ខ្មុក-ម្រ័ក្សណ៍

ម្រ័ក្សណ៍ ជាពាក្យក្នុងភាសាសំស្ក្រឹតមានន័យថា ជ័រដែលគេយកទៅលាបលន ឬបិទវត្ថុអ្វីម្យ៉ាង។ នៅក្នុងសង្គមខ្មែរ ម្រ័ក្សណ៍ ច្រើនតែសំដៅលើជ័រដែលយកចេញពីដើមឈើចំនួនពីរប្រភេទ ពោល គឺដើមគ្រើល និងដើមស្វាយអង្គិត។ ប៉ុន្តែសព្វថ្ងៃដើមស្វាយអង្គិត គេពុំសូវនិយមចាក់យកជ័រម្រ័ក្សណ៍នោះទេ ហើយច្រើនតែចាក់យកចេញពីដើមគ្រើល។ រីឯ ខ្មុក សំដៅលើការលាយជ័រម្រ័ក្សណ៍ជាមួយវត្ថុធាតុដើមផ្សេងៗទៀត ដើម្បីលាបលនលើវត្ថុអ្វីមួយ។ តើប្រពៃណីចាក់គ្រើលយកជ័រម្រ័ក្សណ៍ និងការប្រើប្រាស់ខ្មុក-ម្រ័ក្សណ៍នៅក្នុងសង្គមខ្មែរមានលក្ខណ:បែបណាខ្លះ?

គ្រើល ជារុក្ខជាតិមួយប្រភេទដែលមានជ័រច្រើន រោលខ្លាំង មានដើម និងស្លឹកស្រដៀងស្វាយចន្ទីដុះទៅលើខ្ពស់ និងច្រើនដុះនៅតំបន់វាលទំនាបឬតំបន់ព្រៃរបោះ រីឯតំបន់ព្រៃក្រាស់និងព្រៃស្រោងខ្លះពុំសូវសម្បូណ៌រុក្ខជាតិនេះទេ (រូបលេខ១)។ ដើម្បីចាក់គ្រើលចេញជាជ័រម្រ័ក្សណ៍បាន គេត្រូវមានឧបករណ៍មួយចំនួនដូចជា ឆ្នាក (ឧបករណ៍ម្យ៉ាងមានផ្លែធ្វើពីដែករាងមូលដែលមុតដូចលំពែង និងដងរាងវែងធ្វើអំពីឈើ) បំពង់ធ្វើអំពីឫស្សី និងធុងមួយ (រូបលេខ២)។ នៅពេលទៅចាក់គ្រើលយកជ័រម្រ័ក្សណ៍ អ្នកចាក់មិនមានត្រណម ឬសែនព្រេនអ្វីឡើយ ហើយគេច្រើនទៅចាក់គ្រើលយកជ័រម្រ័ក្សណ៍នៅរដូវប្រាំង ព្រោះនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យបំពង់ត្រងជ័រម្រ័ក្សណ៍លាយឡំជាមួយទឹកភ្លៀងដែលធ្វើឱ្យជ័រម្រ័ក្សណ៍មិនមានគុណភាពល្អ។

ជាដំបូង អ្នកចាក់គ្រើលយកជ័រម្រ័ក្សណ៍ ត្រូវយកឆ្នាកឈូសសំបកគ្រើលខាងក្រៅត្រង់កន្លែងដែលចាក់ជាមុនសិន ដើម្បីឱ្យការចាក់ទៅក្នុងងាយស្រួលចាក់ឱ្យដល់ឆ្អឹងដើមគ្រើល (រូបលេខ៣)។ ការចាក់ទៀតសោត គេមិនអាចចាក់យកជ័រម្រ័ក្សណ៍ភ្លាមៗតាមតម្រូវការបានឡើយ ព្រោះគេត្រូវចាក់គ្រើលឱ្យចេញជាកំពឹសចំនួនពីរត្រួតលើគ្នា ហើយកំពឹសខាងក្រោមត្រូវចាក់មុនកំពឹសខាងលើរយ:ពេលយ៉ាងតិចមួយសប្តាហ៍។ កំពឹសនីមួយៗគេចាក់ឱ្យចេញជារាងដូចធ្មេញរណា (រាងបីជ្រុងដូចត្រីកោណបញ្រ្ចាស) (រូបលេខ៤)។

បន្ទាប់មក គេយកបំពង់ធ្វើពីឫស្សីមកកៀបជាប់ជាមួយចុងកំពឹសជាន់ខាងក្រោម និងត្រូវធ្វើចង្អូរតូចមួយពីកំពឹសខាងលើចុះមកក្រោម ដើម្បីឱ្យជ័រម្រ័ក្សណ៍ដែលចេញពីដើមគ្រើលនៅកំពឹសខាងលើ ហូរធ្លាក់ចូលបំពង់ឫស្សីដែលគេដាក់នៅកំពឹសខាងក្រោម (រូបលេខ៥)។ ជាទូទៅ ក្នុងរយ:ពេលយ៉ាងតិចមួយសប្តាហ៍ ទើបគេអាចទៅយកផលជ័រម្រ័ក្សណ៍ម្តង ហើយផលជ័រម្រ័ក្សណ៍ដែលទទួលបានក៏មិនច្រើនណាស់ណាដែរ។ នៅពេលទៅយកផលជ័រម្រ័ក្សណ៍ម្តងៗ អ្នកចាក់ត្រូវចាក់កំពឹសជាន់ខាងលើថ្មីមួយទៀតនៅពីលើកំពឹសចាស់ ដើម្បីយកបំពង់ឫស្សីមកកៀបនៅកំពឹសចាស់ដែលគេចាក់កាលពីសប្តាហ៍មុន ហើយការចាក់នេះទៀតសោត គឺគេច្រើនចាក់ពីខាងក្រោមដើមរហូតដល់ផ្នែកខាងលើដើមគ្រើល។ ក្នុងរយ:ពេលណាមួយ គេនឹងត្រឡប់មកចាក់ខាងក្រោមដើមវិញ ព្រោះយូរទៅកន្លែងដែលធ្លាប់ចាក់កាលពីមុននៅជាន់ខាងក្រោមវានឹងសះឡើងវិញ។

ជ័រម្រ័ក្សណ៍ដែលទើបចាក់បានថ្មីៗវាមានពណ៌រាងក្រហមក្រមៅ តែដល់ពេលទុកកាន់តែយូរវានឹងឡើងពណ៌រាងខ្មៅ (តែមិនខ្មៅពេកទេ) ហើយជាទូទៅគេអាចរក្សាទុកជ័រម្រ័ក្សណ៍បានដល់រយៈពេលជាង១០ឆ្នាំ ប្រសិនបើការទុកដាក់នោះនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ (បើកន្លែងត្រជាក់ជ័រនោះនឹងខាប់ប្រើលែងបាន)។ ក្នុងនោះដែរ ប្រសិនបើគេមិនចង់បានពណ៌ខ្មៅពេក គេគ្រាន់យកជ័រម្រ័ក្សណ៍សុទ្ធទៅលាបលនលើវត្ថុដែលគេចង់លាបលននោះជាការស្រេច (រូបលេខ៦) ហើយគេច្រើនប្រើជក់ ដើម្បីលាបដ្បិតការប៉ះជ័រម្រ័ក្សណ៍នឹងដៃផ្ទាល់វាងាយនឹងធ្វើឱ្យស្បែករបស់មនុស្សរោលឬរមាស់ភ្លាមៗ ប៉ុន្តែប្រសិនបើអ្នកលាបលនម្រ័ក្សណ៍នោះធ្វើវារាល់ថ្ងៃទៅហើយ គេមិនបារម្ភនឹងការរោលស្បែកឬរមាស់ឡើយ (រូបលេខ៧)។

ដោយឡែក ប្រសិនបើគេចង់ឱ្យជ័រម្រ័ក្សណ៍ដែលលាបលនជាមួយវត្ថុផ្សេងៗឡើងពណ៌ខ្មៅខ្លាំង គេត្រូវយកជ័រម្រ័ក្សណ៍ទៅលាយជាមួយវត្ថុធាតុសំខាន់ៗផ្សេង ហើយពេលនោះហើយដែលយើងហៅថា “ខ្មុក”។ នៅក្នុងសង្គមខ្មែរ ខ្មុក មានចំនួនបីប្រភេទសំខាន់ៗ រួមមាន ខ្មុកផេះ (ជ័រម្រ័ក្សណ៍លាយជាមួយផេះ) ខ្មុកអង្កាម (ជ័រម្រ័ក្សណ៍លាយជាមួយអង្កាម) និងខ្មុកធ្យូង (ជ័រម្រ័ក្សណ៍លាយជាមួយធ្យូង)។ ក្នុងចំណោមវត្ថុធាតុសំខាន់ៗទាំងបីដែលលាយជាមួយជ័រម្រ័ក្សណ៍ គឺខ្មុកធ្យូងមានគុណភាពទាបជាងគេ តែវាងាយស្រួលត្រង់ថា ការលាយជ័រម្រ័ក្សណ៍ជាមួយធ្យូងវាឆាប់ឡើងពណ៌ខ្មៅជាងការប្រើប្រាស់ផេះនិងអង្កាម។ ក្នុងនោះដែរ ប្រសិនគេចង់ប្រើប្រាស់ខ្មុកផេះ គេត្រូវយកផេះទៅលាបលនជាមួយវត្ថុដែលគេចង់លាបជាមុនសិន ដើម្បីឱ្យវត្ថុនោះឡើងពណ៌ខ្មៅខ្លាំង។ បន្ទាប់មក គេត្រូវយកជ័រម្រ័ក្សណ៍ទៅលាបលនពីលើផេះដែលបានលាបនោះ។ បន្ទាប់មកទៀត គេត្រូវយកផេះទៅលាបពីលើជ័រម្រ័ក្សណ៍ម្តងទៀត ហើយពេលលាបហើយ គេត្រូវយកឈើដុស (ឈើរាងបីជ្រុងដូចត្រីកោណ) មកដុសពីលើផេះនោះឱ្យជាប់ស្អិតជាមួយវត្ថុ ក្នុងគោលបំណងឱ្យវត្ថុនោះឡើងពណ៌ខ្មៅខ្លាំង (រូបលេខ៨-៩)។ ចុងបញ្ចប់ គេយកជ័រម្រ័ក្សណ៍មកលាបលនពីលើ ម្តងទៀតជាការស្រេច។ ចំណែក ខ្មុកអង្កាម គេត្រូវយកអង្កាមនោះទៅដុតនៅក្នុងក្អមជាមុនសិន ដើម្បីឱ្យអង្កាមក្លាយទៅជាផេះមានពណ៌ខ្មៅ។ បន្ទាប់មក គេយកម្សៅអង្កាមដែលក្លាយជាផេះនោះ ទៅលាបជាមួយវត្ថុដែលគេចង់លាប ហើយសឹមលាបជ័រម្រ័ក្សណ៍មួយជាន់ទៀត។ បន្ទាប់មកទៀត គេយកម្សៅអង្កាមទៅដុសពីលើជ័រម្រ័ក្សណ៍ម្តងទៀត ដោយប្រើឈើដុសដូចការប្រើប្រាស់ខ្មុកផេះដែរ និងចុងក្រោយលាបជ័រម្រ័ក្សណ៍ពីក្រៅមួយជាន់ទៀតជាការស្រេច។ ជាទូទៅ គេអាចប្រើប្រាស់ខ្មុក-ម្រ័ក្សណ៍លាបលនជាមួយវត្ថុជាច្រើនដែលមានទាំងវត្ថុធ្វើអំពីឈើ (ទូក ទ្វារ បង្អួច កញ្ជើ ល្អី ត្រក តៀប ….) និងវត្ថុធ្វើអំពីថ្ម (បដិមា បល្ល័ង្ក ….)។ កាលណាគេលាបទៅលើវត្ថុធ្វើអំពីឈើ គឺបំណងចង់ឱ្យវត្ថុនោះអាចរក្សាទុកបានយូរ ពោល គឺមិនមានពុកផុយ ឬសត្វល្អិតស៊ី។ ក្នុងនោះ នៅសម័យកណ្តាល ព្រះពុទ្ធរូប ឬបល្ល័ង្ក គេនិយមលាបលនឱ្យមានពណ៌ចំនួន ៣ (មាស ក្រហម និងខ្មៅ) ដែលពណ៌ខ្មៅនោះ គឺគេលាបលនជាមួយម្រ័ក្សណ៍នេះហើយ (រូបលេខ១០)។

សព្វថ្ងៃ ប្រពៃណីចាក់គ្រើល និងការប្រើប្រាស់ខ្មុក-ម្រ័ក្សណ៍នៅតែឃើញមានដដែល។ ប៉ុន្តែ យើងឃើញថា មិនមានច្រើនដូចពីមុននោះទេ ដ្បិតបច្ចេកវិទ្យាកាន់តែរីកចម្រើន រីឯការងារផែ្នកឧស្សាហកម្មក៏សម្បូណ៌ច្រើនជាងមុន។ ឧទាហរណ៍ នៅតំបន់ជនជាតិភាគតិចកួយនៅឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ស្ទើរតែលែងមានទៅហើយ តែការចេះចាំជំនាញនេះនៅតែមាននៅឡើយ។ ចំណែក នៅឃុំទ្រា ស្រុកស្ទោង អ្នកចាក់គ្រើល មានតែមួយគ្រួសារប៉ុណ្ណោះ សូម្បីតែកូនរបស់គាត់ក៏មិនមានអ្នកបន្តវេនដែរ ព្រោះកូនៗរបស់គាត់យល់ថា ការងារនេះមានភាពនឿយហត់ រកផលចំណេញមិនបានច្រើន ម្យ៉ាងវិញទៀតការងារនៅខាងក្រៅមានភាពប្រសើរជាង។ ជាងនេះទៅទៀត ដើមគ្រើលដែលគ្រួសារនេះទៅចាក់យកជ័រម្រ័ក្សណ៍ គឺស្ថិតនៅក្នុងដីស្រែកម្មសិទ្ធិរបស់គេ ម្ល៉ោះហើយ ប្រសិនបើម្ចាស់ដីស្រែសម្រេចកាប់ដើមគ្រើលចោលនោះ ការប្រឈមនឹងភាពបាត់បង់ការចាក់គ្រើលនេះ ក៏វាអាចមានហានិភ័យខ្ពស់ទៀតផង៕

អត្ថបទដោយ៖ ម៉ង់ វ៉ាលី


ហួត សំណាង ២០១១។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!