ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីសុំទឹកភ្លៀង​នៅប្រាសាទនាគព័ន្ធ

ពិធីសុំទឹកភ្លៀង​នៅប្រាសាទនាគព័ន្ធ

ក្នុង​សង្គមខ្មែរ ទឹក​ភ្លៀង​ជាកង្វល់ធំ​របស់​កសិករ។ ដូច្នេះបន្ទាប់​ពីដាច់​ឆ្នាំ​ចាស់​ មុន​ចូ​ល​​រដូវ​​ធ្វើ​ស្រែ​ចម្ការក្នុង​ឆ្នាំ​ថ្មី ឬ​​ពេល​​ស្រុក​ភូមិ​ជួប​គ្រោះ​ទុរ្ភិក្ស​រាំង​ស្ងួត​​កណ្តាល​វស្សា ​គេ​សង្កេ​ត​ឃើញ​​អ្នក​ស្រុក​តែង​មូលមាត់គ្នា​​ធ្វើ​ពិធី​​សុំ​ទឹក​ភ្លៀង ពោល​គឺរៀបចំ​កិច្ច​ផ្សេងៗ​តាម​ទំនៀម​សុំ​ឱ្យ​មាន​​​ភ្លៀង​ធ្លាក់​គ្រប់​​គ្រាន់ ដើម្បី​ឱ្យ​ដំណាំ​ដាំ​ដុះ​ទាំងឡាយផ្តល់​ផល​ល្អ ហើយ​ឱ្យ​មនុ​ស្ស​សត្វ​​បាន​សុខ​​សប្បាយ​​រួច​ចាក​កង្វល់ផង។ ប៉ុន្តែពិធីជា​ទំនៀម​ខាងលើនេះ មិន​ទៀ​ង​ប្រាក​ដ​​ដូច​គ្នា​​គ្រប់​ស្រុក​ឡើយ​ ទាំ​ងពេលវេលា​ប្រារព្ធ​ ទាំង​ការរៀបចំកិច្ចផ្សេងៗ។ ​បើ​នៅ​​តំបន់​អង្គរ អ្នក​ស្រុក​​​​តែង​រៀបចំ​ប្រារព្ធពិធីសុំ​ទឹកភ្លៀង​​​​​នៅ​​បុរាណ​ដ្ឋាន​​មួយ​ចំនួន​ដូចជា ​ប្រាសាទ​ប្រែ​រូប ប្រាសាទ​​មេបុណ្យ​​ខាងកើត ​ ​ប្រាសាទ​បន្ទាយ​សំរ៉ែ ប្រាសាទ​លាក់នាង និង​​ប្រាសាទ​នាគ​​ព័ន្ធជាដើម (រូបលេខ​១)។

ប្រាសាទ​នាគព័ន្ធ កសាង​នៅ​ក្នុង​រាជ្យ​​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ (​គ.ស.១១៨២-១២១៨​)​ ​លើ​​​កូន​កោះ​​មួយ​កណ្តាល​បារាយណ៍​​​​​ជ័យ​តដាក ឬពាក្យអ្នក​ស្រុក​​ហៅថា “វាលរាជ​ដាក” (ទំហំ ៣.៥០០ម x ៩០០ម)​ ​ដែល​ស្ថិត​នៅ​ភាគខាងកើត​ប្រាសាទ​ព្រះខ័ន (រូបលេខ​​២)​។ ប្រាសាទ​នាគ​ព័ន្ធ​មាន​ឈ្មោះ​ដើម​ថា “រាជ្យឝ្រី” (រាជ្យស្រី) មានប្រាង្គ​​មួយ​​​ចំ​កណ្តាល​​​​ស្រះ​ធំ​រាង​បួន​ជ្រុង​​ស្មើ ហើយមាន​ស្រះ​តូចៗ​​​នៅ​ទិស​ទាំង​បួន ភ្ជាប់ដោយ​ទ​​បង្ហូរ​ទឹក​​មក​​ពី​ស្រះ​ធំ​(រូបលេខ​៣)។ ចុង​ទ​នីមួយៗ​មាន​រូប​ក្បាល​មនុស្ស​ ឬ​សត្វ​ដូចជា ចុង​ទស្រះ​ខាង​កើត​ជា​រូប​ក្បាល​មនុស្ស ខាង​ត្បូង​មាត់​សិង្ហ ខាង​លិច​​មាត់​សេះ និង​ខាង​ជើង​មាត់ដំរី។

ប្រាសាទ​នាគព័ន្ធកណ្តាល​បារាយ​ណ៍ជ័យ​តដាក
(រូបថត៖ អាជ្ញាធរជាតិអប្សរា)

នៅក្នុង​ឆ្នាំ​១៩២៣ លោក​ ល្វីស៍ ហ្វីណូត៍ (Louis Finot) និង​លោក​ វិកទ័រ​ ហ្គោលោបូវ (Victor Goloubew) បានសិក្សា​និង​យល់​ឃើញ​ថា ​ប្រាសាទ​នាគព័ន្ធ​​និម្មិត​ឱ្យ​ស្រះ​សួគ៌​នៅ​ហិមា​ល័យ​​ហៅថា “អនវត​ប្ត” (Anavatapta)។ ស្រះនេះ​ត្រូវ​នឹង​គម្ពី​រ​ព្រះពុទ្ធសាសនា​ហៅ​ថា “អនោត​​​​ស្រះ” មាន​​ន័យ​ថា “​ស្រះ​ដែល​​មិន​ត្រូវ​កម្តៅ” ជា​ទី​ដែល​ព្រះ​ពុទ្ធ ព្រះ​ពោធិ​​​សត្វ​ និង​​​ពួក​តាបស ឫសីតែង​ស្រង់ទឹក។ ក្រោយ​មក ផ្អែកលើការ​សិក្សា​​ចម្លាក់​ សិលាចារឹក ព្រមទាំង​ជំនឿ​ទាក់​ទង​ផ្សេងៗ​​ទៀត​គេ​យល់​ថា​ ប្រាសាទ​នាគព័ន្ធ​មិន​ត្រឹម​តែជា​ស្រះ​សួគ៌​ដែល​និម្មិត​នៅលើដី​ប៉ុណ្ណោះ​​ទេ តែ​ជា “តីថ៌” ដែល​​ជា​កន្លែង​​ធ្វើកិច្ច​ជម្រះ​បាប​មន្ទិល​​នានា ឱ្យ​បាន​ឆ្លង​សមុទ្រ​សង្សារ​ដល់​​បទ​មោក្ស​​នៅ​​ជាតិកំណើត​ខាងមុខ។ មិនតែ​ប៉ុណ្ណោះ​ អ្នកស្រុក​​ជឿថា​ប្រាសាទ​នាគ​ព័ន្ធ​ជា​កន្លែង​​​ព្យាបាល​ជំងឺ មាន​រុក្ខជាតិ​ជាច្រើន​អាច​ប្រើ​ផ្សំធ្វើជា​ឱសថ​កប​​នឹង​ជំងឺ​ផ្សេងៗ​។

ចំពោះពិធីសុំ​ទឹកភ្លៀង​នៅប្រាសាទ​នាគ​ព័ន្ធ​ ឬពាក្យ​អ្នក​​ស្រុក​ហៅថា​ “ចាក់ត្រពោក​រាហូ” ​​តែង​ធ្វើ​ក្រោយ “​ឆ្លង​ចេត្រ​” ជាពិសេស​ក្នុង​ករណី​​​ដល់​​រដូវដកស្ទូង តែ​​ភ្លៀង​​ពុំ​ធ្លាក់​មក​​​គ្រប់​គ្រាន់។ តាម​ការ​សង្កេត​ ពិធី​នេះ​​តែង​មាន​ការ​ចូលរួម​ពីភូមិ​ជុំវិញ​ប្រាសាទ​​នាគព័ន្ធ​ដូច​ជា ​ភូមិ​លាងដៃ ភូមិ​ភ្លង់ និង​ភូមិ​តាប្រុក​ជាដើម។ ជាទំនៀម ដំណើរ​ពិធី​​ប្រារព្ធពីរថ្ងៃ ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នាគ​ព័ន្ធ​​ផ្ទាល់ (រូបលេខ​៤) ដោយ​​មាន​កិច្ច​ពិធីភ្ជាប់​នឹង​ព្រះ​ពុទ្ធ​សាសនា​ផង។

រោង​បុណ្យ​រៀបចំប្រារព្ធពិធីសុំ​ទឹកភ្លៀង​នៅក្នុង​បរិវេណ​ប្រាសាទ​នាគព័ន្ធ

ជាទូទៅនៅ​ក្នុង​ថ្ងៃ​ដំបូង​​នៃ​ពិធី​សុំ​ទឹក​ភ្លៀង​​នៅ​ប្រាសាទ​នាគព័ន្ធ ​គេ​​​​តែង​ធ្វើកិច្ច​ប្រុង​ពាលី ​ឆាក​ហ៊ោ​លើក​ទង់ ព្រម​ទាំងកិច្ច​​បួង​សួង​ សូត្រ​ប្រកាសយាង​អស់​ពពួក​​ទេវតា​ និង​​អញ្ជើញ​​អ្នកតា​នៅ​តាម​ប្រាសាទ​​​ជុំវិញ។ កិច្ច​ត្រង់​នេះ​ច្រើន​ធ្វើ​​ពេលរសៀល ​ដឹក​នាំ​​ដោយ​លោកអាចារ្យ និង​​ព្រឹទ្ធាចារ្យ​ចាស់​ទុំ ​​ប្រារព្ធនៅ​លើ​ប្រាង្គ​កណ្តាល​ស្រះធំ។ រណ្តាប់​​សំខាន់​ក្នុង​កិច្ច​នេះ ឃើញមាន​បាយសីប្រាំថ្នាក់​មួយ​គូ បាយ​សី​បីថ្នាក់​មួយ​គូ ​ផ្កា​ភ្ញី និង​​បាយ​សី​ប៉ាក់​ឆាម (រូបលេខ​៥-៦)។

កិច្ច​បួងសួង​នៅ​ប្រាង្គកណ្តាល​នៃប្រាសាទ​នាគព័ន្ធ​
(រូបថត៖ អាជ្ញាធរជាតិអប្សរា)

បន្ទាប់ពីចប់កិច្ចប្រុង​ពាលី សូត្រ​បួងសួង​ប្រកាស​ទេវតា​ គេ​រៀបចំ​​កិច្ច​​នមស្ការ​ព្រះ​រត្ន​​ត្រៃ ព្រម​ទាំង​និមន្ត​ព្រះ​សង្ឃ​​​សូត្រ​ចម្រើន​ព្រះ​បរិត្តជ័យ​មង្គល​។ លុះ​ចប់​អំពី​នោះ​មក គឺជា​កិច្ច​​​បញ្ចូលរូប​សុំ​ទឹកភ្លៀង និង​សុំ​សេចក្តីសុខ​ ដែល​ជា​កិច្ច​សំខាន់ក្នុង​ពិធីខាងលើ (រូប​លេខ​​៧-៨)។ អ្វី​ដែល​គួរ​ឱ្យកត់​សម្គាល់​ក្នុង​កិច្ច​​បញ្ចូល​រូប​ គឺ​កំដរដោយ​ភ្លេង​​ពិណពាទ្យ ពោល​​គឺ​ពុំ​ឃើញ​មាន​ភ្លេង​អារក្ស​ឡើយ។ ​ក្នុង​ពេល​បញ្ចូល​រូប​ គេ​សង្កេត​​ឃើញ​រូប​​ខ្លះ​​​ចូល​ចិត្ត​​លាប​លន​គ្រឿង​​ក្រអូប ​ប្រេង​ ម្សៅ ក្រែម ទឹក​អប់… និង​​រូប​ខ្លះ​ចូលចិត្ត​ផឹក​គ្រឿង​ស្រវឹង (អាកាសាហាវ) ​ផ្សេងៗ​​ជាដើម​។

កិច្ច​បញ្ចូលរូបស្នងសុំទឹកភ្លៀង​នៅប្រាសាទ​នាគព័ន្ធ

ក្នុង​ពេល​បញ្ចូល​រូប មាន​ស្នំ​ម្នាក់ ឬពីរនាក់​​តែង​ចូលមក​​​អែប​ជិត​រូប​ស្នង។ ស្នំមាន​នាទី​​ពាំនាំ​កង្វល់​របស់​អ្នក​ស្រុក​ និងជា​ពិសេស​​សាក​សួរ​អំពី​ទឹក​ភ្លៀង​ ព្រម​ទាំង​សុំ​សេចក្តី​សុខ​សម្រាប់​ស្រុក​ភូមិ​ជុំវិញ​ផង​។ ទន្ទឹមនឹង​នោះ អ្នក​ស្រុក​ខ្លះ​​ក៏​សុំ​ឱកាស​ចូល​មក​​គោរព​ប្រណិបត្តិរូប​ស្នង សុំ​អំបោះ​​ចងដៃ សុំទឹក​មន្ត សុំសេចក្តីសុខ​ចម្រើន​​តាម​ប្រាថ្នា (រូប​លេខ​៩)។ លើស​ពី​នេះ​ ​អ្នក​ដែល​មាន​ជំនឿ​ថារុក្ខជាតិ​ផ្សេងៗ​​នៅ​លើ​កោះ​ប្រាសាទ​នាគព័ន្ធ​ ​អាច​ប្រើ​ជា​ឱសថ​​កប​នឹង​ជំងឺ​នានា តែ​ង​​ឆ្លៀត​​បេះបោច​​​រុក្ខ​ជាតិ​ទាំងនោះ ​មកឱ្យ​រូបស្នង​ប្រសិទ្ធី​ផង​​ក៏មាន (រូបលេខ​១០)​។

រូបស្នង​ចងដៃប្រស់ព្រំអ្នក​ចូលរួម

លុះ​ចប់កិច្ច​បញ្ចូល​បញ្ជាន់ នៅវេលា​ព្រឹក​ថ្ងៃទី២ គេរៀបចំ​ប្រគេន​ចង្ហាន់ព្រះសង្ឃ​និង​រាប់បាត្រ​ព្រះសង្ឃ​តា​ម​ទំនៀម​ព្រះ​ពុទ្ធ​សាសនា (រូបលេខ១១-១២)។ បន្ទាប់មក​គឺជា​កិច្ច​ចាក់ត្រពោករាហូ​ ដង្ហែ​ប្រទក្សិណ​​ជុំវិញ​មាត់​​ស្រះ​ធំនៃប្រាង្គ​កណ្តាលជា​កិច្ច​បញ្ចប់​។ ក្នុង​ឱកាសនេះ ព្រះសង្ឃ​ទាំងឡាយ​គង់​ក្នុង​រោង​ពិធី​​សូត្រ​ធម៌​​ “មហាមេឃ” ដែល​គេ​ជឿ​ថា​ជា​​ធម៌​សុំ​ទឹក​ភ្លៀង​។ រីឯ​អាចារ្យ ដឹកនាំ​អ្ន​កភូមិ​​​ក្មេង​ចាស់​ស្រីប្រុស​ ​ដើរ​​ប្រទក្សិណ​បីជុំ​មាត់​ស្រះ រួច​ចាក់​ទឹក​​តាម​មាត់រន្ធទាំង​៤ទិស​ ដើម្បី​ឱ្យ​​​ទឹក​ហូរ​ចុះ​តាម​មាត់ទ​នីមួយៗ ​ដែលមាន​មាត់​មនុស្ស​ និង​​សត្វ ​ហូរឆ្ពោះ​ទៅ​កាន់​កូន​ស្រះ​តូចៗ​​ជុំវិញ (រូបលេខ​១៣-១៥)។​ រូប​ភាព​នេះ គេ​សន្មត​ថា​ជា​និមិត្តរូបទឹក​សម្បូរ​ហូរហៀរ​ហើយ។ មិនតែប៉ុណ្ណោះ គេ​ឃើញ​អ្នក​ស្រុក​ក្មេង​​ចាស់​​លេងជះទឹក​ដាក់​គ្នាទៅវិញទៅមក ខ្លះច្រៀង ខ្លះរាំ សប្បាយក្អាកក្អាយ ហាក់​ដូចជា​កំពុង​​សាទរ​ភ្លៀង​ធ្លាក់​មកមែន។

ទឹកហូរតាមមាត់ដំរី ធ្លាក់ចូលមកស្រះតូចទិសខាងជើង

សង្ខេបសេចក្តីមក ​ប្រាសាទ​នាគព័ន្ធ​ជា​បុរាណដ្ឋាន​ដ៏សំខាន់​ពាក់ព័ន្ធនឹង “​ទឹក”​តាំង​ពី​បុរាណកាល​រហូត​ដល់សព្វថ្ងៃ។ ដើមឡើយ​ប្រាសាទ​នេះ គេនិម្មិត​​ទុកដូចជា​អនោត​ស្រះ ​ជា​ប្រភព​នៃ​ទន្លេ​ធំៗទាំងបួន​គឺ ទន្លេ​ឥណ្ឌុស ទន្លេ​ឧកសុស ទន្លេ​សីតា និង​ទន្លេ​គង្គា។ សព្វ​ថ្ងៃ​អ្នក​​ស្រុក​នៅតែជឿ​ថា​ ប្រាសាទ​នេះជា​កន្លែង​ស័ក្តិសិទ្ធិ​​បួង​សួង​សុំទឹកភ្លៀង​សម្រាប់​ការ​ធ្វើ​ស្រែ​ចម្ការ ហើយថែមទាំង​ជា​កន្លែង​ស្វែង​រករុក្ខជាតិ​ធ្វើថ្នាំតាមប្រពៃណីផងដែរ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត


- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!