កាម (Kāma) ជាពាក្យក្នុងភាសាសំស្ក្រឹតមានន័យថា “ការចង់បាន” ឬ “សេចក្តីត្រេកត្រអាល” និងគេស្គាល់ថាជាកាមទេព (Kamadeva) អនង្គ (Ananga) មទន (Madana)។ នៅក្នុងព្រហ្មញ្ញសាសនា គេចាត់ទុកទេពនេះជាទេពនៃក្តីស្រលាញ់ ដែលបង្ហាញឡើងក្រោមរូបរាងជាបុរសសង្ហាវ័យក្មេង កាន់ធ្នូ និងព្រួញ ដោយធ្នូរបស់ទ្រង់ធ្វើពីអំពៅ និងព្រួញតុបតែងដោយផ្កាក្រអូប៥ប្រភេទ មានដូចជា ផ្កាឈូកស ផ្កាអសោក ផ្កាស្វាយ ផ្កាម្លិះ និងផ្កាឈូកខៀវ។ កាមទេព មានមហេសីមួយអង្គព្រះនាមរាតិ (Rāti) និងមានយានជំនិះជាសត្វសេក។
នៅក្នុងទេវកថាឥណ្ឌារឿងរ៉ាវនៃដើមកំណើតរបស់កាមទេពមានភាពផ្សេងៗគ្នា។ ក្នុងគម្ពីរ Mahabharata និងគម្ពីរ Brahma ទ្រង់គឺជាកូនប្រុសរបស់ព្រះវិស្ណុ និងព្រះនាងលក្ម្សី។ នៅក្នុងគម្ពីរ សិវបុរាណ (Shiva Purana) បាននិទានថា នាកាលមួយនោះ មានអសុរមួយឈ្មោះ តារក (Taraka) បានដើរអុកឡុកស្ថានទាំងបី មិនត្រឹមតែប៉ុណ្ណោះអសុរនេះ ក៏បានទទួលពរពីព្រះព្រហ្មថា គ្មានអាទិទេពអង្គណាមួយអាចសម្លាប់គេបានឡើយ មានតែបុត្រារបស់ព្រះឥសូរប៉ុណ្ណោះ ទើបអាចសម្លាប់គេបាន។ ក្នុងពេលនោះ ព្រះឥសូរក៏ពុំទាន់មានបុត្រ ហើយទ្រង់កំពុងតែគង់សមាធិយ៉ាងស្មិងស្មាធិ៍នៅក្នុងព្រៃជ្រៅ ដោយពុំមាននរណាម្នាក់ហ៊ានទៅរំខានព្រះអង្គឡើយ ដូច្នេះអាទិទេពទាំងអស់ក៏បានប្រជុំគ្នាសុំជំនួយពីព្រះកាមទេពឱ្យទៅរំខានការសមាធិរបស់ព្រះឥសូរ ដើម្បីឱ្យទ្រង់បោះបង់ការសមាធិ និងចាប់ចិត្តស្រលាញ់ទៅលើព្រះនាងបវ៌តី ព្រោះថាមានតែបុត្រារបស់ទ្រង់ទាំងពីរអង្គប៉ុណ្ណោះទើបអាចសម្លាប់អសុរតារកបាន។ ព្រះកាម បានលើកធ្នូ និងព្រួញដែលមានតុបតែងដោយផ្កាក្រអូប បាញ់តម្រង់ទៅព្រះឥសូរចំដូចសេចក្តីប្រាថ្នា។ ព្រះឥសូរដឹងខ្លួន ហើយមានសេចក្តីក្រោធខឹងខ្លាំងណាស់ ក៏បានបើកព្រះនេត្រទីបីដុតព្រះកាមឱ្យទៅជាផេះនាពេលនោះទៅ។ ព្រះនាងបវ៌តី និងព្រះនាងរាតិ បានសុំអង្វរព្រះឥសូរប្រោសព្រះកាមឱ្យរស់ឡើងវិញ ព្រោះថាប្រសិនបើគ្មានទ្រង់ទេ នោះនឹងគ្មានសេចក្តីស្នេហារវាងមនុស្សប្រុសនិងស្រី និងគ្មានសេចក្តីសុខនោះឡើយ។ បន្ទាប់ពីការសុំអង្វរកររបស់ព្រះនាងបវ៌តី និងព្រះនាងរាតិ ដែលជាមហេសីរបស់ព្រះកាម ព្រះឥសូរក៏មានបន្ទូលថា “ព្រះកាមគ្រាន់តែជាទេពឥតព្រះកាយប៉ុណ្ណោះដ្បិតថាព្រះកាយរបស់ទ្រង់ ដុតដោយព្រះនេត្រទីបីរបស់យើង ហើយចាប់ពីពេលនេះទៅទ្រង់នឹងនៅជាមួយយើងគ្រប់គ្នាហើយ”។ មិនតែប៉ុណ្ណោះព្រះឥសូរបានឱ្យពរទៅព្រះកាមឱ្យកើតម្តងទៀត ជាកូនរបស់ព្រះក្រឹស្នានិងព្រះនាងរុកមីនី។ ព្រះឥសូរបន្ទាប់ពីត្រូវព្រួញកាមទេពរបស់ព្រះកាមហើយនោះ ព្រះអង្គក៏បានប្រែក្រឡាទៅជាឥសីយាងទៅរកព្រះនាងបវ៌តី ដើម្បីសាកល្បងចិត្តព្រះនាងបវ៌តីថាស្មោះស្ម័គ្រជាមួយនឹងព្រះអង្គដែរឬទេ? ឥសីក៏បន្ទូលទៅព្រះនាងថា កុំឱ្យរៀបអភិសេកជាមួយព្រះឥសូរអី ព្រោះព្រះឥសូរជាទេពអាក្រក់ ព្រមទាំងមានព្រះបន្ទូលច្រើនពីនេះទៅទៀត។ ព្រះនាងបវ៌តីឮដូច្នេះហើយ ក៏មិនមានបន្ទូលតបតអ្វីឡើយ ពោលគឺព្រះនាងបានយកព្រះហស្តបិទព្រះកាណ៌ទាំងសងខាង ដោយមិនចង់ឮពាក្យសម្តីប្រមាថ មើលងាយដល់មហាទេព។ ឃើញបែបនេះហើយ ព្រះឥសូរដឹងថា ព្រះនាងមានភក្តីភាពនឹងទ្រង់ក៏ប្រែក្រឡាមករូបរាងដើម និងរៀបអភិសេកជាមួយព្រះនាងបវ៌តី ដោយទទួលបានបុត្រមួយព្រះនាម ព្រះស្កន្ទ ដែលជាអ្នកសម្លាប់បិសាចតារក។
ចម្លាក់ព្រះកាមនៅតាមប្រាសាទខ្មែរបុរាណ គេឆ្លាក់ព្រះកាមក្នុងទម្រង់ជាមនុស្សប្រុសយឹតធ្នូបាញ់តម្រង់ព្រះឥសូរកំពុងអង្គុយសមាធិយ៉ាងស្មិងស្មាធិ៍ ដូចជានៅលើហោជាងប្រាសាទបន្ទាយស្រី ចម្លាក់នៅលើជញ្ជាំងអង្គរវត្តនិងបាយ័ន ហោជាងនៅប្រាសាទភ្នំរុង ប្រាសាទព្រះខ័ន ប្រាសាទបាភួន និងប្រាសាទបន្ទាយឆ្មារ។ សម្រាប់ហោជាងបណ្ណាល័យខាងត្បូងប្រាសាទបន្ទាយស្រី ឆ្លាក់បង្ហាញពីព្រះឥសូរក្នុងទម្រង់ជាមហាយោគិ អង្គុយក្នុងកាយវិការសុក្ហសន (Sukhasana) និងព្រះកាមកំពុងយឹតធ្នូតម្រង់ទៅព្រះឥសូរ (រូបលេខ១)។ ចំណែកនៅលើជញ្ជាំងអង្គរវត្តក៏មិនខុសគ្នាប៉ុន្មានដែរ គឺគេឆ្លាក់ព្រះកាមយឹតបាញ់ព្រះឥសូរ និងរូបព្រះកាមដេកស្លាប់នៅលើដៃស្រ្តីម្នាក់ ទំនងប្រហែលជានាងរាតិ ដែលជាមហេសីរបស់ព្រះកាម (រូបលេខ២)។


នៅថែវប្រាសាទបាយ័នវិញក៏ដូចគ្នា គេឆ្លាក់បង្ហាញព្រះកាមយឹតធ្នូបាញ់ទៅព្រះឥសូរ (រូបលេខ៣)។ នៅប្រាសាទភ្នំរូងវិញក៏មិនខុសពីមុនដែរ ដោយគេឆ្លាក់រូបព្រះកាមបាញ់ធ្នូទៅព្រះឥសូរ និងរូបព្រះកាមដេកស្លាប់ស្តូកស្តឹងនៅខាងក្រោម និងយើងអាចឃើញរូបនាងរាតិនៅទ្រព្រះសិរទ្រង់ផង (រូបលេខ៤)។


រីឯប្រាសាទព្រះខ័នវិញ ហោជាងមានការខូចខាតច្រើន តែយើងអាចមើលឃើញរូបព្រះកាមបាញ់ធ្នូតម្រង់ព្រះឥសូរ និងរូបព្រះកាមដេកស្លាប់នៅខាងក្រោមដូចនឹងហោជាងប្រាសាទភ្នំរូងដែរ (រូបលេខ៥)។ នៅប្រាសាទបាភួនវិញ ក៏ពុំខុសគ្នាដែរ ពោលគឺគេឆ្លាក់រូបព្រះកាម កំពុងយឹតធ្នូ និងរូបព្រះកាមដេកស្លាប់ដោយមាននាងរាតិកំពុងអង្គុយសោកសៅទ្រព្រះសិររបស់ព្រះកាមផងដែរ។ ចម្លាក់មួយទៀតនោះ គឺនៅហោជាងប្រាសាទបន្ទាយឆ្មារ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយគេឆ្លាក់រូបព្រះកាមកំពុងយឹតធ្នូបាញ់ទៅរកព្រះឥសូរកំពុងអង្គុសមាធិ (រូបលេខ៦)។


ជារួមមកតាមរយៈទេវកថាឥណ្ឌា ព្រះកាមបានក្លាយរូបរាងទៅជាផេះ ឥតមានព្រះកាយ ប៉ុន្តែនៅក្នុងសិល្បៈព្រះកាម ក្នុងទម្រង់ជាមនុស្សប្រុសកំពុងយឹតធ្នូបាញ់តម្រង់ទៅព្រះឥសូរដែលកំពុងអង្គុយតាំងសមាធិ និងឆ្លាក់ក្នុងរូបរាងកាយដេកស្លាប់ស្តូកស្តឹង និងមាននាងរាតិជាមហេសីអង្គុយសោកសៅទ្រព្រះសិររបស់ព្រះកាម។ ចម្លាក់របស់ព្រះកាមនៅតាមហោជាងប្រាសាទ និងជញ្ជាំងប្រាសាទ លេចឡើងចាប់ពីសតវត្សរ៍ទី១០ រហូតដល់សតវត្សរ៍ទី១៣នៃគ.ស.៕
អត្ថបទដោយ៖ ងួន ចាន់ដារីយ៉ា