ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាសិលាចារឹកមកពីទួលក្ដីក្នុង ​ស្រុកពាមជរ ខេត្តព្រៃវែង

សិលាចារឹកមកពីទួលក្ដីក្នុង ​ស្រុកពាមជរ ខេត្តព្រៃវែង

សិលាចារឹកនេះ រកឃើញនៅបរិវេណ​ខាងជើងទួលក្ដីក្នុង ដែល​ជា​បុរាណដ្ឋាន​ស្ថិត​ក្នុង​ភូមិឈើទាល ឃុំឫស្សី​ស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ មូលហេតុដែលនាំឱ្យរកឃើញសិលាចារឹកនេះ​ គឺមានក្រុមជន​ទុច្ចរិត បានមកជីកគាស់កាយ​រក​វត្ថុបុរាណនិងវត្ថុមានតម្លៃនានា ក៏ប្រទះឃើញតែសិលាចារឹកនេះ មានពុំប្រទះឃើញវត្ថុអ្វីផ្សេង ក៏ទុកចោល​នៅទីតាំងនោះ។ ក្រោយមកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ អ្នកស្រុកបានដឹងអំពីហេតុការណ៍នេះ ក៏បាន​យកមករក្សាទុក និងបានរាយការណ៍ទៅកាន់សមត្ថកិច្ច។ នៅថ្ងៃទី២០ ខែឆ្នាំដដែល ក្រុមមន្ត្រី​ជំនាញ​របស់​​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង និងអាជ្ញា​ធរពាក់ព័ន្ធ បានចុះទៅទទួលយកសិលាចារឹក​នេះ មករក្សាទុកនៅសារមន្ទីរខេត្តព្រៃវែង រហូតមកដល់បច្ចុប្បន្ន។ សិលាចារឹកនេះ ចុះលេខ​បញ្ជី​សារ​ពើ​ភណ្ឌបុរាណវត្ថុ​របស់​មន្ទីរ​ខេត្តព្រៃវែង លេខ ស.ព.វ.២០២២.១២៥ និង​ពុំទាន់​ចុះ​លេខ​បញ្ជី​សារពើភណ្ឌ​សិលា​ចារឹ​ក​ខ្មែរ​ (K.) នៅឡើយទេ។ អត្ថបទចារឹក ចារនៅលើថ្មស្រទាប់ រាងទ្រវែង ពុំ​បាន​សម្អិត​សម្អាង​​រូបរាងឱ្យបានល្អស្អាតរាបស្មើនោះទេ គឺយកថ្មដែលមានរូបរាងពីធម្មជាតិ​មក​ចារ​តែ​ម្ដង​។  បាក់ជាពីកំណាត់ មានកម្ពស់សរុប​​១៤៧ស.ម. បន្ទារ៤០ស.ម. ​កម្រា​​​ស់ ៥ស.ម. និងទម្ងន់សរុប ១០០ គីឡូក្រាម។

អត្ថបទចារជាភាសាខ្មែរបុរាណ ចំនួន​១៦បន្ទាត់​ ចុះកាលបរិច្ឆេទ​នាមហាសក​រាជឆ្នាំ​​៨២០ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ​៨៩៨ ស្ថិតនៅក្នុង​រាជ្យ​ព្រះបាទស្រីយសោវម៌្មទេវទី១ (គ.ស. ៨៨៩-៩១០​)​។ ទោះបីជា​តួអក្សរខ្លះបានរលុប តួខ្លះមានជាតិកំបោរកាន់ និងតួខ្លះ​ដាច់ដោយសារសិលាចារឹកបាក់ ក៏យើងអាចអាននិងយល់សេចក្ដីរបស់សិលាចារឹក​បាន​យ៉ាងល្អ។ សេចក្ដី​ក្នុង​អត្ថ​បទ​​​បានបញ្ជាក់ថា​ នៅក្នុងឆ្នាំនេះ ព្រះ​អង្គទ្រង់បាន​ត្រាស់​បង្គាប់ដល់មន្ត្រីជាន់ខ្ពស់បួននាក់ ឱ្យយកបញ្ជារបស់ទ្រង់ឱ្យដល់​មន្ត្រីថ្នាក់មូលដ្ឋាន​ ដែល​មានងារជា «វាប» ពីរនាក់ ឱ្យយក​ដីព្រះរាជទាន​ថ្វាយដល់ប្រាសាទ​សង្ករបូរ។ នៅ​ផ្នែក​ចុង​បញ្ចប់ មាន​រៀបរាប់អំពីព្រំប្រទល់ដីនោះគ្រប់ទិសទាំង​បួន​ផង។

អត្ថបទចារឹកនេះ បង្ហាញឱ្យយើងឃើញពីទិដ្ឋភាព​មួយចំនួនដូចជា ទិដ្ឋភាព​ឋានន្តរ​នា​ម ស្ថាននាម បុរាណលេខន៍ និងវិសាលភាពដែនអំណាច​របស់ព្រះមហាក្សត្រ។ ជា​ដំបូង​ បើយើងពិនិត្យលើ​សិលាចារឹក​នៅរាជធានីហរិហរាល័យ ជាទីដែលព្រះបាទស្រីយសោវម៌្ម​ទេវ​ទី១​បានឡើងសោយរាជ្យ និងនៅរាជធានី​ស្រីយសោធរបូរ ដែលព្រះអង្គរបានបង្កើតឡើង ពោលគឺនៅតំបន់អង្គរ និងសិលាចារឹករបស់ទ្រង់​នៅតំបន់ដទៃទៀត​ បាន​​បង្ហាញឋានន្ដរនាមរបស់ព្រះអង្គជា «ធូលីជេង៑វ្រះកម្រតេង៑អញ៑» «ធូលីវ្រះបាទ​កម្រតេង៑អញ៑» និង «ធូលីវ្រះបាទ​ធូលីជេង៑វ្រះកម្រតេង៑អញ៑»។ ចំណែកឯនៅក្នុងសិលាចារឹក​នេះ​វិញ មានប្រើឋានន្តរនាមពិសេសប្លែកពីអ្វីដែលធ្លាប់បានជួបនិងលើកឡើងមកខាងលើ​ គឺប្រើឋានន្តរនាមទ្រង់ជា «ធូលីជេង៑វ្រះកំស្ដេង៑អញ៑» ទៅវិញ។ ពុំមែនតែឋានន្តរនាម​ព្រះមហាក្សត្រនោះទេ សូម្បីតែ​ឋានន្តរនាមរបស់មន្ដ្រីក៏ដូច្នោះដែរ មន្ត្រីជាន់ខ្ពស់មាន​ឈ្មោះ​ថា​ «ស្រីនរាធិបតីវម៌្ម» ដែលស្គាល់​តាមរយៈ​សិលាចារឹក​ប្រាសាទលលៃ K. ៣២៥ និង K. ៣៣២ មានឋានន្តរនាម​ជា «កម្រតេង៑អញ៑» ក៏នៅក្នុងសិលាចារឹកនេះប្រើឋានន្តរនាម​ជា «កំស្ដេង៑អញ៑» ទៅវិញ។ បន្ថែមពីនេះ យើងក៏ឃើញ​ឋានន្តរនាមដែលដាក់នៅខាងមុខព្រះនាមអាទិទេពឬ​ប្រាសាទ​ ដែលជាទូទៅប្រើជា «វ្រះកម្រតេង៑អញ៑» នៅក្នុងសិលាចារឹកនេះ ក៏ប្រើជា «​វ្រះ​កំស្ដេង៑អញ៑» ដែរ។ ដូច្នេះ តាមរយៈទិន្នន័យនៅក្នុងសិលាចារឹកនេះ បង្ហាញ​ឱ្យយើងឃើញ​ថា​ ពាក្យ «កម្រតេង៑អញ៑» និង «កំស្ដេង៑អញ៑» នេះ អាចប្រើជំនួសគ្នាបាន​ នៅក្នុង​កម្រិត​តំបន់ឬភូមិភាគដែរ។

បើពិនិត្យទៅលើទម្រង់អក្សរ ឬបុរាណលេខន៍ ក៏យើងឃើញមានលក្ខណៈគួរ​ឱ្យ​កត់សម្គាល់បានផងដែរ។ ចាប់ពីរាជ្យព្រះបាទស្រីឥន្ទ្រវម៌្មទេវទី១ តួអក្សរខ្មែរបានកែច្នៃ​មានទម្រង់រូបរាងថ្មី ឈរលើមូលដ្ឋានអក្សរសម័យមុនអង្គរ។ មកដល់រាជ្យព្រះបាទ​ស្រី​យសោវម៌្មទេវទី១ គេស្គាល់តួអក្សរនោះឈ្មោះថា «កម្វុជាក្ឞរ» ( < កម្វុជា = កម្ពុជា + អក្ឞរ = អក្សរ ) មានន័យថាអក្សរកម្ពុជា។​ ដូច្នេះ មានន័យថា នៅក្នុងឆ្នាំ​៩៨៩ ទម្រង់អក្សរគួរ​តែ​មានរូបរាងល្អរៀបរយ ដូចទម្រង់តួអក្សរ​នៅរាជធានីស្រីយសោធរបូរ ដ្បិតថា​នៅខេត្ត​ព្រៃវែងនេះ ឃើញមានសិលាចារឹកទ្វេអក្សរ​របស់ព្រះបាទស្រីយសោវម៌្មទេវទី១ ចំនួន​ពីរ ផ្ទាំង គឺសិលាចារឹកវត្តកណ្ដាលឬទួលក្ដីកណ្ដាល K.៤៧​ និងសិលាចារឹកវត្តហា K.៥៧ ដែល​បង្ហាញឱ្យឃើញពីការផ្សាយទម្រង់អក្សររបស់ទ្រង់ផងដែរ។ ប៉ុន្ដែយ៉ាងនេះក្ដី តួ​អក្សរ​​​នៅក្នុងសិលាចារឹកទួលក្ដីក្នុងនេះ មានជាប់លក្ខណៈអក្សរសម័យមុនអង្គរ ដូចជា​តួ​កត់ត្រាពាក្យ «ឝ្រី» ដែលស្រៈ «ី» នេះមានលក្ខណៈដូចស្រៈនៅសម័យមុនអង្គរ​។ យោង​តាម​លក្ខណៈ​តួអក្សរក្នុងសិលាចារឹកនេះ ក៏អាចឱ្យយើងដឹងថា តួអក្សរ​ដែលប្រើសម្រាប់​ចារសិលាចារឹករបស់ព្រះរាជាមានលក្ខណៈប្រណីត ផ្ចិតផ្ចង់ រៀបរយ ដែលប្រហែល​ជា​ក្រុមជាងនៅរាជធានីជាអ្នកចារ។ ចំណែកឯសិលាចារឹកដែលអ្នកមូលដ្ឋានថ្នាក់ក្រោមចារ តួអក្សរមិនមានលក្ខណៈប្រិតប្រៀង ផ្ចិតផ្ចង់ រៀបរយ និងប្រើទម្រង់តួអក្សរតាមការនិយម​របស់ខ្លួន។ ពេលខ្លះ យើងឃើញថានិយាយប្រើ​ទម្រង់អក្សរជ្រៀង។ ការវិវត្តអក្សរ គឺខុស​ប្លែកគ្នាទៅតាម​តំបន់ផង តាមគោលបំណងផង និងតាមក្រុមជាងដែល​ចារផង។

ទិន្នន័យសិលាចារឹកនេះ បង្ហាញឱ្យស្គាល់ពីស្ថាននាមបុរាណរបស់ទីតាំង​ទួលក្ដី​ក្នុង​ ដែលមានឈ្មោះបុរាណថា «សង្ករបូរ» ឬតាមពាក្យបុរាណហៅថា «ព្រះកំស្ដែងអញ​សង្ករបូរ»។ ស្ថាននាមនេះ ក៏បង្ហាញឱ្យឃើញថា​ប្រាសាទនេះ ជាប្រាសាទរបស់ព្រះ​ឥសូរ ដ្បិតថា «សង្ករ» គឺជាព្រះនាមមួយក្នុងចំណោមព្រះនាមទាំងឡាយរបស់ទ្រង់។ ឈ្មោះនេះ ក៏បង្ហាញឱ្យឃើញថាស៊ីគ្នានឹងសំណល់បុរាណវត្ថុ ដែលមានស្នានទ្រោណីសម្រាប់តម្កល់​ជា​មួយ​លិង្គ​ព្រះឥសូរ។ ស្នានទ្រោណីនេះ ក៏បានយកមករក្សាទុកនៅ​ក្នុងសារមន្ទីរខេត្ត​ព្រៃវែង ជាមួយសិលាចារឹកដែរ។ «សង្ករបូរ» មានន័យថាទីក្រុងព្រះសង្ករ ឬព្រះឥសូរ គឺ​មានន័យដូចពាក្យ «សិវបូរ» ដែរ។

អំណានសិលាចារឹកជាអក្សរបច្ចុប្បន្ន

          ១-​ ៨២០ឝកបញ្ចមិ

          ២- រោចអាឞ‌ាឍនុមាន៑វ្រះ

          ៣- [[ឝាសន]](នា)ធូលីជេង៑វ្រះកំស្ដេង៑អ

          ៤- [ញ៑តវ្រះកំ]ស្ដេង៑អញ៑ឝ្រីនរាធិបតីវម៌្ម

          ៥- – (នុម្រ)តាញ៑ក្លោញ៑ឝ្រី-(បរា?)យុធនុម្រ

          ៦- (តា)ញ៑ឝ្រីមហេន្ទ្រាទីត្យនុម្រតាញ៑ឝ្រី

          ៧- (រិ)មថនាកឞ‍ាវ្រះអាជ្ញាធូលីជេង៑​វ្រះ

          ៨- [[កំស្ដេង៑]]អញ៑តវាប៑​ទេង៑បំ(ចាំ)វាប៑អប៑ ( – – )

          ៩-  – – (េ)មាក៑(ឱ)យ៑ប្រសាទ​ស្រុកនេះ[[តវ្រះ]]

          ១០- (កំស្ដេង៑)អញ៑ឝង្ករបូរមន៑-ន៑ – – –

          ១១- – – – (នេ)ះហទៅបូវ៌ល្វោះត(ផ្លូ)

          ១២- [[ស្ដុ?]]ក៑កាទៅ(ទ)ក្ឞិណឥស្សស្ដុក៑(ឥ?)

          ១៣- – – [អំ]វិតនេះហទៅបឝ្ចិម –

          ១៤-​ ច្ទិង៑សងេយអំវិត

          ១៥- នេះហទៅឧត្តរឥស្ស

          ១៦- បិងថ្មរោញ៙

សេចក្ដីប្រែសម្រួល

មហាសករាជឆ្នាំ​៨២០ ទី៥រោច ខែអាសាឍ នូវមានព្រះរាជសាសន៍​ធូលីជើងព្រះកំស្ដែងអញ​(ត្រាស់)ដល់កំស្ដែងអញស្រីនរាធិបតីវម៌្ម និងម្រតាញខ្លោញស្រី-បរាយុធ និងម្រតាញ​ស្រីមហេន្ទ្រាទិត្យ​ និងម្រតាញស្រីរិមថកសា។ ព្រះអាជ្ញាធូលីជើងព្រះកំស្ដែងអញ (ត្រាស់)​ដល់​វាបទេងជាអ្នកប្រចាំការ វាបអប ឱ្យប្រទាន​ស្រុកនេះដល់ប្រាសាទកំស្ដែងអញ​សង្ករបូរ។ – – – (ពី)នេះ(ត)ទៅ​ទិសខាងកើត​លុះដល់ផ្លូវស្តុកកា ទៅទិសខាងត្បូង​អស់​ស្ដុក​ឥ- – – អំពីទីនេះទៅទិសខាង​លិច – ស្ទឹងស្រងែ អំពីទីនេះ​ទៅទិសខាងជើង​អស់​បឹងថ្មរោញ​។

សេចក្ដីថ្លែងអំណរគុណ             

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធាន អនុប្រធាន និង​មន្ត្រី​ជំនាញ​នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រៃវែង ដែលបាន​អនុញ្ញាតិ និង​ទទួល​ស្វាគមន៍​​​ដល់រូបខ្ញុំ ដែលបានចុះទៅសិក្សាស្វែងយល់និងផ្ដិតសិលាចារឹកនេះ កាលពីថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ២០២២៕

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!