ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទត្រពាំងប្រី K.១២៧

សិលាចារឹកប្រាសាទត្រពាំងប្រី K.១២៧

សិលាចារឹកនេះ​គេរកឃើញនៅឆ្នាំ១៨៩១ ដោយលោក អាឌេម៉ា ឡឺក្លែរ នៅទី​តាំង​ប្រាសាទ​​ត្រពាំងប្រី ដែលជាប្រាសាទមួយក្នុងក្រុមប្រាសាទ​ស្ថិតនៅអតីតទីក្រុង​សម្ភុបុរៈដែលលាតសន្ធឹងតាមបណ្ដោយទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ទីតាំង​នេះ​គេ​ស្គាល់ជា​ទួលកំណប់ត្រពាំងប្រី ដែលស្ថិតនៅក្នុងភូមិដូនមាស ឃុំសំបូរ ប៉ុន្ដែ​ក្រោយ​មក​ទីតាំងនេះ កាត់ចូលទៅក្នុងភូមិបាយសំណុំ ឃុំកោះខ្ញែរវិញ។ នៅទីនោះ ក៏រក​ឃើញ​សិលាចារឹកសម័យអង្គរមួយផ្ទាំងទៀត ដែលចុះលេខបញ្ជីសារពើភ័ណ​សិលា​ចារឹកខ្មែរ K.១២៨។ អត្ថបទ​ចារឹកនេះចារលើមេទ្វារប្រាសាទសាងអំពីថ្មភក់​ នៅសល់អក្សរអាចអានបានចំនួន២១បន្ទាត់ ប៉ុន្ដែ​​៨បន្ទាត់ដំបូងនៅផ្នែកខាងស្ដាំ ដាច់បាត់អត្ថបទចារឹក ដោយ​សារ​មេទ្វារនេះបានបាក់​។ បច្ចុប្បន្នសិលាចារឹក​នេះ​រក្សាទុកនិងដាក់តាំងបង្ហាញ​នៅ​ក្នុង​សារៈ​មន្ទីរជាតិ ភ្នំពេញ។

សិលាចារឹកនេះធ្លាប់បានសិក្សានិងចុះផ្សាយដោយលោក ហ្ស៊ក សឺដែស ក្នុងសៀវ​ភៅ​សិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី២ ក្នុងឆ្នាំ១៩៤២។ សិលាចារឹកនេះ ត្រូវអ្នក​ស្រាវជ្រាវ​ប្រើប្រាស់ជាភស្ដុតាង ​ដើម្បីបង្ហាញពីវត្តមាន​សញ្ញាលេខសូន្យដែល​ចាស់​ជាង​គេ​ នៅក្នុង​ពិភពលោក។ លោក ហ្ស៊ក សឺដែស បានអានកាលបរិច្ឆេទដែលមានក្នុងសិលាចារឹកនេះជា «៦០៥» ក្រោយមក​លោក ដូមីនីក សូទីហ្វ បានសិក្សា​ស្រាវជ្រាវ​​ដែល​ផ្ដល់ជា​ភស្ដុតាងនិងអំណះអំណាងថ្មីថា សិលាចារឹកនេះមានកាលបរិច្ឆេទ «៦០៤» នៃមហាសក​រាជ ពុំមែនជា «៦០៥» ដូចអ្វីដែលលោក សឺដែស ធ្លាប់បានលើកឡើងនោះទេ។

ភស្ដុតាង​លើកដំបូងនៃនិមិត្តសញ្ញារូបតំណាងឱ្យលេខសូន្យនៅកម្ពុជា (អក្សរផ្ដាម​ អេហ្វេអូ អិន.៩) និងស៊ុម៉ាត្រា (តាមលោក ដាម៉េស៍ គ.ស.១៩៥២)
ប្រភព៖ (ដូមីនិក ស៊ូទីហ្វ, សិក្សាចក្រ លេខ១០ ឆ្នាំ២០០៨)

នៅក្នុង​អត្ថ​បទ​សិលាចារឹកនេះ ពុំបាននិយាយបញ្ជាក់ថាខ្មែរ ជា​អ្នក​បង្កើត​សញ្ញា​លេខ​សូន្យដំបូង​គេនោះឡើយ។ សេចក្ដីសំខាន់នៅក្នុងនេះ គឺជាបញ្ជី​អ្នកប្រើប្រុសស្រី គោ អង្ករ ក្របី ជាតង្វាយចំពោះប្រាសាទ និងពាក្យផ្ដាសាដល់ជនណាដែលបំផ្លាញបុណ្យ​ដែល​គេបានសាងហើយ។ ថ្វីដ្បិតនៅក្នុងសិលាចារឹកនេះ មានកាលបរិច្ឆេទនៅមហាសក​រាជ​ឆ្នាំ​ ៦០៤ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ​ ៦២៨ ឬ ៦២៩ ដែលជាកាលបរិច្ឆេទចាស់ជាងគេ ក្នុងចំណោមឯកសារដែលមានភស្ដុតាងលេខសូន្យនោះ ក៏ពុំមែនមានតែខ្មែរតែមួយនោះ​ដែរ។ លោក ដូមីនិក ស៊ូទីហ្វ ក៏បានបង្ហាញភស្ដុតាង​ពីកិឌុកាន់ប៊ូគិត នៅស៊ុម៉ាត្រា ក៏មា​ន​សិលា​ចារឹកនៅមហាសករាជឆ្នាំ ៦០៤ ដូចគ្នានឹងសិលាចារឹកមកពីត្រពាំងប្រី នេះដែរ។

ដូច្នេះ ការដែលលើកឡើងថាខ្មែរជាអ្នកច្នៃប្រឌិតបង្កើតសញ្ញាលេខសូន្យដំបូង​គេ នោះ ហាក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។ ទោះបីជាខ្មែរនិងស៊ុម៉ាត្រា មាន​ភស្ដុតាង​សិលាចារឹក ដែលមានកាលបរិច្ឆេទចាស់ជាងគេក៏ពិតមែន ក៏យើងគួររកភស្ដុ​តាង​បន្ថែមទៀតថា តើខ្មែរឬស៊ុម៉ាត្រា ផ្សាយសញ្ញាលេខសូន្យនោះ ទៅពិភពលោក​ដោយ​របៀបណា?​ យើងត្រូវការ ការសិក្សាស្រាវជ្រាវដើម្បីបញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ ជាបន្ដ​ទៅទៀត ដើម្បីឆ្លើយតបទៅនឹងកម្មវត្ថុនៃការរាវរកទីកំណើតនៃសញ្ញាលេខសូន្យនេះ។

រូបថតសំណៅផ្ដិតសិលាចារឹកប្រាសាទត្រពាំងប្រី K.១២៧ (រូបថត៖ EFEO)

អំណានសិលាចារឹកជាអក្សរបច្ចុប្បន្ន

១-    កុម………..

២-    វាកន្ទាស៑១ អ្មេស្លា………..

៣-   កុមង៑១ កុស្មោម៑១ វាក្មក៑១………..

៤-    ​ឝកបរិគ្រហ៦០៤បញ្ចមិរោ(ច៑) ……………………

៥-    នក្ឞត្រម្រតាញ៑វិទ្យាកីត៌្តិឱយ៑ទា(សាទាសីតវ្រះកម្រតាង៑អញ៑ឝ្រីអម)

៦-    រេឝ្វរអំរះវាត្វាល៑១ វាក្វន៑១ ទ្ន……

៧-    វាក្មោច៑ តអ្នក៑កន្ដៃកុវ្ញៅកោន៑កុតំបាញ៑………..

៨-    វាតល៑តោល៑១ កុច្រោញ៑១ កុអនង៑១​ កោន៑កុវាត្លោស៑១ វាឧត្បល១ បៅតៃ…..

៩-    ង៑១០-១ត្មុរ៑ទ្នេំ៥បាទមូលតអនៅវរីបន្លស៑១វិឝេឞគុប៑១បោញ៑១….

១០-  រង្កោសោចំនំគេអាយ៑តវ្រះកម្រតាង៑អញ៑លិះ២ បំនោស៑បំជុះតហ្វេរ៑ក្ញុំតវ្រះ

១១- កម្រតាង៑អញ៑គិតស្វាង៑គិតគិទិវសញ្ចារស្ឋិតនៅវាតទង៑ក្មិសក្កនេះក្ញុំប្រទានទ្រោង៑​នេះ

១២- រង្កោចំនំគេអាយ៑តវ្រះកម្រតាង៑អញ៑ឝ្រីអមរេឝ្វរអំបល្លកុលគេផោង៑យាវត៑

១៣- សូយ៌្យចន្ទ្រស្យតាវត៑នរកទុះខិតាះ ៙ ក្ញុំអំនោយ៑ម្រតាញ៑ឥឝ្វរវិន្ទុត

១៤- វ្រះកំម្រតាង៑អញ៑សុវណ៌្ណលិង្គទោង៑វ្រះកំម្រតាង៑អញ៑មនិវប្សំឧបភោ

១៥- គតវ្រះកម្រតាង៑អញ៑ឝ្រីអមរេឝ្វរអំរះវិធិវល១ ​អំរះផល១ វាប្ឯំ១ វា

១៦- ក្មៅ១ វាក្សាន៑១ វាត្កះ១ វាអញេស៑១  វាកញ្ចោស៑១ វាចប៑មាន៑១ វាសុទត៑១ វារត្នបាល១

១៧- វាកន្សិង១ វាក្លង៑អស១ វាចំដក១ គេ១០-៣ កុវ្រៅ១ កោន៑៤ កុស្យាំ១ កោន៑១ កុអ្នក៑ទៃ១

១៨- កោន៑២ កុឧត្បល១ កោន៑៤ កុកំវុត៑១ កោន៑២ កុវិលាស្ស១ កោន៑៣ កុប្កាយ៑១ កោន៑៣ កុននាង៑១

១៩- ត្មុរ៑ជ្មោល៑១០-១ ចន្មត៑៤ ក្សោរ៑១០-៧ គិតេល៑ឱយ៑តវ្រះកម្រតាង៑អញ៑សុវណ៌្ណលិង្គទោង៑

២០- មនិឝិវប្សំឧបភោគតវ្រះកម្រតាង៑អញ៑ឝ្រីអមរេឝ្វរគេតត្វេវិប្ត្យឝិវសប្ដបិតាសប្ដ

២១- មាតាបញ្ចមហារៅវនរកាះបតន្ដិ ៕

អត្ថបទប្រែសម្រួលជាភាសាខ្មែរទំនើប

         (១-៣) កុម… វាកន្ទាស១ ម្ដាយរបស់ស្លា… កុមង១ កុស្មោម១​ វាក្មក១។

          (៤-៥) មហាសករាជ៦០៤ ថ្ងៃទី៥រោច នក្សត្រ…។

          (៥-៨) ម្រតាញវិទ្យាកីត៌ិ្តថ្វាយអ្នកបម្រើប្រុសស្រីចំពោះព្រះកម្រតាងអញស្រីអមរេសូរ។ (អ្នកបម្រើពួក)អំរះ(មាន)​ វាត្វាល១ វាក្វន១ ទ្ន… វាក្មោច។ អ្នក(បម្រើ)ស្រី(មាន)កុភ្ញៅ(និង)កូនរបស់នាង(ឈ្មោះ)តំបាញ… វាតលតោល១ កុច្រោញ១ កុអនង១(និង)កូន(របស់នាងឈ្មោះ)វាត្លោស១ វាឧត្បល១ បៅដៃ….។

          (៩-១១) (ដូង?)១១ គោ៥នឹម។ បាទមូលនៅកន្លែងរស់នៅ(មាន) វរីបន្លាស់១ វិសេសគុប១ បោញ១…។ អង្ករសសម្រាប់ជាគ្រឿងរណ្ដាប់បូជាចំពោះព្រះចំនួន២លិះ។ អ្នកបួស(មាននាទីជា)អ្នកប្រោះទឹកមន្ដជាអ្នកដើរមើលខ្ញុំព្រះ។

          (១១-១៣) (អ្នក)ដែលស្វាង(អ្នកដែលអស់មន្ទិល អ្នកត្រាស់ដឹង)គឺទៅកាន់ស្ថានសួគ៌​។ អ្នកដែលប្រមូលយកនិង​​យកចេញ​(គឺលួច)នូវខ្ញុំបម្រើព្រះដែល(ព្រះមហាក្សត្រ)ប្រទាន​និងអង្ករដែលគេបូជាចំពោះព្រះអាទិទេពស្រីអមរេសូរ (សូមឲ្យ)អម្បាលត្រកូលគេផងរងទុក្ខនៅនរកដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន។

          (១៣-២១) ខ្ញុំជាអំណោយរបស់ម្រតាញឥសូរពិន្ទុថ្វាយចំពោះព្រះកម្រតាងអញសុវណ្ណលិង្គនិងព្រះកម្រតាងអញមនិសិវ (ត្រូវ)រួមផ្សំគ្រឿងឧបភោគជាមួយព្រះកម្រតាងអញស្រីអមរេសូរ(រួមមាន)អំរះវិធិពល១ អំរះផល១ វាផ្អែម១ វាខ្មៅ១ វាក្សាន១ វាត្កះ១ វាអញេស១ វាកញ្ចេស១ វាចបមាន១ វាសុទត១ វារត្នបាល១ វាកន្សិង១ វាក្លងអស១ វាចំដក១។ គេ(អ្នកបម្រើ)១៣នាក់។ កុវ្រៅ១កូន៤ កុស្យាំ១កូន១ កុអ្នកទៃ១កូន២ កុឧត្បល១កូន៤ កុកំវុត១កូន២ កុវិលាស្ស១កូន៣ កុផ្កាយ១កូន៣ កុននាង១។ គោឈ្មោល១១ គោចន្មាត់(គោមិនទាន់ក្រៀវ)៤ ក្របី១៧។ (ទាំងនេះ)គឺ(ដង្វាយ)ដែលថ្វាយចំពោះព្រះកម្រតាងអញសុវណ្ណលិង្គ និងមនិសិវ រួមផ្សំគ្រឿងឧបភោគជាមួយព្រះកម្រតាងអញស្រីអមរេសូ។ នរណាដែលបង្កវិបត្តិ (សូមឲ្យញាតិ)៧ជំនាន់ខាងឪពុក ៧ជំនាន់ខាងម្ដាយធ្លាក់ក្នុងនរកមហារៅរវទាំងប្រាំ៕

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង


- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!