ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទព្រះធាតុធំ (បន្ទាយព្រៃនគរ)

ប្រាសាទព្រះធាតុធំ (បន្ទាយព្រៃនគរ)

បន្ទាយព្រៃនគរ គឺជាអតីតក្រុងបុរាណមួយដ៏សំខាន់របស់ខ្មែរដែលហ៊ុមព័ទ្ធដោយកំពែងដីនិងកសិន្ធុទឹកដូចក្រុងឦសានបុរដែរ ហើយសព្វថ្ងៃមានទីតាំងស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ លោក Goerge Coedès យល់ថា បន្ទាយព្រៃនគរ ជាអតីតក្រុងឥន្រ្ទបុរ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ តែលោក Lawrence Palmer Briggs យល់ថា ទីក្រុងនេះចាប់ផ្តើមឡើងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ក្រោយមក លោក Michael Vickery យល់ឃើញផ្សេងពីនេះថា បន្ទាយព្រៃនគរ ទំនងជាអតីតក្រុងបុរាណខ្មែរដែលមានឈ្មោះថា “វ្យាធបុរ” ដោយលោកយោងការសន្និដ្ឋានទៅលើសិលាចារឹកមួយនៅប្រាសាទព្រះធាតុ K.109 ចុះកាលបរិច្ឆេទឆ្នាំ៦៥៥ នៃគ្រឹស្តសករាជ (រជ្ជកាលព្រះបាទជ័យវរ្ម័នទី១)។ ក្នុងបរិវេណក្រុងបុរាណនេះ មានប្រាសាទសំខាន់ៗចំនួនពីរ គឺប្រាសាទព្រះធាតុធំ និងប្រាសាទព្រះធាតុតូច។ នៅក្នុងអត្ថបទនេះ យើងនឹងសិក្សាដោយសង្ខេបអំពីប្រាសាទព្រះធាតុធំតែប៉ុណ្ណោះ។

ឈ្មោះ “ព្រះធាតុ” ក៏មិនខុសពីពាក្យថា “គុក”, “ក្តី”, “ឃ្លាំង” ដែរ ពោល គឺជាការហៅសំដៅទៅលើប្រាសាទដូចគ្នា តែការហៅព្រះធាតុនេះគេច្រើនតែចាត់ទុកប្រាសាទជាចេតិយ ហើយការហៅដូច្នេះច្រើននិយមនៅខេត្តកំពង់ចាម និងកំពង់ធំ ដូចជា ព្រះធាតុបារាយណ៍ ព្រះធាតុក្ទម្ព ព្រះធាតុរកា ។ល។ ម្ល៉ោះហើយ “ព្រះធាតុធំ” ចង់សំដៅលើប្រាសាទដែលមានទំហំធំ ពោល គឺធៀបជាមួយប្រាសាទមួយទៀតមានឈ្មោះថា “ព្រះធាតុតូច” ដែលស្ថិតនៅស្ទើរចំពាក់កណ្តាល ក្រុង។ តាមរយៈឯកសារចាស់ៗដែលសិក្សាដោយអ្នកស្រាវជ្រាវបារាំង បានរៀបរាប់ថា ប្រាសាទព្រះធាតុធំ មានតួប៉មធ្វើអំពីឥដ្ឋចំនួន ៣ សង់រត់ជួរគ្នាពីអ័ក្សជើងទៅត្បូង បែរមុខទៅទិសខាងកើត ហើយសង់នៅលើទួលមួយមានកម្ពស់ប្រមាណ ១,៥ម៉ែត្រ។ ប៉ុន្តែ បច្ចុប្បន្នយើងនៅមើលឃើញតួប៉មចំនួន ២ ប៉ុណ្ណោះដែលនៅឈរ ព្រោះតួប៉មខាងជើងបង្អស់គេបានចាក់បេតុងលុបដានបាត់ទៅហើយ ម្យ៉ាងវិញទៀត យើងក៏មិនអាចដឹងច្បាស់ថា តើប្រាសាទព្រះធាតុធំពិតជាមានតួប៉មចំនួន ៣ ឬអត់នោះទេ។ តួប៉មប្រាសាទព្រះធាតុធំទាំងពីរដែលនៅឈរមានលក្ខណៈពុំដូចគ្នានោះឡើយ ហើយកាលបរិច្ឆេទនៃការសាងសង់ក៏ខុសគ្នាដែរ (រូបលេខ១)។

តួប៉មខាងត្បូង សាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត (រូបលេខ២-៣)។ តួប៉មនេះមិនមានលម្អជាទ្វារបញ្ឆោតដូចប្រាសាទផ្សេងទៀតឡើយ ពោល គឺគ្រាន់តែលម្អជាជញ្ជាំងលាតខណ្ឌគ្នាដោយក្បាច់សសរផ្អោបជាបីផ្នែក ដែលលក្ខណៈបែបនេះស្រដៀងទៅនឹងប្រាសាទជាច្រើននៅសម័យមុនអង្គរ ដូចជា ប្រាសាទមួយចំនួននៅតំបន់ប្រាសាទសំបូរ ព្រៃគុក (N8, N9, N10, N12, N13, N19, C3, C4, C5) ប្រាសាទព្រះគោ (ថាឡាបរិវ៉ាត់) ។ល។ ចំណែក ផ្នែកកំពូលខាងលើក៏មិនមានលម្អជាក្បាច់អ្វីច្រើនដែរ ព្រោះយើងឃើញត្រឹមតែស្នាមក្បាច់គុឌុដែលឆ្លាក់មិនទាន់ហើយតែប៉ុណ្ណោះ។

នៅផ្នែកខាងក្នុង គេទើបធ្វើកំណាយរកឃើញជើងទម្រមួយដែលមានរាងបួនជ្រុងស្មើ ក្នុងទម្រង់ជាជើងទម្រសម័យមុនអង្គរ ដែលផ្គុំឡើងដោយថ្មភក់ចំនួន ៤ ស្រទាប់ ហើយផ្នែកខាងលើបង្អស់ជាស្នានទ្រោនីដែលភ្ជាប់គ្នាដោយសោមសូត្រមួយធ្វើអំពីថ្មបង្ហូរទឹកមន្តទៅទិសខាងជើង (រូបលេខ៤)។ ថ្មជើងទម្រស្រទាប់ខាងលើមានប្រហោង​រាងរង្វង់មូលនៅចំកណ្តាល ដែលយើងអាចសន្និដ្ឋានបានថា ជាជើងទម្រតម្កល់សិវលិង្គសម័យមុនអង្គរ ដ្បិតលក្ខណៈបែបនេះយើងឃើញមានច្រើននៅតំបន់ប្រាសាទសំបូរព្រៃគុក។ លោក Henri Parmentier និងលោក Lawrence Palmer Briggs យល់ឃើញថា តួប៉មនេះ អាចសង់ឡើងនៅសម័យអន្តរកាលរវាងសម័យហ្វណន និងសម័យចេនឡា ឬភាគខាងដើមសម័យចេនឡា ក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១។

ដោយឡែក តួប៉មមួយទៀត (តួប៉មខាងជើង ឬតួប៉មកណ្តាល) ជាសំណង់សង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើតដូចគ្នា (រូបលេខ៥-៦)។ តួប៉មនេះមានលក្ខណៈ​ខុសគ្នាច្រើនពីតួប៉មខាងត្បូង ព្រោះតួប៉មនេះពុំរចនាជាជញ្ជាំងលាតដូចតួប៉មខាងត្បូងឡើយ ពោល គឺសិល្បកររចនាចេញជាទ្វារបញ្ឆោតនៅទិសខាងលិច ខាងជើង និងខាងត្បូង។ ចំណែក ផ្នែកកំពូលខាងលើ គេលម្អជាថ្នាក់ៗដោយបង្រួមខ្នាតពីក្រោមទៅលើឱ្យចេញរាងស្តួចនៅខាងលើ តែរក្សាក្បាច់ដូចខាងក្រោម។ ក្នុងឆ្នាំ១៩៥១ លោក Lawrence Palmer Briggs សន្និដ្ឋានថា តួប៉មនេះ សាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ដំណាលគ្នាជាមួយនឹងសំណង់តួប៉មមួយទៀតដែលរលំបាត់នៅខាងជើង។ គំនិតរបស់លោកចង់បង្ហាញថា កាលពីដំបូងមានតួប៉មមួយសង់នៅរជ្ជកាលព្រះបាទភវវរ្ម័នទី១ (គ.ស.៥៩៨ – ៦០៦) និងក្រោយមកបន្តិចដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១) ទ្រង់កសាងតួប៉មពីរបន្ថែមទៀតដើម្បីបង្រ្គប់ឱ្យមានតួប៉មបីរត់ជួរត្រង់គ្នាពីត្បូងទៅជើង។ មកដល់ឆ្នាំ១៩៧១ លោកស្រី Mireille Bénisti សិក្សាអំពីទ្វារបញ្ឆោត សសរពេជ្រ និងផ្តែរទ្វារដែលធ្វើអំពីឥដ្ឋ ហើយទាញសេចក្តីសន្និដ្ឋានថា សំណង់នៅខាងជើងនេះជាសំណង់ស្ថិតនៅចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ពោល គឺទំនងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ដូចការសន្និដ្ឋានរបស់លោក Lawrence Palmer Briggs ដែរ។ ចំណែក លោក Lunet De Lajonquière ដែលជាអ្នកចុះបញ្ជីសារពើភណ្ឌប្រាសាទបុរាណនៅស្រុក​ខ្មែរកាលពីចុងស.វ.ទី១៩ និងបោះពុម្ពផ្សាយនៅឆ្នាំ១៩០២ មិនបានសាកល្បងកំណត់អាយុកាល​ប្រាសាទនេះទេ ប៉ុន្តែលោកបានស្នើថា តួប៉មនេះមានលក្ខណៈស្រដៀងប្រាសាទក្នុងសិល្បៈចាម្ប៉ា ដោយយោងទៅលើផ្នែកខាងលើនៃប្រាសាទ។ យោងតាមគំនិតនេះ នាំឱ្យលោក ផេង សំអឿន និង អ៊ិន សុក្រឹត្យា យល់ស្របថា សំណង់នេះមានលក្ខណៈទទួលឥទ្ធិពលសិល្បៈចាម្ប៉ា ដែលអាច​ស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ព្រោះអ្នកទាំងពីរយល់ឃើញថា ការឆ្លាក់លម្អផ្តែរទ្វារនៅលើឥដ្ឋ ហោជាងរាងអក្សរ U ផ្កាប់ខ្ពស់លើឥដ្ឋ មានលក្ខណៈដូចទៅនឹងផ្តែរនិងហោជាងនៃប្រាសាទដំរីក្រាប (ភ្នំគូលែន) ដែលសង់ឡើងនៅក្នុងរាជ្យស្តេចជ័យវរ្ម័នទី២ ហើយម្យ៉ាងទៀតអ្នកទាំងពីរក៏យល់ថា ព្រះបាទជ័យវរ្ម័នទី២ ជាអ្នកកសាងក្រុងឥន្រ្ទបុរ និងសង់តួប៉មនេះបន្ថែមនៅកន្លែងដែលមានសំណង់ស្រាប់ដើម្បីគោរពបូជាដល់ព្រះអាទិទេព។

ក្រៅអំពីតួប៉មទាំងពីរដែលបានរៀបរាប់ខាងលើ នៅទីនេះគេធ្លាប់រកឃើញផ្តែរទ្វារចំនួនពីរផ្ទាំង ដែលផ្តែរមួយសព្វថ្ងៃដាក់នៅមុខតួប៉មខាងត្បូង និងមួយផ្ទាំងទៀតរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ប៉ុន្តែ ចម្ងល់នៅត្រង់ថា ផ្តែរទាំងពីរនេះគេពុំដឹងថាយកចេញពីតួប៉មណាមួយឱ្យ​ប្រាកដឡើយ ព្រោះនៅពេលរកឃើញផ្តែរទាំងពីរនេះបានជ្រុះពីធ្នឹមប្រាសាទហើយ។ ផ្តែរទីមួយ រក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ មានទម្រង់ជាសិល្បៈរចនាបថសំបូរព្រៃគុក នាស.វ.ទី៧ ដែលចុងសងខាងយើងឃើញមានចម្លាក់សត្វមករបែរមុខចូលក្នុង ខ្ជាក់ក្បាច់បន្ទាត់ធ្នូដែលមានរាងកោង (រូបលេខ៧)។ នៅលើបន្ទាត់ធ្នូលម្អដោយក្បាច់រាងរង្វង់ចំនួនបី ដែលនៅកណ្តាលជារូបសត្វគ្រុឌនិងសង្ខាងជារូបទេពក្នុងទម្រង់ហោះហើរ ហើយនៅខាងក្រោមជារំយោលផ្កា។ លក្ខណៈពិសេសមួយរបស់ផ្តែរទ្វារនេះ យើងឃើញផ្នែកខាងលើបង្អស់មានចម្លាក់រូបទេពចំនួន ១២ (ម្ខាង ៦ទេព) លើកដៃសំពះព្រះព្រហ្ម(?)ដែលស្ថិតនៅចំពាក់កណ្តាល ក្នុងកាយវិការអង្គុយនៅលើផ្កាឈូក ទំនងមានព្រះហស្តបួនអាចកាន់ថូទឹក គម្ពីរវេទ ផ្គាំ ស្លាបព្រា (?)។ ជាទូទៅ ផ្តែរទ្វាររចនាបថសំបូរព្រៃគុកដែលបង្ហាញទេពជាជួររបៀបនេះកម្រមានណាស់នៅក្នុងសិល្បៈខ្មែរ តែគេឃើញមានមួយផ្ទាំងទៀតនៅប្រាសាទគុកព្រះធាតុនៅភ្នំហាន់ជ័យ ខេត្តកំពង់ចាម។

ផ្តែរទ្វារមួយទៀត សព្វថ្ងៃដាក់នៅខាងមុខតួប៉មខាងត្បូង ក្នុងទម្រង់ជាសិល្បៈចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ (ពាក់កណ្តាលស.វ.ទី៧ ដល់ដើមស.វ.ទី៨) (រូបលេខ៨) ដែលផ្នែកកណ្តាលជាក្បាច់បន្ទាត់ធ្នូមានរាងសំប៉ែត (លក្ខណៈបន្ទាត់ធ្នូរចនាបថព្រៃក្មេង) លម្អដោយក្បាច់រាងដូចសន្លឹក​ឈើចំនួន៥ដូចយើងធ្លាប់ឃើញនៅលើផ្តែរទ្វារនៅប្រាសាទព្រះធាតុរកា ខេត្តកំពង់ធំ (សព្វថ្ងៃរលុប)។ រីឯខាងលើវិញ ចម្លាក់បានរលុបទៅហើយ តែយើងនៅមើលឃើញស្លាកស្នាមប្រៀបដូចជារូបសត្វឬរូបទេពតម្រៀបគ្នាជាជួរ ហើយផ្នែកខាងក្រោមវិញជារំយោលផ្កាឬកម្រងមាលាឆ្លាស់គ្នា។

តាមរយៈការរៀបរាប់ខាងលើ យើងបានដឹងអំពីលក្ខណៈស្ថាបត្យកម្មនិងសិល្បៈជាទូទៅ​របស់តួប៉មទាំងពីរខាងលើ និងបានដឹងអំពីការស្នើឡើងពីអាយុកាលរបស់អ្នកស្រាវជ្រាវមុនៗ។ ទោះបីជាយ៉ាងណា តួប៉មខាងត្បូងដែលអ្នកស្រាវជ្រាវមុនយល់ថា ជាសំណង់សាងឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ (គ.ស.៥៩៨ – ៦០៦) ពុំមានតឹងតាងរឹងមាំណាមួយដែលអាចបញ្ជាក់​បានឡើយ ព្រោះសំណង់ដែលមានជញ្ជាំងលាត និងមានក្បាច់គុឌុបែបនេះ យើងឃើញមានទាំង​រចនាបថសំបូរព្រៃគុក រចនាបថព្រៃក្មេង និងកំពង់ព្រះ។ ប៉ុន្តែ ប្រសិនបើផ្តែរដែលតម្កល់នៅសារមន្ទីរជាតិភ្នំពេញ គឺជាផ្តែរតួប៉មខាងត្បូងវិញនោះ យើងអាចទាញសេចក្តីសន្និដ្ឋានថ្មីមួយថា សំណង់នេះអាចសាងឡើងនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦ – ៦៣៧) ព្រោះ​ដូចវាអាចដូចករណីប្រាសាទមួយចំនួននៅសំបូរព្រៃគុក ដូចជា តួប៉ម N8, N9, N10, N12, N13 ហើយជើងទម្រវិញដូចនៅតួប៉ម N14-2។ ចំណែក តួប៉មខាងជើងវិញ អាចដូចការសន្និដ្ឋានរបស់​លោកស្រី Mireille Bénisti ប្រសិនបើផ្តែរទ្វារមួយផ្ទាំងទៀតជារបស់តួប៉មខាងជើង ពោល គឺជាសំណង់ចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ (រវាងពាក់កណ្តាលស.វ.ទី៧ដល់ដើមស.វ. ទី៨) ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ដល់ដើមរាជ្យព្រះនាងជ័យទេវី។ ពោល គឺដូចការលើកឡើងរបស់លោក Michael Vickery ដែលយល់ថាក្រុងបុរាណនៅបន្ទាយព្រៃនគរនេះអាចជាអតីតក្រុង “វ្យាធបុរ” ដែលមានសកម្មភាពតាំងពីរាជ្យ​ព្រះបាទជ័យវរ្ម័នទី១ ហើយចំណែកឯ ទីក្រុងឥន្រ្ទបុរ លោកយល់ថាអាចស្ថិតនៅម្តុំកំពង់ធំ នៅជិតតំបន់ប្រាសាទសំបូរព្រៃគុក ដោយយោងទៅលើសិលាចារឹកស្រីគ្រប់ល័ក្ខណ K.151 រៀបរាប់ថា មានស្តេចត្រាញ់ម្នាក់ឈ្មោះ “នរសិង្ហគុប្ត” ជាអ្នកគ្រប់គ្រងក្រុងឥន្រ្ទបុរ បម្រើឱ្យស្តេចបីអង្គចាប់ពីរាជ្យព្រះបាទភវវរ្ម័នទី១ ដល់ព្រះបាទឦសានវរ្ម័នទី១។ តែយ៉ាងណា តួប៉មខាងជើងនេះ ក៏អាចមានការបន្ថែមនៅសម័យអង្គរទៀតក៏អាចទៅ រួច៕

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!