ទំព័រដើមប្រវត្តិសាស្ត្រវប្បធម៌កតញ្ញូនៅសម័យបុរាណតាមរយៈសិលាចារឹក

វប្បធម៌កតញ្ញូនៅសម័យបុរាណតាមរយៈសិលាចារឹក

សិលាចារឹកប្រាសាទបន្ទាយស្រី K.569

កតញ្ញូ ជាពាក្យក្នុងភាសាបាលីត្រូវនឹងពាក្យសំស្ក្រឹតថា “ក្ឫតជ្ញ” សំដៅដល់ការដឹងទង្វើ ឬកិច្ចការដែលអ្នកផងទាំងពួងបានប្រព្រឹត្តមកលើខ្លួន ឬនិយាយដោយសាមញ្ញថា ការដឹងគុណនេះឯងតែម្តង។ ការដឹងគុណ ជាធាតុស្នូលក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិទាំងមូល ដូច្នោះសង្គមដែលមានបញ្ហា ដូចជា ចលាចល ពេស្យាចារ ហិង្សា ចោរកម្ម ជាដើមដោយសារការធ្លាក់ចុះសីលធម៌ និងវប្បធម៌កតញ្ញូនេះឯង។ នៅក្នុងសង្គមខ្មែរសព្វថ្ងៃមានការឱ្យតម្លៃយ៉ាងខ្លាំងទៅលើវប្បធម៌កតញ្ញូនេះណាស់។ ដោយឡែក កាលពីសម័យបុរាណ ខ្មែរក៏បានឱ្យតម្លៃបំផុតចំពោះភាពកតញ្ញូ ព្រោះកតញ្ញូគឺជាគុណមួយប្រភេទដែលបុគ្គលម្នាក់ៗត្រូវការជាចាំបាច់។ ម្ល៉ោះហើយ ទើបយើងឃើញនៅក្នុងសិលាចារឹកប្រាសាទបន្ទាយស្រី K.569 ដែលមានស្រុកមួយឈ្មោះថា “ក្ឫតជ្ញបុរ” ដែលមានន័យថា “ទីក្រុងឬស្រុករបស់អ្នកដឹងគុណ ឬអ្នកមានកតញ្ញូ” (រូបលេខ១)។

វប្បធម៌កតញ្ញូស្តែងចេញតាមទម្រង់ផ្សេងៗដូចជា ការកតញ្ញូក្នុងរង្វង់គ្រួសារ ការកតញ្ញូចំពោះជាតិ និងការកតញ្ញូចំពោះថ្នាក់ដឹកនាំជាដើម។ កតញ្ញូក្នុងរង្វង់គ្រួសារ មានអាយុកាលយូរអង្វែងក្នុងក្នុងកំណត់ប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដូចជាកូនដឹងគុណម្តាយឳពុក ដែលជាសំគ្រហធម៌ដ៏សំខាន់ដែលគោលការណ៍នេះមានចែងក្នុងគម្ពីរព្រះពុទ្ធសាសនា និងគម្ពីរខាងព្រហ្មញ្ញសាសនា។ យោងតាមសិលាចារឹកជាច្រើននៅប្រទេសកម្ពុជា វប្បធម៌នេះមានអនុវត្តន៍យ៉ាងទូលំទូលាយក្នុងសង្គមខ្មែរតាំងពីសម័យមុនអង្គរ អង្គរ ក្រោយអង្គរ និងសម័យបច្ចុប្បន្ននេះ។ ចំណែក ការកតញ្ញូចំពោះជាតិមានសារសំខាន់ខ្លាំងណាស់ ព្រោះកតញ្ញូចំពោះសង្គមជាតិនឹងធ្វើឱ្យជាតិនោះរីកចម្រើនយ៉ាងឆាប់រហ័ស ដ្បិតប្រជាជនជាកម្លាំងស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ។

ដោយឡែក កាកតញ្ញូចំពោះថ្នាក់ដឹកនាំ គឺជាសំគ្រហធម៌មួយប្រភេទដែលកើតឡើងចេញពីការដឹងគុណរបស់មេដឹកនាំចំពោះរាស្រ្ត យល់ពីទុក្ខធុរៈរបស់រាស្រ្ត ការពាររាស្រ្ត ស្រឡាញ់អាយុជីវិតរាស្រ្តដូចអាយុជីវិតរបស់ខ្លួន លះបង់សេចក្តីសុខរបស់ខ្លួននិងគ្រួសារដើម្បីរាស្រ្ត។ មេដឹកនាំបែបនេះគេហៅថា អ្នកដឹកនាំប្រកបដោយទសពិតរាជធម៌ ជាមេដឹកនាំដែលមានភាពជិតស្និទ្ធបំផុតជាមួយរាស្រ្ត ពោល គឺបានរួមសុខទុក្ខជាមួយរាស្រ្តឆ្លងកាត់ជាច្រើនដំណាក់នៃរបត់ប្រវត្តិសាស្រ្ត។ ទសពិតរាជធម៌ ១០ យ៉ាង មាន ទាន (ធ្វើទាន) សីល (រក្សាសីល) បរិច្ចាក (បរិច្ចាករាជទ្រព្យ) អាជ្ជវៈ (មានសេចក្តីទៀងត្រង់) មទ្ទវៈ (ឥរិយាបថទន់ភ្លន់ មិនរឹងរូស) តបៈ (ប្រព្រឹត្តតបសម្រាប់អប់រំដុសខាត់ចិត្តគំនិត) អក្កោធនៈ (មិនក្រោធខឹង) អវិហឹសា (មិនបៀតបៀនអ្នកដទៃ) ខន្តិ (មានអំណត់ច្រើន) អវិរោធនៈ (មិនប្រព្រឹត្តបទល្មើសនានា)។ ជាក់ស្តែង សិលាចារឹកស្ទឹងក្តុល រៀបរាប់ថា៖ “ទេហិនាន្ទេហរោគោយ       ន្មនោ[រោគោរុជត្តរាម៑]       រាឞ្ឋ្រទុះខំហិភត៌្ឫណា   ន្ទុះខន្ទុះ[ខន្តុនាត្មនះ]” ប្រែថា៖ “រោគរាង្គកាយរបស់ប្រជាជន ជារោគផ្លូវចិត្តដែលតែងឈឺចាក់ដោតក្រៃលែង ព្រោះថាសេចក្តីទុក្ខរបស់ប្រជារាស្ឋ្រ សូម្បីមិនមែនជាសេចក្តីទុក្ខរបស់ព្រះអង្គ តែជាសេចក្តីទុក្ខរបស់ព្រះមហាក្សត្រ” (រូបលេខ២-៣)។

សិលាចារឹកវត្តតាងែន K.212

ចំណែក នៅក្នុងសិលាចារឹកវត្តតាងែន ខេត្តបាត់ដំបង K.212 រៀបរាប់ថា៖ “នេះគិរោះហ វ្រះអាលក្ឞណរំលិកតវ្រះកម្រតេងអញរីអាឝ្រមវ្រះកម្រតេងអញ តប្វានតជ្មះយោគីឝ្វរាលយ យោគីឝ្វរាឝ្រម យោគីឝ្វរាវាស យោគីឝ្វរាគ្រាម” ប្រែសម្រួលថា៖ “នេះជាព្រះអាលក្ឞណ៍រំលឹកដល់ព្រះកម្រតេងអញ រីអាស្រមព្រះកម្រតេងអញទាំង ៤ដែលមានឈ្មោះយោគីស្វរាលយ យោគីស្វរាស្រម យោគីស្វរាវាស យោគីស្វរាគ្រាម” (រូបលេខ៤)។ សិលាចារឹកនេះ ចារឡើងនៅក្នុងស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដែលមានព្រាហ្មណ៍ម្នាក់ឈ្មោះថា យោគីស្វរបណ្ឌិត ជាអ្នកប្រាជ្ញម្នាក់មានគុណបំណាច់ច្រើននៅក្នុងរាជការ ហើយនៅដែលលោកស្លាប់ទៅ ព្រះរាជា​បានបញ្ជាឱ្យគេកសាងប្រាសាទ ភូមិ និគមន៍ អាស្រម ស្រុក ដោយដាក់ឈ្មោះតាមព្រាហ្មណ៍យោគីស្វរបណ្ឌិត ដើម្បីជាការកតញ្ញូ និងរំឭកដល់កិត្តិនាមរបស់គាត់។

ក្រៅពីនេះទៀត យើងឃើញថានៅក្នុងសិលាចារឹកប្រាសាទបន្ទាយឆ្មារ K.227 រៀបរាប់ថា៖“ល្វះកម្វុជទេឝប្រសាទតអ្នក៑សញ្ជក៑តវ្យរ៑ឱយ៑នាមអំតេង៑ស្ឋាបនារូប៑” ប្រែសម្រួលថា៖ “លុះទ្រង់យាងមកដល់ប្រទេកម្ពុជាវិញ ទ្រង់បានប្រទានគោរមងារដល់មអ្នកសញ្ជក (មេទ័ព) ទាំង២នេះ ថា  អំតេង ព្រមទាំងបានស្ឋាបនារូបស្នងផង” (រូបលេខ៥)។ សិលាចារឹកនេះ ចង់បង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧ បានប្រទានគោរម្យងារដល់អ្នកដែលស្លាប់ក្នុងបព្វហេតុជាតិ ដែលក្រៅពីអ្នកសញ្ជក​(មេទ័ព) ទាំងពីរខាងលើ មានអ្នកផ្សេងច្រើនទៀតដូចជា៖ កម្រតេងជគតស្រីស្រីន្រ្ទទេវ (នៅចំ កណ្តាល) កម្រតេងជគតអជ៌ុនទេវ (ទិសអាគ្នេយ៍) កម្រតេងជគតស្រីធរទេវបុទេវ (ទិសឦសាន) កម្រតេងជគតស្រីទេវទេវ (និរតី) កម្រតេងជគត្រីវទ៌្ធនទេវ ជាមន្រ្តី (ពាយព្យ)។ ជារួមមក នៅសម័យបុរាណវប្បធម៌កតញ្ញូ គឺពិតជាសារសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលម្នាក់ៗគ្រប់ឋានានុក្រម (ព្រះរាជា មន្រ្តី រាស្រ្ត) ដូចមានបង្ហាញនៅក្នុងសិលាចារឹកជាច្រើនដូចជា សិលាចារឹកស្ទឹង​ក្តុល សិលាចារឹកវត្តតាងែន សិលាចារឹកប្រាសាទបន្ទាយឆ្មារ ។ល។ វប្បធម៌កតញ្ញូ បានបន្តដល់សម័យបច្ចុប្បន្នដល់មនុស្សគ្រប់រូប ដើម្បីស្រុកទេសប្រកបដោយធម៌៕

—————————-

Grateful (Kataññù) culture in ancient times through the inscription

Grateful (Kataññù) has in both Pali and Sanskrit words that refers to knowing the doing or the work that people have done to yourself, or simply saying gratitude. In Khmer society, the grateful culture is highly valued. In particular, in ancient times, Khmer also valued gratitude the most, because it is a type​ of need for each people. This figure can be seen in the inscription of Banteay Srei K.569, which has called “kṛtajñapura” which means “the city or district of the grateful.”

According to many inscriptions in Cambodia, this culture has been widely practiced in Khmer society since pre-Angkorian, Angkorian, post-Angkorian, and till present times. Apparently, the Stung Kdol inscription describes: “The physical pain of the people is a psychological pain that is always extremely painful because the suffering of the people is the suffering of the King.” In addition, the inscription K.212 in Wat Ta Ngen, Battambang province was written in the 11th century AD during the reign of King Suryavarman I. It depicted a Brahmin named Yogisvarapandit as a scholar with many merits in the government. After he died, the king constructed the temple located in Nigom village Asram district, which named the temple as the Brahmin Yogisvarapandit to gratitude and remembrance of his fame. Furthermore, we also can see in the inscription of Banteay Chhmar K.227, which illustrated that Jayavarman VII gave titles to people who died in the national cause, including two commanders, and many other officers.

In conclusion, the grateful culture in ancient times was very important for people of all ranks (royal, officials, people), as shown in many inscriptions, such as the inscription of Stung Kdol, the inscription of Wat Ta Ngen, the inscription of Banteay Chhmar temple, etc. The grateful culture has continued to the present day for everyone to become a virtuous country.

អត្ថបទដោយ៖ លោក កំ សុវណ្ណារ៉ា


- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!