ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាសិលាចារឹកប្រាសាទបន្ទាយសៀម K.១៤៦៨

សិលាចារឹកប្រាសាទបន្ទាយសៀម K.១៤៦៨

សិលាចារឹកមួយផ្ទាំងនេះ មាន​ប្រភពចេញមកពីទីតាំង​ប្រាសាទ​បន្ទាយសៀម ឬ​ប្រាសាទ​​​បន្ទាយសៀមកាត់សក់​ ដែល​ស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធ​ត្រពាំងទា ឃុំកំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ។ តាមរយៈ​គេហទំព័រ​របស់​ក្រុមការងារផែនទីស្ថានីយបុរាណ​វិទ្យា​នៃប្រទេសកម្ពុជា ហៅកាត់ថា CISARK បាន​បង្ហាញ​ថាប្រាសាទ​នេះ​មានតួ​ប្រាង្គ​មួយ​ធ្វើ​ពីថ្ម​បាយក្រៀម មានមុខ​បែរ​ទៅ​ទិ​សខាងកើត ស៊ុម​ទ្វារ​ធ្វើពីថ្ម មាន​ទ្វារ​បញ្ឆោត​នៅជ្រុង​ផ្សេងទៀត។ នៅទិសខាងកើត មាន​​ជញ្ជាំង​​ថ្ម​បាយ​ក្រៀម មានខ្លោងទ្វារ​ចូលមួយ។ មាន​ប្រាង្គ​មួយទៀតធ្វើពីឥដ្ឋ​ ស្ថិត​នៅ​ខាងត្បូងប៉ម​ថ្ម​បាយ​ក្រៀម បែរមុខ​ទៅទិស​ខាង​កើត​ដូច​គ្នា។ មានទួលមួយចំនួន​មាន​ឥដ្ឋ​និង​​ថ្ម​បាយ​ក្រៀម​​រាយប៉ាយ​ក្នុងកំពែង។ កំពែង​ទីពីរ​មាន​រា​ង​ចតុកោណ​កែង​សណ្ដូក​ទៅ​ទិស​ជើង-ត្បូង ខ្លោងទ្វារថ្មបាយក្រៀមនៅទិសខាងកើត។ នៅ​ទីនោះ​មានស្រះចំនួនបី​ នៅ​ទិ​ស​ឦសាន​មួយ ទិសខាងត្បូងមួយ និង​ទិស​ខាង​លិចមួ​យ​។​

ទីតាំងនេះជាទីតាំងប្រាសាទសម័យមុនអង្គរ ដែលឃើញមានផ្ដែររចនាបថកំពង់​ព្រះ និងសសរពេជ្រសម័យមុនអង្គរចំនួន​៨កំណាត់ ដែល​មានចោរ​លួ​ច​យក​ចេញ​ទៅ​ពី​ប្រាសាទ និងត្រូវ​អ្នកស្រុក​រស់និងនគរបាល​នៅ​ក្នុងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចាប់​បាន​និងរក្សា​ទុកនៅក្នុងសាលាសំណាក់ក្នុងភូមិនោះ រហូត​មក​ដល់​បច្ចុប្បន្ន។

នៅចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី​៧ ក្រុមមន្ត្រីជំនាញរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ​ខេត្តក្រចេះ សហការជាមួយក្រុមអ្នកស្រាវជ្រាវខេមរវិទ្យា បានចុះទៅប្រាសាទ​បន្ទាយ​សៀ​ម​ ដើម្បីដឹកយកផ្ដែរ មេទ្វារមានសិលាចារឹក និង​សសរពេជ្រ មករក្សាទុកនៅ​ក្នុង​សារមន្ទីរ​ខេត្តក្រចេះ។ សិលារឹកនេះ ចារនៅលើមេទ្វារដែលមានកម្ពស់ ១៩៩ ស.ម. បន្ទារ​ ៧៨,៥ ស.ម. និងកម្រាស់ ២១,៥ ស.ម.។ អត្ថបទចារឹក មានចំនួនពីរបន្ទាត់ ប្រើ​អក្សរ​សម័យ​​មុនអង្គរ សម្រាប់កត់ត្រា។ សិលាចារឹកនេះ ពុំមានកាលបរិច្ឆេទ​នោះឡើយ​ ប៉ុន្តែ​បើ​ផ្អែកតាម​បុរាណលេខន៍ និង​ផ្ដែរប្រាសាទ យើងអាចកំណត់បានថាអត្ថបទចារឹកនេះ ចារ​ឡើង​នៅក្នុងរវាងចុងស.វ.ទី៧និងស.វ.ទី៨។

អត្ថន័យនៃសិលាចារឹកខ្លីនេះ ចារបង្ហាញពីចៅក្មួយរបស់​ម្រតាញមហានិជ៌ិត​បាន​បង្ក​ជម្លោះ​និងចាប់យកខ្ញុំបម្រើនៅប្រាសាទនោះ​។ ការចាប់យកខ្ញុំបម្រើពីប្រាសាទនោះ ទំនង​ជា​យ​ក​ទៅធ្វើជាខ្ញុំបម្រើរបស់ខ្លួន ដើម្បីប្រើខ្ញុំទាំងនោះធ្វើការងារតាមអំណាច​របស់​ខ្លួន។ សកម្ម​ភាព​បែបនេះ ឃើញមាននៅក្នុងសិលាចារឹក​ជាច្រើន​ទៀត​ ទាំងនោះមាន​ក្នុង​សម័យ​​មុនអង្គរ និងសម័យអង្គរ។ ក្នុងសិលាចារឹកនេះ ក៏បានបញ្ជាក់ថា ទង្វើបែបនោះ គឺជាអំពើ​បាប​នាំឱ្យ​ធ្លាក់នរក ដ្បិតជា​ការរារាំង​ដំណើរការរបស់ទេវស្ថាន។

សេចក្ដីប្រែសម្រួល

          ១-​ កមោយ៑ចៅម្រតាញ៑មហានិជ៌ិតវិបក្ឞតចោប៑ក្ញុំវ្រះរោះបាបនិឞ‌ាទិ

២- គិតប្លេទប៑មាន៑

សេចក្ដីប្រែសម្រួល

          ក្មួយចៅរបស់ម្រតាញមហានិជ៌ិតបង្ករជម្លោះចាប់យកខ្ញុំបម្រើព្រះ នោះជាអំពើបាប​ធ្លាក់(នរក) គឺជាផលនៃការរារាំង(ទេវស្ថាន)។

វាក្យសព្ទ

         កមោយ៑        ក្មួយ។ សម័យអង្គរប្រើជា កន្ម្វយ៑។

          ម្រតាញ៑           ឋានន្តរនាមមន្ត្រីជាន់ខ្ពស់ឬព្រាហ្មណ៍ជាន់ខ្ពស់ នៅសម័យមុនអង្គរ។

          មហានិជ៌ិត    (សំ. មានន័យថា មហាជ័យ, ដែលមានជ័យ​ជម្នះដ៏អស្ចារ្យ) ជា​ឈ្មោះ​

របស់ម្រតាញ។

          វិបក្ឞ            (សំ.) អ្នកបង្កជម្លោះ បក្សផ្សេង គូបដិបក្ស បច្ចាមិត្ត។

          ចោប៑            ចាប់។

          ក្ញុំវ្រះ            ពលព្រះ អ្នកបម្រើព្រះ។

          និឞ‌ាទិ           (សំ. និឞ‌ាទិន៑) ដែលធ្លាក់ចុះ, ដែលសម្រាកក្នុងអ្វីមួយ។

          ប្លេ               ផល។ទប៑               ទប់ រារាំង។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!