សិលាចារឹកមួយផ្ទាំងនេះ មានអក្សរចារឹកសង្ខាង ចារនៅលើថ្មភក់ព័ណ៌ផ្កាឈូក រចនារូបរាងជាសីមាស្តម្ភ មានកម្ពស់ ៩៨ ស.ម. បន្ទារ២៦.៥ ស.ម. និងកម្រាស់ ១៩ ស.ម.។ សិលាចារឹកនេះ បានប្រទះឃើញនៅពេលគ្រឿងចក្រកាយដីប្រឡាយក្បែរវត្តពោធិ៍វិន័យរោគ ស្ថិតនៅក្នុងភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩ ក្នុងពេលមន្ត្រីជំនាញបុរាណវិទ្យារបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ចុះស្រាវជ្រាវនិងស្រង់ទិន្នន័យបុរាណដ្ឋានក្នុងស្រុកភ្នំស្រុក ក៏បានប្រទះឃើញសិលាចារឹកនេះ នៅក្នុងបរិវេណវត្ត។ បន្ទាប់មក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សិលាចារឹកនេះបានយកមករក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ រហូតមកដល់សព្វថ្ងៃ។
ផ្ទៃចារឹកអក្សរ ខាត់រំលីងរាបស្មើល្អ ឯផ្នែកសង្ខាងនិងខាងក្រោមពុំបានសម្អាតឱ្យរាបស្មើល្អទេ។ ផ្ទៃអត្ថបទខ្លះបានខូចខាតដោយសារថ្មរបេះបែក និងទំនងជាខូចខាតខ្លះពេលគ្រឿងចក្រកាយដីប៉ះចំ។ ប្រការនេះ នាំឱ្យមានការលំបាកបន្ដិចបន្ដួចចំពោះការស្វែងយល់អត្ថន័យឃ្លាខ្លះដែលដាច់រលុបនោះ។ អត្ថបទចារឹកទាំងសង្ខាងនេះ មានអក្សរសរុបចំនួន ៣៩ បន្ទាត់ ដែលផ្ទាំងក មានចំនួន ២៥ បន្ទាត់ និងផ្ទាំងខ មានចំនួន ១៥ បន្ទាត់។ នៅផ្ទាំងខ ចាប់ពីពាក់កណ្ដាលបន្ទាត់ទី៧ មានទម្រង់អក្សរប្លែកពីអត្ថបទខាងដើម។ ទម្រង់អក្សរនេះ ជាទម្រង់អក្សរជ្រៀងដៃ ដែលគួរតែជាអត្ថបទចារបំពេញបន្ថែមជាបន្ដនៅពេលក្រោយ។
សិលាចារឹកនេះ មានចុះកាលបរិច្ឆេទខាងដើមអត្ថបទ ប៉ុន្ដែដោយផ្ទៃថ្មរលុបដាច់បាត់មួយតួលេខ នាំឱ្យពុំអាចដឹងច្បាស់អំពីកាលបរិច្ឆេទនេះ។ យ៉ាងនេះក្ដី យើងអាចសិក្សានិងសន្និដ្ឋានអំពីកាលបរិច្ឆេទនេះបាន។ តួលេខខាងដើមដែលយើងអាចអានបាន គឺលេខ «៩», តួលេខទីពីរ រលុបដាច់បាត់, តួលេខទីបី គឺលេខ «១»។ យើងអាចជួសលេខ ត្រង់កន្លែងដែលបាត់នោះបាន និងប្រៀបផ្ទឹមកាលបរិច្ឆេទនោះជាមួយសេចក្ដីក្នុងអត្ថបទ។ ចំពោះសេចក្ដីក្នុងអត្ថបទនេះ មាននិយាយទាក់ទងនឹងសេចក្ដីក្រាបទូលថ្វាយទៅព្រះបាទជ័យវម៌្មទេវ ដែលទ្រង់គង់ប្រថាប់ក្នុងរាជធានីស្រីយសោធរបព៌្វត (ឝ្រីយឝោធរបវ៌្វត)។ បើយើងជួសតួលេខ ពីលេខ «១» ដល់លេខ «៩» យើងនឹងទទួលបានកាលបរិច្ឆេទនិងរាជ្យព្រះមហាក្សត្រដូចខាងក្រោម៖
មហាសករាជ | គ្រិស្ដសករាជ | ព្រះមហាក្សត្រ |
៩១១ | ៩៨៩ | ជ័យវម៌្មទេវទី៥ |
៩២១ | ៩៩៩ | ជ័យវម៌្មទេវទី៥ |
៩៣១ | ១០០៩ | ជ័យវីរវម៌្មទេវ និង សូរ្យវម៌្មទេវទី១ |
៩៤១ | ១០១៩ | សូរ្យវម៌្មទេវទី១ |
៩៥១ | ១០២៩ | សូរ្យវម៌្មទេវទី១ |
៩៦១ | ១០៣៩ | សូរ្យវម៌្មទេវទី១ |
៩៧១ | ១០៤៩ | សូរ្យវម៌្មទេវទី១ |
៩៨១ | ១០៥៩ | ឧទយាទិត្យវម៌្មទេវទី២ |
៩៩១ | ១០៦៩ | ហស៌វម៌្មទេវទី៣ |
តាមរយៈកាលបរិច្ឆេទដែលទទួលបាន ព្រះនាមព្រះមហាក្សត្រ និងទម្រង់តួអក្សរ តួលេខដែលសមស្រប គឺមហាសករាជឆ្នាំ ៩១១ ឬ ៩២១ ដែលត្រូវនឹងរាជ្យព្រះបាទជ័យវម៌្មទេវទី៥។
ចំណពោះអត្ថន័យសំខាន់នៃសិលាចារឹកនេះ គឺជាការរៀបរាប់អំពីសាវតារដីស្រែគោល និងការកំណត់ព្រំប្រទល់ដីនេះ។ ក្នុងអត្ថបទនេះ ក៏មានចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួនផងដែរ។ សេចក្ដីបកប្រែនិងសិក្សាលម្អិត នឹងផ្សាយជូននៅភាគបន្ដ។
អំណានសិលាចារឹក
ផ្ទាំងក
១- ៙៩[[១/២]]១ឝកចតុ(ថ៌ិ)[[រោច៑/កេត៑?]] [មាគ៌្គ]ឝិ[រ] —
២- វារនុកំស្ដេង៑អញ៑ឝ្រីវីរេន្ទ្រា [[ធិបតិវម៌្ម???]] [ប]
៣- [ង្គំ]ថ្ប្វង៑និវេទនតធូលីវ្រះបាទ[ធូលីជេ]
៤- (ង៑)វ្រះកំម្រតេង៑អញឝ្រីជយវម៌្មទេវ[អា]
៥- យ៑នគរឝ្រីយឝោធរបវ៌្វតតេមឝាខភូមិ
៦- (ស្រេ)គោល៑តម្ឫតកធនម្រតាញឝ្រិរាជេន្ទ្រាយុទ្ធ◦គិ
៧- (តមោក៑ប្រេ/ត្រា?)តកុលេម្រតាញថ្វាយ៑បីខ្ម្យកំស្ដេង៑
៨- បង្គំថ្ប្វង៑និវេទនកាលអាយ៑វ្រះតវាង្ង◦បិស្វំ
៩- បិជ្វន្ដវ្រះកម្រតេង៑អញឝិវលិង្គអាយវ៌្វាតបុ
១០- ន្យនៃកំស្ដេង៑◦នុវភូមិស្រុក៑ស្រេកុត្វស៑តនៃអា
១១- ចាយ៌្យបន្ទិតពជ្រតស្រុក្កអន្រាយ៑វ្នុរ៑ទ្នង៑ប្រ
១២- មាន្មល្យាង្បមោក៑ទុញភូមិស្រេនោះតស្មេវ៑បិឆ្កា
១៣- (វ្រៃទុ)ក៑វ្រះស្ឋាបនា◦បិអាចាយ៌្យអ្វេង៑តិស្លាប៑ទៅ
១៤- (ហោ)ង៑◦បិយវ្រះនេះតិល្មាច៑ប-បង៑តោក៑ទៅ◦
១៥- បិអ្នក៑នេះមាន៑សំវន្ធនុវាប៑វ្រហ្មស្វំបិឱយ៑◦
១៦- (មា)ន៑វ្រះឝាសនធូលិវ្រះបាទធូលិជេង៑វ្រះកំ
១៧- ម្រតេង៑អញប្រេកំស្ដេង៑ឱយ៑រោះហមន្ដិបង្គំថ្ប្វ
១៨- ង៑និវេទន◦កំស្ដេង៑បន្ទ្វល៑វ្រះឝាសនតវាប៑
១៩- វ្រហ្មឱយ៑រោះហវ្រះឝាសនធូលីវ្រះបាទ
២០- ធូលីជេង៑វ្រះកំម្រតេង៑អញ[ប្រេ](វាប៑វ្រ)ហ្មស្ឋា
២១- បនា(វ្រះ)[[សិវលិង្គ]](ថ្វេបូជា)លេង៑រុកាលអាចាយ៌្យ◦កំ
២២- ស្ដេង៑ប្រេវាប៑វ្រហ្មចំចំនាំតវ្រះកម្រតេង៑អញ
២៣- អាយ៑វ៌្វារង្កោលិះ៥ប្រតិទិន◦ហេតុមន៑(មេភក-?)
២៤- ម្យេង៑/ល្យង៑វាប៑វ្រហ្ម–្ន(ប្រ)វេឝតោយលោញត្រល្យា
២៥- ង៑តអ្រ្យាំកំស្ដេង៑បិវាបវ្រហ្មសក្វនតកំស្ដេង៑បិ
ផ្ទាំងខ
២៦- ទៅស្ឋាបនាវ្រះនោះនុកំស្ដេង្ង៙គិចង៑វាត្តស្រេ
២៧- គោល៑◦តិបូវ៌្វប្រសប៑ស្រេសុរៃ◦តិទក្ឞិណប្រសប្ប
២៨- ស្រេតទៅតវាប៑ទ្វត៑◦តិបឝ្ចិមប្រសប្ប
២៩- ស្រេឆ្នាល៑◦តិឧត្តរប្រសប៑ស្រេអ្នក៑វ្រះតំ
៣០- ម្រ | ប្រត្យយតសង្គោល៑ប្រឝស្ដបិឱយ្តវាប៑
៣១- វ្រហ្ម◦ ស្ដេង៑អញសទាចាយ៌្យ◦ វាប៑និត៑ខ្លោញ
៣២- ស្រូជេង៑តរាញ ៙ វ្វំអាច្តិមាណវ្ឫហិ
៣៣- វិឞយ បយ៌្យង៑ វ្រះ(ពំ)លា ចញ្ចូល
៣៤- ផោង៑ គិចង៑វាត្តភូមិស្រេវ្រះអាយ៑
៣៥- ក(ន្វា)ស៑◦ តិបូវ៌្វលោ្វ[[ះ]]ប្រសប្បស្រេឝិល្បិ
៣៦- តិទក្ឞិណល្វោ[[ះ]]ប្រសប្បស្រេសមរានិវត៌្ត
៣៧- តិបឝ្ចិមល្វោ[[ះ]]ស្តុ[[ក៑]]ចាម្បប្រសប៑ស្រេអ្មិ/ស្មិត
៣៨- តិឧត្តរល្វោះប្រសប្បស្រេជៃ—
៣៩- តិវាប៑អាតឝបថ ◦