ្មៅ មានទីតាំងស្ថិតនៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលជាប្រាសាទមានតួប៉មពីរធ្វើអំពីឥដ្ឋ បែរមុខទៅទិសខាងកើត និងឧទ្ទិសដល់ព្រះវិស្ណុ។ នៅប្រាសាទនេះមានសិលាចារឹកចារជាប់នឹងមេទ្វារប្រាសាទដែលគេបានចុះបញ្ជីលេខ K.35 និងធ្លាប់បានសិក្សាដោយលោក Goerge Coedès ម្តងរួចមកហើយកាលពីឆ្នាំ១៩៥០។ សិលាចារឹកនេះចារឹកជាភាសាសំស្ក្រឹតមានចំនួន១០បន្ទាត់ បើគិតជាស្លោកមានចំនួន៨ស្លោក ចារឹកដោយឆន្ទខុសៗគ្នា ក្នុងនោះ មានស្លោកទី១ ស្លោកទី៤ ស្លោកទី៥ ស្លោកទី៧ និងស្លោកទី៨ ជាប្រភេទអនុឞ្តុភ៑ឆន្ទ និងស្លោកទី២ជាប្រភេទវសន្តតិលកាឆន្ទ ស្លោកទី៣និងស្លោកទី៦ជាប្រភេទឧបជាតិឆន្ទ។
ស្លោកទី១ រៀបរាប់ពីកិច្ចបង្គំវន្ទាចំពោះព្រះវិស្ណុក្រោមរូបភាពបរមនាមថា ព្រះស្រីលោកនាថ ដែលមានន័យថា ជាទីពឹងពុំនាក់ ឬជាសរណវស្តុរបស់សត្វក្នុងត្រៃភព ហើយស្លោកដដែលបានពោលសសើរព្រះអង្គថា ព្រះឈានត្រឹម៣ជំហានប៉ុណ្ណោះទៅដល់លំហអាកាសវេហា និងដល់ព្រហ្មមណ្ឌល។ ពាក្យ “ស្រីលោកនាថ” គឺជាព្រះនាមមួយរបស់ព្រះនាមព្រះវិស្ណុទាំង១០០០ ហើយក្រៅពីព្រះនាមនេះ នៅសម័យបុរាណយើងឃើញគេមានបង្ហាញព្រះនាមព្រះវិស្ណុជាច្រើនទៀតដូចជា ស្រីបតិ (សិលាចារឹកប្រាសាទចិន) អច្យុត (ប្រាសាទនាងខ្មៅ) វិស្ណុ (ភូមិជ្រៃ) គោវិន្ទម (វត្តគិរីស្តេចចង់) ឧបេន្រ្ទ (ក្តីអង្គ) នារាយណ៍ (ភូមិជ្រៃ) បរាក្រម (ក្តីអង្គ) ត្រីរិក្រម (នាងខ្មៅ)។
ស្លោកទី២ រៀបរាប់អំពី ព្រះវិកីណ៌កិត្តិគុណរបស់ព្រះស្រីលោកនាថ (ព្រះហរិ ឬវិស្ណុ) ដែលមានព្រះកិត្តិនាមល្បីរន្ទឺអស់សាកលត្រៃ ហើយបញ្ជាក់ពីសករាជ (ឆ្នាំ) បញ្ជាក់ដោយ ឝៃលឝ្ឬង្គស៑ (កំពូលភ្នំ ) = ៧ និងអម្វរ (មេឃ) = ០ បាទត្រិវិក្រម (ជំហាន ទាំង៣នៃព្រះបាទទ្រង់) = ៣ ត្រូវនឹងម.ស.ឆ្នាំ ៧០៣ ហើយក៏ត្រូវនឹងគ.ស.៧៨១។ បើដូច្នេះមែន ស្លោកនេះគេរំឭកដល់ព្រឹត្តិការណ៍ចាស់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ដែលឡើងសោយរាជ្យនៅគ.ស. ៧៧០ ដល់ ៨៣៤។
ស្លោកទី៣ រៀបរាប់ពីព្រះនាមព្រះបាទស្រីជយវម៌្មន៑ ដោយបញ្ជាក់ពីឆ្នាំដែលទ្រង់ឡើងសោយរាជ្យ ពោល គឺពាក្យថា “ឝ្រីកម្វុជេន្រ្ទះខឝរាឞ្ឋរាជ្យោ” ដែលជាភាសាខ្មែរប្រែថា “រាជរបស់ស្តេចកម្ពុជាក្នុងឆ្នាំកំណត់ដោយ អឞ្ដ=៨ ឝរ=៥ ខ=០ (ម.ស.៨៥០ ត្រូវនឹងគ.ស.៩២៨) ហើយបញ្ជាក់បន្ថែមដោយវោហារសព្ទជាសម្ផស្សខាងកាព្យវិទ្យាថនៅលើព្រះភ្នួងមៅលី ប្រដាប់លើព្រះសិររត្នត្បូងវជ្រាពេជ្រ បញ្ចេញពន្លឺរស្មីភ្លឺចិញ្ចែងចិញ្ចាច ព្រះបាទាទាំងគូទ្រដោយបទ្មាជាតិ(ផ្កាឈូក) ព្រះរាជទាំងឡាយ នរជននានា បានឃើញហើយគោរពកោតខ្លាចអំណាចព្រះជេស្តាដ៏មានសិរីយសសម្បត្តិ។
ស្លោកទី៤ រៀបរាប់ពីសេចក្តីអង់អាចរបស់ព្រះអង្គក្នុងសមរភូមិ ដែលធ្វើឱ្យសត្រូវទាំងអស់ខ្លបខ្លាច ហើយមកចុះចូលព្រមរួមរស់សុខដុមជាមួយព្រះអង្គ។ស្លោកទី៥ រៀបរាប់ពីសេចក្តីអង់អាចរបស់ព្រះអង្គ តែប្រើវោហាជាកាព្យសាស្ត្រប្រកបដោយពាក្យពេចន៍រស់រវើកពីរោះរណ្តំដែលក្នុងអត្ថបទកាព្យពោលថា “ពេលប្រយុទ្ធដ៏ស្វិតស្វាញនៅក្នុងយុទ្ធសមរភូមិព្រះអង្គមានអនុភាពខ្លាំងណាស់ សូម្បីផ្ទាំងសិលាដ៏ធំមហិមាក៏ព្រះអង្គអាចគ្រវាត់ (និម៌្មុក្ត) ដែលផ្ទាំងសិលាដ៏ធំនោះបានបិទបាំងពន្លឺរស្មីរបស់ព្រះសូយ៌ាបង្កើតបានជាយប់យន់អន្ធការខ្មៅងងឹតនៅនឹងមុខសត្រូវ ធ្វើឱ្យសត្រូវទាំងឡាយសូម្បីមានភ្នែកមិនពិការក៏មិនអាចមើលឃើញបានឬអាចតតាំងច្បាំងយកជ័យជម្នះជាមួយព្រះអង្គបានឡើយ”។
ស្លោកទី៦ រៀបរាប់ពីសេចក្តីស្រលាញ់ដោយវោហារប្រៀបធៀប និងព្រះនេត្រព្រះឥសូរ។
ស្លោកទី៧ រៀបរាប់ពីការទទួលបានព្រះនាងលក្ស្មីដែលមកពីការកូរមហាសមុទ្រទឹកដោះយកទឹកអម្រឹត។
ស្លោកទី៨ រៀបរាប់ចំនួនវោហារកាព្យសាស្ត្រដែលប្រៀបធៀបការបះបោរចម្បាំងរាំងជលផ្សេងៗប្រដូចជាព្យុះព្យោបក់បោកលួចបំបាក់បំផ្លិចបំផ្លាញ ហើយបង្កឡើងគ្រប់ទិសទីទាំងអស់ ពោល គឺគ្រប់ខេត្តដែន តែអ្វីៗទាំងអស់ត្រូវបានបញ្ចប់ទៅវិញដោយឫទ្ធិអំណាច ពោលគឺ សង្គ្រាម យុទ្ធសាស្ត្រ សេចក្តីអង់អាចក្លាហាន និងគតិបណ្ឌិតរបស់ព្រះអង្គ។
អត្ថបទពាក្យចារឹក និងសេចក្តីប្រែ
១. នមឝ្ឝ្រីលោកនាថាយ យោយតាយតិឝក្តិភិះ
ត្រិបទក្រាន្តធរណិ វ្យោមវ្រហ្មាណ្ឌមន្ទលះ។
ប្រែថា៖ សូមក្រាបថ្វាយបង្គំចំពោះព្រះស្រីលោកនាថ (នមឝ៑ឝ្រីលោកនាថាយ) ព្រះអង្គទ្រង់មានអំណាចរកអ្នកប្រាកដស្មើគ្មានឡើយ (យោយតាយតិឝក្តិភិះ) ហើយទ្រង់បានដើរបោះបីជំហាននៅលើធរណី (ត្រិបទក្រាន្តធរណិ) ដល់ក្នុងលំហអាកាសវេហា (វ្យោម) និងដល់ព្រហ្មស្ថាន(វ្រហ្មាណ្ឌមន្ទលះ)។
២. ឝ្រីលោកនាថមិតិ ឝវ្ទមិមន្ទធាតិ យុក្តំ ហរិស្ត្រិភុវនប្រវិកិណ៌្នកីត៌ិ្តះ
បាទត្រិវិក្រមរុចាម្វរឝៃលឝ្ឬង្គស៑ សំលក្សីតោ ភគវតាយុគវិស្តរាន្តាត៑។
ប្រែថា៖ ព្រះនាមថាស្រីលោកនាថ (ឝ្រីលោកនាថម៑ឥតិ) ជាព្រះនាមពិតប្រាកដរបស់ព្រះហរិ (ហរិស៑) ទ្រង់មានកិត្តិសព្ទល្បីល្បាញក្នុងត្រៃភព (ត្រិភុវនប្រវិកិណ៌្នកីត៌ិ្តះ)។ សិរីសួស្តីក្នុងឆ្នាំនៃសកកំណត់សម្គាល់ដោយបាទត្រិវិក្រម (ជំហានទាំង៣នៃព្រះបាទទ្រង់) ឝៃលឝ្ឬង្គស៑ (កំពូលភ្នំ)និងអម្វរ (មេឃ) (ត្រូវនឹងម.ស.៧០៣ ឬគ.ស.៧៨១)។
៣. នម្រាវនិន្រ្ទោត្តមមូទ៌្ឋមៅលី រត្នត្យុតិទ្យោតិតបាទបទ្មះ
ឝ្រីកម្វុជេន្រ្ទះខឝរាឞ្ឋរាជ្យោ ររាជ យឝ្រី្ឝជយវម៌្មទេវះ។
ប្រែថា៖ ព្រះរាជាទ្រង់ព្រះនាមថា ព្រះបាទស្រីជយវម៌ទេវ ទ្រង់គឺជាព្រះមហាក្សត្រនៃកម្ពុជ (ឝ្រីកម្វុជេន្រ្ទះ) ដែលទ្រង់ប្រដាប់ទៅដោយគ្រឿងអាភរណៈ ព្រះបាទទ្រដោយផ្កាឈូក លើព្រះភ្នួងមូលីប្រដាប់ដោយម្កុដត្បូងពេជ្រ បញ្ចេញពន្លឺត្រចះត្រចង់ឧត្តុង្គឧត្តមលើក្សត្រដទៃឱ្យខ្លបខ្លាច ហើយទ្រង់បានគ្រងរាជសម្បត្តិនៅក្នុងឆ្នាំសកកំណត់ដោយ អឞ្ឋ=៨ ឝរ=ព្រួញ=៥ ខ=លំហអាកាស=០ ត្រូវនឹងម.ស.៨៥០ ឬគ.ស.៩២៨)។
៤. អរិវក្សស្ស្ឋលោទ្ភ្រាន្ត ឝ្រីយាសេះ បាតនាទ្ភ្ឫឝំ
យស្យ វក្សោម្វុជេ ប្រីត្យា យុទ្ឋេឞ្វាឝ្វាឝ្រយះក្ឫតះ។
ប្រែថា៖ នៅក្នុងចម្បាំង សន្ទុះព្រះខ័នរបស់ទ្រង់វាយសន្ធាប់ទៅលើដើមទ្រូងនៃបច្ចាមិត្រ ដែលបានភៀសខ្លួនយ៉ាងរហ័សមកសុំជ្រកកោនក្រោមផ្កាឈូកនៃដើមទ្រូងរបស់ទ្រង់។
៥. យុទ្ឋេឞុ យេន និម៌្មុក្ត ឝានៅឃៃះ បូរិតាម្វរៃះ
និឝាយាំ ទ្ឬប្តឝត្រូណាំ លោចនេឞុ ក្ឬតន្តមះ។
ប្រែថា៖ នៅក្នុងសមរភូមិប្រយុទ្ធ (យុទ្ឋេឞុ) ព្រះអង្គបានគ្រវាត់ (និម៌្មុក្ត) ចេញទៅនូវផ្ទាំងថ្មដ៏
ធំៗមហិមា (ឝានៅឃៃះ) បានបិតបាំងជុំជិតពេញផ្ទៃមេឃ (បូរិតាម្វរៃះ) បង្កើតទៅជាងងឹតយប់យន់អន្ធការនៃរាត្រីកាល (និឝាយាំ) នៅចំពោះភ្នែក (លោចនេឞុ) របស់សត្រូវទាំងឡាយ (ទ្ឬប្តឝត្រូណាំ)។
៦. ប្រាក្ចេទនង្គស្យ វិភាស…. អនង្គឝោភេវ ជិតាត្មឝោភា
ត្រិនេត្រនេត្រាគ្និឝិខាកហប ប្រប្លយទិង្មុខតិក្ឫតា។
ប្រែថា៖ កាលគ្រាមុន មន្តស្នេហ៍….… ប្រៀបបាននឹងមន្តស្នេហ៍ដែលល្អលើសសម្ផស្សរបស់
ទ្រង់ ព្រះនេត្រម្ខាងនៃព្រះឥសូរ….។
៧. បាណិគ្រហមកុវ៌្វានោ លក្ស្យោ យោ ម្ឬតមណ្ឋនេ
អវាប្តលក្ស្មីំ យុទ្ឋាវ្ធៅ ន វាហុំ វហ្វមន្យត។
ប្រែថា៖ ទ្រង់ពុំបានយកព្រះហស្តចាប់យកព្រះនាងលក្ស្មីនៅក្នុងការកូរយកទឹកអម្រឹតទេ ទ្រង់បានច្រលំព្រះហស្តចាប់យកព្រះនាងលក្ស្មីពីមហាសមុទ្រនៃចម្បាំង។
៨. យក្តិណ៌្នកីត៌ិ្តបិយោឝៃ ឝ្ឝាន្តំតាបាគ្និសញ្ចយះ
កេណាបិ និតរាន្ទិក្សុ ជ្វលត្យទ្យាបិ កាន្តិភិះ។
ប្រែថា៖ ព្យុះព្យោមារកួចវិលវល់ បានបញ្ឈប់ដោយអំណាចដ៏ខ្លាំងក្លារបស់ទ្រង់ ដែល ហាក់កំពុងឆាបឆេះសន្ធោសន្ធៅនៅទូទាំងចតុទិសតាមរយៈសក្តិរបស់ទ្រង់៕
អត្ថបទដើម៖ កំ វណ្ណារ៉ា