ទំព័រដើមប្រវត្តិសាស្ត្រហនុមាន ៖ និមិត្តរូបនៃកងទ័ព

ហនុមាន ៖ និមិត្តរូបនៃកងទ័ព

នៅពេលដែលនិយាយដល់ឈ្មោះហនុមានប្រជាជនខ្មែរ តែងនឹកដល់រឿងរាមកេរ្តិ៍ភ្លាម ព្រោះហនុមានជាសេនាឯករបស់ព្រះរាមនៅក្នុងរឿងនេះ។​ ហនុមាន​ ជាតួអង្គស្វាមានសម្បុរ​ស មានសមត្ថភាពយ៉ាងពិសេស ជាតួអង្គមានកម្លាំងខ្លាំងក្លា​ មានឫទ្ធិអំណាច អាចហោះហើរជ្រែកដី អាចប្រែក្រឡាបានតាមចិត្តចង់ ហើយជាពិសេសហនុមានជាសេនាដ៏ស្មោះត្រង់បំផុតចំពោះព្រះរាម។ នៅក្នុងអក្សរសិល្បិ៍ឥណ្ឌាបានឱ្យដឹងថា ហនុមានជាបុត្ររបស់ព្រះវាយុ (Vayu) ឬខ្មែរច្រើនស្គាល់ថាព្រះពាយ និងអញ្ជនា (Anjana) ដែលត្រូវបណ្ដាសាឱ្យក្លាយសត្វស្វា។ ចំពោះនៅក្នុងរឿងរាមកេរ្តិ៍ច្បាប់ភាសាខ្មែរវិញ គេដឹងថាហនុមានកំណើតចេញពីនាងស្វាហាយដែលត្រូវបណ្ដាសាឱ្យជាប់គូទនឹងថ្ម និងមានភ្នែកខ្វាក់ទាំងសងខាង។ នាងស្វាហាយរស់បានដោយរំពឹងអាហារដែលមកតាមខ្យល់ប៉ុណ្ណោះ។ ថ្ងៃមួយព្រះពាយបានបក់មកជាមួយនូវកាមតណ្ហារបស់ព្រះឥសូរមកឱ្យនាងស្វាហាយ ទើបធ្វើឱ្យនាងមានគភ៌ហើយកើតបានជាហនុមាន។

តាមរយៈរឿងរាមកេរ្តិ៍តួអង្គហនុមានបានក្លាយជានិមិត្តរូប នៃមេទ័ពដ៏មានថ្វីដែប្រកប​ដោយភាពអង់អាចក្លាហាន​ និងឫទ្ធានុភាព។ ជាក់ស្ដែងនៅក្នុងឈុតដែលហនុមានទទួលបញ្ជាពីព្រះរាមឱ្យយកព្រះទម្រង់ទៅថ្វាយព្រះនាងសីតានៅក្រុងលង្កា គ្រានោះឯងហនុមា​នបានឆ្លៀតដុះបំផ្លាញក្រុងលង្កាឱ្យខ្ទេចខ្ទីផងដែរ។ ហនុមានក៏ជាតួអង្គសំខាន់ជួយកម្ចាត់ឧបសគ្គឱ្យកងទ័ពផងដែរ ដូចជានៅត្រង់ឈុតព្រះរាមចងស្ពានទៅក្រុងលង្កាជាដើម។ ហនុមានបានជួយឱ្យការចងស្ពាននោះ បានសម្រេចដោយការចុះទៅបង្រ្កាបពួកមច្ឆាដែ​លព្យាយាមរុះស្ពាននោះចោល។ វិរៈភាពសំខាន់មួយទៀតរបស់ហនុមាន គឺការជួយសង្គ្រោះកងទ័ពព្រះរាមនៅគ្រាមានអាសន្ន។ ជាស្ដែងត្រង់ឈុតមួយដែលនិយាយអំពីកុម្ភការណ៍ធ្វើឱ្យព្រះលក្សណ៍សន្លប់ ហនុមានបានទទួលបញ្ជាឱ្យទៅរកថ្នាំដើម្បីយកមកព្យាបាលព្រះលក្សណ៍។ តែដោយហេតុមិនស្គាល់ថ្នាំហនុមានក៏បានលើភ្នំទាំងមូលមកឱ្យពិភេកតែម្ដង។

លើសពីនេះទៅទៀតហនុមានក៏ជានិមិត្តរូបនៃការលើកទឹកចិត្តដល់កងទ័ពនៅក្នុងរឿងមហាមហាភារតៈ ដែលជារឿងនិយាយពីសង្គ្រាមរវាងបងប្អូងផងដែរ។ រឿងនេះកើតឡើងនៅគ្រាដែលបងប្អូនបាណ្ឌវៈធ្វើដំណើរទៅដល់ភ្នំហេមពាន្ត ដោយពេលមួយនោះព្រះនាងទ្រោបទីសព្វព្រះទ័យនឹងផ្កាម្យ៉ាងដែលមានក្លិនក្រអូបចម្លែក ទើបសូមឱ្យ​ភីមជាស្វាមី​ទៅបេះផ្កានោះមកថ្វាយ។ នៅតាមផ្លូវទៅបេះផ្កានោះភីមបានជួបប្រទះនឹងហនុមានដែលកំពុងតែដេកលក់នៅក្នុងព្រៃ បាំងផ្លូវមិនឱ្យភីមបន្តដំណើរទៅមុខបាន។ ហនុមានបានស្នើឱ្យភីមត្រឡប់ក្រោយវិញ តែភីមនៅតែចចេសនឹងបន្តដំណើរទៅមុខតទៅទៀត។ ដូចនេះហើយហនុមានក៏ល្បងកម្លាំងនឹងភីម ប្រសិនបើភីមលើកកន្លុយរបស់ខ្លួនចេញពីផ្លូវបាន ភីមអាចបន្តដំណើរទៅមុខទៀតបាន។ តែបើទោះបីជាភីមប្រឹងប្រែងកម្រិតណាក៏មិនអាចលើកកន្ទុយរបស់ហនុមានបានដែរ។ ចុងក្រោយភីមក៏ព្រមទទួលចុះចាញ់ហនុ​មាន ព្រមទាំងបានសូមទោសហនុមានចំពោះភាពក្អេងក្អាងរបស់ខ្លួន។ ហនុមានឃើញដូចនេះក៏បានប្រាប់ការពិតដល់ភីមថា ខ្លួនជាបុត្ររបស់ព្រះពាយ និងត្រូវជាបងរបស់ភីម។ ដោយសេចក្ដីកោតសរសើរចំពោះភីម ហនុមានបានសន្យានឹងភីមថា នៅពេលចាប់ផ្ដើមសង្គ្រាមរវាងបាណ្ឌវៈ និងកោរវៈ ហនុមាននឹងអង្គុយលើទង់ជ័យដែលចងលើរាជរថរបស់អរជូនដើម្បីជាការលើកទឹកចិត្តដល់កងទ័ពបាណ្ឌវៈ នឹងដើម្បីធ្វើឱ្យ​កងទ័ពសត្រូវ គឺពួកកៅរវៈបាក់បបខ្លបខ្លាច។ ហើយជាលទ្ធផលក្រុមបាណ្ឌវៈបានច្បាំងឈ្នះលើពួកកោរវៈ។

សាច់រឿងហនុមាននៅក្នុងរឿងមហាភារតៈនេះ ទំនងជាមានទំនាក់ទំនង ឬមានឥទ្ធិពលមកលើកងទ័ពខ្មែរនៅសម័យអង្គរ។ នៅតាមចម្លាក់ប្រាសាទអង្គរវត្ត និងបាយ័ន្តដែលបង្ហា​ញពីក្បួនកងទ័ពជាច្រើកក្រុមកំពុងធ្វើដំណើរ គេសង្កេតឃើងនៅមុខក្បួនទ័ពខ្លះមានការកា​ន់ទង់រូបស្វានាំមុខក្បួន។ ការនាំយករូបស្វាមកដាក់លើទង់នាំមុខក្បួនទ័ពបែបនេះប្រហែលជាទទួលឥទ្ធិពលពីរឿងមហាភារតៈក៏ថាបាន ព្រោះរូបស្វានោះប្រហែលជារូបហនុមានដែលជានិមិត្តរូបនៃការលើទឹកចិត្តកងទ័ព និងក៏ទំនងអាចជានិមិត្តរូបនៃជ័យជំនះនៅក្នុងសមរភូមិផងដែរ។ បច្ចុប្បន្ននេះគេរកឃើញរូបបដិមាស្វាធ្វើពីសំរិទ្ធិសម្រាប់ដាក់លើចុងទង់ផងដែរ (រូបលេខ៣)

បច្ចុប្បន្នសង្គមខ្មែរនៅតែឱ្យតម្លៃហនុមានជានិមិត្តរូបនៃកងទ័ពដដែល ដោយហនុ​មានបានក្លាយជានិមិត្តរូបនៃក្រសួងការពារជាតិដែលជាស្ថាប័នកងទ័ព នៃព្រះរាជាណាចក្រ-កម្ពុជា (រូបលេខ៤)។ យោងតាមសេចក្ដីសម្រេចលេខ១៦ សសរ. ស្ដីអំពីរូបសញ្ញាក្រសួងការពារជាតិ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០០ បានពន្យល់និមិត្តរូបរបស់ហនុមានថា ជាតំណាងឱ្យកងយោធពលខេមរភូមិន្ទ ជាមេទ័ព និងជាសេនាទ័ពជើង​គោកដ៏មានឫទ្ធិ មានចិត្តភក្ដីចំពោះមាតុភូមិ ការពារជាតិ សាសនា និងព្រះមហាក្សត្រ៕

—————————–

Hanuman: Symbol of the Army

Hanuman is a generous monkey character with special abilities, a strong character, powerful, able to fly and get into the ground, can be transformed with any form, and especially Hanuman is the most loyal army to Ream.

In Indian text illustrated that Hanuman was the son of Vayu (wind-god), or Khmer more commonly known as Preah Peay (wind) and Anjana who were cursed to become monkeys.

In the Khmer Reamker story, it is known that Hanuman was born from a Swaha or Anjana who was cursed to be stuck in a rock and had blind eyes on both sides. She lives depending on only food to come from the air. One day, Preah Peay came with the passion of Preah Iso for Swaha, which made her pregnant and gave birth to Hanuman.

Hanuman is mentioned in Reamker and Mahabharata. In Reamker, Hanuman became a symbol of a brave and powerful general. Apparently, in the scene where Hanuman received an order from Ream to take the earring to Sita in Lanka, at that time, Hanuman also destroyed the city of Lanka. In addition, Hanuman is also a symbol of encouragement to the army in the story of the Mahabharata, which is about the war between the brothers. The story of Hanuman revealed in the Mahabharata is likely to have been related to or influenced the Khmer army during the Angkorian. Apparently, we can see the carving on Angkor Wat and Bayon temple, which show the procession of troops marching, it is observed that in front of the army processions, there are holding a monkey flag leading the procession. This figure may have been influenced by the Mahabharata because Hanuman is a symbol of military encouragement, and also likely a symbol of victory in the war. At present, bronze statues of monkeys have been found on flagpoles.

Presently, Cambodian society still values ​​Hanuman as the symbol of the army that we can see Hanuman has become the symbol of the Ministry of National Defense, the military institution of the Kingdom of Cambodia. The ministry explained Hanuman’s symbolism as a representation of the Royal Cambodian Armed Forces, a commander and a powerful infantry loyal to the motherland, defense, religion, and the king.

អត្ថបទដោយ៖ លោក ឡេង ស៊ីរ៉ង់

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!