តាមរយៈចំណងជើងអត្ថបទនេះ យើងឃើញស្រេចថាជាចម្ងល់នៅឡើយ។ ប៉ុន្តែ យើងឥតពិបាកយល់ទេថា “ក្រាស” និង “កញ្ចក់” មាននាទីអ្វី ដ្បិតរាល់ថ្ងៃយើងប្រើក្រាសសម្រាប់សិតសក់ រីឯប្រើកញ្ចក់សម្រាប់ឆ្លុះមើលមុខមាត់រាងកាយ។ ហួសពីនេះកញ្ចក់ក៏ហាក់ដូចជាឧបមានវត្ថុប្រៀបធៀបឱ្យឃើញន័យខាងសោភ័ណសម្ផស្សរបស់មនុស្សដែរ។ បើគេចង់និយាយបង្អាប់ចម្អន់នរណាម្នាក់ក្នុងន័យថា មនុស្សនោះរូបកាយមិនល្អមិនស្អាត យើងតែងធ្លាប់ឮរឿយៗថា “មិនឆ្លុះកញ្ចក់មើលខ្លួនឯង”។ ជាការពិត ក្រាសនិងកញ្ចក់ ជាវត្ថុចាំបាច់ក្នុងគ្រឿងសម្អាងសម្រាប់ស្អិតស្អាងរៀបរយខ្លួនប្រាណ។ ការប្រើប្រាស់នេះបើមើលជ្រៅបន្តិច ស្រីហាក់មានតម្រូវការច្រើនជាងប្រុស។ មនុស្សស្រីតែងមានវត្ថុទាំងពីរ ដាក់ជាប់តាមខ្លួន ទុកបង្ការឆ្លុះមើលថែមថយរៀបរយមុខមាត់ឱ្យស្អាតបាត តាមនិស្ស័យជាស្រី។ ការណ៍នេះស្តែងឱ្យឃើញថា ស្រីជាវិស័យស្អាតស្អំ បើធៀបមើលមកប្រុស វត្ថុទាំងពីរពុំចាំបាច់ណាស់ណាពេកឡើយ ហើយបើរំឭកម្តងទៀតត្រង់ឃ្លាថា “មិនឆ្លុះកញ្ចក់មើលខ្លួនឯង” ក៏ច្រើនតែស្រីនិយាយរិះគន់ប្រុស ជាពិសេសក្នុងកុន ឬអក្សរសិល្ប៍ត្រង់ឈុតឆាកសាសាងសុំស្នេហ៍ជាដើម។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1-%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%9B%E1%9E%80%E1%9F%8B%E2%80%8B%E1%9E%93%E1%9F%85%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91-copy-1024x640.jpg)
តើក្រាស និងកញ្ចក់សំខាន់សម្រាប់ស្រីមែនឬ? ចម្លើយដាច់ណាត់ឆ្លើយនឹងសំណួរខាងលើពុំមានឡើយ។ ប៉ុន្តែគេអាចពិចារណារូបភាពខ្លះ លើឧទាហរណ៍មួយចំនួនដូចជា ខ្លឹមសារចម្រៀងជំនាន់ដើម តឹកតាងលើចម្លាក់បុរាណ និងរណ្តាប់ថ្វាយអមនុស្សជាដើម។ ឧទាហរណ៍ទី១ ជាចម្រៀងចុងទសវត្សទី៦០ ដើមទី៧០ និពន្ធដោយព្រឹទ្ធាចារ្យ វ៉ែន សុន និច្រៀងដោយអ្នកស្រី សូរ សាវឿន គឺបទ “លលកវាយំ” ត្រង់ឃ្លាថា “ស្តាយក្រាសកញ្ចក់ ស្តាយសក់អ៊ុតថ្មី ស្តាយសាច់សខ្ចី ស្តាយស្រីបានគេ…”។ ឃ្លាខាងលើ ប្រហែលអ្នកនិពន្ធចង់បញ្ជាក់ថា ការតុបតែងខ្លួននិងសម្ផស្សស្រស់សោភារបស់ស្រីក្រមុំ នឹងថមថយ ស្រកស្រុត ពេលរៀបការមានប្តីសីទៅមុខ ហើយខកខានមិនសូវមានពេលឆ្លុះកញ្ចក់សិតសក់តែងខ្លួនដូចកាលនៅក្រមុំ។ ចំណែកឧទាហរណ៍ទី២ ជាការសង្កេតចម្លាក់អប្សរ ឬអ្នកស្រុកហៅថា “ស្រីស្នំ” ជាស្រីទេពសួគ៌ាឆ្លាក់នៅជញ្ជាំងប្រាសាទ។ បើនិយាយតែនៅប្រាសាទអង្គរវត្ត (ស.វ.ទី១២) ក្នុងបណ្តារូបអប្សរជិតពីរពាន់ប្លាយ យើងឃើញហោចណាស់ក៏មានមួយភាគតូច បង្ហាញពីនារីទាំងនោះកំពុងតុបតែងខ្លួន ឆ្លុះកញ្ចក់ស្អិតស្អាងរាងកាយដែរ។ តាមរយៈរូបទាំងទាំងនេះ យើងឃើញថាអប្សរទាំងបីមានសម្រស់ត្រកាលរៀងខ្លួន ហើយម្នាក់ៗមានកាន់កញ្ចក់ឆ្លុះតុបតែងមុខមាត់ វិស័យជាមនុស្សស្រី។
![](https://asset.ams.com.kh/khmercivilization/media/3-4-5-1024x683.jpg)
ឧទាហរណ៍ទី៣ ជាទិដ្ឋភាពឆ្លុះបញ្ចាំងភាពជា “ស្រី” ក្នុងភពអមនុស្សគឺយាយម៉ៅ និងយាយទេព។ រូបភាពទី១ គឺយាយម៉ៅ ជាអមនុស្សភេទស្រីដែលខ្មែរស្គាល់ ជាពិសេសអ្នកស្រុកតំបន់ឆ្នេរ។ ចំពោះយាយម៉ៅយើងដឹងថា ដង្វាយជាពិសេសគឺរូបលិង្គ (រូបលេខ៦)។ ប៉ុន្តែក្នុងនោះគេឃើញមានដង្វាយសំខាន់មួយទៀតគឺ គ្រឿងក្រអូប និងក្រាស កញ្ចក់ (រូបលេខ៧)។ សូមរំឭកថា ក្នុងរឿងតំណាលយាយម៉ៅជាអ្នកមានសម្រស់ស្អាត ហើយសូម្បីខ្លឹមសារក្នុងចម្រៀងអារក្សក៏សរសើរយាយម៉ៅថាជាអ្នកមានដែរ។ មិនតែប៉ុណ្ណោះ យាយម៉ៅត្រូវការគ្រឿងក្រអូប ប្រេងម្សៅ ត្រេកត្រអាលនឹងកាមគុណខ្លាំង។ បើពេលបញ្ចូលបញ្ជាន់រូបយាយម៉ៅ គេតែងឃើញរូបសំណងទាញយកផ្កាភ្ញីមកថើប និងយកទឹកអប់ ប្រេងម្សៅ កញ្ចក់មកឆ្លុះស្អិតស្អាងមុខមាត់សុទ្ធវិស័យជាស្រីក្នុងភពមនុស្សធម្មតា (រូបលេខ៨)។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A6-%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%98%E1%9F%89%E1%9F%85%E1%9E%93%E1%9F%85%E1%9E%87%E1%9E%BE%E1%9E%84%E2%80%8B%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%94%E1%9E%BC%E1%9E%80%E1%9E%82%E1%9F%84-copy-1024x753.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A8-%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9F%E1%9F%92%E1%9E%93%E1%9E%84%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%98%E1%9F%89%E1%9F%85%E1%9E%93%E1%9F%85%E1%9E%96%E1%9E%B8%E1%9E%9A%E1%9E%9B%E1%9F%92%E1%9E%9C%E1%9F%81%E1%9E%84-copy-1024x724.jpg)
រូបភាពទី២ គឺយាយទេព ជាអមនុស្សភេទស្រីមួយទៀតដែលតែងសង្កេតឃើញមានរូបសំណាកតាមទីសំខាន់ៗ និងក្នុងវត្តអារាម។ យាយទេព ក៏ជាអ្នកមានទ្រព្យស្តុកដែរ ហើយដង្វាយសំខាន់ៗមានដូចជាគ្រឿងអលង្ការ និងគ្រឿងក្រអូប ក្រាស កញ្ចក់។ យាយទេពដែលល្បី គឺនៅកណ្តាលទ្រូងផ្លូវក្បែរអាស្រមនាងចេកនាងចម ក្រុងសៀមរាប។ ថ្វីបើរូបសំណាកនោះជារូបព្រះយម តែអ្នកផងទាំងពួងសន្មត់ហៅយាយទេព ហើយតែងចូលទៅថ្វាយគ្រឿងក្រអូប ជាពិសេសលាបក្រែម ម្សៅ លាបក្រចកឱ្យទៀតផង។ រីឯរូបសំណាកយាយទេពដ៏ល្បីមួយទៀត គឺនៅវត្តយាយទេព ក្រុងកំពង់ឆ្នាំង។ អ្នកមានជំនឿ តែងចូលទៅថ្វាយគ្រឿងអលង្ការ និងគ្រឿងក្រអូប ក្រាស កញ្ចក់ ម្សៅក្រែម…ពុំខុសពីយាយទេពនៅសៀមរាបឡើយ។ ការគោរពបូជាយាយទេពបែបនេះ យើងឃើញស្ទើរគ្រប់កន្លែងផ្សេងទៀតដែរ ជាពិសេសនៅតាមវត្តនានា។ ក្នុងរូបខាងក្រោម ជាដង្វាយក្រាស កញ្ចក់ចំពោះយាយទេព នៅវត្តម្កុដពេជ្រ ស្រុកល្វាឯម ខេត្តកណ្តាល។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A9-%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96%E1%9E%9F%E1%9F%80%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%94-copy-716x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A1-%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%98%E1%9F%92%E1%9E%80%E1%9E%BB%E1%9E%8A%E1%9E%96%E1%9F%81%E1%9E%87%E1%9F%92%E1%9E%9A-copy-741x1024.jpg)
ដោយឡែក ទិដ្ឋភាពដែលយើងសង្កេតឃើញចុងក្រោយគឺ ក្រាស និងកញ្ចក់ ប្រើជារណ្តាប់ក្នុងកិច្ចក្រុងពាលី និងកិច្ចជាវខាន់ស្លាក្នុងពិធីមង្គលការ។ ក្នុងកិច្ចក្រុងពាលី យើងដឹងថានាងគង្ហីងតែងមានវត្តមាន ដែលគេត្រូវធ្វើរូបតំណាងរំឭកឈ្មោះ។ បើតាមយល់ដោយស្មាន រណ្តាប់ក្នុងកិច្ចនេះមានក្រាស និងកញ្ចក់ ទំនងគេយល់ជាធម្មតាថាគង្ហីងជាស្រី គង់មាននិស្ស័យនឹងគ្រឿងក្រអូប ក្រាស កញ្ចក់ ដូចមនុស្សស្រីដែរ ហើយអ្នកស្រុកថែមទាំងដាក់សំពត់អាវជាមួយផង។ ចំណែកឯក្នុងកិច្ចជាវខ្លាន់ស្លា ដែលជាកិច្ចសំខាន់នៃពិធីមង្គលការ យើងឃើញមានក្រាសនិងកញ្ចក់ក៏ប្រើជារណ្តាប់ដែរ។ ខ្លឹមសារត្រង់នេះ ប្រហែលពុំលំបាកយល់ឡើយ ដ្បិតកិច្ចជាវខាន់ស្លា គឺជានិមិត្តរូបនៃការផ្តល់តម្លៃ ផ្តល់កិត្តិយស និងគ្រឿងបញ្ចាំចិត្តដល់កូនស្រី។
សរុបមក ក្រាសនិងកញ្ចក់ ជាវត្ថុប្រើប្រាស់សម្រាប់ស្អិតស្អាងមុខមាត់សម្រាប់ប្រើទូទៅ។ ប៉ុន្តែតាមរយៈការមើលត្រួសៗខាងលើ វត្ថុទាំងពីរជាតម្រូវការចាំបាច់របស់មនុស្សស្រី ប្រើប្រាស់ក្នុងន័យរៀបរយខ្លួនប្រាណឱ្យស្អាតបាត ហើយមនុស្សទូទៅប្រហែលយកគំនិតនេះ ទៅភ្ជាប់ឱ្យអមនុស្សភេទស្រី (ទាំងទេព និងអ្នកតា)។ លើសពីនេះ យើងសង្កេតឃើញថាពុំមានទេពភេទប្រុស ឬអ្នកតាណាត្រូវការរង្វាយក្រាស-កញ្ចក់ឡើយ៕
អត្ថបទដោយ៖ កញ្ញា ហៀន សុវណ្ណមរកត