ទំព័រដើមសិល្បៈព្រះវិហារ​វត្តសំសមី

ព្រះវិហារ​វត្តសំសមី

វត្តសំសមី ស្ថិត​នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បើ​ផ្អែក​តាម​សារបានវត្ត ទីអារាម​នេះ​ចាប់​ផ្តើម​កកើត​ឡើង​ក្នុងឆ្នាំ​១៩១៩ នៅប្រប​ដងទន្លេ​មេគង្គ​។ រីឯ​ព្រះ​វិហារចាប់ផ្តើម​កសាង​នៅ​ក្នុងឆ្នាំ​១៩៣១ រហូត​ហើយរួច​រាល់ជាស្ថាពរ​បញ្ចុះ​សីមា​ឆ្លង​ក្នុង​ឆ្នាំ​១៩៤៤ ក្រោម​ព្រះរាជ​វត្ត​មាន សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ គណៈ​មហា​និកាយ និង​ព្រះរាជាធិបតី​ដ៏ឧត្តុង្គ​ឧត្តម​ ​ព្រះបរម​រតន​កោដ្ឋ។ ប៉ុន្តែគំនូរក្នុង​ព្រះវិហារ​គូរនៅ​ឆ្នាំ​១៩៦៨ ដែល​មាន​គំនូរ​មួយ​ផ្ទាំង​​គូរ​ភ្ជាប់​នឹ​ង​ព្រះ​ឆាយាលក្ខណ៍​ព្រះ​អង្គ​ក្នុង​ផ្នែកមួយ​នៃពុទ្ធប្រវត្តិ។          

ជាការពិត គិតមកដល់បច្ចុប្បន្ន ព្រះវិហារ​វត្ត​សំសមី​មាន​អាយុ​កាល​ជិត​១០០ឆ្នាំ។ ប៉ុន្តែ​​គេមើល​ឃើញ​ថា ​ព្រះវិហារនេះគឺជា​សំណង់​​​មាន​លក្ខណៈ​រឹង​មាំ​ជា​ង​ព្រះវិហា​រ​​​​តាម​​​បណ្តា​វត្ត​ផ្សេងៗ ដែល​កសាង​ឡើង​ក្នុង​សម័យ​កាល​​ប្រហាក់​ប្រហែល​គ្នា។ ព្រះវិហារ​នេះ កសាង​អំពី​​ថ្ម លើ​ខឿន​ពីរថ្នាក់ មាន​ជញ្ជាំង​ខ្ពស់ស្រឡះ ដំបូល​ប្រក់ក្បឿង និង​បំពាក់​ជហ្វា​​៤​​។ ​ជញ្ជាំង​ និង​ហោជាងព្រះ​វិហារ​ លាបពណ៌ផ្កា​ឈូកស្រាល ហើយ​មុន​ឆ្នាំ​២០១២ គេ​សង្កេត​ឃើញថា រចនា​សម្ព័ន្ធ​ដំបូល​​ព្រះវិហារមាន​ការ​​​បាក់​បែក​ លេច​ធ្លុះ​ដោយ​​​អន្លើ​​​។ ប៉ុន្តែ​ក្រោយមក រចនាសម្ព័ន្ធ​​​សំខាន់ៗ និង​គ្រឿង​បង្គុំ​ខ្លះ​នៃ​ផ្នែក​ដំបូល​​បាន​ជួស​​ជុល​​កែ​លម្អ​​​យ៉ាង​ប្រសើរ​ដូចឃើញសព្វថ្ងៃ។

ដូច​បាន​បញ្ជាក់មក​ខាងដើម ព្រះ​វិហារ​វត្ត​សំសមី​សង់​នៅលើ​ខឿន​ពីរថ្នាក់។ ខឿន​ថ្នាក់​ទី១ ខ័ណ្ឌព័ទ្ធដោយ​សួន​ផ្កា និង​របង​​ដែក​ ដែល​ទុក​ច្រក​ចូល​​តាម​​តាម​ទិស​ទាំង​បួន។ ខឿន​ថ្នាក់ទី២ មាន​កម្ពស់​ប្រហែល​ជា​ង១ម៉ែត្រ ​​មាន​បង្កាន់​ដៃ​ថ្ម​ជុំវិញ​ត្រឹម​​សសរ​​បាំង​សាច ដោយ​មាន​ជណ្តើរ​ឡើង​តែ​​ទិស​ខាងកើត​ និងទិស​ខាងលិច​​ប៉ុណ្ណោះ។ ព្រះវិហារ​​នេះ ជា​ទម្រង់​​វិហារ​​បុរាណ​ដែល​សង់​ពង្រីក​ខ្នាត​​ ឱ្យ​ទូលាយ​ និង​​​ស្រឡះ ដោយ​​មាន​ទ្វារ​ធំៗ​បី​នៅ​ទិស​ខាងកើតនិង​ខាងលិច និង​ទ្វារ​ម្ខាង​ពីរ​នៅទិស​ខាងត្បូង និង​ខាងជើង​ ព្រម​ទាំង​​បង្អួច​ម្ខាង​៦ នៅលើ​ជញ្ជាំង​ចំហៀង​ទាំងពីរ (រូបលេខ​៤)​។

រីឯការ​​លម្អផ្សេង​ៗ​​ផ្នែក​ខាងក្រៅជញ្ជាំង​ព្រះវិហារ គេឃើញ​មាន​តែ​នៅ​លើ​ស៊ុម​ទ្វារ​-បង្អួច និង​​​នៅលើ​ក្បាលសសរ​ជុំវិញ​​បាំង​សាច​។ នៅលើ​ស៊ុម​ទ្វារ និង​បង្អួច​ ​គឺជា​ក្បាច់​ពុម្ព​ស៊ីម៉ងត៍​ដែលគេ​ឆ្លាក់ជា​​ក្បាច់​អង្គរ បំបែក​ជុំវិញ​រូប​​ព្រះ​វិស្ណុ​ជិះគ្រុឌ (រូប​លេខ​៧)​។ ​រីឯ​នៅ​តាម​​ក្បាល​សសរ​ជុំវិញ​បាំង​សាច ​ល​ម្អ​ដោយ​ទែនទយ​រូប​គ្រុឌ​ មាន​ស្លាប​ឆ្លាក់​ជា​​​ក្បាច់​ភ្ញីទេស​​ទ្រ​រងស្បូវ (រូបលេខ​៨)។ ចំណែកឯ​ហោ​ជាង​​ព្រះវិហារ​នេះ ​រចនា​​លម្អ​ដោយ​ក្បាច់​ដូច​គ្នា​​ទាំង​សងខាង ពោលគឺ​ឆ្លាក់​ក្បាច់​ភ្ញី​ទេស​​លាយ​ជុំវិញ​រូប​ផ្លិត​ចាមរ​តម្កល់​នៅ​​លើ​ជើង​ពាន ​ដែល​មាន​ពន្លឺ​រង្សី​នៅ​កំពូល និង​ឆ័ត្រ​រួត​មួយ​គូ​​អម​សងខាង (រូប​លេខ​៩)។

ចំពោះ​ខាងក្នុងព្រះវិហារ​ មាន​សសរ​បេតុង​មូលធំៗ​ពីរជួរ​រត់​អម​សង​ខាង​ល្វែង​​គ្រឹះ​ ប្រកប​ដោយ​គំនូរ​ និងក្បាច់​លម្អ​​យ៉ាង​វិ​​​ចិត្រ​ក្រៃលែង ដោយ​នៅ​តាម​គល់​សសរ​​គេ​​លម្អ​​រូប​​ព្រះ​កាល​ព័ទ្ធជុំវិញ​ (រូបលេខ​១០)។ ប៉ុន្តែ​ដើម​ឡើយ​ផ្ទៃសសរ​ទាំងអស់នោះ ​ពីក្រោម​ដល់​លើ​ពុំមាន​គំនូរ​ និង​​​ក្បាច់លម្អឡើយ​។ ក្បាច់​ក្បូរ​លើ​សសរ​ទាំងនោះ គូរឡើង​ដំណាល​គ្នា​នឹង​​ការ​គូរ​គំនូរ​ទូទៅ​លើ​ផ្ទៃ​ជញ្ជាំង​ និងពិតានដែរ ពោលគឺក្នុង​រវាង​ឆ្នាំ​១៩៦៧-​១៩៦៨។ លើ​​សសរ​ខ្លះ​មាន​ជារូប​គ្រុឌត្រដាង​ស្លាប​ ​ហើយ​លើ​សសរខ្លះ​​ទៀត​គឺ​​ជា​រូប​កិន្នរ​គូរ​លាយ​នឹង​​ក្បាច់​ផ្សេង​ៗ​​ផង​ក៏មាន (រូប​លេខ១១-១២)​។

ព្រះជីវ៍​នៃព្រះវិហារ​វត្ត​សំសមីនេះ គេកសាង​តម្កល់​លើ​បល្ល័ង្ក​​ខ្ពស់​​ថ្នាក់ៗ​ មាន​ផ្កា​ឈូក​​​នៅខាងលើ។ ​ព្រះ​បដិមា​កសាង​ក្នុង​កាយ​វិការ​ផ្ចាញ់​​មារ ទ្រង់​ភ្នែន ​ព្រះ​ហត្ថ​ស្តាំ​ដាក់​លើ​ព្រះបាទ​សំយ៉ុង​​ទៅ​ដី ដែល​ខ្លះ​ហៅ​ ថា​“យក​ព្រះ​ធរណី​​ជា​សាក្សី” ដ្បិត​កាល​ព្រះ​អង្គ​ត្រាស់​ដឹង​ មាន​មារ​មក​​​ដណ្តើម​បល័្លង្ក​​រត្ន​នោះ​។ បើ​យោង​​តាម​ឯកសារ​ឱ្យ​ដឹង​ថា ព្រះជីវ៍​ធំនេះ​ ជា​​​សទ្ធា​របស់​សម្តេច​ព្រះ​​មហា​សុមេធា​ធិបតី ព្រះ​សង្ឃ​នាយក​គណៈ​​មហានិកាយ​​បាន​កសាង​ ដោយ​មាន​លាយ​​ចម្រុះ​លោ​ហ​ធាតុ​​ និង​​​រតន​​វត្ថុ​​ច្រើន​យ៉ាង​​ដូចជា​ ស្ពាន់ លង្ហិន ទង់​ដែង​ ទង់​ហ្វ៊ា ប្រាក់ មាស ដែល​ជាង​វិចិត្រ​​រចនា​ឱ្យ​​មាន​សម្បុរ​រលើប​រលោង​ ហាក់ដូច​បញ្ចេញ​រស្មី​ប្រាំមួយ​ពណ៌។

ដោយឡែកគំនូរ​នៃព្រះវិហារ​នេះ គឺ​បាន​បញ្ជាក់​មក​ខាងលើ​ស្រេច​ថា​ចាប់ផ្តើម​គូរ​ក្រោយ​ព្រះ​វិហារ​បញ្ចុះ​សីមារួច​​ជាង​២០ឆ្នាំ ​ដោយ​​មាន​ជាង​គំនូរពី​ខេត្ត​កំពង់​ធំ​ឈ្មោះ ម៉ែន សារឿន។​ ចំពោះលក្ខណៈ​នៃ​ការ​រៀបចំគំនូរខាង​ក្នុងព្រះវិហារ​​នេះ ​​​គឺ​មាន​គំនូរ​ពីរ​ជួរ​លើ​ជញ្ជាំង​ជុំវិញ និង​គំនូរ​ជា​ផ្ទាំង​ធំៗលើ​ពិតាន។ ​ជាទៅទៅ​គេ​សង្កេត​ឃើញថា ចាប់​ពីត្រឹម​ ជួរ​ខាង​លើ​នៃជញ្ជាំង​រហូត​ដល់​ផ្ទៃ​ពិតាន គេ​​គូរ​​បង្ហាញ​​​​ឈុត​​ផ្សេងៗ​ចម្រុះ​គ្នា​​ទាំង​រឿង​ពុទ្ធ​ប្រវត្តិ និង​រឿង​​​ក្នុង​ជាតកនានាដូចជា​ នាង​បដាចារ សុមេធតាបស និង​ព្រះពុទ្ធ​ប្រាំ​ព្រះអង្គ ជាដើម។

គំនូរលើ​ជញ្ជាំង​មាន​​ពីរជួរ គឺ​ជួរ​ខាង​លើ​ជា​រឿង​​ពុទ្ធប្រវត្តិ​ចាប់​ផ្តើម​ពីទ្រង់​ប្រសូត្រ​ រហូត​​បរិនិព្វាន។ គំនូរ​ជួរខាងក្រោម​មាន​ខ្លឹមសារ​រឿង​ចម្រុះដូចជា រឿង​​ជាតក​ ការ​ធ្វើ​ទារុណ​កម្ម​ពួក​សត្វនរក តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍ ទេវតា​ប្រចាំខែឆ្នាំ​ទាំង​១២ និង​រូប​ទេព​និករ​ផ្សេងៗ (រូបលេខ​១៧-១៩)។ ប៉ុន្តែក្នុង​បណ្តា​រូប​នៃរឿង​ពុទ្ធប្រវត្តិលើ​ជញ្ជាំង​ទាំង​អស់​ គេ​សង្កេត​​​​ឃើញ​​ត្រង់ផ្ទាំង​​ចែក​​ព្រះ​បរម​សារីរិក​ធាតុព្រះពុទ្ធ (រូបលេខ​២០) មាន​រូប​តួ​យុវ​ក្សត្រ​​មួយ​​ព្រះ​​អង្គ​​ ទ្រង់​​ព្រះពស្រ្ត​ក្បិន​ពណ៌ផ្កាឈូក ព្រះភូសា​កុត​ក​ត្រង់​ពណ៌ស ​ទ្រង់​គ្រឿង​ព្រះ​​ឥស្សរិយ​យស​ ហើយ​យាង​ទ្រ​​ព្រះកោដ្ឋ​មាស​មួយផង (រូបលេខ២១)។​​​​ ក្នុង​រូប​នេះ អ្នកខ្លះ​យល់​ថា​គឺ​ជា​ព្រះឆាយាលក្ខណ៍ ​ព្រះបរម​រតនកោដ្ឋ

ជារួមមក ព្រះវិហារ​វត្ត​សំសមី ជា​សំណង់​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពីទឹកដៃសិល្បៈ​ដ៏ល្អ​​មួយ​​ ឆ្លង​កាត់តាំង​ពី​ចុង​សម័យ​អាណាព្យាបាល​បារាំង សម័យ​សង្គមរាស្រ្ត​និយម រហូត​​ដល់​បច្ចុប្បន្ន។ មិន​តែ​ប៉ុណ្ណោះ តាមរយៈ​ឯកសារ​ក៏​បានបង្ហាញថា​​ព្រះវិហារ​នេះ​ ក៏ជា​ចំណែក​អានិសង្ស​របស់​សម្តេចព្រះសង្ឃរាជ ព្រះសង្ឃគ្រប់ជាន់ថ្នាក់ និង​ជាពិសេ​ស​គឺ​​ព្រះរាជូបត្ថម្ភគាំទ្រ​របស់​ ព្រះបរមរតនកោដ្ឋ។ ប្រហែលប្រការចុង​ក្រោយ​នេះ ទើប​​ជាង​២០​ឆ្នាំក្រោយ​មក គេហាក់ដូចជា​ចង់​រំលេចភ្ជាប់​​ព្រះឆាយាលក្ខណ៍​ព្រះអង្គក្នុង​គំនូរនៃ​ពិធី ចែក​ព្រះបរម​សារីរិកធាតុ​ព្រះពុទ្ធ៕​​

អត្ថបទដោយ៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!