ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿស្បង់ចីវរព្រះសង្ឃក្នុងព្រះពុទ្ធសាសនាខ្មែរ

ស្បង់ចីវរព្រះសង្ឃក្នុងព្រះពុទ្ធសាសនាខ្មែរ

“ស្បង់ចីវរ” ឬនិយាយដោយសាមញ្ញថា “សំពត់​ស្លៀកដណ្តប” ​សម្រាប់​ព្រះ​សង្ឃ​ក្នុង​​ព្រះពុទ្ធសាសនា ​ហាក់​ពុំមាន​លក្ខណៈ​ដូចគ្នា​ទូទៅឡើយ។ ចំពោះ​តែស្បង់ចីវរ​ព្រះ​សង្ឃ​ខ្មែរ ប្រកាន់ខ្ជាប់​​ជា​ព្រះ​ពុទ្ធ​សាសនា​ថេរវាទ អ្នក​ប្រាជ្ញបុរាណលោក​យល់​ថា ​​​មាន​របៀប​បែប​ផែន​​តាម​ពុទ្ធ​បញ្ញត្តិ និង​ពុទ្ធា​នុ​ញ្ញាត ដែល​មាន​ក្នុង​វិន័យ​បិដក មិនច្រឡូក​ច្រឡំ​​ដោយ​គ្រហស្ថ​ណា​មួយ ក្នុង​ប្រទេស​ណា​មួយ​ទេ ឥត​មាន​វិធីកែប្រែ​តាម​កាល​តាម​សម័យ​ដូច​គ្រហស្ថ​ទាំង​ពួង​ឡើយ មាន​របៀប​កាត់​​ដេរ​ជ្រលក់​ពិន្ទុ អធិដ្ឋាន វិកប្ប​ដោយ​ដាច់​ខាត​ខាន​ធ្វើពុំបាន​។ កិច្ច​ទាំង​អម្បាល​នេះ ព្រះសព្វញ្ញុ​ពុទ្ធ​ទ្រង់​បញ្ញត្តិ​ព្រម​ទាំង​អនុញ្ញាត​ ដើម្បី​ឱ្យ​ប្លែក​ពីគ្រហស្ថ​ និង​ត្រូវ​តាម​​លំអាន​ព្រះ​ពុទ្ធ​អំពីបុរាណផង។

ពុទ្ធសាសនិក​ដឹងថា ​សម័យ​​ព្រះសម្មាសម្ពុទ្ធ​​ទើប​​ត្រាស់​ដឹង ព្រះ​អង្គ​បាន​អនុញ្ញាត​​​​ឱ្យ​​ភិក្ខុ​ប្រើប្រាស់​តែ​ចីវរ​គ្មានម្ចាស់ ពោល​គឺ​សំពត់​ដែល​ភិក្ខុ​បាន​ដោយ​បង្សុកូល យក​​​​​ពី​ព្រៃ​ស្ម​សានជា​ទី​ដែល​គេ​បោះ​សាកសព​ មក​​ដេរ​ប៉ះ​តភ្ជាប់គ្នា​ ​ធ្វើ​ជា​គ្រឿង​ក្រាលគ្រង។  សំពត់​ទាំង​នេះ គឺ​ភិក្ខុសង្ឃ​លោក​យក​ទៅ​ជ្រលក់​ពណ៌​ទឹក​អម្ចត់(ម្ចត់) ដែលរម្ងាស់​​ចម្រាញ់​ពី​រុក្ខជាតិ ​ដើម្បី​ឱ្យ​​មាន​ពណ៌​ស្រគាំ​មិន​ឆើត​ឆាយ។ លើស​ពីនេះ នៅក្នុង​ព្រះ​បិដក​ភាគ​៨ ក៏បាន​អធិប្បា​យ​អំពី​​លក្ខណៈ​ស្បង់​ចីវរ​​ ដែល​ព្រះ​សង្ឃ​អាច​ក្រាល​គ្រង​បាន​មិន​ចាក​វិន័យ​ ជាពិសេស​គឺ​ស្បង់​ចីវរ​ដែល​ពុទ្ធ​បរិស័ទ​រៀបចំ​ក្នុង​កឋិន​សម័យ។ ទោះ​បី​យ៉ាង​​ណា​ក្តី បើ​យោង​​​តាម​កំណត់​ហេតុ ជីវ តាក្វាន់ កត់ត្រា​អំពី​ប្រពៃណី​អ្នក​ស្រុក​ចេនឡា​ នៅ​ក្នុង​ចុង​សតវត្សទី​១៣​ នៃ​គ្រិស្ត​សករាជបាន​​ឱ្យ​ដឹង​ថា ក្នុង​សង្គម​ខ្មែរ​មាន​សាសនាបី គឺ​ពួក​ព្រាហ្មណ៍ តាបស និង​ព្រះសង្ឃ​​ (ជូគូ)។ ចំពោះ​ព្រះសង្ឃ កោរ​ព្រះកេស គ្រង​​ចីវរ​​ពណ៌​លឿង បញ្ចេញ​ស្មា​ស្តាំ ហើយ​​និមន្ត​ជើង​ទទេ។ របៀប​គ្រងស្បង់​ចីវរ​បែប​នោះ​ គេឃើញ​មាន​ក្នុង​សង្គម​ខ្មែរ​​​បន្ត​ហូរ​ហែ​រ​តាំង​ពីបុរាណ​ រហូតមក​ដល់​​សម័យ​ទំនើប​បច្ចុប្បន្ន។ ប៉ុន្តែ​ចំពោះពណ៌​ស្បង់​​ចីវរ​​ ហាក់​មាន​ការ​ផ្លាស់​ប្តូរ​ខ្លះៗគួរ​ឱ្យ​កត់​សម្គាល់ ពោលគឺពុំមែន​សុទ្ធតែពណ៌លឿង​ដូច​គ្នា​ឡើយ។

តាម​សង្កេត គ្រឿង​ស្លៀកដណ្តប់និងប្រើប្រាស់​ចាំបាច់​សម្រាប់​ព្រះសង្ឃមានច្រើន​ទៀត​​​ដូចជា​ស្បង់ ចីវរ សង្ឃាដី​ វត្ថពន្ធទ្រូង វត្ថពន្ធចង្កេះ អង្ស័ក ថង់យាម បាត្រ ផ្លិត…។ វត្ថុ​ទាំង​នោះ គេឃើញ​ប្រើប្រាស់​តាម​កាល​តាមវេលា​ផ្សេងៗគ្នា។ បើ​ព្រះ​សង្ឃ​គង់​នៅកុដិ ឬ​ធ្វើ​កិច្ចការ​ក្នុង​អារាម គឺគ្រាន់តែស្លៀកស្បង់​ឱ្យ​បាន​សម​រម្យ ពាក់​​អង្ស័ក តែ​ពុំ​ចាំ​​បាច់​គ្រង​ចីវរ​ក៏បាន។

ប៉ុន្តែ​ប្រសិនបើមាន​ពុទ្ធ​បរិស័ទ​ចូល​ទៅជួបថ្វាយ​​បង្គំ ឬ​ពេល​ទទួល​ចង្ហាន់​ ឬ​និមន្ត​គោចរ​ដោយ​ចេញ​ក្រៅ​ដោយ​ទី​ឆ្ងាយ​ជិតដូច​ជា ​និមន្ត​បិណ្ឌ​​បាត្រ​ជាដើម​ព្រះសង្ឃ​តែង​គ្រង​ចីវរ​បិទ​បាំង​ដង​ខ្លួន​ (ឃ្លុំចីវរ) ឱ្យ​បាន​ត្រឹម​ត្រូវ​មាន​បរិមណ្ឌល​ ពោលគឺ​បិទ​បាំង​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​​​គ្រប​លើ​ស្បង់​ប្រហែល​ប៉ុន​៤ធ្នាប់ (រូប​លេខ​​៦-៧)។

ដោយឡែក បើធៀបនឹងការ​ស្លៀកដណ្តប់​របស់​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​​ថេរវាទ​នៅ​​តាម​បណ្តា​ប្រទេស​ផ្សេងៗជិតខាង​កម្ពុជា​​ដូចជា ភូមា ថៃ និងឡាវ គេ​សង្កេត​ឃើញ​ថា​​បច្ចុប្បន្ន​នេះ​ហាក់​ពុំ​សូវ​ខុសប្លែក​គ្នា​​​ឡើយ ពោលគឺទាំង​ការ​ស្លៀក​ដណ្តប់​ក្នុង​កិច្ច​ពិធី​នានា និង​ពណ៌ស្បង់​ចីវរ​ផង​ដែរ។ ការស្លៀកដណ្តប់​​មាន​ពីរ​សណ្ឋានគឺ គ្រង​ចីវរ​បញ្ចេញ​ស្មាស្តាំ និងឃ្លុំ​ចីវរជិត​ក បញ្ចេញចុង​ព្រះហស្ត​សងខាង (រូបលេខ​៨-៩)។ ប៉ុន្តែ​ចំពោះ​​ព្រះសង្ឃ​ព្រះ​ពុទ្ធសានា​មហាយាន​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​​ដូចជា​កូរ៉េ ជប៉ុន វៀត​ណាម​ ចិន ឬតំបន់​ទីបេ ការគ្រង​ស្បង់​ចីវរ​ហាក់​​​មាន​លក្ខណៈ​​ប្លែក​ដោយ​ឡែក​ខុស​ពីព្រះសង្ឃ​ថេរ​វាទ (រូបលេខ​១០-​១១)។

សង្ខេបមក របៀបនៃការរៀបចំ​​គ្រងស្បង់ចីវរ​នៃ​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​​ថេរវាទ នៅ​​កម្ពុជា​ និង​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក្បែរ​ខាង​ ពុំសូវ​ខុសឆ្ងាយ​គ្នា​ឡើយ។ អ្វីដែល​សង្កេត​ឃើញ​ប្លែក​គ្នា​ខ្លះ គឺពណ៌​ស្បង់ចីវរ​។ ប៉ុន្តែ​ចំពោះ​របៀប​ស្លៀក​ដណ្តប់​របស់​ព្រះ​សង្ឃ​ព្រះពុទ្ធសាសនា​មហាយាន​ គឺមាន​លក្ខណៈ​ដោយ​ឡែក ដែល​គួរ​មាន​កា​រ​សិក្សា​ប្រៀប​ធៀប​ជ្រៅជ្រះ​ក្នុងបរិបទ​ទូលំទូលាយ​បន្ថែម៕

អត្ថបទដើម៖ ក​ញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!