ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកភូមិរោគ K.១៥៤៨ (ភាគ២)

សិលាចារឹកភូមិរោគ K.១៥៤៨ (ភាគ២)

នៅក្នុងអត្ថបទភាគ១ បានរៀបរាប់រួចមកហើយអំពីប្រវត្តិព័ត៌មានទូទៅ និងសេច​ក្ដី សង្ខេបអត្ថន័យរបស់សិលាចារឹកមួយផ្ទាំងនេះ។ នៅក្នុងភាគនេះ នឹងបង្ហាញអំពីសេចក្ដី​បកប្រែសម្រួលអត្ថបទភាសាខ្មែរបុរាណ​ មកជាភាសាខ្មែរទំនើប។

នៅក្នុងអត្ថបទភាសាខ្មែរបុរាណ មានឃ្លាខ្លះ សរសេរកាត់ខ្លីៗ សម្រាប់​មនុស្ស​ជំនាន់​នោះដែលយល់សាច់រឿង ងាយយល់។ ប៉ុន្ដែឃ្លាកាត់ខ្លីដូច្នេះ នឹងនាំឱ្យមនុស្សបច្ចុប្បន្ន​ ពិបាក​ស្ដាប់ ពិបាកចាប់បានសាច់រឿង។ ដូច្នេះ ដើម្បីឱ្យងាយយល់ ខ្ញុំបានបំពេញនិង​សម្រួលសេចក្ដីបន្ថែមនៅក្នុងវង់ក្រចក។  សញ្ញាទ្រេតមួយ ( / ) ប្រើសម្រាប់បង្ហាញជម្រើស​លទ្ធភាពនៃពាក្យដែលរលុបបាត់ ថាអាចជាជម្រើសទី១ឬជម្រើសទី២។

មានសិលាចារឹកជាច្រើន ដែលប្រើទម្រង់ឃ្លាខ្លីៗ សម្គាល់ដល់សាច់រឿងច្រើន​។ ទម្រង់បែបនេះ ប្រហែលគឺជាទម្រង់ដែលមនុស្សសម័យនោះប្រើនិយាយទាក់ទងគ្នាជា​ធម្មតា​​ប្រ​​ចាំថ្ងៃ ដូចបច្ចុប្បន្នដែរ។  ដូច្នេះ នេះជាភស្ដុតាងអាចបញ្ជាក់ថា មនុស្ស​សម័យ​បុរាណ​ និយាយបែបណា សរសេរបែបនោះ ខុសប្លែកពី​មនុស្សសម័យបច្ចុប្បន្នដែល​ពេល​និយាយ​មានរបៀបផ្សេង និងពេលសរសេរមានរបៀបផ្សឹង។ សម័យបច្ចុប្បន្ន ពេល​សរសេរ​​ត្រូវរៀបឃ្លាល្បះវែងៗ មានវគ្គ មានស្នើ និងត្រឹមត្រូវតាមវេយ្យាករណ៍ ទើបគេ​ទទួល​ថាមានលក្ខណៈជាផ្លូវការ។ បើសរសេរខ្លីៗ ដូចពាក្យពេជន៍ឃ្លាឃ្លោងនិយាយ គេ​មិនរាប់ជាភាសាសរសេរនោះទេ និងច្រើនតែបន្ទោសទៅលើទម្រង់ឃ្លាល្បះណា ដែល​សរសេរ​ដូចនិយាយ។

សេចក្ដីសង្ខេបនៃអត្ថបទសិលាចារឹកនេះ គឺរៀបរាប់អំពីដំណើរដើមដាន​ដី​ស្រែ​គោល​ដែលជាទ្រព្យមរតក​របស់​ម្រតាញ​ស្រីរាជេន្ទ្រាយុទ្ធ។ ដីស្រែនេះបានថ្វាយ​ជាទ្រព្យ​ចំណុះ​ប្រាសាទសិវលិង្គនៅឯរវា ដែលឈ្មោះរវា នេះ ទំនងជាឈ្មោះទីតាំងដែលរកឃើញ​សិលាចារឹកនេះកាលពីបុរាណ ឬតំបន់វត្តពោធិវិន័យរោគកាលពីបុរាណតែម្ដង។ ប្រាសាទ​​សិវលិង្គ នៅ រវា គឺជាបុណ្យរបស់កំស្ដែងអញ​ស្រីវីរេន្ទ្រាធិបតិវម៌្មបានកសាង​។ ដូច្នេះ​ហើយ ដោយសារដីស្រែគោល និងដីស្រែកុតូស មានបញ្ហា ទើបកំស្ដែងរូបនេះបាន​ក្រាប​ទូល​ថ្វាយ​ទៅព្រះមហាក្សត្រ ឱ្យទ្រង់ត្រាស់បង្គាប់ដល់អ្នកពាក់ព័ន្ធប្រគល់ដីស្រែទាំងនោះ​ដល់​ប្រាសាទ​និងធ្វើពិធីបូជាដល់ប្រាសាទ។ សេចក្ដីបន្ទាប់គឺការកំណត់ព្រំដីស្រែ និងបង្ហាញ​ពី​មន្ត្រីដែលទទួលបន្ទុកក្នុងការស្ថាបនាសិលាចារឹកនេះផងដែរ។ នៅចុងបញ្ចប់ ជាសេចក្ដី​ចារបន្ថែមនៅពេលក្រោយទៀត​ បង្ហាញពី​ការហាមមិនឱ្យយកពន្ធស្រូវ ប្រេង ប្រេល្ហុង​ជាដើម និងព្រំដីកន្វាស់ ដែលមានវាបអា ជាសាក្សីបានស្បថ។

សេចក្ដីប្រែសម្រួល

          (១-៦) មហាសករាជឆ្នាំ៩១១/៩២១ ថ្ងៃទី៤រោច/កើត ខែមិគ្គសិរ — នូវកំស្ដែង​អញ​ស្រី​​វីរេន្ទ្រាធិបតិវម៌្ម(?) បានក្រាបបង្គំទូលថ្វាយចំពោះធូលីព្រះបាទ​ធូលីជេង​ព្រះគម្ដែង​អញ​​​ស្រី​ជ័យវម៌្មទេវទី៥ នៅឯ​រាជធានី​ស្រីយសោធរបព៌ត (រៀបរាប់អំពី)ដើមដានរឿង​ដី​ស្រែ​គោល​​ដែលជា​ទ្រព្យមរតករបស់ម្រតាញ​ស្រីរាជេន្ទ្រាយុទ្ធ។

          (៦-១០) គឺ(ដីស្រែនេះ)ដែលគ្រួសាររបស់ម្រតាញ(ស្រីរាជេន្ទ្រាយុទ្ធ)បានថ្វាយ​ គប្បី​កំស្ដែង​(ស្រីវីរេន្ទ្រាធិបតិវម៌្ម)ឆាប់ខ្មីក្រាបថ្វាយបង្គំទូលកាលនៅឯព្រះរង្វាង ដើម្បីសុំនិង​ថ្វាយ​​​(ដីនេះ)ដល់ប្រាសាទព្រះគម្ដែងអញសិវលិង្គ​នៅឯរវាដែលជាបុណ្យ​របស់​កំស្ដែង។

          (១០-១៥) ដីភូមិស្រែកុតូសជារបស់អាចារ្យបណ្ឌិតពជ្រ ​ដែលនៅស្រុកអន្រាយផ្នូរ​ធ្នង់ តំបន់មល្យាង មកទិញដីស្រែនោះ​ពីអ្នកបម្រើការ(ស្មេវ)​ ដើម្បីឆ្កាព្រៃ តម្កល់ព្រះ និង​ស្ថាបនា​​(អ្វីផ្សេងៗ)។ អាចារ្យអ្វេងនោះក៏ស្លាប់បាត់ហោង។ ព្រះនេះ ក៏មាន​អ្នក​លួច​ដក​ចោល​បាត់​ទៅ​។ អ្នកទាំងនេះមានសម្ព័ន្ធជាមួយវាបព្រហ្ម (សុំដីនោះពីវាបព្រហ្ម)​ដើម្បី​ឱ្យ​(ត្រឡប់​​មក​ពួកគេវិញ)។

          (១៦-២៣) មានព្រះរាជសាសន៍​នៃធូលីព្រះបាទធូលីជើង​ព្រះគម្ដែងអញ​ ត្រាស់​ប្រើ​កំស្ដែ​ង​​ឱ្យដីនោះ ដូចសេចក្ដីក្រាបបង្គំទូលថ្វាយ​ព្រះអង្គ។ កំស្ដែង​យក​បន្ទូល​ព្រះ​រាជ​សាស​ន៍​​ឱ្យដល់វាបព្រហ្ម​ (វាបព្រហ្ម)ឱ្យដីនោះ​ដូចព្រះរាជសាសន៍​ធូលីព្រះបាទធូលីជើង​ព្រះ​​​គម្ដែងអញ (ទ្រង់ក៏)ត្រាស់​ប្រើ​វាបព្រហ្ម​ស្ថាបនាព្រះសិវលិង្គនិងធ្វើបូជា​ឱ្យដូច​កាល​អាចារ្យ​​​(អ្វេងបានធ្វើបូជាកន្លងមក)។ កំស្ដែងប្រើ​វាបព្រហ្ម​រៀបរណ្ដាប់បូជា​ចំពោះ​ព្រះ​គម្ដែង​​​អញ​​ឯរវា​(ជា)អង្ករចំនួន៥លិះប្រចាំថ្ងៃ។

          (២៣-២៦) ដោយហេតុមាន​— វាបព្រហ្ម— ចូលរួមតាម​លោញត្រល្យាង​ដែល​ជា​បង​​កំស្ដែង​ គប្បីវាបព្រហ្ម(និង)កូនរបស់កំស្ដែង​ទៅស្ថាបនាព្រះនៅទីនោះជាមួយកំស្ដែង។

          (២៦-៣០) (នេះ)គឺចង្វាត់ដីស្រែគោល។ ដីនៅទិសខាងកើត​ ប្រសព្វនឹងស្រែសុរៃ។ ដី​នៅ​​​ទិស​ខាងត្បូង​ប្រសព្វ​ដីស្រែទៅដល់វាបទួត។ ដីនៅទិស​ខាងលិច​ប្រសព្វស្រែឆ្នាល់។ ដី​នៅ​ទិស​ខាងជើង​ប្រសព្វ​ស្រែអ្នកព្រះដំរី។

          (៣០-៣២) មន្ត្រីដែលមកសង់គោលសិលាចារឹកនេះដើម្បីឱ្យដល់វាបព្រហ្ម៖ ស្ដែង​អញ​សទាចារ្យ​ វាបនិត(ជា)ខ្លោញស្រូវជើងត្រាញ់។

          (៣២-៣៩) ពុំអានមាន​(អ្នកយកពន្ធ)ស្រូវ ប្រេង ប្រេងល្ហុងទេ។  (នេះ)គឺចង្វាត់ដី​ស្រែ​ព្រះនៅឯកន្វាស់។ ដីនៅទិសខាងកើតរហូតទៅប្រសព្វ​ស្រេសិល្បិ។ ដីនៅទិសខាង​ត្បូង​រហូតទៅប្រសព្វនឹង​ស្រេសមរានិវត៌្ត។ ដីនៅទិស​ខាងលិច​រហូតដល់ស្តុកចាម្ប៍ប្រសព្វ​​ស្រែស្មិត។ ដីនៅទិសខាងជើង​ប្រសព្វស្រែជែ។ (ចង្វាត់ដីនេះ)វាបអា(ជាអ្នក)ស្បថ៕

សំណៅផ្ដិតសិលាចារឹកភូមិរោគ K.១៥៤៨ ផ្ទាំងក-ខ (រូបថត៖ ហ៊ុន​ ឈុនតេង)

———————————,

Inscription of Rok Village K. 1548 (Part 2)

In the first article has already mentioned the general information and summary of the meaning of this inscription. In this second article, we will illustrate how to interpret ancient Khmer texts into modern Khmer.

In the ancient Khmer text, there are some short phrases for the generation at that time and understand the story easily. However, such short phrases will make it harder for people today to listen and get the story. Thus, to make it easier to understand, I have added and simplified in the parentheses. An italic (/) is used to indicate the possibility of a missing word being either a first choice or a second choice.

There are many inscriptions that use short phrases to mark multiple stories. This form is probably the one that people of that time used to communicate with on a daily as today. Thus, this is proof the way ancient people spoke and wrote that is different from the way people today speak and write. Nowadays, when writing, you have to prepare long paragraphs, phrases, suggestions, and grammatically correct sentences, so that they can be considered as official. If written as short as words and phrases of saying, they are not considered as written language and are often due to any form of phrases that are written as spoken. The summary of this inscription describes the history of Dei Sre Koul, which is the treasure of Mratañ Srei Rajendrayuth. At the end of the inscription is additional meaning that illustrates a prohibition of taxes on rice, oil, oil papaya, etc., and the boundary as a witness.

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!